Wednesday, September 25, 2024

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយឯកឧត្តម Lan Tianli អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី និងក្រុមហ៊ុនមួយចំនួនរបស់ចិន




ទីក្រុងណាននីង៖ ក្នុងអំឡុងពេលឯកឧត្តមចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីង ប្រទេសចិន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក៏មានជំនួបពិភាក្សាការងារជាមួយឯកឧត្តម Lan Tianli អភិបាលនៃតំបន់ស្វយ័តក្វាងស៊ីរបស់ចិនផងដែរ កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម Lan Tianli អភិបាលនៃតំបន់ស្វយ័តក្វាងស៊ីរបស់ចិន បានថ្លែងនូវអំណរគុណយ៉ាងជ្រៅជ្រៅចំពោះឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកចូលរួម ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំ២០២៤ នេះ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី។ ឯកឧត្ដមបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជាកាន់តែស៊ីជម្រៅលើគ្រប់វិស័យ នៅក្នុងក្របខ័ណ្ឌនៃការកសាងជោគវាសនារួមចិន-កម្ពុជា ដែលបានបង្កើតឡើងដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយក្នុងក្របខ័ណ្ឌនេះ តំបន់ស្វយ័តក្វាងស៊ីបានអនុវត្តនូវគម្រោងជាច្រើនជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងវិស័យកសិកម្ម អប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងវិស័យមួយចំនួនទៀត។ 

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានជម្រាបជូនឯកឧត្តម Lan Tianli ថា ថ្នាក់ដឹកនាំកម្ពុជាតែងតែអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ានជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០០៤ រហូតមក។ ជាក់ស្តែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន ដោយផ្ទាល់ចំនួន ១១លើក និងតាមអនឡាញចំនួន ៣លើក ហើយកាលពីឆ្នាំ២០២៣ កន្លងទៅ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ ផងដែរ។ ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះតំបន់ស្វយ័តក្វាងស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន ប្រកបដោយភាពជោគជ័យជារៀងរាល់ឆ្នាំ ហើយបានធ្វើឱ្យតំបន់ស្វយ័តក្វាងស៊ីដែលមានទីតាំងភូមិសាស្រ្តជិតអាស៊ានជាងគេ បានក្លាយជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន។ 

ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងឆ្នាំ២០២៣ កន្លងទៅ បានបន្តកើនឡើងដល់ប្រមាណជាង ១២ ២៦៥ លានដុល្លារអាមេរិក ក្នុងនោះ ចិននាំចេញទៅកម្ពុជាស្មើនឹងប្រមាណ ១០ ៧៨៦ ដុល្លារអាមេរិក ក្នុងនោះ ក្វាងស៊ីនំាចេញទៅកម្ពុជាស្មើនឹងប្រមាណ ៥៦៥ លានដុល្លារអាមេរិក ហើយក្វាងស៊ីនាំចូលពីកម្ពុជាស្មើនឹងប្រមាណ ១៧ លានដុល្លារអាមេរិក។ ឯកឧត្តមបានបន្តថា តួលេខនៃការនាំចេញនិងការនាំចូលរបស់ក្វាងស៊ីពីកម្ពុជា ឃើញមានគំលាតគ្នាខ្លាំង តែនេះក៏ជាឱកាស និងជាសក្តានុពក្នុងការបង្កើនការនាំចេញពីកម្ពុជាទៅចិនដែរ ពិសេសការនាំចេញទៅក្វាងស៊ីតែម្តង តាមរយៈការវិនិយោគរបស់ចិននៅកម្ពុជា។ 

ឯកឧត្តម វង្សី វិស្សុត ក៏បានសំដែងនូវការអបអរសាទរចំពោះការចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រវាងក្រសួងកសិកម្មកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី នៅក្នុងក្របខណ្ឌការរៀបចំគម្រោងអភិវឌ្ឍ នៃរបៀងមច្ឆា និងអង្ករ។ កិច្ចសហប្រតិបត្តិការនេះ នឹងជួយពង្រឹងសមត្ថភាពផលិត និងភាពប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទីផ្សារចិន។ ឯកឧត្តម វង្សី វិស្សុត និងឯកឧត្តម Lan Tianli ក៏បានធ្វើការពិភាក្សាផងដែរ អំពីការបង្កើតសួនឧស្សាហកម្មកម្ពុជា-ចិន នៅក្នុងក្របខ័ណ្ឌនៃរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម, ការអភិវឌ្ឍវិស័យថាមពល, បច្ចេកវិទ្យាឌីជីថល, ការអភិវឌ្ឍជំនាញ, សុខាភិបាល និងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងការជំរុញទេចរចិនមកទស្សនាកម្ពុជា។

គួរបញ្ជាក់ដែរថា ក្រៅពីជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលចិន និងថ្នាក់ដឹកនាំតំបន់ស្វយ័តក្វាងស៊ី, ឯកឧត្តម វង្សី វិស្សុត ក៏បានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ក្រុមហ៊ុនធំៗ ចំនួនរបស់ចិនផងដែរ ដូចជាក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន, ក្រុមហ៊ុន China Communication Construction Corporation (CCCC) និងក្រុមហ៊ុន Zhengzhou Agriculture Development Group ដើម្បីពិភាក្សាអំពីឱកាសនៃការវិនិយោគក្នុងវិស័យថ្មីៗ និងភាពជាដៃគូក្នុងវិស័យអាទិភាពមួយចំនួន ដើម្បីធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីបង្កើនការនាំចេញកសិផលកម្ពុជាមកកាន់តែផ្សារចិនឱ្យបានច្រើន តាមរយៈគម្រោងវិនិយោគរបស់ចិនផងដែរ។









ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិន



ក្រុងណាននីង៖ ឆ្លៀតក្នុងឱកាសនៃការចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបពិភាក្សាការងារនេះ មានការចូលរួមផងដែរពីថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នមួយចំនួននៃប្រទេសទាំងពីរ។

ឯកឧត្តម Ding Xuexiang បានលើកឡើងថា កម្ពុជា និងចិន គឺជាមិត្តដែកថែបដែលមិនអាចបំបែកបំបាក់បាន ហើយរដ្ឋាភិបាលចិនតែងតែចាត់ទុកកម្ពុជាជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយក៏បានត្រៀមខ្លួនសម្រាប់បន្តគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម Ding Xuexiang បានបញ្ជាក់ថា ឯកឧត្តម វង្សី វិស្សុត គឺជាមិត្តចាស់របស់ប្រជាជនចិន និងបានថ្លែងអំណរគុណដល់ឯកឧត្តម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមិត្តភាពកម្ពុជា-ចិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត  បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងបានយកចិត្តទុក្ខចំពោះការពិនិត្យសុខភាពថ្វាយព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែ និងតែងបានទទួលស្វាគមន៍ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅថ្វាយព្រះអង្គទាំងទ្វេ ក្នុងអំឡុងពេលព្រះអង្គយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន។ ឯកឧត្តម វង្សី វិស្សុត បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំនៃរដ្ឋាភិបាលចិន និងបានវាយតម្លៃខ្ពស់ដល់រដ្ឋាភិបាលចិន ដែលបានរៀបចំពិព័រណ៍ចិន-អាស៊ានជាប្រចាំចាប់តាំងពីឆ្នាំ២០០៤ ដែលកម្មវិធីនេះបានក្លាយជាវេទិកាយ៉ាងសំខាន់ សម្រាប់ជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសមាហរណកម្មក្នុងតំបន់ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព ស្ថិរភាព និងសន្តិភាពក្នុងតំបន់ ក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបប្រឈមនឹងបញ្ហា និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ 

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងផងដែរថា ចំណងទាក់ទងរវាងកម្ពុជា-ចិន មានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ហើយប្រវត្តិសាស្រ្តក៏បានគូសបញ្ជាក់ផងដែរ ចិននិងកម្ពុជាមាននិស្ស័យជាមួយនឹងគ្នា និងជាមិត្តដែលកម្ពុជាអាចពឹងពាក់បាន។ ឯកឧត្តមបានបន្តថា ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ និងថ្នាក់ដឹកនាំនៃប្រទេសចិនគឺ លោក ម៉ៅ សេទុង និង លោក ជូ អេនឡាយ ដែលបានជំរុញ និងបង្កើតឱ្យមានទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងចិន ឆ្នាំ១៩៥៨។ ទំនាក់ទំនងនេះ ត្រូវបានពូនជ្រុំ និងបានបន្ដរីកលូតលាស់យ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានប្រែក្លាយទំនាក់ទំនងរវាងប្រទេសទាំងពីរឈានទៅជាភាពដៃគូសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ហើយបានបង្កើតសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពី សមេ្តចតេជោ ហ៊ុន សែន, ទំនាក់ទំនងនេះ កាន់តែត្រូវពង្រឹង និងពង្រីកដល់កម្រិតខ្ពស់ថ្មីមួយទៀត គឺកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរួមក្នុងតំបន់ និងបានជំរុញកិច្ចសហប្រតិបត្តិការលើការកសាង ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងមច្ឆា និងអង្ករ ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម ដើម្បីនាំមកនូវភាពសុខដុមកាន់តែល្អប្រសើរសម្រាប់ប្រជាជនទាំងពីរកម្ពុជា-ចិន និងបន្ដសម្រេចបាននូវសមិទ្ធផលថ្មីៗសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីចិន បានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយក្នុងនោះរួមមាន វិស័យនយោបាយ សេដ្ឋកិច្ច កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ លើការលើកកម្ពស់ សហប្រតិបត្តិការសេដ្ឋកិច្ច ដោយលើកកម្ពស់ការនាំចេញផលិតផលមួយចំនួនពីកម្ពុជាទៅចិន ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងថាមពលកកើតឡើងវិញក្នុងប្រទេសកម្ពុជា និងការពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសរវាងយុវជននៃប្រទេសទាំងពីរ សម្រាប់ជាការរួមចំណែកពង្រឹងចំណងមិត្តភាពយូរអង្វែងនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបានជួយទ្រទ្រង់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ថាមពល, សុខាភិបាល, ប្រព័ន្ធស្រោចស្រព, អបរំ, កសិកម្ម ។ល។










ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញកាត់ខ្សែបូរសម្ពោធស្តង់ពិព័រណ៍កម្ពុជានៅទីក្រុងណាននីងប្រទេសចិន



ក្រុងណាននីង៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកាត់ខ្សែបូរសម្ពោធស្តង់ពិព័រណ៍កម្ពុជា ដែលរៀបចំតាំងបង្ហាញនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង។

ព្រឹត្តការណ៍នេះ ជាវេទិកាដ៏ធំមួយដែលថ្នាក់ដឹកនាំកំពូលៗក្នុងតំបន់អាស៊ានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយ និងជំរុញសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ទំនាក់ទំនងនយោបាយការទូត ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជន និងជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយតំបន់រវាងមហាយក្សចិន និង អាស៊ាន។ ពិព័រណ៍ចិន-អាស៊ានលើកទី២១ នេះដែរ ក៏ឱកាសដ៏ល្អមួយបើកឲ្យមានការជួបប្រាស្រ័យទាក់ទងគ្នា ផ្គួរផ្គងគ្នាក្នុងការធ្វើជាដៃគូពាណិជ្ជកម្ម ការវិនិយោគក៏ដូចជា ការផ្សព្វផ្សាយផលិតផលរបស់ខ្មែរ ទៅក្នុងទីផ្សារតំបន់អាស៊ាន ជាពិសេសទីផ្សារចិនតែម្តង។

នៅក្នុងឆ្នាំ២០២៤នេះដែរ ពិព័រណ៍ចិន-អាស៊ានលើកទី២១ មានការចូលរួមតាំងបង្ហាញផលិតផល និងសេវាក្រុមហ៊ុន/សហគ្រាស សរុបមានចំនួន ៥៨ ក្រុមហ៊ុន ស្មើនឹង ៨៩ស្តង់ ក្នុងនោះដែរមានការដាក់តាំងបង្ហាញផលិតផលរបស់ខ្មែរជាច្រើនមុខ មានដូចជា អង្ករ ម្រេច ស្វាយ គ្រប់ស្វាយចន្ទីរ មៀនប៉ៃលិន សាប៊ូ ស្រាបៀរ ស្រាផ្លែឈើ ស្ករត្នោតធម្មជាតិ កាហ្វេខ្មែរ គ្រឿងចម្លាក់ដោយដៃ គ្រឿងអលង្ការ ក្រណាត់ និងសម្លៀកបំពាក់ខ្មែរ និងផលិតផលកសិកម្មជាច្រើនទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំ វង្សី វិស្សុត បានចូលរួមលើកទឹកចិត្តបងប្អូនពាណិជ្ជករ និងអ្នកវិនិយោគចូលរួមជំរុញការនាំចេញផលិតផលកសិកម្មខ្មែរឱ្យកាន់តែច្រើន ដើម្បីជួយដល់កសិកឱ្យមានជីវភាពកាន់តែប្រសើឡើង។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ  វង្សី វិស្សុត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ និងអាជីវករ ដែលបានប្រឹងប្រែងក្នុងការរៀបចំ និងនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញដល់សាធារណជនក្នុងកម្មវិធី «ពិព័រណ៍ចិន-អាស៊ានលើកទី២១»។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តក្វាងស៊ី នៃតំបន់ស្វយ័តក្វាងស៊ី ដែលផ្តល់នូវបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ចំពោះគណៈប្រតិភូកម្ពុជា ក៏ដូចជាសហការ និងសម្របសម្រួលសម្រាប់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំការនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អាស៊ាន-ចិន លើកទី២១ នេះប្រកបដោយភាពទាក់ទាញ និងសម្រេចបានលទ្ធផលល្អប្រសើរ៕











ក្រុមហ៊ុនស៊ីភី &អេត្រេឌីង បានឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំង POWARAM ចំនួន២០០កេស ជូនដល់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នាឱកាសបុណ្យកាន់បិណ្ឌ




ក្រុមហ៊ុនស៊ីភី & អេត្រេឌីងអ៊ិនធើណេសិនណល នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បាននាំយកនូវភេសជ្ជៈប៉ូវកម្លាំង ផោវើរេម « POWARAM» ចំនួន ២០០កេស ជូនដល់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីនាឱកាសពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរ និងក៏សម្រាប់កិច្ចការងារសង្គមផងដែរ។


ពិធីប្រគល់និងទទួលភេសជ្ជៈប៉ូវកម្លាំង ផោវើរេម បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមួយចំនួនចំណុៈឱ្យអង្គភាព និងលោក មាស វុត្ថា ជានាយកផ្នែកពាណិជ្ជកម្ម និងក្រុមការងារតំណាងអ្នកឧកញ៉ា ជៀម ស្រ៊ុន អគ្គនាយកក្រុមហ៊ុនស៊ីភី & អេត្រេឌីងអ៊ិនធើណេសិនណល៕