Monday, August 19, 2024

ឯកឧត្តម ប៉ែន បូណា៖រាជរដ្ឋាភិបាលធ្វើគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ




ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា  កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុច ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាមានមហិច្ឆិតាខ្ពស់ធំធេងណាស់ដែលហ៊ានដាក់ចេញគោលនយោបាយមួយដ៏ធំដើម្បីជួយប្រជាពលរដ្ឋយើង ពោលគឺ៖

ទី១-ធានារ៉ាប់រងផ្នែកសុខភាពគឺសំខាន់ណាស់

ទី២-ធានាឱ្យបងប្អូនគ្រប់គ្នាឱ្យតែខ្មែរមានមុខជំនាញ និងប្រាក់ចំណូល

ទី៣-ពេលជួបគ្រោះអាសន្ន (គ្រោះធម្មជាតិ វិបត្តិសុខភាពសាធារណៈ វិបត្តិម៉ាក្រូសេដ្ឋកិច្ច)រដ្ឋជួយគាំពារ 


ឯកឧត្តម ប៉ែន បូណា បានថ្លែងបន្តថា សព្វគ្រប់បែបយ៉ាងរដ្ឋជួយគាំពារពោលគឺដើម្បីជួយប្រជាពលរដ្ឋ។ ឯកឧត្តមបានថ្លែងថា គោលនយោបាយមួយដែលចាប់តាំងពីចាប់កំណើតរហូតដល់ចាស់ជរា រដ្ឋគាំពារ ជាក់ស្តែងបង្កើតជាប្រព័ន្ធគាំពារសង្គមមួយរឹងមាំដើម្បីបងប្អូនប្រជាពលរដ្ឋខ្មែរ។


ឯកឧត្តម ប៉ែន បូណា ក៏បានសង្កត់ធ្ងន់ថា អ្នកដែលអង្គុយរិះគន់ អ្នកដែលអង្គុយជេររដ្ឋាភិបាលសូមបើកភ្នែកមើលឱ្យច្បាស់ថា រាជរដ្ឋាភិបាលបានធ្វើអី បើកត្រចៀកស្តាប់គេពន្យល់ថា គេធ្វើអីខ្លះ បើកខួរក្បាលពិចារណាឱ្យបានច្បាស់មុននឹងបើកមាត់។


ឯកឧត្តម ប៉ែន បូណា បានថ្លែងដូចនេះនៅក្នុង «វេទិកាសារព័ត៌មានលើកទី៤ ស្តីពីសមិទ្ធផលរយៈពេល ១ឆ្នាំ» នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤៕

ឯកឧត្តម ប៉ែន បូណា៖ កុំចង់សាកល្បងប្រឆាំងសន្តិភាព ប្រឆាំងស្ថិរភាពនយោបាយឱ្យសោះ មិនអាចធ្វើទៅរួចទេ ដោយសាររាជរដ្ឋាភិបាលឈរការពារយ៉ាងរឹងមាំដើម្បីសេចក្តីសុខរបស់ប្រជាជន




នៅក្នុងសន្និសីទស្តីពី សមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំខ្លាំងណាស់ទប់ទល់គ្រប់ឧបាយកលដែលចង់បំផ្លាញសេចក្តីសុខ សន្តិភាព ស្ថិរភាពនយោបាយដើម្បីសេចក្តីសុខរបស់ប្រជាជន។


ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ឈរយ៉ាងរឹងមាំក្នុងការការពារសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ជាក់ស្តែងដូចពេលថ្មីៗនេះ មានចលនាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដែលបង្កឡើងដោយក្រុមប្រឆាំងជ្រុលនិយម ប៉ុន្តែពួកគេមិនអាចធ្វើទៅរួចនោះទេ។


ឯកឧត្តម ប៉ែន បូណា ក៏បានគូសបញ្ជាក់ថា ពួកប្រឆាំងជ្រុលនិយម កុំចង់សាកល្បងប្រឆាំងសន្តិភាព ប្រឆាំងស្ថិរភាពនយោបាយឱ្យសោះព្រោះមិនអាចធ្វើទៅរួចទេ ដោយសាររាជរដ្ឋាភិបាលឈរការពារយ៉ាងរឹងមាំដើម្បីសេចក្តីសុខរបស់ប្រជាជន៕