Tuesday, January 26, 2016

អាជ្ញាធរជាតិអប្សរា បើកទឹកបារាយណ៍​សម្រាប់ជូនប្រជា​ពលរដ្ឋប្រើប្រាស់ (ប្រភពពី GNN)

នៅខែមករាឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានបង្ហូរទឹកជូនប្រជាពលរដ្ឋស្រោចស្រពស្រែចំ​នួន​​២៦៤៧ ហិកតាស្រែបណ្តេញទឹក ស្រែប្រាំង និងស្រែរនាមចំនួន២៦៤៧ហិកតា ដែលស្ថិតនៅក្នុង​ឃុំចំនួន៧ ក្នុងស្រុកស្រុកពួក និងក្រុងសៀមរាប ត្រូវបានអាជ្ញាជាតិអប្សរាបើកទឹកបារាយណ៍ ដើម្បីប្រើប្រាស់ស្រោចស្រព ។

តាមរបាយការណ៍របស់​នាយកដ្ឋានគ្រប់គ្រងទឹក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦បញ្ជាក់ថា ឃុំដែលបានស្នើសុំទឹក​ប្រើប្រាស់ក្នុងខែមករានេះ មានចំនួន៤ឃុំគឺ
ឃុំសំរោងយា ស្រែបណ្តេញទឹកចំនួន​៧៤០​ហិក​តា,​​ឃុំកែវពណ៌ ស្រែប្រាំងចំនួន​៥៥៣​ហិកតា,​ ឃុំពួក ស្រែប្រាំង ៤០០​ហិកតា,​ ឃុំខ្នាត​ ស្រែប្រាំង និងស្រែរ​នាម៤០០ហិកតា។ ចំណែក​ក្រុ​ង​​សៀមរាបមាន៣ឃុំគឺ​ ឃុំស្វាយដង្គំ ស្រែប្រាំង​ចំ​នួន​៣០ហិកតាឃុំក្របីរៀល ស្រែប្រាំងចំនួន​២០០​ហិកតា និងឃុំស្រង៉ែ ស្រែប្រាំង​ចំនួន​៣២៤​ហិកតា។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ការ​បើកទឹកបារាយណ៍សម្រាប់ជូនពួកគាត់​ប្រើប្រាស់ គឺអាស្រ័យ​លើការស្មើសុំរបស់ពួកគាត់ តាមរយៈសហគមន៍ប្រើប្រាស់ទឹក។ ក្រោយទទួលបានសំណើសុំប្រើប្រាស់ទឹកពីប្រធាន​សហ​គម​ន៍ ​ក្រុម​ជំនាញដែលប្រចាំការនៅបារាយណ៍នឹងពិនិត្យមើលស្ថានភាពជាក់ស្តែង ហើយបើកជូនតែម្តង ដើម្បី​ជៀសវាសភាពយឺតយ៉ាវ ដែលអាចបង្កភាព​ខូចខាតដល់ដំណាំ​កសិកម្មរបស់ប្រជាពលរដ្ឋ។

លោក រ៉ាឌីណា បន្ថែមថា បើទោះជាឆ្នាំនេះ​យើងមានបរិមាណទឹកតិច តែយើងសង្ឃឹមថា នឹងមិនខ្វះខាតនោះទេ។ លោករៀបរាប់ថា តាមគោលការណ៍​គ្រប់គ្រងទឹករបស់​អាជ្ញាធរជាតិអប្សរា យើងបានព្យាយាមសន្សំសំចៃ​ខ្ពស់ក្នុងការប្រើប្រាស់ទឹក​ និងប្រមូលទឹកពីប្រភពផ្សេងៗ​មកបញ្ចូលជាបន្ត ដោយលៃយ៉ាងណាឲ្យមាន​ទឹកស្តុកទុកក្នុងបារាយណ៍ សម្រាប់ការងារអភិរក្ស​បេតិកភណ្ឌ និងសម្រាប់រដ្ឋាករទឹក​សៀមរាប យកទៅចម្រោះធ្វើទឹកស្អាត ផ្គត់ផ្គង់ក្រុង​សៀមរាប តែក៏មិនបណ្តោយឲ្យដំណាំកសិកម្ម របស់ប្រជាពលរដ្ឋជួប​គ្រោះរាំងស្ងួតខ្វះទឹកនោះដែរ​៕

No comments:

Post a Comment