Tuesday, September 05, 2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម លី សៀនលុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី

នៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទីល្ងាច, នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម លី សៀនលុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី ។  

ជាកិច្ចចាប់ផ្ដើម, ឯកឧត្តម លី សៀនលុង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចមហាបវរធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង បានរំលឹកប្រកបដោយមនោសញ្ចេតនា អំពីពេលចុងក្រោយដែល ឯកឧត្តម បានជួបសម្តេចមហាបវរធិបតី កាលពីឆ្នាំ២០១៨ ។

ជាកិច្ចឆ្លើយតប, សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរនេះ ក៏ដូចជាការដែលសិង្ហបុរីជាប្រទេសទី១ ដែលបានផ្ញើលិខិតអបអរសាទរជូនចំពោះ សម្តេចមហាបវរធិបតី ។ ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី បានបង្ហាញនូវសេចក្ដីរីករាយចំពោះទំនាក់ទំនងដ៏យូរអង្វែង និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ, ជាពិសេស វិស័យការពារជាតិ និង វិស័យអប់រំ ដែលសិង្ហបុរីតែងបានផ្តល់នូវជំនួយបច្ចេកទេស ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់កម្ពុជា ។

ជាកិច្ចបន្ទាប់,ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ  សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម និង ការពារជាតិ ។ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាលើលទ្ធភាពក្នុងការនាំអង្ករ និង ផលិតផលកសិកម្មដទៃទៀតពីកម្ពុជាចូលមកកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាគម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ ឆ្ពោះទៅប្រទេសសិង្ហបុរី ផងដែរ ។  

សម្តេចមហាបវរធិបតី បានសម្តែងនូវបំណងរបស់កម្ពុជា ក្នុងការរៀនសូត្រពីបទពិសោធន៍របស់សិង្ហបុរី ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ, ជាពិសេស ពាក់ព័ន្ធទៅនឹងការអនុវត្តកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម លី សៀនលុង បានឯកភាពក្នុងពិនិត្យលើលទ្ធភាពនៃការបន្តផ្តល់ការគាំទ្របច្ចេកទេស និង ការបណ្តុះបណ្តាលដល់កម្ពុជា ទាំងក្នុងវិស័យស៊ីវិល និង យោធា, ហើយ ឯកឧត្តម ក៏បានអញ្ជើញ សម្តេចមហាបវរធិបតី មកធ្វើទស្សនកិច្ចនៅសិង្ហបុរី ក្នុងពេលឆាប់ៗខាងមុខ ៕


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិធីបើក, កិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី


នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើក៤៣ (កិច្ចប្រជុំពេញអង្គ) ត្រូវបាន រៀបចំឡើងយ៉ាងមហាឱឡារិកនៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដោយមានការចូលរួមពីព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងភរិយាថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន អគ្គលេខាធិការអាស៊ាន ក៏ដូចជាភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូបទៀត។ គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងអមដំណើរដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃសសរស្ដម្ភទាំងបី និង មន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។

បន្ទាប់ពីពិធីបើកសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ បានដំណើរការក្រោមមូលបទ "សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន" កិច្ចប្រជុំកំពូលបានស្តាប់របាយការណ៍របស់តំណាងមូលនិធិ រូបិយប័ណ្ណអន្តរជាតិ(IMF) ធនាគារពិភពលោក និងរបាយការណ៍របស់ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដោយជម្រាបជូនថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ានអំពីស្ថានការណ៍វិវត្តន៍នៃសភាពការណ៍ ជាទូទៅ ក្នុងនោះរបាយការណ៍បានកត់សម្គាល់ឃើញថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងដោយសារវិបត្តិនៃសង្គ្រាម ក៏ដូចជាភាពតានតឹងនៅក្នុងតំបន់មួយចំនួន ប៉ុន្តែ សម្រាប់អាស៊ាននៅតែជាពន្លឺនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ដោយឆ្នាំ២០២៣ អាស៊ានអាចទទួលបាននូវកំណើនផលិតផលក្នុងស្រុកសរុប៤,៦% ស្មើនឹងប្រមាណ ៣,៦ ទ្រីលានដុល្លារ ដែលស្មើនឹងប្រមាណ១០% នៃផលិតផលក្នុងស្រុក(GDP) សរុបរបស់ពិភពលោកនិងជាកម្លាំងសេដ្ឋកិច្ចលំដាប់ទី៥លើពិភពលោក។
ទោះបីមានចំណុចវិជ្ជមានយ៉ាងនេះក្តី តំណាងស្ថាប័នរូបិយប័ណ្ណអន្តរជាតិ និងធនាគារពិភពលោក បានអំពាវនាវឱ្យអាស៊ានធ្វើការកែទម្រង់ស្ថាប័ននេះ ពង្រឹងការវិនិយោគលើការងារ លើប្រជាជន យុវជន លើវិស័យអប់រំ បច្ចេកិវទ្យាឌីជីថល និងរាល់កំណើនដែលធានាឱ្យមានចីរភាព។
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន បានថ្លែងនូវចំណាប់អារម្មណ៍ជាបន្តបន្ទាប់ដោយចាប់ ផ្តើមពីការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ានជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្វាគមន៍របស់ ឯកឧត្តម ខេរ៉ឡា ហ្សាណាណា គូសម៉ៅ នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលចូលរួម ក្នុងកិច្ចប្រជុំក្នុងនាមជាអ្នកអង្កេតការអាស៊ាន។ ថ្នាក់ដឹកនាំជាច្រើនក៏បានរំឭកដល់កេរ្តិ៍ឈ្មោះដ៏ប្រពៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចូលរួមវិភាគទានដ៏ធំធេងក្នុងការពូនជ្រុំ និងការធ្វើសមារណកម្មអាស៊ាន។
ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គអាស៊ានលើកទី៤៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ប្រទេសឥណ្ឌូនេស៊ីសម្រាប់ការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកម្ពុជា និងបានអបអរសាទរ ដល់ឥណ្ឌូនេស៊ីក្នុងការរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងពីការព្រួយបារម្ភនៃការកើនឡើងនៃការប្រទាញប្រទង់ខាងភូមិ សាស្ត្រនយោបាយ ដែលធ្វើឱ្យប្រទេសមួយចំនួនមានការលំបាកក្នុងការស្វែងរកចំណុចអព្យាក្រឹត្យដែលអាចគាំទ្របានយ៉ាងពិតប្រាកដ ប្រកបដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព។
ក្នុងន័យនេះ ការឆ្លើយតបរបស់អាស៊ានពិតជាមិនមានភាពគ្រប់គ្រាន់ បើអាស៊ានគ្រាន់តែឆ្លើយតបប្រកប ដោយប្រសិទ្ធភាពចំពោះវិបត្តិដែលកំពុងកើតឡើងនោះ អាស៊ានត្រូវតែមានសមត្ថភាពក្នុងការប្រមើលមើលទប់ ស្កាត់វិបត្តិ ហើយឈានទៅកាត់បន្ថយផលប៉ះពាល់តាមរយៈការប្រើប្រាស់តួនាទីពិសេសនៃកិច្ចប្រជុំកំពូលអាស៊ាន និងក្នុងនាមជាសា្ថប័នរៀបចំគោលនយោបាយកំពូលស្របតាមគោលការណ៍ស្នូលនៃការពិគ្រោះយោបល់ និងគោល ការណ៍កុងសង់ស៊ីស អាស៊ានអាចចាត់វិធានការម៉ឺងម៉ាត់និងទាន់ពេលវេលាលើបញ្ហាដែលមានភាពបន្ទាន់និងមាន សារៈសំខាន់។ ដើម្បីឱ្យក្លាយទៅជាមជ្ឈមណ្ឌលនៃកំណើនរបស់ពិភពលោក អាស៊ានត្រូវស្វែងរកប្រភពថ្មីនៃកំណើនដ៏រឹងមាំនិងមានភាពធន់នឹងវិបត្តិ ដែលរួមមានដូចជា ការធ្វើបរិវត្តកម្មឌីជីថល អន្តរកាលបៃតង (សេដ្ឋកិច្ចពណ៌ខៀវ និងសេដ្ឋកិច្ចច្នៃប្រឌិត)។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ អង្គប្រជុំកំពូលបានអនុម័តលើឯកសារសំខាន់ៗមួយចំនួនដូចជា៖
សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានអំពីអាស៊ានជាស្នូលនៃកំណើន សេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការពង្រឹងសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភដើម្បីឆ្លើយតបទៅនឹងវិបត្តិ សេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការអភិវឌ្ឍនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល កិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចអាស៊ានបៃតង និងសេចក្តីព្រាងនៃចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ។
នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានបានចូលរួមកិច្ចប្រជុំចង្អៀត ដើម្បីផ្លាស់ប្តូរយោបល់អំពីស្ថានការណ៍វិវត្តនៅក្នុងតំបន់និងលើសកលលោកមួយចំនួនដែលមានការចាប់អារម្មណ៍រួម៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន ម៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី


នៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣០០ នាទីរសៀល, នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato' Seri Anwar_bin Ibrahim)នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។

នៅក្នុងជំនួបនេះ, ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានសម្តែងនូវការអបអរសាទរ ចំពោះ សម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ហើយភាគីម៉ាឡេស៊ី មានជំនឿថាទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ នឹងបន្តនិរន្តរភាពយ៉ាងល្អ និងរីកលូតលាស់បន្ថែមទៀត ក្រោមដឹកនាំរបស់ សម្ដេចមហាបវរធិបតី ។ ទន្ទឹមនេះ, ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសម្តែងនូវការគោរពកោត សរសើរចំពោះ សម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាមិត្តភ័ក្តិដ៏ល្អ របស់ម៉ាឡេស៊ី ហើយរូប ឯកឧត្តម ផ្ទាល់ ក៏ដូចជាប្រទេសម៉ាឡេស៊ី តែងចាត់ទុក សម្ដេចតេជោ ជាមេដឹកនាំដ៏កំពូលនៃប្រទេសកម្ពុជា ។ ជាកិច្ចឆ្លើយតប, សម្តេចមហាបវរធិបតី បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរ និង បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះចំណង មិត្តភាព និង កិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរបានអនុវត្ដកម្លងមក ជាពិសេសចំពោះកិច្ចសម្របសម្រួលដែលប្រទេសម៉ាឡេស៊ីបានផ្ដល់ជូនដល់ពលករកម្ពុជា ដែលកំពុងបំពេញការងារនៅក្នុង ប្រទេសម៉ាឡេស៊ី ។
បន្ទាប់ពីការអបអរសាទរ និង កិច្ចស្វាគមន៍ទៅវិញទៅមក, ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា បន្ថែមអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ម៉ាឡេស៊ី ក្នុងទិដ្ឋភាពនយោបាយ, ពាណិជ្ជកម្មការវិនិយោគការអប់រំសន្តិសុខថាមពល, ការងារនិង ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។ ចំពោះវិស័យសន្តិសុខថាមពល, សម្តេចមហាបវរធិបតី បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ កាត់តាមប្រទេសថៃ និង ឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី ។ ជាមួយគ្នានេះ, ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber Crime)បង្កើនបន្ថែមទៀត នូវការធ្វើពាណិជ្ជកម្ម និង លើកទឹកចិត្តចំពោះការវិនិយោគពីប្រទេសម៉ាឡេស៊ី នៅកម្ពុជា ។
ជាចុងបញ្ចប់សម្តេចមហាបវរធិបតី ក៏បានសម្តែងនូវអំណរគុណ ចំពោះរាជរដ្ឋាភិបាល ម៉ាឡេស៊ី ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា សម្រាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ និង សមាជិកគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ៕

ឯកសារសំខាន់ៗ ចំនួន៥ ត្រូវបា​នអនុម័ត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣



(ភ្នំពេញ)៖ ឯកសារចំនួន៥ ត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលបានរៀបចំឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើក៤៣ (កិច្ចប្រជុំពេញអង្គ) ត្រូវបានរៀបចំឡើងយ៉ាងមហាឱឡារិក ដោយមានការចូលរួមពីព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងភរិយាថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន អគ្គលេខាធិការអាស៊ាន ក៏ដូចជាភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូបទៀត។

គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងអមដំណើរដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃសសរស្ដម្ភទាំងបី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។

ឯកសារចំនួន៥ ដែលអង្គប្រជុំកំពូលអនុម័តមានដូចជា៖

១. សេចក្ដីប្រកាសរបស់ថ្នាក់ដេកនាំអាស៊ានអំពីអាស៊ានជាស្នូលនៃកំណើន ២. សេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីការពង្រឹងសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភដើម្បីឆ្លើយតបទៅនឹងវិបត្តិ

៣. សេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីការអភិវឌ្ឍនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល

៤. កិច្ចព្រមព្រៀងស្ដីពីក្របខ័ណ្ឌសេដ្ឋកិច្ច អាស៊ានបៃតង

៥. សេចក្ដីព្រាងនៃចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥៕

​​​​ ក្រុមក្បត់ជាតិជ្រុលនិយមមួយចំនួនតូច ល្មមឈប់ប្រើសម្ដីមើលងាយទៅលើ ស្ថាប័នអង្គព្រះមហាក្សត្រ

 

Sam Soben (មតិខ្មែរឯនាយសមុទ្រ)៖ ពួកប្រឆាំងផ្កាប់មុខ កំពុងរលាយរលត់គ្មានសល់ប៉ុន្មានទៀតទេ

 

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ចាត់ទុកថា បញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងក៏ជាកម្លាំងចល័តអន្តរាគមន៍ពិសេសយ៉ាងឆាប់រហ័សរបស់ប្រមុខរាជរដ្ឋាភិបាល

 ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ចាត់ទុកថា បញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងក៏ជាកម្លាំងចល័តអន្តរាគមន៍ពិសេសយ៉ាងឆាប់រហ័សរបស់ប្រមុខរាជរដ្ឋាភិបាល

  ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្តីទី បានចាត់ទុកថា បញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងក៏ជាកម្លាំងចល័តអន្តរាគមន៍ពិសេសយ៉ាងឆាប់រហ័សរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ កងយោធពលខេមរភូមិន្ទ ជាពិសេសបទបញ្ជារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺបានចល័តកម្លាំងអន្តរាគមន៍ទាន់ពេល និង មានប្រសិទ្ធភាពខ្ពស់បំផុត។

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃប្រកាសបង្កើតកងវរសេនាតូចលេខ២.៤៦ និងខួបអនុស្សារីយ៍លើកទី១៤ ថ្ងៃប្រកាសបង្កើតបញ្ហាការដ្ឋានអង្គរក្ស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ក្នុងសន្ទរកថាស្វាគមន៍របស់ ឧត្តមសនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានរំលឹកថា បញ្ជាការដ្ឋានអង្គរក្ស បានផ្ដើមចេញពីកងវរសេនាតូចលេខ២៤៦ អតីតចំណុះយោធាក្រុងភ្នំពេញ ហើយវរសេនាតូចនេះ ត្រូវបានប្រកាសបង្កើតដោយផ្ទាល់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩០ នាសម័យរដ្ឋកម្ពុជា ដឹកនាំបញ្ជាដោយ នាយឧត្តមសេនីយ៍ អៀង សាវុធ គណៈបញ្ជាការយោធាក្រុងភ្នំពេញនាសម័យនោះ បន្ទាប់មកបានចាត់បញ្ជូន នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អនុគណៈបញ្ជាការយោធាក្រុងភ្នំពេញ មកគ្រប់គ្រងជាមេបញ្ជាការ កងវរសេនាតូចលេខ២.៤៦។ ដោយមើលឃើញពីវីរភាពអង់អាចក្លាហាន និងភាពស្មោះត្រង់របស់ នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងមានការជឿទុកចិត្តខ្ពស់ពីអគ្គសេនាធិការ ពីក្រសួងការពារប្រទេស និងប្រសាសន៍ដ៏ខ្ពង់ខ្ពស របស់សម្តេចតេជោ បានបញ្ជាឱ្យ នាយឧត្ដមសេនីយ៍ គៀង សាវុធ និងឯកឧត្តម ជា សុផារា អតីតជា អភិបាលរងក្រុងភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងភ្នំពេញនាសម័យនោះ ចាត់បញ្ជូនកម្លាំង ១២រូប ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ ហ៊ីង ប៊ុនហឿង, ឧត្ដមសេនីយ៍ទោ ហ៊ុយ ពិសិដ្ឋ និងវរសេនីយ៍ឯក ចៅ តុល ដើម្បីមក បម្រើការងារការពារសន្តិសុខផ្ទាល់ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៩២។ ដោយមានការវិវឌ្ឍរីកចម្រើនធំធាត់ និងសំណូមពរភារកិច្ចចាំបាច់ ទើបបានបន្ថែមក្របខណ្ឌឱ្យ បង្កើតជាវរៈសេនាតូចលេខ២ អង្គរក្សសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ និងបានកាត់ផ្ទេរក្របខណ្ឌ មកចំណុះកងពលតូចលេខ៧០។ ហើយដោយមើលឃើញពីទំហំការងារដ៏សំខាន់ក្នុងភារកិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាពជាចំបង ទើបសម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចអនុញ្ញាតឱ្យបង្កើតទៅជា បញ្ជាការដ្ឋានអង្គរក្ស តាមអនុក្រឹត្យលេខ១៤៨ អក្រ.បក ចុះនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៩ ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ រហូតដល់បច្ចុប្បន្ន។ 

កន្លងមកនេះ ក្រៅពីការងារការពារសន្តិសុខ សុវត្ថិភាពជូនសម្ដេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បញ្ជាការដ្ឋានអង្គរក្សបានប្រើប្រាស់កម្លាំងធ្វើជាសេនាធិការជូនកាកបាទក្រហមកម្ពុជា ក្រសួងកសិកម្ម និងក្រសួងធនធានទឹក និងឧតុនិយម ចូលរួមការងារជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងការជីក-ស្តារប្រឡាយ ដកស្ទូង សង្គ្រោះគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗជាច្រើនរាប់មិនអស់។ 

នៅឆ្នាំ២០២៣ ពេពេលថ្មីៗកន្លងមកនេះ ក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្តេចតេជោ, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដឹកនាំកម្លាំងចំនួន ៥០០នាក់ រួមជាមួយអាវុធទំនើប ទៅកាន់តំបន់ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដើម្បីត្រៀមបាញ់កម្ទេចយន្តហោះ គ្មានមនុស្សបើក ដែលហោះចូលបំពានដែនអាកាស នៃព្រះរាជាណាចក្រកម្ពុជា។ 

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ នៅក្នុងការបំពេញតួនាទីភារកិច្ចជាច្រើនឆ្នាំកន្លងមកនេះ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ។ ជាងនេះទៅទៀត បានសហការយ៉ាងស្អិតរមួតជាមួយស្ថាប័ន កងឯកភាព កងរាជអាវុធហត្ថ នគរបាលជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លើកិច្ចការ ការពារបូរណភាពទឹកដី ការពារស្ថិរភាព សន្តិសុខសង្គមជាតិ ជូនប្រជាពលរដ្ឋកម្ពុជា។ 

ជាមួយគ្នានេះឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បានរំលេចអំពីជោគជ័យធំៗរបស់រាជរដ្ឋាភិបាល នាចុងឆ្នាំ២០២២ និងនៅឆ្នាំ២០២៣នេះ ក្នុងនោះដោយមានការចូលរួមចំណែកពីបញ្ជាការដ្ឋានអង្គរក្ស ដូចជាជោគជ័យរៀបចំកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ ប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហឹង្សា។





សម្តេចធិបតី ហ៊ុន ម៉ាណែត រួមនឹងមេដឹកនាំអាស៊ាន អញ្ជើញបើកវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក

 (ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយមេដឹកនាំអាស៊ានដទៃទៀត បានអញ្ជើញបើក​វេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ដែលគំនិតផ្តួចផ្តើម និងវេទិកាថ្មីមួយសម្រាប់អាស៊ាន។

សូមបញ្ជាក់ថា អាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបានស្នើឡើងជាលើកដំបូងក្នុងឆ្នាំ២០១៩ មាន​គោល​ដៅពង្រឹងតួនាទីស្នូលរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ និងផ្ដល់សន្ទុះថ្មី​សម្រាប់​យន្ដ​ការអាស៊ានដែលមានស្រាប់។ តួយ៉ាងដូចជា ក្របខណ្ឌអាស៊ានបូក៣ និងកិច្ចប្រជុំកំពូល​អាស៊ី​បូព៌ា សំដៅជួយសម្រួលដល់កិច្ចសន្ទនា និងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ អាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ជាជំហានដំបូង អាចនឹងផ្ដោតលើវិស័យអាទិភាពចំនួន៤ រួមមានកិច្ចសហប្រតិបត្តិការ សមុទ្រ ការផ្សារភ្ជាប់ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ច ព្រមទាំងកិច្ចសហប្រតិបត្តិការដទៃទៀត៕




ឥណ្ឌូណេស៊ី រំឮកអាស៊ានឡើងវិញ កុំឱ្យក្លាយជាកូនអុករបស់មហាអំណាច ខណៈកិច្ចប្រជុំអាស៊ានចាប់ផ្ដើម

 (ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារ ទី៥ ខែកញ្ញានេះបានក្រើនរំឮកអាស៊ានឡើងវិញ ពីគ្រោះថ្នាក់នៃការធ្លាក់ចូលទៅក្នុងការប្រកួតប្រជែង ដណ្ដើមឥទ្ធិពលរវាងពួកកំពូលមហាអំណាច ខណៈបណ្ដាមេដឹកនាំជួបប្រជុំគ្នា ក្នុងកិច្ចប្រជុំកំពូលអាស៊ានដើម្បីព្យាយាមស្វែងរកដំណោះស្រាយ លើបញ្ហា ជាច្រើន ជាពិសេសគឺអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានថ្លែងនៅឯពីធិបើកកិច្ចប្រជុំកំពូលអាស៊ាន ជាមួយការអំពាវនាវឱ្យប្លុកអាស៊ីអាគ្នេយ៍មួយនេះបង្កើត «ផែនការ «យុទ្ធសាស្ត្ររយៈពេលវែងដ៏សមសម្របមួយ» និងបំពេញតាមការចង់បានរបស់ប្រជាជន។ លោក វីដូដូ បានគូសបញ្ជាក់ដូច្នេះថា «អាស៊ាន បានឯកភាពគ្នា ថានឹងមិនក្លាយជាកូនអុករបស់មហាអំណាចណាមួយឡើយ។ ដូច្នេះកុំកាច់ចង្កូតនាវារបស់យើងទៅកាន់សង្វៀនប្រកួតប្រជែងដែលជាការបំផ្លិចបំផ្លាញ»។ ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះបន្ថែមថា «យើងទាំងអស់គ្នា ជាមេដឹកនាំត្រូវតែធានាឱ្យបានថានាវានេះនឹងរក្សាដំណើរឆ្ពោះទៅមុខ ហើយយើងត្រូវតែធ្វើជា កាប់ពីទែននាវានេះដើម្បីសម្រេចឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពទាំងអស់គ្នា»

គួរបញ្ជាក់ថា ក្រៅតែពីកិច្ចប្រជុំកំពូលអាស៊ាន មេដឹកនាំជាសមាជិកអាស៊ានទាំងអស់ លើកលែងមីយ៉ាន់ម៉ា ដែលមិនត្រូវបានអញ្ជើញ នឹងចូលរួមក្នុងកិច្ចប្រជុំ ពាក់ព័ន្ធជាមួយមហាអំណាចដទៃដូចជាចិន ឥណ្ឌា ជប៉ុន រុស្ស៉ី និងសហរដ្ឋអាមេរិក។ លោក ពូទីន លោក បៃដិន និងលោក ស៊ី ជិនពីង មិនបានចូលរួម ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សាការតានោះទេ ដោយបញ្ជូនតំណាងឱ្យចូលរួមជំនួស៕








ជំនួបជាមួយអគ្គលេខាធិការអាស៊ាន, ប្រមុខការទូតកម្ពុជា បញ្ជាក់អំពីសារៈសំខាន់នៃការជំរុញកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន

 

(ហ្សាការតា)៖ នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ស្របតាមចក្ខុវិស័យ «អាស៊ាន៖ សហគមន៍មួយ វាសនាតែមួយ»។ លោកអគ្គលេខាធិការអាស៊ាន កៅ គឹមហួន ក៏បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញលេញ របស់លេខាធិការដ្ឋានអាស៊ានចំពោះកម្ពុជា និងប្រទេសសមាជិកអាស៊ានដទៃទៀត សំដៅឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥៕





លោក Marcos ថាហ្វីលីពីនត្រៀមខ្លួនជាស្រេច ដើម្បីកាន់តំណែងជាប្រធានអាស៊ានជំនួសមីយ៉ាន់ម៉ា នៅឆ្នាំ២០២៦

 ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បី ទទួលតំណែងជាប្រធានអាស៊ានជំនួសមីយ៉ាន់ម៉ា នៅឆ្នាំ២០២៦ ខណៈអាស៊ានកំពុងព្យាយាមដោះស្រាយយ៉ាងលំបាកជាមួយរបបសឹក នៃប្រទេសជាសមាជិកអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣។

មីយ៉ាន់ម៉ា​ បានធ្លាក់ចូលក្នុងភាពចលាចលនៃអំពើហិង្សាយ៉ាងបង្ហូរឈាម ចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អោងសាន ស៊ូជី ពីអំណាចកាលពីឆ្នាំ២០២១ ហើយយោធាបានបើកការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមអ្នកប្រឆាំង។

ថ្លែងទៅកាន់មេដឹកនាំអាស៊ានក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារនេះ លោក Marcos បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំ មានសោមនស្សដោយសូមប្រកាសថាហ្វីលីពីន បានត្រៀមខ្លួនជាស្រេចដើម្បីទទួលតំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២៦»។ ប៉ុន្តែ លោក Marcos មិនបានបញ្ជាក់នោះទេថាតើហេតុអ្វីបានជាហ្វីលីពីន ត្រូវទទួលតំណែងជាប្រធានប្ដូរវេនជំនួសមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា ប្រទេសឡាវ នឹងត្រូវកាន់តំណែងជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០២៤ រីឯម៉ាឡេស៊ីនឹងត្រូវធ្វើជាប្រធាននៅឆ្នាំ២០២៥៕


សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើសុំកិច្ចគាំទ្រពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្រាប់គម្រោង នៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ទៅកាន់សិង្ហបុរី

 


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំកិច្ចគាំទ្រពី នាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្រាប់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រទៅកាន់សិង្ហបុរី។

ការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រពីប្រទេសឡាវ កាត់តាមប្រទេសថៃ និងឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី។

សំណើភាគីកម្ពុជា បានធ្វើឡើងក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម (Dato' Seri Anwar_bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅរដ្ឋធានីហ្សាកាតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នារសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ, លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ហើយភាគីម៉ាឡេស៊ី មានជំនឿថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ នឹងបន្តនិរន្តរភាពយ៉ាងល្អ និងរីកលូតលាស់បន្ថែមទៀត ក្រោមដឹកនាំរបស់ សម្ដេចមហាបវរធិបតី។

ទន្ទឹមនេះ, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសម្តែងនូវការគោរពកោតសរសើរចំពោះ សម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាមិត្តភ័ក្តិដ៏ល្អរបស់ម៉ាឡេស៊ី ហើយរូប លោកផ្ទាល់ ក៏ដូចជាប្រទេសម៉ាឡេស៊ី តែងចាត់ទុកសម្ដេចតេជោ ជាមេដឹកនាំដ៏កំពូលនៃប្រទេសកម្ពុជា។

ជាកិច្ចឆ្លើយតប, សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរ និងបានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរបានអនុវត្ដកម្លងមក ជាពិសេសចំពោះកិច្ចសម្របសម្រួលដែលប្រទេសម៉ាឡេស៊ី បានផ្ដល់ជូនដល់ពលករកម្ពុជា ដែលកំពុងបំពេញការងារនៅក្នុង ប្រទេសម៉ាឡេស៊ី ។

បន្ទាប់ពីការអបអរសាទរ និងកិច្ចស្វាគមន៍ទៅវិញទៅមក, ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា បន្ថែមអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ម៉ាឡេស៊ីក្នុងទិដ្ឋភាពនយោបាយ, ពាណិជ្ជកម្មការវិនិយោគការអប់រំសន្តិសុខថាមពល, ការងារនិង ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។ ចំពោះវិស័យសន្តិសុខថាមពល, សម្តេចមហាបវរធិបតី បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រពីប្រទេសឡាវ កាត់តាមប្រទេសថៃ និងឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី។

ជាមួយគ្នានេះ, ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber Crime)បង្កើនបន្ថែមទៀត នូវការធ្វើពាណិជ្ជកម្ម និង លើកទឹកចិត្តចំពោះការវិនិយោគពីប្រទេសម៉ាឡេស៊ី នៅកម្ពុជា ។

ជាចុងបញ្ចប់សម្តេចមហាបវរធិបតី ក៏បានសម្តែងនូវអំណរគុណ ចំពោះរាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា សម្រាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ និងសមាជិកគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ៕