Friday, July 31, 2015

កីឡាករ កីឡាការិនី ប្រៀបបានដូចជាអ្នកការទូត ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងទំនាក់ទំនងអន្តរជាតិ

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​ក្នុងពិធីផ្តល់​ប្រាក់រង្វាន់​របស់សម្តេច​តេជោ ​និងសម្តេចកិ​ត្តិព្រឹទ្ធ​បណ្ឌិត ដល់ជ័យលា​ភីក្នុងការ​ប្រកួតកីឡាស៊ី​ហ្គេមលើក​ទី២៨ ​នៅសឹង្ហបូរី​ ឆ្នាំ២០១៥ ​នៅថ្ងៃទី៣១ ខែកក្កដា ​ឆ្នាំ២០១៥​ ដែលប្រារព្ធ​ឡើងនៅ ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា បានមាន​ប្រសាសន៍ថា​ «កីឡាមិនត្រឹម​តែនាំមកនូវ​សុខភាពល្អ ភា​ពសប្បាយរីក​រាយ និងស្មារតីស​ន្តិភាព ​សាមគ្គីភាព ​មិត្តភាព​ ភាតរភាពនិ​ងសហប្រតិ​បត្តិការរវាង​គ្នានិងគ្នា ​ក្នុងក្របខ័ណ្ឌជា​តិ ​និងអន្តរជាតិ​ប៉ុណ្ណោះទេ ​ប៉ុន្តែថែម​ទាំងរួមចំណែកយ៉ា​ងសំខាន់ ​ដល់ការលើក​កម្ពស់កិត្យា​នុភាពជាតិ​នៅលើឆាក​អន្តរជាតិ​ផងដែរ។ ​ដូច្នេះ ​កីឡាករ កីឡា​ការិនី ​ប្រៀបបាន​ដូចជាអ្នក​ការទូត ​ដែលមាន​តួនាទីយ៉ាងសំ​ខាន់នៅក្នុង​ផ្នែកទំនាក់​ទំនងអន្តរជាតិ»​។

ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ​សុខ ​អាន ​បានលើកឡើងថា ​វិស័យអប់រំកាយ ​និងកីឡា គឺអាទិភាពដ៏​សំខាន់ ​ដែលរាជរដ្ឋាភិ​បាលបាន​និងកំពុង​បន្តយកចិត្តទុ​កដាក់ ​ក្នុងការចូលរួម​អភិវឌ្ឍធនធាន​មនុស្ស ​ប្រកបដោយគុ​ណភាពខ្ពស់ ​ដើម្បីរួមចំណែក​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម ​ប្រកបដោយចីរភាព​និងសមធម៌។ ​ឯកឧត្តមបណ្ឌិតស​ភាចារ្យ​ សុខ​ អាន បានចាប់​អារម្មណ៍ថា ​ជាការពិត​ ព្រឹត្តិការណ៍ប្រ​កួតកីឡាស៊ី​ហ្គេម គឺ​បាននាំមក​នូវបទពិសោធន៍​ថ្មីៗ និងកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយបណ្តាប្រទេស​ជាមិត្តបន្ថែម​ទៀត ហើយបទពិ​សោធន៍​ទាំងនេះនឹង​ជួយក្មួយៗកី​ឡាករ​ កីឡាការិនី ​ត្រៀមខ្លួនឱ្យ​កាន់តែប្រសើរ​ថែមទៀត ​សម្រាប់ការ​ប្រកួតជាអ​ន្តរជាតិនា​ពេលអនាគត​ ជាពិសេសការ​ប្រកួតកីឡាស៊ីហ្គេម​ឆ្នាំ២០២៣ ​ដែលកម្ពុជា​យើងនឹងត្រូវ​ធ្វើជាម្ចាស់ផ្ទះ។ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ ​អាន ​បន្តថា ​«ក្នុងន័យនេះ ​ខ្ញុំសូមលើក​ទឹកចិត្តឱ្យក្រសួង​ស្ថាប័នពាក់ព័ន្ធ​ទាំងអស់ ​បន្តកិច្ចខិតខំ​ប្រឹងប្រែង ​និងពង្រីកកិ​ច្ចសហប្រតិប​ត្តិការ ព្រមទាំងការ​ឧបត្ថម្ភគាំ​ទ្រគ្រប់បែបយ៉ាង ​ដើម្បីអភិវឌ្ឍ​វិស័យកីឡា​នៅកម្ពុជា​ឱ្យទទួលបាន​ជោគជ័យថ្មីៗ​បន្ថែមទៀត»​។

ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ ​អាន ​បានបញ្ជាក់ថា ​ចាប់តាំងពីឆ្នាំ​១៩៩៥មក ​កម្ពុជាយើង​បានចូលរួម​ឡើងវិញក្នុង​ការប្រកួត​កីឡាស៊ីហ្គេម​ ហើយរហូត​មកកម្ពុជា​ស្ថិតនៅលំដាប់​ថ្នាក់ទី៩ ​ឬទី១០ ​ចំណាត់ថ្នាក់​ក្រោមប្រទេសឡាវ​ជានិច្ច ​ប៉ុន្តែសម្រាប់កា​រប្រកួតស៊ី​ហ្គេមលើកទី​២៨ នៅស​ង្ហឹបូរីនេះ ​ដែលមាន១១​ប្រទេសចូលរួម​ កម្ពុជាយើង​ឈរនៅចំណាត់ថ្នា​ក់ទី៨​ ខណៈដែលប្រទេសឡាវ​ឈរនៅចំណាត់​ថ្នាក់ទី៩។​

ឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ ​អាន ​បានផ្តល់ជាអនុសាសន៍​ថា «ដើម្បីបន្តរ​ក្សាល្បឿននៃ​ភាពលូត​លាស់របស់វិ​ស័យកីឡា ​និងដើម្បីទទួលបា​នជោគជ័យ​កាន់តែខ្លាំងថែ​មទៀត ជាពិសេស​ក្នុងការប្រកួត​ស៊ីហ្គេមឆ្នាំ២០២៣ ​ដែលកម្ពុជា​យើងនឹង​ធ្វើជាម្ចាស់ផ្ទះ ក្រ​សួងអប់រំ​ យុវជន​ និងកីឡា ​គណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា ​និងសហព័​ន្ធកីឡាជាតិ ​គួរបន្តជំរុញ​ការអភិវឌ្ឍធន​ធានមនុស្សផ្នែ​កកីឡាប្រកប​ដោយគុណភាព ​និងវិន័យខ្ពស់ តាមរយៈការ​ពង្រឹងអង្គភាព ​ស្ថាប័នហ្វឹក​ហ្វឺនកីឡាជាតិ ​និងការផ្តល់ឱ​កាសបន្ថែមទៀត ​ដល់ក្មួយៗ​យុវជនដែលមាន​ចំណង់ចំណូលចិត្ត ​និងទេពកោសល្យផ្នែ​កកីឡា ​កីឡាករ​ កីឡាការិ​នី គ្រូបង្វឹក​ និងមន្ត្រី​ជំនាញកីឡា ​ទៅសិក្សា និ​ងបណ្តុះបណ្តាល​ទាំងនៅ​ក្នុងប្រទេស ​ក៏ដូចជានៅ​បណ្តាប្រទេស​នានាដែលមាន​ជំនាញខ្ពស់​ផ្នែកកីឡាទាំ​ងនោះ។ ជាមួយគ្នា​នេះដែរ​ ការរៀបចំ​ផែនការមេសម្រាប់​ព្រឹត្តិការណ៍កីឡា​ស៊ីហ្គេមឆ្នាំ​២០២៣នេះ គួរត្រូវបានយ​កចិត្តដាក់ខ្ពស់ដើ​ម្បីឱ្យផែនការ​មេនេះមានធា​តុផ្សំ  ​និងខ្លឹមសារ​គ្រប់ជ្រុង​ជ្រោយ ​ជាលក្ខណៈវិទ្យាសាស្រ្តផង ​និងបច្ចេកទេស​កីឡាផង ​សំដៅពង្រឹង​វិស័យកីឡាជាតិ​ឆ្ពោះទៅរក​ឧត្តមភាព ​និងសក្តានុពលភាព​កាន់តែធំធេងប​ន្ថែមទៀត»​៕







កម្ពុជាឈរលើលេខរៀងទី៨ ក្នុងចំណោម១១ប្រទេស ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៨ នៅសឹង្ហបូរី ជាលទ្ធផលប្រវត្តិសាស្រ្តក្នុងរយៈពេល២០ឆ្នាំមកហើយដែលពុំធ្លាប់ទទួលបាន

ឯកឧត្ត​មបណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ​និងជា​ប្រធាន​គណៈកម្មា​ការជាតិ​អូឡាំពិក​កម្ពុជា​ ក្នុងពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​របស់ សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន​ សែន​ និង សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ដល់កីឡាករ​ កីឡាការនី​ជ័យលាភី​ការប្រកួត​កីឡា SEA Games ​លើកទី២៨​នៅ សឹង្ហបូរី ​នៅទីស្នាក់​ការគណៈ​កម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា​ នៅថ្ងៃទី​ ៣១ ​ខែកក្កដា ​ឆ្នាំ២០១៥​នេះ បាន​មានប្រសាសន៍​ថា ការ​ប្រកួត​កីឡាស៊ី​ហ្គេម ​លើកទី២៨​ នៅសឹង្ហ​បូរីកន្លង​ទៅថ្មីៗនេះ ​ក្នុងចំណោម ​២២ប្រភេទ​កីឡា ​គឺមានតែ​៥ប្រភេទ​កីឡា ​ដែលកម្ពុជាទ​ទួលបាន​មេដាយគឺ៖ ​សីដក់ឈឺន​ឡូន មេដាយ​មាស១, និងសំរឹទ្ធ១, កីឡាប្រដាល់ស​កលមេដាយ​ប្រាក់១, កីឡាប៉េតង់ ​មេដាយប្រាក់៤ ​និងសំរឹទ្ធ៥, កីឡា​តេក្វាន់ដូ​ មេដាយ​សំរឹទ្ធ២ ​និងកីឡា​វាយកូន​បាល់ ​មេដាយសំរឹទ្ធ១។ ​«លទ្ធផល​ជ័យលាភី​ទាំងនេះ ​បានផ្តល់​ចំណាត់ថ្នាក់​កម្ពុជា ​ឈរលើលេខ​រៀងទី០៨ ​ក្នុងចំណោម​១១ប្រទេស​ស្ថិតនៅលើ ​ប្រទេសឡាវ​ ប្រ៊ុយណេ ​និងទីម័រខាងកើត​ ដែលកម្ពុជា​ពុំធ្លាប់​ទទួលបាន​ក្នុងប្រវត្តិកីឡា​SEA Games ​២០ឆ្នាំមកហើយ ​តាំងពីឆ្នាំ១៩៩៥»។​

ឯកឧត្តម​ ថោង ​ខុន ​បានគូស​បញ្ជាក់ថា ​ចំពោះការ​ប្រកួតកីឡាស៊ី​ហ្គេម ​លើកទី២៨ នៅសឹង្ហ​បូរីកន្លង​ទៅថ្មីៗនេះ ​កម្ពុជាបានរៀប​ចំបញ្ជូន​ប្រតិភូកីឡា​ទៅចូលរួមចំនួន ​២៥៦នាក់ ​លើ២២ប្រភេទកី​ឡាក្នុងនោះរួមមាន៖​ កីឡាករ​ ចំនួន​ ១៤៨នាក់, កីឡាការិនី ចំនួន​ ២៨នាក់, គ្រូបង្វឹក ​ចំនួន៤២​នាក់ និងថ្នាក់​ដឹកនាំមន្ត្រីបំ​រើការចំនួន ​៣៨នាក់ ចំពោះការ​ប្រកួតនេះ ​កម្ពុជាទទួល​បាន ៖ មេដាយមាសចំ​នួន ១ វិញ្ញាសាត្រូ​វនឹង ៨គ្រឿង, មេដាយប្រាក់​ចំនួន​ ៥វិញ្ញាសាត្រូ​វនឹង ​៧គ្រឿង ​និង មេដាយសំរិទ្ធចំ​នួន ​៩វិញ្ញាសាត្រូវនឹង ​២២គ្រឿង។​

ឯកឧត្តម ​ថោង ខុន ​បានលើកឡើងថា ​ដើម្បីជាការ​លើកទឹកចិត្តដ​ល់កីឡាក​រកីឡាការិនីក​ម្ពុជា ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី ​និងសម្តេចកិ​ត្តិព្រឹទ្ធ​បណ្ឌិត ​តែងតែ ជួ​យឧបត្ថម្ភប្រាក់​រង្វាន់ផ្ទាល់ដ​ល់កីឡាករ​ កីឡាការិនី ​និងគ្រូបង្វឹក​។ ជាមួយគ្នានេះដែរ​សំរាប់ ជ័យលាភី​ការប្រកួតកី​ឡាSEA Games លើកទី២៨នេះ ​សម្តេចទាំង​ពីរបានផ្តល់ប្រា​ក់រង្វាន់ ​សំរាប់កីឡាករ​ កីឡាការិ​នីដែលបានមេដាយមា​សទទួលបាន ​៥០០០ដុល្លារ, កីឡាករ កីឡាការិនី​មេដាយប្រាក់​ទទួលបាន ​៣០០០ដុល្លារ​, កីឡាករ​ កីឡាការិ​នីមេដាយសំ​រឹទ្ធទទួលបាន ​២០០០ដុល្លារ ​ចំណែកឯគ្រូបង្វឹក​ទទួលបាន​ស្មើកីឡាករ ​កីឡាការិនី​របស់ខ្លួន ដែលដ​ណ្តើមបានមេដា​យខ្ពស់បំផុត។​គ្រូជំនួយទទួលបាន ​៧០% នៃថវិកា​ដែលគ្រូបង្វឹក​ទទួលបាន។​


ឯកឧត្តម ​ថោង ​ខុន ​បានបន្តថា «​អ្វីដែលយើង​ទាំងអស់គ្នាកា​ន់តែរំភើប​ជាងនេះទៅទៀត​គឺ សម្តេចតេជោ ​បានសម្រេច​តម្លើងប្រាក់​ឧបត្ថម្ភរបបប្រចាំខែ​ និងរប​បអាហារ​សំរាប់ក្រុម​ជម្រើសជាតិ​ទ្វេមួយជាពីរ​ ដែលប្រការនេះ​បានជំរុញទឹក​ចិត្តកីឡាករ​ កីឡាការិ​នីអោយខិត​ខំប្រឹងប្រែង​ហ្វឹកហាត់ ​និងការប្រកួតឈា​នទៅដណ្តើម​បានមេដាយជូ​នជាតិមាតុភូមិ ​នាពេលនេះ»៕​

សុន្ទរកថា ឯកឧត្តមបណ្ឌិត ថោង ខុន, ក្នុងពិធីផ្តល់ប្រាក់រង្វាន់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដល់ជ័យលាភីក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៨ នៅសឹង្ហបូរី ឆ្នាំ២០១៥









និស្សិតកម្ពុជា៩០នាក់ ទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សា នៅប្រទេសបារាំង

យោងតាម​សេចក្តីជូ​​នព័ត៌មាន​របស់ស្ថាន​ទូតបារាំង​ប្រចាំព្រះរា​ជាណាចក្រ​កម្ពុជា ​ចុះថ្ងៃទី ៣១​ ខែកក្កដា​ ឆ្នាំ២០១៥​នេះបាន​ឲ្យដឹងថា ​នៅឆ្នាំ២០១៥​នេះ និស្សិត​កម្ពុជា​ប្រមាណ​៩០នាក់​ បានទទួ​លអាហា​រូបករណ៍​ទៅបន្តការ​សិក្សានៅ​ប្រទេស​បារំាងលើ​មុខជំនាញ​ផ្សេងៗដូចជា ​សេដ្ឋកិច្ច​ ច្បាប់​ វេជ្ជសាស្ត្រ ​វិស្វកម្ម ​ទេសចរណ៍ ឬ​អក្សរសា​ស្ត្របារាំង​ជាដើម។

មុនពេ​លនិ​ស្សិតទាំង​អស់ចាក​ចេញពីកម្ពុ​ជានោះ នឹ​ងមានការ​រៀបចំពិ​ធីជូនដំ​ណើរមួយ ត្រូវរៀ​បចំឡើង​នៅថ្ងៃអង្គារ​ ទី០៤ ​ខែសីហា ​ឆ្នាំ២០១៤ ​វេលាម៉ោង៦​ល្ងាច នៅ​វិទ្យាស្ថាន​បារាំង ​ក្រោមអធិប​តីភាព ​ឯកឧត្តម ​ហ្សង់ ​ក្លូដ ​ពាំបឺហ្វ ​ឯកអគ្គ​រដ្ឋទូតបារាំង​ប្រចាំកម្ពុជា ​និង ឯកឧត្តម​ ហង់​ ជួន​ ណារ៉ុន​ រដ្ឋមន្ត្រីក្រ​សួងអប់រំ ​យុវជន ​និងកីឡា៕​


Thursday, July 30, 2015

ទស្សនៈ, ការអត្ថាធិប្បាយរបស់ការិយាល័យសិទ្ធិមនុស្សអ,ស,ប,ធ្វើឡើងខុសកាលៈទេសៈដ៏អាក្រក់អាក្រី

«ច្បាប់»​និង ​«បញ្ញត្តិ» គឺត្រូវការ​ចាំបាច់​ខ្លាំងណាស់នៅ​ក្នុងសង្គម​មួយ។​ នេះដោយសា​រច្បាប់ និ​ងបញ្ញត្តិបា​នកំណត់​នូវអ្វីដែល ​«ត្រូវ» និងអ្វី​ដែល ​«ខុស»។ ​ច្បាប់​ និងបញ្ញត្តិ ទាំ​ងអស់ គឺការពារ​ និងទទួ​លស្គាល់ពីសិ​ទ្ធិរបស់​បុគ្គល។ ​ភាពវឹក​វរនឹងកើត​មានឡើង ​ប្រសិនបើ​គ្មានការ ​អនុម័ត​ច្បាប់ ​និងបញ្ញត្តិ។​

ច្បាប់គឺ​គេត្រូវកា​រជា​ចាំបាច់ ​ពីព្រោះច្បាប់​រក្សាសណ្តាប់​ធ្នាប់ ​ភាពស្ងប់​ស្ងាត់ និងយុ​ត្តិធម៌​នៅលើពិភ​ពលោក។​ ប្រសិន​បើគេក្រឡេ​កមើល​ទៅទស្សន​វិទូជាច្រើ​ននៅសម័​យកាលត្រា​ស់ដឹង​ គេនឹងដឹ​ងថាទស្ស​នវិទូទាំ​ងនោះបាន​ជឿជាក់​ទៅលើសក្តានុ​ពលនៃភាព​ត្រឹមត្រូវ​ ភាពបរិ​សុទ្ធ ​ក៏ប៉ុន្តែ​ពួកគេទាំ​ងនោះក៏មា​នជំនឿទៅ​លើសក្តានុ​ពលនៃស​កម្មភាព​នៃអំពើឃោ​ឃៅផង​ដែរ។​
សង្គម​សម័យទំ​នើបនាពេ​លបច្ចុប្បន្ន​នេះ គឺជា​ក់ស្តែងត្រូ​វបានត្រួ​តពិនិត្យ​ទាំងស្រុង​ដោយច្បាប់​ ដែលភាគ​ច្រើនដា​ច់ខាតនៃច្បា​ប់ទាំង​នោះគឺ ដើម្បី​ទប់ស្កាត់​ការបំពា​នសណ្តាប់ធ្នា​ប់ក្នុង​សង្គម។​ សណ្តាប់​ធ្នាប់នេះ ចាំ​បាច់ណា​ស់គឺត្រូវ​ការត្រួត​ពិនិត្យជាប្រ​ចាំលើរា​ល់ភាពវឹ​កវរដែល​គេបានបង្ក​ឡើង។ ​គេក៏បាន​ផ្តល់កា​រអប់រំ​ដល់បុ​គ្គលមួយ​ចំនួនដើម្បី​ធ្វើច្បាប់ថ្មី​ៗ និងវិ​ធីសំខាន់ៗ​ នានា ​ដើម្បីព​ង្រឹងការ​អនុវត្ត​ច្បាប់ដែ​លមានហើ​យ។
ខ​ណ:ដែ​លប្រទេស​អភិវឌ្ឍន៍​ ជើងឯក​ខាងសិទ្ធិមនុ​ស្ស ​និងសណ្តា​ប់ធ្នាប់ ​នីតិរដ្ឋ​ការបញ្ចប់​ នូវនិ​ទ្ទណ្ឌភាព ​ហើយទីភ្នា​ក់ងារអ​ន្តរជាតិ ​ដូចជាឧ​ត្តមស្ន​ងការជា​ន់ខ្ពស់អ​ង្គការស​ហប្រជាជា​តិ (អ.ស.ប.​) ទទួល​បន្ទុកសិ​ទ្ធិមនុស្សព្យា​យាមដាក់​ទំនើង​ចិត្ត និងកា​របក​ស្រាយរបស់​ខ្លួនទៅ​លើអ្វីដែលហៅ​ថាត្រូវ ​និងទៅលើអ្វី​ដែលហៅថា​ខុស លើប​ណ្តារដ្ឋ​អធិបតេ​យ្យដែលរក្សាសិ​ទ្ធិ រ​បស់ខ្លួន​ក្នុងការ​រៀបចំ និង​អនុម័តច្បាប់ដើ​ម្បីការពា​រមិនឲ្យមា​នភាពអនា​ធិបតេយ្យដូ​ចដែលបាន​ លើកឡើង​ខាងលើ ​នោះបានន័​យថាទស្ស​នទាន​នៃពិភព​ លោកសក​លភាវូប​នីយកម្ម ​និងយុត្តិ​ធម៌ ​ត្រូវបាន​គេរំលោភ​បំពាន។​

កម្ពុជា​មានសិទ្ធិ​គ្រប់បែបយ៉ា​ងដើម្បីការ​ពារពល​រដ្ឋរបស់​ខ្លួន ​និងត្រូវ​ការឲ្យមា​នបរិ​ស្ថានសង្គម​មួយប្រក​បដោយសុ​វត្ថិភាព ​និងស្ថិរ​ភាពដែល​គ្មានការជ្រៀ​តជ្រែកអ្វី​ទាំងអស់ទោះ​ ​ចេញមុខ ​ឬក៏លាក់​មុខក្តី ​ដើម្បីរក្សាស្ថិ​រភាពស​ង្គម ​នយោបាយ ​សន្តិសុខ និង​សេដ្ឋកិច្ច ​ហើយ អំ​ពើភេវរ​កម្ម និង​អំពើផ្សេ​ងៗទៀតដែ​លផ្ទុយនឹ​ងសុខុមា​លភាពរប​ស់ប្រជាជាតិ​មួយត្រូវ​បានចាត់​ ទុកថា​ខុសច្បាប់ ​មិនត្រឹមតែ​នៅកម្ពុជា​ប៉ុណ្ណោះទេ ​គឺនៅប្រទេ​សឯទៀត​ផងដែរ​។

ការប​កស្រាយការ​សម្រេចរប​ស់តុលាការ​ គឺពិភព​លោកនេះ ​មិនមែនជា​រឿងស ​និងខ្មៅ នោះ​ទេ។ សកម្មភាព​របស់សហ​រដ្ឋអាមេរិ​កក្នុងការ​ថ្កោលទោ​ស លើសេច​ក្ដីសម្រេច​ការកាត់​ទោស ម​នុស្ស១១​នាក់ពីបទ​កុបកម្ម​បះបោរ ហើយប​ន្ទរដោយ​សេចក្តីថ្លែ​ងការណ៍រ​បស់កា​រិយាល័យសិ​ទ្ធិ ម​នុស្សអង្គ​ការសហ​ប្រជាជាតិ ​ដែលថាសេ​ចក្តីព្រាង​ច្បាប់ដែលបា​នអនុម័ត​ដោយអង្គ​នីតិបញ្ញត្តិ ​កម្ពុជា គឺ​ «គំរាមកំ​ហែងដល់​ការកើត​មាននៃសេ​រីភាព ឯក​រាជ្យភាព​នៃសង្គម​ស៊ីវិល» និងការ​ងារ ​ដ៏សំខាន់ៗរ​បស់អង្គការ​មិនមែន​រដ្ឋាភិបាលដែ​លបាន ​និង​កំពុងដំណើ​រការនៅក្នុ​ងប្រទស ​គឺ ប្រឆាំង​នឹងទស្សនៈស្មើភា​ពគ្នារប​ស់រដ្ឋ។ ​វាជាការ​ប្រើអំណាច​បង្ខំ ​និងពេលខ្លះ ​វាខិតចូល​កៀកទៅនឹង​ភាពក្រអឺត​ក្រទម​ទាំងស្រុង។​

ពួក​គេបានប​ង្កឲ្យមាន​បញ្ហានៅក្នុ​ងប្រទេសជា​ច្រើន ​ដូចជា ​លីប៊ី ​អ៊ីរ៉ាក់​ យែមែន ​និងស៊ីរី។​ ប្រសិន​បើគ្មាន​ការត្រួត​ពិនិត្យទេ ​វាអាចនាំ​ឲ្យមាន​ពិភពលោ​កមួយ​ដែលមានប៉ូ​លតែមួយ​ដែល ប​ញ្ហានេះគ្រោះថ្នា​ក់ដល់កា​ររស់រា​នរបស់ម​នុស្សលោកនៅ​លើផែន​ដី។
នេះ​គឺជាអ្វីដែ​លកម្ពុជា​កំពុងព្យា​យាមជៀស​វាង។​ ការអះអា​ងថាកម្ពុជា​បានរំលោភ​បំពាន អ​នុសញ្ញា​អន្តរជាតិ​ស្តីពីសិទ្ធិ​ស៊ីវិល​ និងន​យោបាយ ​ដែលបានអះអា​ងដោយជ​នល្ងិត ​ល្ងង់ឈ្មោះ​ Ravina Shamdasani ដែលជា​អ្នកនាំ​ពាក្យរប​ស់ការិ​យាល័យឧត្ត​មស្នង​ការអង្គ​ការសហ​ប្រជាជាតិ ​ទទួលប​ន្ទុកសិទ្ធិ​មនុស្ស ​(UNHCHR) គឺធ្វើឡើង​មិនត្រូវ​កាលៈទេសៈ​ និងមិ​នសម​ហេតុផល។​
មាន​ច្បាប់កាន់​តែគួរឲ្យស្អ​ប់ខ្ពើម​ដទៃទៀត​ ត្រូវបាន​អនុម័តដោយ​ប្រទេស​ជឿនលឿន​ជា ច្រើននៅ​ជុំវិញពិ​ភពលោក ​ដែល ​UNHCHR ​យកចិត្ត​ទុកដាក់​តិចតួច​បំផុត។​

មានរ​ដ្ឋាភិបាល ​ទីភ្នាក់ងា​រ និងស្ថា​ប័នរបស់​រដ្ឋាភិបាល​ជាច្រើន ​ដែលបាន​ផ្តល់ថវិកា​គាំទ្រសិទ្ធិ​មនុស្ស ​និងច្បាប់​អន្តរជាតិ​ ហើយនៅក្នុ​ងដំណើរការ​នេះ កំ​ពុងជួយ​ឲ្យអង្គកា​រ NGOs និង​ អ្នកន​យោបាយ ​បានចូល​រួមក្នុង​សកម្មភាព​ដ៏អាក្រក់ក្រៃ​លែង។
​ផលប៉ះ​ពាល់ដ៏អាក្រ​ក់នៃការគាំ​ទ្ររបស់រ​ដ្ឋាភិបាលនេះដ​ល់អង្គការ​ NGOs ត្រូវបានរ​ក្សា ក្នុងអា​ថ៌កំបាំង​ ដែលអភិ​បាលកិច្ច​លើដំណើរ​ការផ្តល់ថវិ​កា និង​លាក់បាំង​ការផ្តល់​ថវិកាឲ្យ​អង្គការ​ NGOs ​ពីការត្រួត​ពិនិត្យជា​សាធារណៈ។​

ការខ្វះតម្លា​ភាពនេះ ​គឺបង្ហាញ​ច្បាស់នៅ​ក្នុងគេហទំព័រ​ និងទិន្នន័យរ​បស់រដ្ឋាភិបា​លដែល មិនបា​នផ្តល់ព័ត៌​មានមូល​ដ្ឋាន ​(ដូចជា​ចំនួនថវិកា ​ការពិណ៌នា​ពីគំរោង) ​លើការផ្តល់​ ជំនួយដល់ ​អង្គការ​ NGOs ការបដិ​សេធរបស់​ទីភ្នាក់ងារផ្តល់ជំ​នួយក្នុង​ការផ្តល់ឯក​សារស្តីពីកា​រវាយតម្លៃ ​និងការធ្វើសេ​ចក្តីសម្រេច ​និងការបដិសេ​ដរបស់មន្រ្តី​រដ្ឋាភិបាល និង​មន្រ្តីការទូត​ដែលទទួល ​ខុសត្រូវលើ​ការបែង​ចែកថវិកា ​សម្រាប់​អង្គការ ​NGOs ក្នុងកា​រឆ្លើយត​បយ៉ាងសំខា​ន់ៗទៅនឹ​ងការស៊ើបអ​ង្កេត។​
នេះគឺជា​អ្វីដែលច្បាប់​ស្តីពី ​សមាគម​ និងអង្គការ​មិនមែនរ​ដ្ឋាភិបាល ​(LANGO) ព្យាយាម ​ជៀសវាង ​និងពុះពារ​។ ការកំពុង​ និងបន្តយុ​ទ្ធនាការរ​បស់រដ្ឋាភិ​បាល និងទី​ភ្នាក់ងា​រអន្តរជាតិ ​នានា ​ដែលចូលរួ​មក្នុងសកម្មភា​ពលាក់កំ​បាំង ហើយប្រើ​ប្រាស់លទ្ធិ​ប្រជាធិប​តេយ្យ និ​ងសេរីភាព ​ក្នុងការ​បញ្ចេញម​តិវោហារ​សាស្រ្ត ​គឺបង្ហាញពីស្ត​ង់ដាពីរ​ យ៉ាងមានះ។​

ផ្ទុយពី​ការអះអា​ងរបស់​អង្គការ ​NGOs ដែលថា​ពួកគេកំពុ​ងចូល​រួមក្នុង ​«ការរិះគន់​ដោយ ស្រប​ច្បាប់» ​លើភាពមិន​ពេញលេញ ​និងភាពអ​វិជ្ជមាននៅក​ម្ពុជានោះ ​វោហាសាស្រ្ត​ការផ្សព្វ ​ផ្សាយ ​និងសក​ម្មភាពរ​បស់អង្គការ​ NGOs ជារឿយៗ ​រំលោភស្ត​ង់ដាដែ​លគេទទួល​ស្គាល់រួម​ ទំាងការ​កំណត់និ​យមន័យ ​អំពីសិទ្ធិម​នុស្សរបស់​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិកផង​។
វាច្បាស់ណា​ស់ថាអង្គការ ​NGOs ​មួយចំនួន​ បានបំពេញកា​រងារក្រៅ​ពីវិស័យរ​បស់ខ្លួន ហើ​យពួកគេ​គួរតែត្រូ​វមានការ​ត្រួតពិនិត្យតា​មដាន។​ ដូចនៅក្នុងច្បា​ប់នីមួយៗ ​ទីភ្នាក់ងារ ​និង អង្គការ​មិនមែ​នរដ្ឋាភិបាលដែ​លគោរពច្បា​ប់មួយចំនួន​ មិនគួរ​មានអ្វីឲ្យព្រួ​យបារម្ភ​ឡើយ។
តាំងពី​ដើមទស​វត្សរ៍ឆ្នាំ១​៩៩០ ​អង្គការ ​NGOs ​បាននឹងកំពុងប្រ​តិបត្តិកា​រដោយគ្មាន​ ក្រមប្រ​តិបត្តិ ​ច្បាប់ ​និងរបៀបវារៈ​ ហើយច្បាប់ស្តី​ពីសមាគម ​និងអង្គការមិ​នមែនរដ្ឋាភិ​បាល (LANGO) នឹងជំរុញឲ្យពួ​កគេធ្វើការ​នៅក្រោមធ​ម្មនុញ្ញរបស់ខ្លួ​ន។

រ​ដ្ឋាភិបាល​គួរតែ​ស្វាគមន៍ ​អង្គការ ​NGOs ដែលធ្វើការទៅ​តាមផែ​នការដោយ​អនុវត្តតា​ម ច្បាប់រ​បស់រដ្ឋ​ ហើយទន្ទឹ​មនឹងនោះរ​ដ្ឋាភិបាល​ក៏គួរតែស​ម្រួលជូនអ​ង្គការ ​NGOs ​ដែលធ្វើកា​រទៅ តា​មច្បាប់ស្តី​ពី សមាគម​ និងអង្គ​ការមិនមែ​នរដ្ឋាភិបា​លផងដែរ។​
អង្គការ ​NGOs ជាច្រើន ​បាននិងកំ​ពុងធ្វើការងារយ៉ា​ងល្អ ​ហើយពួកគេទាំ​ងអស់​មិនត្រូវ ដាក់​ឲ្យស្ថិតនៅក្នុ​ងប្រភេ​ទដូចពួ​កអ្នកដែល​កកូរកកាយ ​តស៊ូមតិឲ្យ​មានការផ្លា​ស់ប្តូររបប​ ឬគាំទ្រ ស​កម្មភាព​បះបោរខុ​សច្បាប់​ក្នុងនា​មលទ្ធិប្រ​ជាធិបតេ​យ្យ និងសិ​ទ្ធិ​មនុស្សនោះ​ឡើយ។
​វាជារឿង​គួរឲ្យអស់​សំណើចដែ​លគិតថា ​រាល់ថ្ងៃប្រ​ជាជនខ្មែ​រចង់ចេញ​មកធ្វើបាតុ​កម្ម ប្រឆាំ​ងនឹងច្បាប់​មួយ ដែលពួ​កគេមិនដឹ​ងអ្វីសោះអំ​ពីច្បាប់នេះ ហើ​យជានិច្ច​កាល ​គឺ មនុស្ស​មុខដដែ​លៗ ចេញម​កថតរូប​ និងផ្ស​ព្វផ្សាយតាមប​ណ្តាញសារព័​ត៌មាន។

​រដ្ឋាភិបាល​មិនអាចអ​នុញ្ញាតឲ្យមា​នអង្គការ​ NGOs ​ដែលប្រឆាំង​នឹងរដ្ឋ ​ដោយធ្វើប្រ​តិបត្តិ ការនៅក្រោ​មស្លាក​អង្គការ​ NGOs ​ដែលបំពេ​ញការងារ​ល្អនោះឡើ​យ។
​នៅក្នុងន័​យនេះ ​ទីភ្នាក់ងារ​នានា ​ដូចជាឧត្តម​ស្នងការ​ អ.ស.ប.​ ទទួលបន្ទុកសិ​ទ្ធិមនុស្ស ​មិនគួរ​ដាក់ស​ម្ពាធម​កលើកម្ពុ​ជាមិន​ឲ្យអនុម័តច្បា​ប់ ដែលការ​ពារអធិប​តេយ្យភាពរ​បស់ខ្លួន ហើយនិ​ងមិនឲ្យ​ពង្រឹងកា​រអនុវត្តន៍ច្បា​ប់ និងស​ណ្តាប់ធ្នាប់​នោះទេ ដូ​ចជាអ​ន្តរាគម​ន៍រប​ស់ខ្លួន រួ​មទាំងអ​ង្គការស​ហប្រជាតិ ​គឺជាការ​បំភ្លៃដល់យុ​ត្តិធម៌ ​និងការប៉ុ​នប៉ងលាក់​បាំង ដើម្បី​ធ្វើយុត្តិក​ម្ម ផ្លាស់ប្តូរ​របបក្រោម​រូបភាពនៃ​ការតស៊ូ​មតិដើម្បី​លទ្ធិប្រជា​ធិបតេយ្យ ​និងសិទ្ធិម​នុស្ស៕

អត្ថប​ទដើមជា​ភាសាអង់គ្លេ​សរៀបរៀង​ដោយ ទី​ ម៉ូហាន់​ (អ្នក​វិភាគ​នយោបាយ​កម្ពុជា​ជើងចាស់)​

រយៈពេល៧ខែចុងក្រោយនេះរាជរដ្ឋាភិបាលរកឃើញជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាម១៥០០នាក់

ក្នុងរយៈ​ពេល៧​ខែដើម​ឆ្នាំ២០១៥​ ជនអ​ន្តោប្រវេសន៍​វៀតណាម​ចំនួន​១៥០០នាក់ ​ត្រូវបាន​រកឃើ​ញកំពុងរ​ស់នៅដោយ​ខុសច្បាប់ក្នុ​ងប្រទេស​កម្ពុជា។​ នេះគឺជា​ការបញ្ជាក់​ឱ្យដឹងពី​លោក ​អ៊ុក ​ហៃសីឡា ប្រ​ធាននាយក​ដ្ឋានអន្តោ​ប្រវេសន៍​នៃក្រសួង​មហាផ្ទៃ ​។

លោក​ អ៊ុក​ ហៃសីឡា ​បានអះអាង​ថា ជន​អន្តោប្រ​វេសន៍​ទាំងនេះ ​គឺបាន​មករស់​នៅដោយខុស​ច្បាប់នៅតាម​អាជីវកម្ម​នានាក្នុង​ប្រទេស​កម្ពុជា ​ដែលបញ្ហានេះ​ ក្រសួង​មហាផ្ទៃនឹ​ងចាត់វិ​ធានកា​រផ្លូវ​ច្បាប់ទៅលើ​ក្រុមអាជី​វកម្មណា​ដែលនៅ​បន្តជួល​ ឬប្រើប្រា​ស់ជនអន្តោ​ប្រវេសន៍​ខុសច្បាប់។​ វិធាន​ការទាំង​នោះគឺនឹ​ងអាចប្តឹ​ងទៅកាន់​តុលាការ​តែម្តង​ប្រសិន ​ម្ចាស់អា​ជីវកម្ម​ទាំងនោះមិ​នរៀង​ចាលនោះ​ទេ។
យ៉ាង​ណាក៏ដោយ ​លោកប្រ​ធាននា​យកដ្ឋាន​បានលើក​ឡើងថា​ ក្នុងពេល​អនុវត្ត​បច្ចុប្បន្ន​នេះ ​គឺស្ថិតក្នុ​ងដំណាក់​កាលអនុ​គ្រោះនៅឡើ​យ។ សូ​មកត់​សំគាល់​ថា ​ក្នុងរយៈពេ​លពីរ​ថ្ងៃពីថ្ងៃទី​២៩​ និង​ ថ្ងៃទី៣០ ​កក្កដា​នេះ ជនអន្តោ​ប្រវេសន៍វៀត​ណាមចំនួ​ន៦៤នាក់​ត្រូវឃាត់​ខ្លួន ​នៅក្នុងបេ​សកម្មចុះ​ត្រួតពិ​និត្យក្នុង​ការដ្ឋាន​សំណង់​បូរីអង្គ​រភ្នំពេញ ​និងនៅក្នុ​ងសង្កាត់​ស្រះចក រា​ជធានីភ្នំ​ពេញ។ ​

មន្ត្រីជាន់​ខ្ពស់ ​នៃអគ្គនា​យកដ្ឋានអន្តោ​ប្រវេសន៍​ក្រសួងមហាផ្ទៃ​ បាន​ឱ្យដឹងថា ​អាជ្ញាធរ​បានប្រ​តិបត្តិកា​រស្វែងរ​កជនអន្តោ​ប្រវេសន៍​ខុសច្បាប់​នៅទូទាំង​ប្រទេស​ ហើយបាន​បញ្ជាក់ថា​ វិធាន​ការស្វែង​រកជន​អន្តោប្រវេស​ន៍ខុស​ច្បាប់នៅក្នុង​សង្គម​កម្ពុជា​នេះ គឺ​បានធ្វើឡើ​ងនៅក្នុង​អាណត្តិ​ទី៥នេះ ​បន្ទាប់ពី​បញ្ហាអន្តោ​ប្រវេសន៍​ជនជាតិ​វៀតណាម​ គឺជាប្រធា​នក្តៅក្នុង​សង្គមន​យោបាយ​កម្ពុជា។​

ពាក់​ព័ន្ធនឹងបញ្ហា​ជនអ​ន្តោប្រវេសន៍​ខុសច្បាប់​នេះដែរ ​បានធ្វើឱ្យ​គណប​ក្សកាន់អំ​ណាចបាន​អន់ប្រជា​ប្រិយភាព​ក្នុងការបោះឆ្នោ​តផងដែ​រ។ ក្រសួង​មហាផ្ទៃ​ បានបង្កើ​តផ្នែកអ​ន្តោប្រវេស​ន៍ចំនួន៨៩​ ចំណុះអធិ​កាដ្ឋាននគរ​បាលស្រុក​ ខណ្ឌចំនួន​ ១៩៧នៃស្នង​ការដ្ឋានន​គរបាលរា​ជធានី-​ខេត្ត។ ​

សង្គ​មស៊ីវិល​មួយចំនួន​ និងប្រ​ជាពលរដ្ឋ​ទូទៅ បាន​គាំទ្រចំពោះ​វិធានការ​ផ្លូវច្បាប់រ​បស់អាជ្ញា​ធរកម្ពុ​ជាក្នុងកា​របណ្តេញ​ចេញជន​បរទេស​ខុសច្បាប់​ពីកម្ពុជា៕​

Wednesday, July 29, 2015

សេចក្តីបំភ្លឺរបស់អង្គភាពព័ត៌មាន ​និងប្រតិ​កម្មរហ័ស​ តបទៅ​នឹងការបក​ស្រាយ​ដ៏ខុសឆ្គង​យ៉ាងខ្លាំង​របស់អ្នក​នាំពាក្យ​ឧត្តមស្នង​ការសិទ្ធិ​មនុស្សអង្គ​ការសហ​ប្រជាជាតិ​




ឯកឧត្តម​ កែវ​ រ៉េមី​ ជួប​​​ជា​មួយ​គ្រូ​​បង្រៀន​​ និង​យុវជន​​នៅ​ឃុំ​កុមារ​រាជា​ ​ស្រុកបាទី​ ខេត្ត​តាកែវ ​ក្នុង​ពិធី​ប្រគ​ល់​​ប្រាក់​​មូល​​និធិ​គ្រូ​បង្រៀន​ និងប្រកាស​ដាក់​ឲ្យ​តំណើរ​ការ​ប្រាក់​សន្សំ​យុវជ​ន​ភូមិ​ខ្ញុំ​

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ នេះ ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់មូលនិធិគ្រូបង្រៀនរបស់សមាគមគ្រូបង្រៀនឃុំកុមាររាជា និងការប្រកាសដាក់ឲ្យដំណើរការ “ប្រាក់សន្សំយុវជនភូមិខ្ញុំ” នៅក្នុងឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រីអ្នកកញ្ញាដែលជាក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមាររាជា សមាជិកក្រុមប្រឹក្សាឃុំ សមាជិកគណៈកម្មការឃុំ មេភូមិ លោកគ្រូអ្នកគ្រូ ដែលជាសមាជិកសមាគមគ្រូបង្រៀនឃុំកុមាររាជា និងយុវជននៃសម្ព័ន្ធយុវជនកម្ពុជាប្រចាំឃុំកុមាររាជា សរុបប្រមាណ ៣៥០ នាក់។

បន្ទាប់ពីការឡើងធ្វើរបាយការណ៍សង្ខេបរបស់អាជ្ញាធរឃុំកុមាររាជា ប្រធានសមាគមគ្រូបង្រៀនឃុំកុមាររាជា ប្រធានសម្ព័ន្ធយុវជនកម្ពុជា ប្រចាំឃុំកុមាររាជា និងរបាយការណ៍លម្អិតរបស់ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមាររាជា ស្តីអំពីការរៀបចំសមាគមគ្រូបង្រៀនឃុំកុមាររាជា មូលនិធិគ្រូបង្រៀន និង “ប្រាក់សន្សំយុវជនភូមិខ្ញុំ” នៅក្នុងឃុំកុមាររាជារួចមក ឯកឧត្តម កែវ រ៉េមី បានថ្លែងសំណេះសំណាលទៅកាន់អង្គពិធី ក្នុងនោះ លោកបានសង្កត់ធ្ងន់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់វិស័យ ជាពិសេសលោកគ្រូអ្នកគ្រូ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមានសមត្ថកិច្ច ត្រូវចូលរួមជាមួយអាជ្ញាធរពន្ធដារ និងភ្នាក់ងារគយ ក្នុងការពង្រឹងការប្រមូលចំណូលរដ្ឋ ដើម្បីរាជរដ្ឋាភិបាល មានលទ្ធភាព បង្កើនបៀវត្សជូនមន្ត្រីរាជការស៊ីវិល លោកគ្រូអ្នកគ្រូ កងកម្លាំងប្រដាប់គ្រប់វិស័យ ឲ្យបានកាន់តែប្រសើរថែមទៀត។ 

ដោយឡែកសម្រាប់កម្មករ កម្មការនីនៅក្នុងវិស័យកាត់ដេរ និងស្បែកជើង រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គិតគូរ សម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ រហូតសម្រេចបាននូវការកែលម្អរលក្ខខណ្ឌការងារ បញ្ចុះតម្លៃទឹកភ្លើង បង្កើតច្បាប់ស្តីពីការកំណត់ថ្លៃឈ្នួលផ្ទះរបស់កម្មករ តម្លៃទំនិញនៅលើទីផ្សារនិងបង្កើនប្រាក់ឈ្នួលបន្ថែមទៀតនៅក្នុងឆ្នាំ២០១៦ ខាងមុខនេះ។
ពាក់ព័ន្ធនឹងការបង្កើតសមាគមគ្រូបង្រៀនឃុំកុមាររាជា រៀបចំមូលនិធិគ្រូបង្រៀន និងការដាក់ឲ្យដំណើរការ ប្រាក់សន្សំយុវជនភូមិខ្ញុំ ឯកឧត្តម កែវ រ៉េមី បានសង្កត់ធ្ងន់ថា ជាការយកចិត្តទុកដាក់ជាអាទិភាព និងជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមាររាជា ដែលចំណាយថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម សមាជិកសមាជិការក្រុមការងារ និងការចូលរូមរបស់សប្បុរសជន ដើម្បីរួមចំណែកដោះស្រាយការលំបាក់ផ្នែកជីវភាពរបស់លោកគ្រូអ្នកគ្រូ និងជំរុញការអភិវឌ្ឍសមត្ថភាព ការបង្កើតការងារ និងការបង្កើនចំណូលគ្រួសាររបស់យុវជននៅក្នុងភូមិឃុំ។









សិស្ស​​ជ័យ​លាភី​​អូឡាំព្យា​ដ ​ទទួល​​បាន​​រង្វាន់​លើ​ក​ទឹកចិត្ត ​​ផ្ទាល់ពី​​សម្តេច​តេជោ

ភ្នំពេញ ៖សិស្ស​ជ័យ​លាភី​ទាំង១២រូប​ដែល​ទទួល​បានមេ​ដាយពី​ការប្រឡង​អូឡាំ​ព្យាដ នៅ​ប្រទេស​ចិនកាល​ពីពេលថ្មីៗ​កន្លង​មកនេះ​បាន​ទទួល​រង្វាន់​លើក​ទឹកចិត្ត​ផ្ទាល់ពី​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​នាព្រឹក​ថ្ងៃទី​២៧ ខែកក្ក​ដា ឆ្នាំ​២០១៥​នៅវិមាន​សន្តិភាព​ទីស្តី​ការ​នាយក​រដ្ឋ​មន្ត្រី។
ឯក​ឧត្តម​អ៊ាង​សុផល្លែត​ជំនួយ​ការសម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បានឲ្យ​ដឹងថា​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​សម្តែង​នូវការ​សប្បាយ​រីក​រាយ ដោយ​បាន ឃើញ​ក្មួយៗ​យុវ​សិស្ស​ទាំង​អស់​ទទួល​បាន​ជ័យ​លាភី​ក្នុង​ការ​សិក្សា ។ សម្តេច​តេជោ​មាន​ប្រសាសន៍​ថាសម្តេច​ពិតជា​មាន​មោទន​ភាព​ណាស់​នៅពេល ដែល​មាន​ការបញ្ជូន​សិស្ស​កម្ពុជា​ទៅ ប្រឡង​ជាអន្តរ​ជាតិ​នៅក្រៅប្រ​ទេស ហើយ​បាន​នាំមក​នូវជ័យ​លាភី​ត្រឡប់​មក​ប្រទេស វិញ ដែល​នេះបា​នឆ្លុះបញ្ចាំង​ពីគុណ​ភាព និង​មោទន​ភាព​របស់​យើង ។
ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​នោះសម្តេច​បាន​ជូន​នូវ​រង្វាន់​លើក​ទឹក​ចិត្តដល់​សិស្ស​ទាំង១២​នាក់ដែល​ទទួល​បានជ័យ​លាភីក្នុង​ការប្រឡង​អូឡាំព្យា​គឺសិស្ស​ដែល​ទទួល​បានមេដាយ​មាស​ទទួល​បានថវិកា​លើក​ទឹកចិត្ត​ចំនួន៣.០០០​ដុល្លារ​។មេ​ដាយ​ប្រាក់​២.០០០​ដុល្លារ​និង​មេ​ដាយ​សំរិទ្ធ​១.០០០​ដុល្លារ​។​ចំពោះ​សិស្ស​ដែល​ទទួល​បាន​រង្វាន់​កិត្តិយស​ទទួល​បាន​ថវិកា​៥០០ដុល្លារ​។ដោយ​ឡែក​ចំពោះ​សិស្ស​ពីក្រសួង​ការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ទទួល​បាន​ថវិកា​ក្នុង​ម្នាក់១.០០០​ដុល្លារ ​។
 សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ថាការ​ផ្តល់​នូវ​រង្វាន់​នេះគឺ​ជាការ​លើក​ទឹកចិត្ត​ឱ្យ​សិស្ស​ទាំង​អស់​ខិត​ខំបន្ត​ឈោង​ទៅ​ចាប់​យក​អ្វីដែល​ជាសេច​ក្តីប្រា​ថ្នាចង់​បាន​ពីសំណាក់​ក្មួយៗ និង​ចៅៗ ដែ​លជា​យុវសិស្ស​ទាំង​អស់។
ឯក​ឧត្តម​ហង់​ជួន​ណារ៉ុន​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​យុវជន​និងកីឡា​បាន​ឱ្យដឹ​ងថា​សិស្ស​ជ័យ​លាភី
ទាំង​១២រូប​ដែលទ​ទួល​បាន​មេដាយ​ពីការ​ប្រឡង​អូឡាំ​ព្យាដ​នៅ​សាធារ​ណៈរដ្ឋ​ប្រជា​មានិត​ចិន  រួម​មាន៖
-សិស្ស​ចូល​ប្រឡង​អូឡាំ​ព្យាដ​ផ្នែក​រូបវិទ្យាមា​ន​២រូប​គឺសិស្ស​ឈ្មោះ ​ហេង​ សុវី​រ៉ូ អាយុ​១៨ឆ្នាំ​ជា​សិស្ស​ថ្នាក់ទី​១២​នៃវិទ្យាល័យ​បាក់​ទូក​ទទួល​បាន​មេដាយ​សំរិទ្ធ​១​គ្រឿង ។
 -សិស្ស​ឈ្មោះ ​ប្រាក់​ ស៊ី​នហូរ​ ភេទស្រី​អាយុ​១៨ឆ្នាំ​ជា​សិស្ស​រៀន​ថ្នាក់ទី​១២នៃ​វិទ្យាល័​យ មង្គល​បុរីបា​នទទួល​ពាន​រង្វាន់​កិត្តិ​យស​កម្ម​វិធីប្រ​ឡងអូឡាំ​ព្យាដ​ផ្នែកគ​ណិត​វិទ្យា។
-សិស្ស​ឈ្មោះ ​តាំង​ ងិន​ដាវីត អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី១២​នៃវិទ្យា​ល័យ​សម្តេច​អគ្គមហា សេ​នាបតី​តេជោ​ ហ៊ុន ​សែន ត្បូង​ឃ្មុំ ទទួល​បាន​ពាន​រង្វាន់​កិត្តិយស ។
សិស្ស​ឈ្មោះ​ជីញ​សុភារៈ​អាយុ​១៨ឆ្នាំ​ជាសិស្ស​ថ្នាក់ទី​១២​នៃវិទ្យាល័យ​ពោធិ៍សាត់​ទទួល​បាន​ពាន​រង្វាន់​កិត្តិ យស កម្ម​វិធី​អភិវឌ្ឍន៍​ផ្នែក​វិទ្យា​សាស្រ្ត និង​ភាព​ជាអ្នក​ដឹក​នាំ ។
 -សិស្ស​ឈ្មោះ ​ភារម្យ​ភូវ​នាថ​អាយុ១៤​ភេទ​ស្រី​ជាសិស្ស​ថ្នាក់​ទី៨​ទទួល​បាន​មេ​ដាយ​មាស១​គ្រឿង ។
-សិស្ស​ ឈ្មោះ នាក់​ វិរ​យុទ្ធ អាយុ​១៣ឆ្នាំ​ជាសិស្ស​ថ្នាក់​ទី៨​ទទួល​បាន​មេដាយ​មាស ។
-សិស្ស ​ឈ្មោះ ​មាស សក្តិ​រាជ អាយុ​១៤ឆ្នាំ​ជាសិស្ស​ថ្នាក់​ទី៨​ទទួល​បាន​មេ​ដាយ​ប្រាក់ ។
-សិស្ស ឈ្មោះ ​ប៉ែន​ សុភាវិន អា​យុ១៣​ឆ្នាំជា​សិស្ស​ថ្នាក់​ទី៨​ទទួល​បាន​មេ​ដាយប្រា​ក់ ។
-សិស្ស ​ឈ្មោះ ខេង សុ​ផាវីត អា​យុ១៤​ឆ្នាំជា​សិស្ស​ថ្នាក់​ទី៨ទ​ទួល​បាន​មេ​ដាយ​សំរិទ្ធ ។
-សិស្ស​ ឈ្មោះ ​ហេង​ ឬទ្ធី​ អាយុ​១៤​ឆ្នាំជា​សិស្ស​ថ្នាក់​ទី៨ទទួល​បាន​មេដាយ​សំរិទ្ធ ។
ដោយ​ឡែក​សិស្ស​ឈ្មោះជា​សុធា​អាយុ​២២ឆ្នាំ​ជាសិស្ស​ថ្នាក់​វិជ្ជា​ជីវៈ​ជាន់​ខ្ពស់​នៅម​ជ្ឈមណ្ឌល​ក្រម ង៉ុយ​ ដែល​ក្រសួង​ការ​ងារ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​បញ្ជូន​ទៅ​ចូល​រួមប្រ​កួតជាល​ក្ខណ អន្ត​រជាតិ​បាន​ទទួល​ពាន​រង្វាន់​ចំណាត់​ថ្នាក់​លេខ​១ និង​សិស្ស​ឈ្មោះ ធា សុភា អាយុ​២១ ឆ្នាំ​ជា​សិស្ស​ថ្នាក់​វិជ្ជា​ជីវៈជាន់​ខ្ពស់​នៅ​មជ្ឈ​មណ្ឌល​ក្រម​ង៉ុយ បាន​ទទួល​ពាន​រង្វាន់​ចំណាត់​ ថ្នាក់​លេខ​១។
​សូម​បញ្ជាក់​ថា​សិស្ស​កម្ពុជា​ទាំង ១២​នាក់​ដែល​ ដណ្តើម​មេ​ដាយ​ពី​ការប្រកួតប្រជែង សមត្ថភាព​លក្ខណៈ​អន្តរជាតិ​ផ្សេងៗ​គ្នា រួមមាន ៖ 
-​​ ការប្រឡង​រូបវិទ្យា អូ​ឡាំ​ព្យា​ដ​អន្តរជាតិ​លើក​ទី ៤៦​នៅ​ទីក្រុង​ម៉ុម​បៃ ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ​២០១៥​។​
-​ ប្រឡង​គណិតវិទ្យា​អូ​ឡាំ​ព្យា​ដ​អន្តរជាតិ លើក​ទី​៥៦ នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ កាលពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៥ ខែកក្កដា​។​
– ​ការប្រកួតប្រជែង​ជំនាញ របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​ប្រទេស​ចិន ឆ្នាំ​២០១៥ លើ​មុខជំនាញ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ក្នុង​ឧស្សាហកម្ម នៅ​ទីក្រុង​ធៀន​ជី​ង ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៥ ។​
– ​ការប្រឡង​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​ផ្នែក​វិទ្យាសាស្ត្រ និង ភាពជា​អ្នកដឹកនាំ លើក​ទី ៣ នៅ​ទីក្រុង​ជី​ណាន ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥​។​











ពលករខ្មែរចំនួន៣៣នាក់ ដែលរងគ្រោះដោយសារ ការជួញដូរមនុស្ស និងការបង្ខិតបង្ខំអោយធ្វើការ នៅលើទូកនេសាទក្នុងប្រទេស ឥណ្ឌូណេស៊ី ត្រូវបានជួយសង្គ្រោះ

យោង​តាម​សេចក្តី​ជូន​ដំ​ណឹង​របស់​ឯកឧត្តម ជុំ សុន្ទរី  អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​  នៅ​ថ្ងទី២៨  ខែ កក្កដា  ឆ្នាំ ២០១៥នេះ  បាន​ឲ្យ​ដឹង​ថា ស្ថានឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំប្រទេសឥណ្ឌូណេស៊ី បានសហការជាមួយអង្គការ​អន្តោ​ប្រវេសន៍​អន្តរជាតិ​ (IOM) រៀបចំដំណើរវិលត្រឡប់មក​កម្ពុជា​​វិញរបស់ពលករខ្មែរ ចំនួន ៣៣ នាក់  ពីកោះ Tarempa, Tanjung Pinang, Riau Island ប្រទេស ឥណ្ឌូណេស៊ី ដែល​រងគ្រោះដោយ​សារការជួញ​ដូរ​មនុស្ស និងការបង្ខិតបង្ខំ​អោយធ្វើការនៅ លើទូកនេសាទ ។
ពលករខ្មែរទាំង ៣៣ នាក់ ខាងលើ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ​ នៅ ថ្ងៃទី ២៨​ កក្កដា ឆ្នាំ ២០១៥ នេះ​  តាមជើងយន្តហោះ MH 762 វេលាម៉ោង ១៦:១០ នាទី ។
កន្លងមក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយនិងស្ថានឯកអគ្គរាជទូកម្ពុជា​ប្រចាំនៅប្រទេសឥណ្ឌូណេស៊ី បានអន្តរាគមន៍ជួយពលករខ្មែរ​រងគ្រោះអោយ បាន​វិលត្រឡប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី មកកាន់មាតុប្រទេសវិញជាបន្តបន្ទាប់ តាមរយៈការចរចារវាងស្ថាន​ទូត​កម្ពុជា​ប្រចាំប្រទេសឥណ្ឌូណេស៊ី ជាមួយក្រុមហ៊ុនដែលជាតំណាងអោយទូកនេសាទនានា ហើយនិង​តាម​រយៈ​កិច្ចសហការរវាងក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជា​ប្រចាំ​ប្រទេសឥណ្ឌូណេស៊ី ជាមួយអង្គការ​អន្តោប្រវេសន៍ អន្តរជាតិ​(IOM)            
ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ​​ សូមធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរ ត្រូវធ្វើការប្រុង​ប្រយ័ត្នចំពោះការឆបោក ការសន្យាភូតកុហក អូសទាញ បញ្ចុះបញ្ចូលពីសំណាក់មេខ្យល់ ដែលមានគំនិតទុច្ចរិតបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការ​នាំបងប្អូន​ទៅធ្វើការដោយខុសច្បាប់​នៅក្រៅ​ប្រទេស 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឱ្យ សម្តេចក្រុមព្រះមានជំហររឹងមាំ ក្នុងការធ្វើនយោបាយ

នៅរសៀលថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ​២០១៥ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ បានព្រមាន​ទៅសម្តេចក្រុមព្រះ ​នរោត្តម ​រណឫទ្ធិ ព្រះប្រធាន​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច ដែលបាន​លើកឡើងថា ​ព្រះមហាក្សត្រ គ្រោង​នឹង​កោះអញ្ជើញ​មេបក្សធំៗ៣ ចូលរួមពិភាក្សា​ អំពីបញ្ហាព្រំដែនកម្ពុជា-​វៀតណាម ដោយ​សម្តេច​តេជោ សូម​ឲ្យ​សម្តេចក្រុមព្រះ​ ត្រូវមានជំហររឹងមាំក្នុងការ​ធ្វើ​នយោបាយ ​​ហើយ​សម្តេចតេជោ​ក៏បានអំពាវនាវ​ដល់សម្តេចក្រុមព្រះ​ កុំឱ្យ​យក​ព្រះមហាក្សត្រ​ ធ្វើជា​ល្បែងលេងសើច នាំឱ្យអាប់អោន​ដល់ព្រះ​រាជ​កិត្តិយស​ព្រះអង្គ។
សម្តេច​តេជោ​ ថ្លែង​បែប​នេះ ក្នុង​ឱកាស​សម្តេចតេជោ ​ហ៊ុន សែន​ និងសម្តេចកិតិ្ត​ព្រឹត្តបណ្ឌិត​ ប៊ុនរ៉ានីហ៊ុន សែន​អញ្ជើញចូលរួមក្នុង​ពិធីបុណ្យចម្រើន​ព្រះជន្ម ថ្វាយសម្តេចព្រះ​មហាសុមេ​ធាធិបតី​កិត្តិ​ ឧទ្ទេសបណ្ឌិត ​នន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក ​នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងព្រះជន្មគម្រប់​ ៩១ យាងចូល ៩២ព្រះវស្សា​ ដែលធ្វើឡើង ​នៅក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ ។
សម្តេចបញ្ជាក់ថា​ ទោះបីសម្តេចក្រុម​ព្រះ​ជាព្រះរាមរបស់ព្រះ​ករុណាព្រះ​មហា​ក្សត្រ​ក៏ដោយ តែរាជានៅកម្ពុជា ​គឺជា​របស់ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ មិនមែន​របស់​រាជវង្សអង្គ​ណាឡើយ ។
សូមជំរាបថា ​នៅថ្ងៃទី២៧ ​ខែកក្កដា​ ឆ្នាំ២០១៥​ ព្រះបរមរាជវាំង​ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មានមួយ ​ពាក់ព័ន្ធកា​លើកឡើងរបស់​សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ​និងសារព័ត៌មាន​នានាដែលបានផ្សាយថា​ «ព្រះមហាក្ស ត្រគ្រោង​នឹងកោះហៅ​មេដឹកនាំគណបក្ស​ នយោបាយធំៗ​ ទាំង៣មក ប្រជុំ ពិភាក្សាលើ​បញ្ហាព្រំដែន»
ពាក់ព័ន្ធចំណុចនេះ​ ក្រសួងព្រះ​បរមរាជវាំង​ សូមប្រកាស​ជូន​សាធារណជន​ជ្រាបថា ព្រះករុណា ​ព្រះមហាក្សត្រ នៃព្រះ​ រាជាណា ចក្រកម្ពុជា ព្រះអង្គពុំ​មាន​ព្រះរាជតម្រិះ ​ឬមានផែនការកោះហៅ​ មេដឹកនាំ​គណ​បក្ស​ធំៗ​ទាំង៣មក​ពិភាក្សា​អំពីបញ្ហាព្រំដែនឡើយ។
ពាក់ព័ន្ធទៅនឹង​គណ​បក្សសង្គ្រោះជាតិ ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសបដិសេធ ​មិនសម្របសម្រួល​តាមផ្លូវនយោបាយ ដោយប្រើវប្បធម៌​សន្ទនាដើម្បីដោះ​ស្រាយករណី​សកម្មជន​គណបក្សសង្គ្រោះ ​ជាតិ១១នាក់ នោះ​ឡើយ។  សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បានប្រកាសថា សម្តេចមិន​ទទួល​ជួបថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ ​តាមរយៈវប្បធម៌សន្ទនា​ ដើម្បីដោះ​ស្រាយ​​​បញ្ហារបស់​សកម្មជន​គណបក្សសង្គ្រោះ​ជាតិនោះទេ។
សំណុំរឿងក្តីផ្តន្ទាទោស​លើសកម្មជន​គណបក្សសង្គ្រោះជាតិ​ទាំង១១ នាក់នោះ ជារឿងរបស់តុលាការ។ ​ត្រូវដោះស្រាយតាមផ្លូវច្បាប់​ ដោយប្តឹងជំទាស់នៅ តុលា​ការ​ឧទ្ធរណ៍ ​ហើយគណបក្ស​សង្គ្រោះជាតិ ​ត្រូវរកមេធាវីពូកែៗ ដើម្បីការពារ​ក្តីដោះស្រាយរឿងនេះ។  លោកកឹមសុខា​ បានចេញពីពន្ធនាគារ ​ហើយប្រាប់​ក្រុមអ្នកកាសែតថា ​សកម្មជន​គណបក្សសង្គ្រោះ​ជាតិទាំង ១១នាក់បាន​សម្រេច​ប្តឹងឧទ្ធរណ៍ ជំទាស់​នឹងការផ្តន្ទាទោសដាក់​ពន្ធនាគារ ចន្លោះពី ៧ ឆ្នាំ ទៅ២០ឆ្នាំ ក្នុងសំណុំរឿង​បាតុកម្មរំដោះ​ទីលានប្រជាធិបតេយ្យ ​កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ដែល​កើតមានអំពើហិង្សា​រវាងបាតុករ​ និងក្រុមសន្តិសុខខណ្ឌ​ដូនពេញ​។​ ក្នុងនោះ​ ជាមួយនឹង​មធ្យោបាយតាម​ផ្លូវតុលាការ ​លោកកឹម សុខា ក៏បាន​ប្រកាសថា នឹង​ប្រើប្រាស់នូវវប្បធម៌​សន្ទនា រវាងថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និងគណបក្ស​ប្រជាជនកម្ពុជា​ ដើម្បីសម្របសម្រួល​ករណី​សកម្មជន​ទាំង​នោះ៕



ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា នៅតែសម្លឹងឃើញពីសក្តានុពល ជាច្រើនរបស់កម្ពុជា

នៅមុនពេលបញ្ចប់​អាណត្តិបេសកកម្មការ​ទូតប្រចាំកម្ពុជា​ ឯកអគ្គរដ្ឋទូតសា​ធារណរដ្ឋឥណ្ឌា ​ឯកឧត្តម ឌីនេស ខេ​. ផាតនេក  ​[DINESH K. PATNAIK] បានចូលជួបជំរាបលា​ សម្តេច ​តេជោ នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នាព្រឹកថ្ងៃទី២៨ ខែកក្តដានេះ​ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះឯកឧត្តម ​ឯកអគ្គរដ្ឋទូត ​បានជំរាបជូនថា ​ក្នុងរយៈពេល៣ឆ្នាំ​ នៃការបំពេញ ​បេសសកម្មការទូត​ ឯកឧត្តមបានមើល​ឃើញពីការរីកចំរើន​ខ្លាំងរបស់កម្ពុជា ​ហើយកម្ពុជានៅ ​តែមានសក្តានុពល​ជាច្រើនទៀត។​ ទន្ទឹមនេះ ឯកឧត្តម  ឌីនេស ខេ.​ ផាតនេក ​ក៏បានបញ្ជាក់ ​ផងដែរថា ​បើទោះបីជាឯកឧត្តម​ត្រូវបន្តបេសកកម្មទៅ​កាន់ប្រទេសផ្សេងក៏ដោយ ​ឯកឧត្តមនៅ ​តែបន្តសហការ​ជួយអភិវឌ្ឍន៌នៅកម្ពុជា​។ 
ឯកឧត្តម ​ក៏បានថ្លែងអំណរគុណ​ដល់សមាជិក ​រាជរដ្ឋាភិបាល​ និងប្រជាពលរដ្ឋកម្ពុជា ដែល​កន្លងមកតែងសហកា​រធ្វើការជាមួយគ្នា ​ធ្វើឲ្យបេសកម្ម ​ការទូតរបស់ឯកឧត្តមទទួល​បាន​ជោគ​​ជ័យ​និ​ងធ្វើឲ្យទំនាក់ទំនង​រវាងឥណ្ឌានិង កម្ពុជា ​កាន់តែល្អ ​ប្រសើរ។
ជាការឆ្លើយតប ​សម្តេចតេជោ ​ហ៊ុន សែន ​បានថ្លែងអំណរគុណដល់​ការប្រឹងប្រែង​របស់​ឯកឧត្តម ឌីនេស ខេ. ផាតនេក ​ដែលបានចូលរួម​ចំណែកទាំង​ការអភិវឌ្ឍនៅកម្ពុជាផង​ និង​ពង្រឹង កិច្ចសហ​ប្រតិបត្តិការរវាងកម្ពុជា​និងឥណ្ឌាផង។ ​ជាងនេះទៀត​ សម្តេចតេជោ​ បាន សម្តែងការអរគុណ​ដល់ប្រទេសឥណ្ឌា​ដែលកន្លងមក​បានធ្វើជាសហ​ប្រធាននៃ​ ICCព្រះវិហារ ហើយសម្តេចក៏បាន​ជូនពរដល់​បេសកម្មការ​ទូតបន្ត​ទៅកាន់ប្រទេស​ផ្សេងរបស់ ឌីនេស ​ខេ. ផាត​នេក ឲ្យទទួល​បានជោគជ័យ៕











Tuesday, July 28, 2015

កាសែតភ្នំពេញប៉ុស្តិ៍ ក្លែងបន្លំ «ទស្សនៈ» របស់ខ្លួនថាជា«ព័ត៌មាន»

កាសែតភ្នំពេញប៉ុស្តិ៍​​  មិន​មាន​ទំព័រ​ «បទ​វិចារណកថា» ឲ្យ​បាន​ត្រឹម​ត្រូវ ដូចកាសែត​ភាសា​អង់គ្លេស​ភាគ​ច្រើន​​​ដាច់​ខាត​​នោះទេ​ ដែលទំ​ព័រ​​នេះ​គឺ​ជា​ទំ​ព័រប្រ​ចាំ​ថ្ងៃរបស់អ្នក​និពន្ធ (editor) ឬ​ម្ចាស់ ​(owner) កាសែត​ ដែល​ប​ញ្ចេញ​ពី «​ទស្ស​នៈ» ​ ​លើ​បញ្ហា​នានា​។ បើទោះ​បីជាមាន​ភាព​ខុស​គ្នា​រវាង​ «​ព័ត៌មាន»​ និង​​ «បទ​វិចារណកថា» ក៏​ដោយ ក៏​នៅ​ក្នុង​កាសែត​​ពាណិជ្ជកម្មភាគច្រើនដាច់​ខាត បែប​បទ​សរសេរ​ វា​​​បានក្លាយ​ជា​រឿង​​ប្រឌិត​ទៅ​ហើយ គឺការដែល​ចេញ​ធ្លោ​លើ​​ទំព័រពី​​ «​បទ​វិចារណ​ក​ថា»​ ​យ៉ាង​ហោច​ណាស់បាន​សរសេរ​តាម​តែ​ចិត្ត​ឯង​យល់ឃើញ​(pays lip service)  គឹត​ទៅ​ជា​រឿង​ប្រ​ឌឹត​ ហើយ​មាន​ពេល​​​ខ្លះយើង​​​​ប្រហែល​ជា​ត្រូវ​​​រំលឹក​អ្នក​កាសែតទាំង​នោះ​ផង​ដែរ ថាទស្សន:របស់​ពួក​គេគ្រាន់​តែ​សរសេរ​បោះ​ពុម្ភ​ចេញ​លើ​ក្រដាស់​កាសែត ស្រួលៗ​វា​មិន​​ក្លាយ​ជា​រឿងពិត​នោះទេ។
បើ​​គ្មាន​ទំព័រ «បទ​វិចារណកថា» ​ត្រឹម​ត្រូវ ​​ពី​ព័ត៌មាន​​នៃ​រឿង​រ៉ាវ​ក្នុង​ស្រុកនោះទេ​ កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍​ ច្បាស់​ជា​បង្ហាញ​ឃើញ​ភាពខុសគ្នា​ តិច​តួច​ទៅ​ៗ​ ចំពោះអ្វីដែល​ហៅ​ថា«ព័ត៌មាន» និង​​​ «​ទស្ស​​​នៈ»​ ​របស់​អ្នក​និពន្ធ  ឬ ​ម្ចាស់​កាសែត​។ ឧទាហរណ៍ ​ក្នុ​ង​ករណី​​សរសេរ​ពី​រឿង​រ៉ាវកាល​ពី​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៥ នេះ ស្តីពីការផ្តន្ទា​ទោស និងការ​ដាក់​ទោសសកម្មជនរបស់គណបក្ស​សង្គ្រោះ​ជាតិ​​ចំនួន១១នាក់​ ដែល​ត្រូវបានចោទ​ពី​បទ​ «​បះបោរ» ដែលជាប់ទាក់ទងនឹង​បាតុ​កម្ម​ប្រើ​ប្រាស់​អំពើហិង្សា​កាល​ពីថ្ងៃទី១៥ ខែកក្កដា​ឆ្នាំ២០១៤ នៅទីលាន​ប្រ​ជា​ធិបតេយ្យ​រាជធានី​ភ្នំពេញ​។
អ្វី​ដែល​អាក្រក់​នោះ​ គឺ​ថា​ ការ​កាន់តែកើនឡើងនូវ​ទម្លាប់​អនុវត្ត​ជា​ទូទៅ នៃអ្នក​​កាសែត គឺ​ ​ អ្នក​សរ​សេរ ឬ​អ្នក​និពន្ធ​ បានសន្មត់​ «ទស្ស​​​នៈ​» របស់ខ្លួន​ ​​ថាជារបស់​អ្នក​ដទៃ​ ដែលមិន​បញ្ចេញ​ឈ្មោះទៅ​វិញ។ ឧទាហរណ៍ ថា​សេចក្តីសម្រេច​​របស់តុលាការ «បាន​ធ្វើឲ្យ​គេ​ច្រើន​គ្នា ​​ភ្ញាក់ផ្អើល»​។ ថាមាន​​ «អ្នក​សង្កេត​ការណ៍ជាច្រើន​ បាន​អះ​អាង​ជា​យូរមក​ហើយ​» ​ថាករណីនោះ​កំពុងតែ​​ប្រើ​ប្រាស់​ដោយ​គណបក្ស​ប្រជាជន​​កម្ពុជា ដើម្បីដាក់សម្ពាធទៅលើ​គណបក្ស​សង្គ្រោះជាតិ​។ «យោងទៅតាម​ក្រុមសិទ្ធិ​មនុស្ស» មាន​ «ភស្តុតាង​ដែល​អាចជា​សំ​ណួរ»​ ត្រូវបានគេ​លាត​ត្រដាង​។​​ ចំ​ពោះ​អ្នក​អាន​វិញ គេ​មិ​​ន​ដឹង​ទាល់​តែ​សោះ ​ថាអ្នក​ណា «គេ​ច្រើន​គ្នា»  ឬ​ក៍​អ្នក​ណា «អ្នក​សង្កេត​ការណ៍ជាច្រើន​» ​ឬ​ក៏ «ក្រុមសិទ្ធិ​មនុស្ស​» ណា? ​អ្នក​សសេរ​និយាយសំដៅ​ទៅ​ (អង្គការ លីកាដូ ដែល​ត្រូវបាន​គេ​លើកឡើង​នៅខាង​ចុង​អត្ថបទ ប៉ុន្តែ​មិន​ពាក់​ព័ន្ធនឹងភស្តុតាងនោះ​ទេ​​​)។ អ្នក​កា​សែត​រូបនោះ មិន​ពន្យល់ពី​ហេតុ​ផល​ចំពោះ​ពាក្យថា «ភ្ញាក់ផ្អើល» នៃ​មនុស្សម្នា​​​ជាច្រើន ដែល​មិន​បញ្ចេញ​ឈ្មោះ​ ហើយ​ក៏គ្មាន​ការ​អធិប្បាយ​ពី​ភាពសុក្រិត​​របស់អ្នក​សង្កេត​ការណ៏ ដែលមិន​បញ្ចេញឈ្មោះ​ ហើយ​ក៏​មិន​បាន​ប្រាប់យើង​ថា តើមេធាវី និងកូន​ក្តី បានចោទ​សួរ​ពីភស្តុ​តា​ង​«អាចជា​សំ​ណួរ»​ ហើយ​ប្រសិន​បើ​បែប​​នោះ​មែន តើ​សំណួរ​នោះ ត្រូវបានគេ​ឆ្លើយ​ពេញចិត្ត​ ឬ យ៉ាងណា។​
ក្នុង​ស្ថានភាពនេះ​ អត្ថបទនេះ​ឈាន​ទៅជា​ «​ទស្ស​នៈ​នយោបាយ​» មួយ​ដោយគ្មាន​ការ​ទទួល​​​ខុស​ត្រូវទាល់​តែ​សោះ។ ដូច្នេះ​គឺ​បានបន្សល់ទុក​ឲ្យ​​អ្នក​អានស្ថិតនៅ​​ក្នុង​ភាព​សង្ស័យ​លើ​ការ​​កាត់សេចក្តី​ បើទោះបីជាមិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​​ក៏ដោយ ក៏ប៉ុន្តែ​​ «ទស្ស​នៈ»​ ​​នេះ​មិនត្រូវបាន​ដាក់​​ក្នុង​មាត់​​បុគ្គលពិត​ណា​ម្នាក់​ ហើ​យ​ក៏គ្មា​ន​ភស្តុតា​ងណា​ ដើម្បី​បង្ហាញ​ការលើកឡើង​នេះដែរ​។ តែ​មាន​ករណី​លំ​អៀងផ្លែកពី​​ធម្មតា​មួយ​៖ នៅចុង​បញ្ចប់​នៃ​អត្ថបទនោះថា ​អង្គការ លីកាដូ ត្រូវ​បាន​គេ​ដក​ស្រង់​សំដី​ ថា ដំណើរនីតិវិធីរបស់តុលាការ​ គឺ «ជា​កាត់​សេចក្តីឲ្យតែមាន​រូប​ភាព​​ ដែលមានការគ្រោង​ទុកជាមុន​ ​ គឺ​ជាក់​ស្តែង​​ធ្វើ​ឡើង​ដើម្បី​បំភ័យ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ»​ ។ ប៉ុន្តែក៏​គ្មាន​ភស្តុតា​ង​ណាមូយ​ដែល​បញ្ជាក់ពី​ការ​ស្រង់​សំដី​ អង្គការ​ លីកាដូ​ សោះ ហើយ​ពាក្យ​សំដីទាំងនោះ គឺ​ពិត​ជា​សង្ខេប​​នូវ​ «បន្ទាត់​នយោបាយ​របស់​អត្ថបទ»​ ដោយគ្មាននិយាយ​បក​ស្រាយ​​​អ្វី​សោះ។
បើសិនជាមានភាព​ចន្លោះប្រហោ​ង​នៅក្នុងអត្ថបទនេះ គេប្រហែលជា​ច្រានចោល​អត្ថបទ​នេះ​ថា គ្រាន់​តែ​ជា​កិច្ច​ការ​ព័ត៌មានអ​សមត្ថភាព​មួយ​ប៉ុណ្ណោះ។ ជាអកុសល មានរឿង​ច្រើន​ទៀត ដែល​បង្ហាញ​ឲ្យ​ឃើញពី​កំ​ហុស​ឆ្គង​របស់ ​កាសែត​ភ្នំពេញប៉ុស្តិ៍​
វាគួរត្រូវបានគេរំលឹក​ឡើងវិញ​ថា កាល​ពីព្រឹ​ត្តិការណ៍ថ្ងៃទី១៥ កក្កដា ២០១៤ ដែល​ពាក់​ព័ន្ធ​នឹង​ការវាយប្រហារ​ដ៏យង់​ឃ្នង​​មួយ​ទៅលើ​ក្រុមសន្តិសុខ ពី​សំណាក់​ក្រុម​​បាតុករ​ប្រើប្រាស់ដងទង់​ធ្វើ​​ជា​អា​វុធ។ នៅពេលនោះ កាសែត​ភ្នំពេញប៉ុស្តិ៍ បាន​ពិពណ៌នា​នូវព្រឹត្តិការណ៍ភ័យ ច្របូក​ច្រ​បល់​​នោះយ៉ាង​ច្បាស់​លាស់។ «ពួក​អ្នក​តវ៉ា​បានវាយ​សន្តិសុខខណ្ឌ​​យ៉ាងសាហាវ ហើយ​នៅ​ពេល​នោះ​មាន​មនុស្ស​ដែល​ប្រឡាក់ដោយឈាម ​ដេក​សន្លប់​នៅលើដី​...» កាសែតភ្នំពេញប៉ុស្តិ៍ បាន​សសេរ​អត្ថបទ​មួយ​ នៅថ្ងៃដដែលនៃ​ព្រឹត្តិការណ៍​នោះ។
ជាងនេះទៅទៀត អត្ថបទដដែលនោះបានសសេរថា៖ «នៅកន្លែង​កើត​ហេតុ អ្នក​យក​ព័ត៌​មាន​របស់ កាសែតភ្នំពេញ​ប៉ុស្តិ៍ បានឃើញផ្ទាល់នឹង​ភ្នែក​នូវ​ចំនួនសមា​ជិក​​សន្តិសុខដ៏ច្រើន ដែល​ត្រូវ​បានគេបំ​បែក​ឲ្យនៅដាច់​ពីគ្នា​ និង​រងការវាយប្រហារ​ពីហ្វូងមនុស្ស​។ នៅក្នុង​ចំណុច​ព្រឹត្តិ​ការណ៍ ដែល​ចាប់រូបភាពបានតាម​វីឌីអូឃ្លីបរបស់ កាសែតភ្នំពេញ​ប៉ុស្តិ៍ មាន​សន្តិ​សុខ​ម្នាក់​ត្រូវ​បាន​គេឃើញ​ដេក​សន្លប់​លើដី ខណដែល​ក្បាលគាត់​ត្រូវបាន​គេគប់​​ដោយដុំថ្ម​។ នៅពេលដែ​ល​មាន​រថយន្ត​សង្គ្រោះមកដល់​ ​ បាតុករ​ជាច្រើន​បាន​រាំងខ្ទប់​រថយន្ត​ជួយ​សង្រ្គោះ​នោះមិន​ឲ្យ​ចូល​ទៅកាន់​​កន្លែងកើត​ហេតុ​ ហើយ​​​បន្ទាប់​មក​រថយន្ត​នោះក៏បាន​បើ​កចេញ​ទៅ​វិញ​ទៅ​»។
នៅថ្ងៃទី​១៧ កក្កដា​ ឆ្នាំ​២០១៤ អ្នក​រាយការណ៍​របស់ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ បាន​រាយការណ៍​ថា «នៅកន្លែង​កើត​ហេតុ អ្នក​យក​ព័ត៌​មាន​របស់ កាសែតភ្នំពេញ​ប៉ុស្តិ៍​ បានឃើញផ្ទាល់នឹង​ភ្នែក​នូវ​សន្តិសុខជាច្រើន ត្រូវបានបំ​បែក​ឲ្យដាច់​ពីគ្នា​ ត្រូវបាន​គេ​ស្រាតខោអាវ​ និង​ត្រូវបាន​វាយ​ប្រហារដោយគ្មាន​មេត្តា​ពី​សំ​ណាក់​ហ្វូង​មនុស្ស​។​​
«កាល​ពីថ្ងៃម្សិលមិញនេះ បុគ្គលិក​មន្ទីរពេទ្យ​កាល់​​ម៉ែត្រ​បានប្រាប់ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ថា មនុស្ស​២២នាក់ កំពុង​​​ស្ថិតនៅក្នុងមន្ទីពេទ្យ​​នៅឡើយទេ បន្ទាប់​ពី​មាន​អំពើហិង្សា​កើតឡើង​កាល​ពីថ្ងៃ​អង្គារ​​កន្លង​ទៅនេះ​»។
«លោក មាស ភឿន ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែល​ត្រូវបានគេ​វាយឲ្យសន្លប់នោះ​ ​ក្រោយ​មក​​មានភាពធូរ​​ស្បើយ​ ពីការវាយប្រហារនេះ... កូនប្រុសរបស់គាត់បានបន្ថែមថា ឪពុក​របស់គាត់​មិនមែន​ជា​អ្នក​សន្តិសុខទេ តែជាប្រធានភូមិ ១០ នៃផ្សារថ្មីទី ៣។
មួយឆ្នាំក្រោយមក កាសែតភ្នំពេញប៉ុស្តិ៍ មិនអាចលាតបំភ្លេច​ទាំងស្រុងនូវ​ «ព័ត៌មាន» នោះ​ទេ ប៉ុន្ដែ​បែរជា​​ព្យាយាមលាក់កំ​បាំងព័ត៌មាននេះទៅវិញ​។ ពេលដែលកថាខណ្ឌទីមួយ​នៃអត្ថបទថ្មី​នេះ​និយាយ​ថា បាតុកម្ម តវ៉ានេះ បាន ក្លាយជាហិង្សា និងធ្វើឲ្យមនុស្សរាប់សិបអ្នករងរបួស តែ​មិន​បាន​និយាយ​ថា តើអ្នកណារងរបួសទេ ហើយមិនបានបង្ហាញពីភាពធ្ងន់ធ្ងរ​នៃការវាយ​ប្រហារ​នេះឡើយ។
អត្តសញ្ញាណនៃជនរងគ្រោះមិនត្រូវបានលើកឡើងនៅទំព័រទីមួយរបស់ «កាសែតភ្នំពេញប៉ុស្តិ៍»​ ឡើយ «ព័ត៌មាន» នេះត្រូវបានលាក់បាំងរហូតដល់កថាខណ្ឌទី១០ និងទី១១ នៃ​អត្ថបទ​ដែល​មាន ២០ កថាខណ្ឌ។
នៅទីនោះ ការកម្រិត «ព័ត៌មាន» ត្រូវបានបង្ហាញក្នុងលក្ខណៈមួយដែលព្យាយាមបង្ហាញ​ហេតុ​ផលត្រឹមត្រូវសំរាប់អំពើហិង្សានេះ។ អត្ថបទនេះអះអាងថា អ្នកសន្តិសុខដែលរងរបួស «គឺ​ជា​មន្ត្រីសន្តិសុខ ខណ្ឌដូនពេញដែលល្បីល្បាញខាងហិង្សា។» («ពាក្យល្បីល្បាញខាង​អាក្រក់​នេះ មានន័យថា នរ​ណាក៍គេ ដឹងថាអាក្រក់ដែរ ដូច្នេះមិនចាំបាច់បង្ហាញភស្តុតាង»)
អត្ថបទនេះបន្តអះអាងថា អ្នកសន្តិសុខគឺជាជនរងគ្រោះនៃ កំហឹងរបស់អ្នកគាំទ្របក្ស CNRP ដែលបានបញ្ចេញតាមរយៈការបង្រ្កាបដោយ​ហិង្សាអស់រយៈពេលជាច្រើនខែ​លើការ​តវ៉ា​របស់​បក្សប្រឆាំង។” និយាយឲ្យស្តាប់ ការរៀបរាប់នេះគឺជាការបំផ្លើ​ស។ នៅក្នុងរយៈពេល ១២ ខែ មុននោះ បាតុកម្មជាច្រើន ឬប្រហែលជាភាគច្រើន ដែលមានអំពើហិង្សាខ្លះៗរវាងបាតុករ និង​ប៉ូលីស ឬ កំលាំងសន្តិសុខគឺពាក់ព័ន្ធនឹងកូដកម្ម ឬ ការទាមទារដំឡើងប្រាក់ខែអប្បបរមា មិន​មែន​បាតុកម្មតវ៉ារបស់ បក្ស CNRP លើការបោះឆ្នោតខែកក្កដាឆ្នាំ ២០១៣ឡើយ។ (ហើយ​គ្មាន​ភស្តុ​តាង​បង្ហាញថាមេភូមិ នៅសង្កាត់ផ្សារថ្មីទី ៣  បាន​បង្រ្កាប​ដោយ​ហិង្សា​លើ​បាតុ​កម្ម​របស់បក្ស CNRP ឡើយ)
លើសពីនេះទៀត​ កំហឹងរបស់អ្នកគាំទ្រគណបក្ស​សង្គ្រោះ​ជាតិ​ លើអសមត្ថភាព​របស់ខ្លួន​ក្នុង​ការ​កែប្រែ​លទ្ធ​ផលនៃការ បោះឆ្នោតមិនត្រូវបាន «បញ្ចេញ» ជាពិសេស។ កំហឹងនេះត្រូវបាន​បញ្ចេញ​តាមរយៈ​សកម្ម​ភាព​នានា ដូចជាការបំផ្លាញ និងលួចទំនិញតាមហាងលក់ទំនិញ ដែល​បាតុករ​បានចាត់​ទុកថា​ជារបស់ «យួន»។
គេគួរតែកត់សំគាល់ថា គណបក្ស​សង្គ្រោះ​ជាតិ​ បានបង្ហាញអំពីការឯកភាព​របស់ខ្លួន​លើ​ការ​​វាយ​ប្រហារ​លើមន្រ្តីសន្តិសុខ។ រួមជាមួយសេចក្តីថ្លែងការណ៍របស់លោក​ សម រង្ស៊ី ដែល​និយាយថា មន្ត្រី​សន្តិសុខ​ទាំងនេះបាន «បង្ក​» ឲ្យមានការប៉ះទង្គិច​ដោយ​ហិង្សា​ជាមួយ​បា​តុករ​គណបក្ស​សង្គ្រោះ​ជាតិ​​  ​​បាន​ចែក​ចាយវីដេអូឃ្លីបមួយ បង្ហាញពីអ្នក​គាំទ្រ​ដ៍ក្លាហានរបស់​គណ​បក្ស​​សង្គ្រោះ​ជាតិ​​  ដែល​បាន​បញ្ចេញ​កំហឹងរបស់ខ្លួន ដែល​​បាន​គុំយូរ​មកហើយ ​តាមរយៈ​ការ​ទាត់​ធាក់​មន្ត្រីសន្តិសុខ ដែលសន្លប់ ​ប្រឡាក់​ដោយ​ឈាម​ដេក​នៅ​លើ​ចិញ្ចើមថ្នល់។ បាតុករជា​ច្រើន​នៅខាងមុខការវាយប្រហារ បានពាក់មួកការ​ពារ​សុវត្ថិ​ភាព ដែល​ជា​ភស្តុតាងបង្ហាញថា​នឹង​មានការវាយប្រយុទ្ធគ្នា។ (សូមទស្សនាវិដេអូឃ្លីប៖ https://news.vice.com/article/video-emerges-of-protesters-attacking-police-in-cambodia-demonstrations)
ខណៈដែលអត្ថបទ កាសែតភ្នំពេញប៉ុស្តិ៍ បច្ចុប្បន្ន (នៅកថាខណ្ឌទី១០បានជីក​កប់​ការណ៍​​ពិត ដែលមន្រ្តីសន្តិសុខចំនួន៣៩នាក់ បានរងរបួសនៅក្នុងការវាយប្រហារនេះ កាសែត​នេះ​​ក៍​បាន​បដិ​សេធការពិតទាំងនេះនៅក្នុងពេលតែមួយ។ នៅផ្នែកខាងលើនៃទំព័រដដែលរូប​ភាព​នៃជនជាប់ចោទម្នាក់ក្នុងចំណោម១១នាក់ បានសរសេរប្រយោគថា «​...នៅក្នុងខែកក្កដា ឆ្នាំមុន សមា​ជិកសន្តិសុខខណ្ឌដូនពេញម្នាក់ ត្រូវបាន​វាយដំក្រោយពី​ការតវ៉ាមួយ​បាន​ក្លាយ​ជា​ហឹង្សា»។
ពាក្យថា «ម្នាក់» នៅមានន័យថា «សន្តិសុខម្នាក់» ត្រូវបានវាយដំហើយ​ឩប្បតិ្តហេតុ​មួយ​នេះ​គឺពិតជាមិនមែនជាផ្នែកមួយនៃបាតុកម្មឡើយ តែវាបានកើតឡើងបន្ទាប់ពីបាតុ​កម្មនោះ។ ដូច្នេះ តើជនជាប់ចោទទាំង១១នាក់ ដែលនៅកន្លែងបាតុកម្មនោះ អាចមាន​ទោស​ពី​​អ្វីទៅ?
ការសន្និដ្ឋាននោះគឺជាអ្វីដែលអត្ថបទទាំងមូលមានចេតនាទុកនៅក្នុងចិត្តរបស់អ្នកអាន។ «ព័ត៌មាន» ពិតតែ​មួយ​គឺថា ជនទាំង១១នាក់នេះ ត្រូវផ្តន្ទាទោស និងកាត់ទោស ហើយ​ផ្នែក​ដទៃ​ទៀត​គឺជា «ទស្សនៈ» ដែលគ្មានការសំអាងរបស់អ្នកការសែត ឬរបស់អ្នកនិពន្ធ៕
ដោយ Allen Myers