Wednesday, September 25, 2024

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញកាត់ខ្សែបូរសម្ពោធស្តង់ពិព័រណ៍កម្ពុជានៅទីក្រុងណាននីងប្រទេសចិន



ក្រុងណាននីង៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកាត់ខ្សែបូរសម្ពោធស្តង់ពិព័រណ៍កម្ពុជា ដែលរៀបចំតាំងបង្ហាញនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង។

ព្រឹត្តការណ៍នេះ ជាវេទិកាដ៏ធំមួយដែលថ្នាក់ដឹកនាំកំពូលៗក្នុងតំបន់អាស៊ានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយ និងជំរុញសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ទំនាក់ទំនងនយោបាយការទូត ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជន និងជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយតំបន់រវាងមហាយក្សចិន និង អាស៊ាន។ ពិព័រណ៍ចិន-អាស៊ានលើកទី២១ នេះដែរ ក៏ឱកាសដ៏ល្អមួយបើកឲ្យមានការជួបប្រាស្រ័យទាក់ទងគ្នា ផ្គួរផ្គងគ្នាក្នុងការធ្វើជាដៃគូពាណិជ្ជកម្ម ការវិនិយោគក៏ដូចជា ការផ្សព្វផ្សាយផលិតផលរបស់ខ្មែរ ទៅក្នុងទីផ្សារតំបន់អាស៊ាន ជាពិសេសទីផ្សារចិនតែម្តង។

នៅក្នុងឆ្នាំ២០២៤នេះដែរ ពិព័រណ៍ចិន-អាស៊ានលើកទី២១ មានការចូលរួមតាំងបង្ហាញផលិតផល និងសេវាក្រុមហ៊ុន/សហគ្រាស សរុបមានចំនួន ៥៨ ក្រុមហ៊ុន ស្មើនឹង ៨៩ស្តង់ ក្នុងនោះដែរមានការដាក់តាំងបង្ហាញផលិតផលរបស់ខ្មែរជាច្រើនមុខ មានដូចជា អង្ករ ម្រេច ស្វាយ គ្រប់ស្វាយចន្ទីរ មៀនប៉ៃលិន សាប៊ូ ស្រាបៀរ ស្រាផ្លែឈើ ស្ករត្នោតធម្មជាតិ កាហ្វេខ្មែរ គ្រឿងចម្លាក់ដោយដៃ គ្រឿងអលង្ការ ក្រណាត់ និងសម្លៀកបំពាក់ខ្មែរ និងផលិតផលកសិកម្មជាច្រើនទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំ វង្សី វិស្សុត បានចូលរួមលើកទឹកចិត្តបងប្អូនពាណិជ្ជករ និងអ្នកវិនិយោគចូលរួមជំរុញការនាំចេញផលិតផលកសិកម្មខ្មែរឱ្យកាន់តែច្រើន ដើម្បីជួយដល់កសិកឱ្យមានជីវភាពកាន់តែប្រសើឡើង។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ  វង្សី វិស្សុត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ និងអាជីវករ ដែលបានប្រឹងប្រែងក្នុងការរៀបចំ និងនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញដល់សាធារណជនក្នុងកម្មវិធី «ពិព័រណ៍ចិន-អាស៊ានលើកទី២១»។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តក្វាងស៊ី នៃតំបន់ស្វយ័តក្វាងស៊ី ដែលផ្តល់នូវបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ចំពោះគណៈប្រតិភូកម្ពុជា ក៏ដូចជាសហការ និងសម្របសម្រួលសម្រាប់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំការនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អាស៊ាន-ចិន លើកទី២១ នេះប្រកបដោយភាពទាក់ទាញ និងសម្រេចបានលទ្ធផលល្អប្រសើរ៕











No comments:

Post a Comment