Thursday, September 07, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ ត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅហ្សាការតា

FN- (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោងជ១១យប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

សូមបញ្ជាក់ថា តប​តាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន នៅ​ថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹក​នាំ​គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើនទៀត។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់​ប្រ​ទេ​ស​​តំបន់អាស៊ីអាគ្នេយ៍ និងដៃគូសន្ទនា ក្នុងការជជែកដោះស្រាយបញ្ហាទាំងឡាយ។ ជាពិសេស​ការ​​ស្វះស្វែងរកនូវកាលានុវត្តន៍ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងបញ្ហាសង្គមដទៃទៀត ស្រប​តាម​សសរស្តម្ភទាំង៣របស់អាស៊ានរួមមាន៖ សហគមន៍សន្តិសុខ-នយោបាយ, សហគមន៍​សេដ្ឋ​កិច្ច និងសហគមន៍សង្គម-វប្បធម៌ ដែលមានទំនាក់ទំនង និងជះឥទ្ធិពល​គ្នាទៅ​វិញ​ទៅ​មក។

វេទិកាដ៏អឺងកងមុនដំណាច់ឆ្នាំនៅតំបន់អាស៊ាននេះ មានរយៈពេលខ្លី តែកិច្ចប្រជុំមានចំនួន​ច្រើន​ ជាហេតុនាំឱ្យមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសដៃគូសន្ទនារបស់​អា​ស៊ា​ន ជាពិសេសមេដឹកនាំតែប្រទេសសមាជិកអាស៊ានតែម្តង គឺមមាញឹករកពេលដូរអាវស្ទើរតែ​មិន​ទាន់​នោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាមេដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀតផង​ដែរ គឺមានភាពមមាញឹកខ្លាំងក្នុងរយៈពេលប្រមាណ៤ថ្ងៃនៅលើទឹកដីហ្សាកាតានេះ។ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់ដែលជារបៀបវារៈរបស់អាស៊ាន រួមមាន៖ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលចង្អៀត​របស់​អាស៊ាន​លើក​ទី៤៣, ពិធីបើកវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាវេទិកាថ្មីសម្រាប់អាស៊ាន, កិច្ច​ប្រជុំ​​កំពូលអាស៊ាន-ចិនលើកទី២៦, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៤, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៦, កិច្ចប្រជុំកំពូលអាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េខាង​ត្បូង) លើកទី២៦, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១១, កិច្ចប្រជុំកំពូល​អា​ស៊ាន​​កាណាដា, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២០, កិច្ចប្រជុំកំពូលអាស៊ី​បូព៌ាលើក​ទី​១៨, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៣, កិច្ចប្រជុំកំពូល​អាស៊ាន​-អង្គការ​សហប្រជា​ជាតិ​លើកទី១៣ និងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួម​ជា​មួយការប្រគល់តំណែងប្រធានអាស៊ានទៅប្រទេសឡាវ។

ក្រៅតែពីការអញ្ជើញចូលរួមកិច្ចប្រជុំដែលជារបៀបវារៈរបស់អាស៊ានហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបង្ហាញមុខក្នុងបេសកកម្មការទូតលើកដំបូងក្នុងឋានៈជានាយករដ្ឋ​មន្ត្រីរបស់កម្ពុជា ក៏បានឆ្លៀតជួបជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំ​ប្រទេស​ដៃ​គូសន្ទនារបស់អាស៊ានផងដែរ។ ជំនួបនេះ ជាការសម្តែងការគួរសម និងជាការ​ស្វែង រកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងក្នុងឋានៈ​ជា​មេ​ដឹកនាំថ្មីថ្មោងរបស់កម្ពុជា។

មេដឹកនាំរបស់អាស៊ានដែលមានវត្តមានចូលរួមកិច្ចប្រជុំនៅឥណ្ឌូនេស៊ី គឺត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារទាំងអស់។ មេដឹកនាំអាស៊ា​ន​ដែល​សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជួបដំបូងគេ គឺលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន។ បន្ទាប់មកជួបមេដឹកនាំអាស៊ានជាបន្តបន្ទាប់រួមមាន៖ ជួបពិសាអាហារ និងពិភាក្សាការងារត្រីភាគី ជាមួយលោក ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, ជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយ​លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, ជួបសម្តែងការគួរសម និងពិភាក្សការងារ​ជា​មួយលោក លី សៀនលុង នាយករដ្ឋមន្ត្រីសិង្ហបុរី, ជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយព្រះចៅស៊ុលតង់ ហាជី ហាសាន់ណាល់ ប៊ូគីហ្សាស់ ព្រះមហាក្សត្រនៃប្រទេសព្រុយ​ណេ​ដារ៉ូសាឡឹម, ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហ្វឺឌីណាន់ ម៉ាកូស (Fer​di​​nan​d Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន។

ក្រៅតែពីមេដឹកនាំប្រទេសសមាជិកអាស៊ាន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបសម្តែងការ​គួរ​សម និងពិភាក្សាការងារជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន, លោក យូន សុក យ៉ល ប្រធានាធិបតីសា​ធា​រណ​​រដ្ឋកូរ៉េ, លោក គីស៊ីដា ហ្វឺមីអុ (KISHIDA Fumio ) នាយក​រដ្ឋ​មន្ត្រី​ជ​ប៉ុន, លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្ត្រីទីម័រខាងកើត, លោក ម៉ាក ប្រោន (Mark Brown) នាយករដ្ឋមន្ត្រីកោះឃុក, លោកសាស្រ្តាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក និងលោក កៅ គឹមហួន អគ្គលេខាធិការនៃអគ្គលេខា​ធិការ​ដ្ឋាន​អា​ស៊ាន។

ក្រៅតែពីជួបសម្តែងការគួរសម និងពិភាក្សាការងារជាផ្លូវការហើយនោះ ក្នុងឱកាសចូលរួមកិច្ច​ប្រជុំ និងកម្មវិធីនានានៅទីក្រុងហ្សាកាតានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មានឱកាសស្វា​គមន៍លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) អនុប្រធានធិបតីអាមេរិក, លោក អាន់​តូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌាផងដែរ។

ក្រៅតែពីកម្មវិធីដែលបានរៀបរាប់ខាងលើហើយនោះ ពេលអញ្ជើញទៅដល់ថ្ងៃដំបូងសម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញ​ជា​អធិបតីជាមួយប្រធានាធិបតីជាមួយលោកប្រធានាធិបតីហ្វីលីពិន ក្នុងពិធីចុះហត្ថលេខា​លើ​អនុ​ស្ស​រណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីនផងដែរ។ ពិធីនេះចុះហត្ថលេខារវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា ជាមួយលោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A CONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់ហ្វីលីន។ អនុស្សារណៈ​យោគ​យល់​គ្នានេះ ផ្តោតជាសំខាន់លើការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាព​កសិពាណិជ្ជកម្មប្រកបដោយចីរភាព។

ក្នុងបេសកកម្មការទូតជាលើកដំបូងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកា​អា​ស៊ាន បាននាំឱ្យមានការចាប់អារម្មណ៍ខ្ពស់ពីសាធារណៈមតិជាតិ និងអន្តរជាតិផងដែរ។ ចាប់​អារម្មណ៍ក៏ព្រោះតែសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំប្រទេសសមាជិកអាស៊ានថ្មី និង​បង្ហាញវត្តមានលើកដំបូងក្នុងវេទិកាអាស៊ាន ហើយក៏ជាមេដឹកនាំដែលមានវ័យក្មេងជាងគេ ក្នុងចំណោមមេដឹកនាំអាស៊ាន និងមេដឹកនាំដៃគូសន្ទនារបស់អាស៊ាន។

តាមរយៈវេទិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញឱ្យឃើញពីឥរិយាបថ​នយោ​​បាយការបរទេស និងជំហរនយោបាយនានាសម្រាប់បញ្ហាក្នុងតំបន់ ក៏ដូចជាលើឆាក​អន្តរ​ជាតិ តាមរយៈសុន្ទរកថាគន្លឹះរបស់សម្តេចក្នុងកិច្ចប្រជុំនានានោះ។ ក្នុងនោះតាម​រយៈការ​ថ្លែង​សុន្ទរកថា ជាភាសាអង់គ្លេសក្នុងកិច្ចប្រជុំ​កំពូល​ធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៣ បានធ្វើ​ឱ្យ​ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវវ័យកោតសរសើរ និងបង្ហាញពីមោទនភាពរបស់ពួកគេចំពោះ​សមត្ថ​ភាពចំណេះដឹងផ្នែកភាសារបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

គេក៏អាចវាយតម្លៃពីសន្ទុះនៃការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ ចំពោះសកម្មភាពរបស់​សម្តេច​​ធិប​តី តាមរយៈវីដេអូដែលផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយផងដែរ។ រាល់វីដេអូរបស់​សម្តេច​ធិបតី និងលោកជំទាវជាភរិយា ចាប់តាំងពីពេលចេញដំណើរ រហូតដល់ចូលរួមកិច្ចប្រជុំ​នានានៅទីក្រុងហ្សាកាតា មានអ្នកចូលមើលច្រើន ហើយបានបញ្ចេញមតិយោបល់បង្ហាញពីការ​ពេញចិត្ត ស្ញប់ស្ញែង និងកោតសរសើរសម្តេចធិបតីជាខ្លាំង។

ក្នុងនោះលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់​ខ្លួន រហូតប្រដូចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាតារាមួយដួងដែលរះចិញ្ចែងចិញ្ចាច​ក្នុង​វេទិកាអាស៊ានថែមទៀតផង។

លោក ប៉ែន បូណា បានគូសរំលេចថា ចំណុចដែលនាំឱ្យសម្តេចធិបតី ទទួលបានការ​ទាក់​ទាញ​ដោយសារកត្តាចំនួន៤រួមមាន៖

ទី១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអវតាររបស់សម្តេចតេជោ ហ៊ុន សែន ដែលជាតួ​អង្គ​អ្នក​នយោបាយដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ក៏ដូចជាក្នុងឆាកតំបន់និងអន្តរជាតិ។

ទី២៖ បុគ្គលិកលក្ខណៈដ៏ស័ក្តិសម ភាពស្រស់សង្ហា អាកប្បកិរិយា និងសីលធម៌​ដ៏ល្អសមសួន ព្រមទាំងមានវ័យក្មេងជាងគេក្នុងចំណោមមេដឹកនាំឯទៀត គឺជាចំណុចទាក់ទាញមនុស្សគ្រប់​គ្នា​ឱ្យ​សម្លឹងតួអង្គសម្តេចធិបតី ហ៊ុន ម៉ាណែត មិនដាក់ភ្នែក។

ទី៣៖ សមត្ថភាព និងភាពជឿជាក់លើខ្លួនឯង គឺជាចន្ទល់ដ៏រឹងមាំ​ដែលធ្វើឱ្យសម្តេចធិបតី​អាច​បំពេញបេសកកម្មការទូតបានយ៉ាងល្អលើសពីការស្មាន សូម្បីតែជាការចាប់ផ្តើមលើកដំបូង​ក៏ដោយ។

ទី៤៖ មេដឹកនាំបន្តវេន និងវ័យក្មេងរបស់កម្ពុជា ក៏បានបង្ហាញឱ្យឃើញពីសមត្ថភាពការ​ទូត​ដ៏​ចំណានក្នុងកិច្ចចរចាជាអន្តរជាតិកម្រិតខ្ពស់ ដើម្បីចូលរួមក្នុងកិច្ចការសន្តិភាពសម្រាប់តំបន់ និងពិភពលោក ក៏ដូចជាការទាញយកផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១៣

 (ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហា​ប​វ​រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន​-អង្គការ​សហប្រ​ជាជាតិលើកទី១៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។


កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៣នេះ ដឹកនាំដោយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូ​នេស៊ី និងជាប្រធានអាស៊ាន និងលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។


កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់​ព្រះចៅ​ស៊ុល​តង់ ហាជី ហាសិន​ណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ​ប្រ​ទេសប្រ៊ុយណេ​ដា​រូ​សាឡឹម, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក សន​សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និង​លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រីឯប្រទេសអញ្ជើញជាតំណាងដោយ​មន្ត្រី​ជាន​ខ់្ពស់ ខណៈមេដឹកនាំមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមនោះឡើយ។


កិច្ចប្រជុំនេះ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រ​ខាង​កើត ត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ ក្នុងឋានៈជាអ្នកសង្កេត​ការណ៍។ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូល​រួមនៅក្នុង​កិច្ចប្រជុំនេះផងដែរ។


សូមបញ្ជាក់ថា ទំនាក់ទំនងរបស់អាស៊ាន (ASEAN) ជាមួយអង្គការសហប្រជាជាតិ (UN) បានចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ១៩៧០ តាមរយៈកិច្ចសហប្រតិបត្តិការដំបូង ជាមួយកម្មវិធី​អភិ​វឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP)។ កម្មវិធីអនុតំបន់ ASEAN-UNDP ត្រូវបានចាប់​ផ្តើម​នៅឆ្នាំ១៩៧៧ ក្នុងគោលបំណងជួយអាស៊ាន ឱ្យកាន់តែប្រសើរឡើងជាមួយ​នឹងកិច្ចសហ​ប្រតិបត្តិការក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងសមាហរណកម្មរបស់ខ្លួន។ ប៉ុន្មានឆ្នាំមកនេះ អាស៊ាន បានបង្កើតទំនាក់ទំនងការងារជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងៗលើ​វិស័យ និងបញ្ហាដទៃទៀត។


កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ត្រូវបានប្រារព្ធធ្វើឡើងដំបូងនៅទីក្រុងបាងកក នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០០០ នៅក្រៅសម័យប្រជុំលើកទី១០ នៃសន្និសីទអង្គការសហ​ប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)។ កិច្ចប្រជុំកំពូលអាស៊ាន​-អង្គការ​សហប្រជាជាតិលើកទី២ ដែលបានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៥ នៅទីក្រុង​ញូវយ៉ក បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិ ចំពោះគោលដៅ​របស់​អាស៊ានក្នុងការសម្រេចបានសហគមន៍អាស៊ាន ក៏ដូចជាការសម្រេចចិត្តរបស់ខ្លួនក្នុង​ការបង្កើត​ធម្មនុញ្ញអាស៊ាន។ អង្គការសហប្រជាជាតិ ក៏បានស្វាគមន៍ចំពោះលទ្ធភាព ដែលអាស៊ានស្វែង​រកឋានៈជាអ្នកសង្កេតការណ៍ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។


អាស៊ានត្រូវបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍នៅ UNGA តាមរយៈការអនុម័តដំណោះ​ស្រាយ (A/RES/61/44) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៦។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧ នៅទីក្រុងញូវយ៉ក បានបង្កើតភាពជាដៃគូ ដែលរួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការពេញលេញ ក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម ដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក។


កិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ត្រូវបានជំរុញបន្ថែមទៀត តាមរយៈការអនុម័តសេចក្តីប្រកាសរួមអាស៊ាន-អង្គការសហប្រជាជាតិ ស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ( Comprehensive Partnership) ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី៤ កាលពីខែវិច្ឆិកា ឆ្នាំ២០១១ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៉ី។ ផែនការសកម្មភាពរយៈពេល ៥ឆ្នាំដំបូង សម្រាប់រយៈពេល ២០១៦-២០២០ ត្រូវបានអនុម័តនៅក្នុងខែកញ្ញា ឆ្នាំ២០១៦។


UNGA បានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការរំលឹកខួបលើកទី៥០ នៃអាស៊ាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងញូវយ៉ក ដែលជាដំណោះស្រាយរំលឹកខួបលើកទី១ ដោយអង្គការក្នុងតំបន់ នៅចំពោះមុខ UNGA ។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដំណោះស្រាយរយៈពេល ២ឆ្នាំស្តីពី «កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន» ត្រូវបានអនុម័តដោយឯកច្ឆន្ទដោយ UNGA ជាមួយនឹងដៃគូគាំទ្រ (co-sponsors) ចំនួន១២០ រួមទាំងប្រទេសមកពីសមាជិកអាស៊ានផងដែរ៕

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ បេសកកម្មជាប្រវត្តិសាស្ត្រ លើកទី១ របស់នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា លើឆាកអន្តរជាតិ បង្ហាញនូវទេពកោសលការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោរ


អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ចេញផ្សាយនូវវីដេអូស្តីពីដំណើរបំពេញបេសកកម្មលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ថាសម្តេច ហ៊ុន ម៉ាណែត ពោរពេញដោយភាពជឿជាក់ ស្វាហាប់ និងម៉ឺងម៉ាត់ និងចាត់ទុកថាជាព្រឹត្តិការណ៍ក៏សំខាន់ ដែលបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ អ្នកតាមដានស្ថានការណ៍នយោបាយជាតិ និងអន្តរជាតិ ទាំងក្នុងនិងក្រៅប្រទេស។ 

វីដេអូដែលមានរយៈពេល ១០នាទី មានចំណងជើងថា «បេសកកម្មជាប្រវត្តិសាស្ត្រ លើកទី១ របស់នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា លើឆាកអន្តរជាតិ បង្ហាញនូវទេពកោសលការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោរ» គឺវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយឥស្សរជនជាន់ខ្ពស់សំខាន់ៗជាបន្តបន្ទាប់ ទាំងទ្វេភាគី និងពហុភាគី ព្រមទាំងបានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗ ក្នុងក្របខណ្ឌអាស៊ាន និងពិភពលោក។ 

ក្នុងនាមពលរដ្ឋកម្ពុជា យើងពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះសម្តេចធិបតី និងឥស្សរជនជាន់ខ្ពស់កម្ពុជា ហើយក៏មានមោទនភាពផងដែរ ចំពោះប្រទេសជាតិរបស់យើង ដែលកំពុងតែមានឈ្មោះ បោះសំឡេង និងត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើងៗទាំងកម្រិតតំបន់ និងអន្តរជាតិ។ វត្តមានរបស់ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមប្រជុំកំពូលអាស៊ាន គឺមិនបានទៅដោយដៃទទេរនោះឡើយ សម្តេចបានទៅជាមួយនឹងការប្តេជ្ញាចិត្តដ៏ខ្ពស់បំផុត ក្នុងការប្រឹងប្រែងដោយទឹកចិត្តមោះមុត ជឿជាក់ និងឆ្ពោះទៅមុខជានិច្ច ដើម្បីសម្រេចគោលដៅលើកកិត្តិយសជាតិលើឆាកអន្តរជាតិ និងតំបន់ មានន័យថា សម្តេចធិបតី ហ៊ុន ម៉ាណែត ខិតខំបំពេញភារកិច្ចរបស់ខ្លួន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងជំហានវិជ្ជមាន នៃដំណើរឆ្ពោះទៅរកភាពរីកចម្រើន និងធ្វើឱ្យកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពស្មើមុខស្មើមាត់ និងស្មើសិទ្ធិជាមួយនឹងបណ្តាប្រទេសនានា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាប្រមុខដឹកនាំដែលមានវ័យក្មេងជាងគេបង្អស់ក្នុងចំណោម ប្រមុខដឹកនាំដែលចូលរួមប្រជុំកំពូលអាស៊ានលើកទី៤៣ នៅរដ្ឋធានីហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបទ្វេភាគី និងពហុភាគី ជាបន្តបន្ទាប់ជាមួយប្រមុខដឹកនាំប្រទេសសំខាន់ៗជាច្រើនដូចជា ឥណ្ឌូនេស៊ី វៀតណាម ឡាវ ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន ចិន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលហ្សេឡង់ ជាដើម។ល។ 

តាមរយៈវត្តមានចូលរួមកិច្ចប្រជុំកំពូល លើកទី៤៣ ប្រជាពលរដ្ឋកម្ពុជាមានសង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ថា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា នឹងនាំមកកាន់មាតុប្រទេសវិញ នូវលទ្ធផលនៃបេសកកម្មជាប្រវត្តិសាស្ត្រនេះ ប្រកបដោយជោគជ័យ និងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កា ដ៏ច្រើនសម្រាប់បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

សូមទស្សនាវីដេអូ៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៣

 


(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន​-អូស្ត្រាលីលើកទី៣ ដែលរៀបចំឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២០ ដឹកនាំដោយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូ​នេស៊ី និងជាប្រធានអាស៊ាន និងលោក អាន់តូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី។

កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់​ព្រះចៅ​ស៊ុល​តង់ ហាជី ហាសិន​ណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ​ប្រ​ទេសប្រ៊ុយណេ​ដា​រូ​សាឡឹម, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក សន​សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និង​លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រីឯប្រទេសអញ្ជើញជាតំណាងដោយ​មន្ត្រី​ជាន​ខ់្ពស់ ខណៈមេដឹកនាំមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមនោះឡើយ។

កិច្ចប្រជុំនេះ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រ​ខាង​កើត ត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ ក្នុងឋានៈជាអ្នកសង្កេត​ការណ៍។ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូល​រួមនៅក្នុង​កិច្ចប្រជុំនេះផងដែរ។

សូមជម្រាបថា អូស្ត្រាលី គឺជាដៃគូគាំទ្រអាស៊ានដ៏រឹងមាំ ធន់ និងស្អិតល្មួតមួយ។ អូស្ត្រាលី បានក្លាយជាដៃគូសន្ទនាដំបូងគេបង្អស់របស់អាស៊ាន ក្នុងឆ្នាំ១៩៧៤៕