Tuesday, September 05, 2023

ឥណ្ឌូណេស៊ី រំឮកអាស៊ានឡើងវិញ កុំឱ្យក្លាយជាកូនអុករបស់មហាអំណាច ខណៈកិច្ចប្រជុំអាស៊ានចាប់ផ្ដើម

 (ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារ ទី៥ ខែកញ្ញានេះបានក្រើនរំឮកអាស៊ានឡើងវិញ ពីគ្រោះថ្នាក់នៃការធ្លាក់ចូលទៅក្នុងការប្រកួតប្រជែង ដណ្ដើមឥទ្ធិពលរវាងពួកកំពូលមហាអំណាច ខណៈបណ្ដាមេដឹកនាំជួបប្រជុំគ្នា ក្នុងកិច្ចប្រជុំកំពូលអាស៊ានដើម្បីព្យាយាមស្វែងរកដំណោះស្រាយ លើបញ្ហា ជាច្រើន ជាពិសេសគឺអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានថ្លែងនៅឯពីធិបើកកិច្ចប្រជុំកំពូលអាស៊ាន ជាមួយការអំពាវនាវឱ្យប្លុកអាស៊ីអាគ្នេយ៍មួយនេះបង្កើត «ផែនការ «យុទ្ធសាស្ត្ររយៈពេលវែងដ៏សមសម្របមួយ» និងបំពេញតាមការចង់បានរបស់ប្រជាជន។ លោក វីដូដូ បានគូសបញ្ជាក់ដូច្នេះថា «អាស៊ាន បានឯកភាពគ្នា ថានឹងមិនក្លាយជាកូនអុករបស់មហាអំណាចណាមួយឡើយ។ ដូច្នេះកុំកាច់ចង្កូតនាវារបស់យើងទៅកាន់សង្វៀនប្រកួតប្រជែងដែលជាការបំផ្លិចបំផ្លាញ»។ ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះបន្ថែមថា «យើងទាំងអស់គ្នា ជាមេដឹកនាំត្រូវតែធានាឱ្យបានថានាវានេះនឹងរក្សាដំណើរឆ្ពោះទៅមុខ ហើយយើងត្រូវតែធ្វើជា កាប់ពីទែននាវានេះដើម្បីសម្រេចឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពទាំងអស់គ្នា»

គួរបញ្ជាក់ថា ក្រៅតែពីកិច្ចប្រជុំកំពូលអាស៊ាន មេដឹកនាំជាសមាជិកអាស៊ានទាំងអស់ លើកលែងមីយ៉ាន់ម៉ា ដែលមិនត្រូវបានអញ្ជើញ នឹងចូលរួមក្នុងកិច្ចប្រជុំ ពាក់ព័ន្ធជាមួយមហាអំណាចដទៃដូចជាចិន ឥណ្ឌា ជប៉ុន រុស្ស៉ី និងសហរដ្ឋអាមេរិក។ លោក ពូទីន លោក បៃដិន និងលោក ស៊ី ជិនពីង មិនបានចូលរួម ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សាការតានោះទេ ដោយបញ្ជូនតំណាងឱ្យចូលរួមជំនួស៕








No comments:

Post a Comment