Tuesday, January 26, 2016

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តម Kenji Kitahashi អភិបាលក្រុងគិតាត្យូស៊ូ របស់ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា នារសៀល​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦​ នេះ បាន​អនុញ្ញាតឲ្យ ឯកឧត្តម Kenji Kitahashi អភិបាល​ក្រុងគិតា​ត្យូស៊ូ របស់​ប្រទេសជប៉ុន ចូលជួប​សម្តែងការ​គួរសម និងពិភា​ក្សា​ការងារ នៅវិមាន​សន្តិភាព។

ឯកឧត្តម អ៊ាង សុផ​ល្លែត​ ជំនួយការ​ផ្ទាល់សម្តេច​តេជោ​បាន​ប្រាប់​​អ្នកសារ​ព័ត៌មាន នៅក្រោ​យ​​​ជំនួបថា  ឯកឧត្តម Kenji Kitahashi ​បានជម្រាប​ជូនសម្តេច​តេជោ​ថា​លោកបាន​ធ្វើការយ៉ាង​ជិតស្និត​ជាមួយ​សាលារាជធានី​ភ្នំពេញ ដើម្បីរៀបចំ​ការចង​សម្ព័ន្ធ​មេត្រី សាលារាជ​ធានីភ្នំពេញ ជាមួយ​នឹង​ទីក្រុង គិតា​ត្យូស៊ូ ហើយ​បាននឹង​កំពុង​ដំណើរ​យ៉ាងល្អ ដោយ​ឈាន​នឹងទៅ​ចុះ​កិច្ច​សន្យា នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ខាង​មុខនេះ។

ឯកឧត្តម Kenji Kitahashi បាន​បន្តថា ទំនាក់​ទំនង​រវាង​ទីក្រុង នៃប្រទេស​ទាំងពីរ គឺមានតាំង​ពីយូរលង់ណាស់​មក​ហើយ ជាពិសេស​ក្នុងការ​សហការ​លើ​បញ្ហ​ទឹកស្អាត ប៉ុន្តែថ្ងៃ​អនាគត​នឹងមាន​ទិសដៅ​ជួយ​ដល់សាលា​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹងបញ្ហា​បរិស្ថាន បញ្ហាចម្រុះ​ទឹកកខ្វក់ និង​បញ្ហាដទៃទៀត។ ក្នុងន័យ​នេះដែរ ឯកឧត្តម Kenji Kitahashi បានស្នើឲ្យ​សម្តេចតេជោ ហ៊ុន សែន ជួយគាំទ្រលើ​គម្រោងទាំង​នេះផង។

ជាការឆ្លើយ​តបសម្តេច​តេជោ នាយករដ្ឋមន្រ្តី​បានមាន​ប្រសាសន៍ថា ទំនាក់ទំនង​រវាង​សាលារាជធានីភ្នំពេញ និងទីក្រុង​គិតាត្យូស៊ូ បានផ្តោត​ទៅលើ​បញ្ហាទឹកស្អាត ប៉ុន្តែប្រធាន​បទនេះត្រូវបាន​ផ្លាស់ប្តូរបន្តិចហើយ ដោយភ្នំពេញ​កំពុងមាន​បញ្ហាកង្វះ​ទឹកស្អាតផង និងបញ្ហា​បង្ហូរទឹកក​ខ្វក់ទៅទឹក​ទន្លេផង។ ក្នុងន័យនេះ​សម្តេច​បាន​ស្នើសុំ ឲ្យមានការ​ពិនិត្យដើម្បី​ស្វែងរក​ដំណោះ​ស្រាយ ទី១ជម្លៀសទឹកភ្លៀង​ឲ្យចេញពីរាជធានី កុំឲ្យមាន​ទឹកជំនន់ ទី២ ធ្វើយ៉ាងណា​សម្អាតទឹកក​ខ្វក់មុន​នឹងបង្ហូ​ចូលទៅកាន់​ទន្លេរ និងបឹង។

សម្តេចក៏បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​ឯកឧត្តម Kenji Kitahashi និងរដ្ឋាភិបាល​ជប៉ុនផង​ដែរ ដែលបានជួយ​គាំទ្រ ដល់ទំនាក់ទំនង​រវាងទីក្រុង​ទាំងពីរ និងបានជួយ​ឧបត្ថម្ភដល់​បញ្ហាទឹកស្អាត ដល់ទីក្រុងភ្នំពេញ និងបញ្ហា​ដទៃទៀតផងដែរ៕

No comments:

Post a Comment