Tuesday, January 26, 2016

លោកចន ឃើរី អរគុណកម្ពុជាដែល​បានចូលរួមថែរក្សាស​ន្ដិភាពនៅលើពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (ប្រភពពី GNN)

នៅក្នុង​ជំនួបជាមួយសម្ដេចតេជោនាយករដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ លោក ចន ឃើរី (John Kerry)  រដ្ឋមន្រ្ដីការបរទេសហរដ្ឋអាមេរិក បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលចូលរួមរក្សាសន្ដិភាពនៅលើពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ក្នុងនោះដែរលោកក៏បានសង្កេតឃើញថា  ប្រទេសកម្ពុជាមានការរីកចំរើនគួរឲ្យកត់សម្គាល់ទីបំផុត ជាពិសេសគឺរាជធានីភ្នំ​ពេញមានការអភិវឌ្ឍន៍ ដោយខុសប្លែកពីប៉ុន្មាន​ឆ្នាំមុន ដែលលោក​បានមកកាន់ប្រទេសកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី (John Kerry) ចូលរួមសម្ដែងការគួរ​សម​ និងពិភាក្សាការងារ នៅមានវិមានសន្ដិភាព ទីស្ដីការនាយករដ្ឋមន្រ្ដី។ បន្ទាប់ពីកិច្ចជំនួបបានបញ្ចប់ឯកឧត្ដម អ៊ាង សុផាល្លែត ជំនួយការផ្ទាល់សម្ដេចតេ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌​មាន​ថា លោក ចន ឃើរី (John Kerry)  បានជម្រាប​ជូនសម្ដេចតេជោ ថា នៅពេលដែលលោក​មកដល់ប្រទេសកម្ពុជាលើកនេះ លោកសង្កេតឃើញថា ប្រទេសកម្ពុជាមានការរីកចំរើនគួរឲ្យកត់សម្គាល់ទីបំផុត ជាពិសេសគឺរាជធានីភ្នំពេញមានការអភិវឌ្ឍន៍ ដោយខុសប្លែកពីប៉ុន្មានឆ្នាំមុន ដែលលោកបានមកកាន់ប្រទេសកម្ពុជា។ ជាមួយនឹងការរីកចំរើននេះលោក ចន ឃើរី (John Kerry) បានមានប្រសាសន៍ថា កម្ពុជាមានសក្ដានុពល និងឱកាសជាខ្លាំងសម្រាប់ជនជាតិអាមេរិក មកវិនិយោគនៅកម្ពុជា។

ឯកឧត្ដម អ៊ាង សុផាល្លែត ជំនួយការផ្ទាល់ស​ម្ដេច​​តេជោ បានមានប្រសាសន៍ប្រាប់អ្នកសារ​ព័ត៌​មានបន្ដថា នៅក្នុងឱ​កាសនេះលោក ចន ឃើររី  (John Kerry) បានគោរពថ្លែងអំណរគុ​ណ​​​ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលចូលរួមក្នុងប្រតិបត្ដិការថែរក្សាសន្ដិភាពនៅលើពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ក្នុងន័យនេះលោក ចន ឃើរី បានលើកឡើងថា ប្រទេ​ស​កម្ពុជាជាប្រទេសតូច តែចូលរួមថែរក្សាសន្ដិភាពនៅលើពិភពលោកគឺពិតជាមានសារៈសំខាន់ និងមានអត្ថន័យជាទីបំផុត។ លោក ចន ឃើរី (John Kerry) បានជម្រាបជូនសម្ដេចតេជោបន្ដថា លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីរៀបចំសម្រាប់កិច្ចប្រជុំអាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្ដទៅនៅខែកុម្ភះខាងមុខនេះផង និងដើម្បីស្វែងវិធីក្ដោបយកឱកាសធ្វើយ៉ាងណាឲ្យទំនាក់ទំនងប្រទេសទាំង២កម្ពុជា-អាមេរិក ឲ្យបានកាន់តែធំធេងឡើង។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់លោក ចន ឃើរី (John Kerry) និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានប្រគល់នូវរូបចម្លាក់មកជូនកម្ពុជាវិញ ហើយសម្ដេចតេជោក៏បានស្នើឲ្យសហរដ្ឋអាមេរិក បន្ដសកម្មភាពនេះតទៅទៀត។ នៅក្នុងឱកាសនោះដែរសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានជួយកម្ពុជានាពេលកន្លងមក  ដោយសម្ដេចតេជោបានលើកឡើងថា ការរីកចំរើនរបស់កម្ពុជា ក៏មានការចូលរួមចំណែកពីសហរដ្ឋអាមេរិកផងដែរ។ ទាក់ទងនឹងវិស័យពាណិជ្ជកម្មសម្ដេចតេជោ បានលើឡើងថា គប្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំង២ កម្ពុជា-អាមេរិក ឲ្យមានការរីកចំរើនបន្ដទៀត។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ដទៀតថា ទំនាក់ទំនងលើវិស័យប្រយុទ្ធប្រឆាំងភេរវកម្មរវាងកម្ពុជានិងអាមេរិក គឺកំពុងប្រព្រឹត្តទៅយ៉ាងល្អ ហើយសម្ដេចតេជោ បានស្នើឲ្យបន្ដកិច្ចសហប្រតិបត្ដិការនេះបន្ដទៀត។ ទន្ទឹមនេះសម្តេចបានសុំឲ្យអាមេរិក បន្តជួយដល់កម្ពុជាលើវិស័យសុខាភិបាល វិស័យអប់រំ ការដោះមីន និងពិចារណាឲ្យកម្ពុជា នាំផលិតផលចេញទៅអាមេរិក ដោយគ្មានកូតា និងមិនគិតពន្ធ ដែលកត្ដានេះនឹងជំរុញឲ្យកម្ពុជាឈានឆ្ពោះទៅការអភិវឌ្ឍន៍បន្ថែទៀត។
 សូមជម្រាបថា ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយលោក ចន ឃើរី (John Kerry) រដ្ឋមន្រ្ដីការបរទេសហរដ្ឋមេរិក មិនបានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងគណបក្សប្រឆាំងនៅកម្ពុជានោះទេ៕


No comments:

Post a Comment