នៅក្នុងជំនួបជាមួយសម្ដេចតេជោនាយករដ្ឋមន្រ្ដី
នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ លោក ចន ឃើរី (John Kerry) រដ្ឋមន្រ្ដីការបរទេសហរដ្ឋអាមេរិក
បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលចូលរួមរក្សាសន្ដិភាពនៅលើពិភពលោក
ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ក្នុងនោះដែរលោកក៏បានសង្កេតឃើញថា ប្រទេសកម្ពុជាមានការរីកចំរើនគួរឲ្យកត់សម្គាល់ទីបំផុត ជាពិសេសគឺរាជធានីភ្នំពេញមានការអភិវឌ្ឍន៍
ដោយខុសប្លែកពីប៉ុន្មានឆ្នាំមុន ដែលលោកបានមកកាន់ប្រទេសកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ
ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ
បានអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី (John Kerry) ចូលរួមសម្ដែងការគួរសម និងពិភាក្សាការងារ នៅមានវិមានសន្ដិភាព ទីស្ដីការនាយករដ្ឋមន្រ្ដី។
បន្ទាប់ពីកិច្ចជំនួបបានបញ្ចប់ឯកឧត្ដម អ៊ាង សុផាល្លែត ជំនួយការផ្ទាល់សម្ដេចតេ
បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា លោក ចន ឃើរី (John Kerry) បានជម្រាបជូនសម្ដេចតេជោ ថា នៅពេលដែលលោកមកដល់ប្រទេសកម្ពុជាលើកនេះ
លោកសង្កេតឃើញថា ប្រទេសកម្ពុជាមានការរីកចំរើនគួរឲ្យកត់សម្គាល់ទីបំផុត
ជាពិសេសគឺរាជធានីភ្នំពេញមានការអភិវឌ្ឍន៍ ដោយខុសប្លែកពីប៉ុន្មានឆ្នាំមុន
ដែលលោកបានមកកាន់ប្រទេសកម្ពុជា។ ជាមួយនឹងការរីកចំរើននេះលោក ចន ឃើរី (John
Kerry) បានមានប្រសាសន៍ថា កម្ពុជាមានសក្ដានុពល
និងឱកាសជាខ្លាំងសម្រាប់ជនជាតិអាមេរិក មកវិនិយោគនៅកម្ពុជា។
ឯកឧត្ដម អ៊ាង សុផាល្លែត
ជំនួយការផ្ទាល់សម្ដេចតេជោ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ដថា
នៅក្នុងឱកាសនេះលោក ចន ឃើររី
(John Kerry) បានគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា
ដែលចូលរួមក្នុងប្រតិបត្ដិការថែរក្សាសន្ដិភាពនៅលើពិភពលោក
ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ក្នុងន័យនេះលោក ចន ឃើរី បានលើកឡើងថា
ប្រទេសកម្ពុជាជាប្រទេសតូច តែចូលរួមថែរក្សាសន្ដិភាពនៅលើពិភពលោកគឺពិតជាមានសារៈសំខាន់
និងមានអត្ថន័យជាទីបំផុត។ លោក ចន ឃើរី (John Kerry) បានជម្រាបជូនសម្ដេចតេជោបន្ដថា
លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីរៀបចំសម្រាប់កិច្ចប្រជុំអាស៊ាន-អាមេរិក
ដែលនឹងប្រព្រឹត្ដទៅនៅខែកុម្ភះខាងមុខនេះផង
និងដើម្បីស្វែងវិធីក្ដោបយកឱកាសធ្វើយ៉ាងណាឲ្យទំនាក់ទំនងប្រទេសទាំង២កម្ពុជា-អាមេរិក
ឲ្យបានកាន់តែធំធេងឡើង។
ជាការឆ្លើយតបសម្ដេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់លោក ចន ឃើរី (John Kerry) និងរដ្ឋាភិបាលសហរដ្ឋអាមេរិក
ដែលបានប្រគល់នូវរូបចម្លាក់មកជូនកម្ពុជាវិញ ហើយសម្ដេចតេជោក៏បានស្នើឲ្យសហរដ្ឋអាមេរិក
បន្ដសកម្មភាពនេះតទៅទៀត។ នៅក្នុងឱកាសនោះដែរសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក
ដែលបានជួយកម្ពុជានាពេលកន្លងមក ដោយសម្ដេចតេជោបានលើកឡើងថា
ការរីកចំរើនរបស់កម្ពុជា ក៏មានការចូលរួមចំណែកពីសហរដ្ឋអាមេរិកផងដែរ។
ទាក់ទងនឹងវិស័យពាណិជ្ជកម្មសម្ដេចតេជោ បានលើឡើងថា
គប្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំង២ កម្ពុជា-អាមេរិក ឲ្យមានការរីកចំរើនបន្ដទៀត។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ
ហ៊ុន សែន បានលើកឡើងបន្ដទៀតថា
ទំនាក់ទំនងលើវិស័យប្រយុទ្ធប្រឆាំងភេរវកម្មរវាងកម្ពុជានិងអាមេរិក
គឺកំពុងប្រព្រឹត្តទៅយ៉ាងល្អ ហើយសម្ដេចតេជោ
បានស្នើឲ្យបន្ដកិច្ចសហប្រតិបត្ដិការនេះបន្ដទៀត។ ទន្ទឹមនេះសម្តេចបានសុំឲ្យអាមេរិក
បន្តជួយដល់កម្ពុជាលើវិស័យសុខាភិបាល វិស័យអប់រំ ការដោះមីន និងពិចារណាឲ្យកម្ពុជា
នាំផលិតផលចេញទៅអាមេរិក ដោយគ្មានកូតា និងមិនគិតពន្ធ
ដែលកត្ដានេះនឹងជំរុញឲ្យកម្ពុជាឈានឆ្ពោះទៅការអភិវឌ្ឍន៍បន្ថែទៀត។
សូមជម្រាបថា
ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយលោក ចន ឃើរី (John Kerry) រដ្ឋមន្រ្ដីការបរទេសហរដ្ឋមេរិក
មិនបានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងគណបក្សប្រឆាំងនៅកម្ពុជានោះទេ៕