ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤
- ឯកឧត្តម DHERAR AL.TUWAIJRI ឯកអគ្គរដ្ឋទូតនៃរដ្ឋកូវ៉ែតប្រចាំព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- ឯកឧត្តម ហ្សាការីយ៉ា អាដាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
- លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា
- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ
- អឺសាឡាមូឡៃគុម អួងៗ ម៉ាយៗ
- អ៊ីមុំា តួន បងប្អូនខ្មែរឥស្លាម ជាទីស្រឡាញ់រាប់អាន!
ថ្ងៃនេះ ខ្ញុំមានកិត្តិយសដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមកចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ភូមិគំរូនៅភូមិកំពង់អំពិល ឃុំបុរីជលសា ស្រុកបុរីជលសា ខេត្តតាកែវ ជូនប្រជាពលរដ្ឋក្រីក្របំផុតចំនួន៤៨គ្រួសារ ដែលអ្នកខ្លះកំពុងរស់នៅលើទូក និងអ្នកខ្លះទៀតកំពុងរស់នៅលើខ្ទមចាស់ទ្រុឌទ្រោមសាងសង់លើដីកម្មសិទ្ធិរបស់អ្នកដទៃ។ នេះជាភូមិគំរូទីបីហើយ ដែលត្រូវបានសាងសង់ឡើងដោយសមាគមពិភពលោកនៃក្ដីមេត្តានិងសម្របសម្រួលសង្គមនៃរដ្ឋកូវ៉ែត។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ សមាគមសម្របសម្រួលនិងអភិវឌ្ឍសង្គម សមាគមសប្បុរសធម៌ដើម្បីអភិវឌ្ឍកម្ពុជា និងសមាគមពិភពលោកនៃក្ដីមេត្តានិងសម្របសម្រួលសង្គមនៃរដ្ឋកូវ៉ែត ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជ រដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ២០០៧ មក ក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យសុខាភិបាល អប់រំសិក្សាធិការ សង្គមកិច្ច មនុស្សធម៌ កម្មវិធីស្រាយបួស គួរបាន សាងសង់វិហារ សាលារៀន សាងសង់ផ្ទះ បង្គន់អនាម័យ និងជីកអណ្តូងទឹក ជាដើម។ ទាំងនេះគឺជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃ ក្នុងការចែករំលែក និងរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ ដែលរាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ខ្ពស់ សំដៅកសាងសង្គមមួយ ប្រកបដោយសុខសន្តិភាព សុខដុមរមនា និងការអភិវឌ្ឍដោយនិរន្តរភាព និងសមធម៌។
- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោឃៅ អ្វីៗទាំងអស់ត្រូវបានបំផ្លិចបំផ្លាញដល់ឬសគល់ ទាំងហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច និងរូបវន្តនានា ព្រមទាំងសិទ្ធិជាមូលដ្ឋានផ្សេងៗ ដូចជាសិទ្ធិក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការចងក្រងជាសមាគម និងសិទ្ធិខាងជំនឿសាសនា ជាដើម។ ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ ដែលបានប្រសូតចេញពីកម្លាំងសាមគ្គី ពលីកម្មយ៉ាងធំធេង និងការតស៊ូយ៉ាងស្វិតស្វាញរបស់ឥស្សរជនស្នេហាជាតិ ជាពិសេស សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យើងបានខិតខំស្តារ និងកសាងប្រទេសពីបាតដៃទទេ ដោយដៃម្ខាងខិតខំទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត និងដៃម្ខាងទៀតកសាងនិងជួសជុលជាបណ្តើរៗ នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វត្តអារាម និងវិហារសាសនា ជាដើម ឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
ការជួបជុំគ្នានៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់អំពីស្មារតីសាមគ្គីភាព ទឹកចិត្តស្រលាញ់រាប់អាន និងការគោរពឱ្យតម្លៃនិងជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់រើសអើងជំនឿសាសនាឡើយ។ ព្រឹត្តិការណ៍នេះ ក៏ឆ្លុះបញ្ចាំងអំពីសេរីភាពក្នុងការគោរពប្រតិបត្តិតាមជំនឿសាសនារៀងៗខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ជាក់ស្តែង បងប្អូនខ្មែរឥស្លាមទាំងអស់សុទ្ធតែមានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិតាមជំនឿសាសនារបស់ខ្លួន ដូចជាសិទ្ធិក្នុងការពាក់ហ៊ីចាប់ (Hijab) តាមប្រពៃណីសាសនាឥស្លាមនៅតាមទីសាធារណៈ សិទ្ធិថ្វាយបង្គំគ្រប់ទីកន្លែង សិទ្ធិប្រារព្ធពិធីសូត្រគម្ពីរគូរអានជាលក្ខណៈជាតិនិងអន្តរជាតិ និងសិទ្ធិប្រារព្ធពិធីបុណ្យទានផ្សេងៗតាមប្រពៃណីសាសនាឥស្លាម។
ជាការពិត រាជរដ្ឋាភិបាលកម្ពុជាត្រូវការកិច្ចសហការ និងការឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារៈពីអង្គការ សមាគម សប្បុរសជនជាតិ-អន្តរជាតិ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានបើកទូលាយឱ្យមានការចូលរួមពីសមាគមសម្របសម្រួលនិងអភិវឌ្ឍសង្គម និងសមាគមសប្បុរសធម៌ដើម្បីអភិវឌ្ឍកម្ពុជា សហការជាមួយសមាគមពិភពលោកនៃក្ដីមេត្តានិងសម្របសម្រួលសង្គមនៃរដ្ឋកូវ៉ែត ព្រមទាំងសហគមន៍ខ្មែរឥស្លាម កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដើម្បីទ្រទ្រង់ជីវភាពសង្គម និងផ្តល់នូវភាពងាយស្រួលក្នុងការគោរពប្រតិបត្តិតាមជំនឿសាសនា ក៏ដូចជាការសិក្សារៀនសូត្រ។ កន្លងមក បងប្អូនខ្មែរឥស្លាមបានកសាងសមិទ្ធផលយ៉ាងច្រើនសម្រាប់បំពេញតម្រូវការរបស់បងប្អូន ហើយថ្ងៃនេះ យើងមានមោទនភាពក្រៃលែងដោយបងប្អូនខ្មែរឥស្លាមខេត្តតាកែវយើង ទទួលបានជំនួយឧបត្ថម្ភកសាងជាភូមិគំរូលើផ្ទៃដីប្រហែលមួយហិចតា ដែលរួមមានសាលារៀន វិហារ និងផ្ទះចំនួន ៤៨ខ្នង សរុបថវិកាចំណាយអស់ ប្រមាណ៥៣ម៉ឺនដុល្លារ។ ខ្ញុំសង្ឃឹមថា សមិទ្ធផលទាំងនេះ មិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកស្ទួយជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនខ្មែរឥស្លាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការលើកកម្ពស់ចំណេះដឹងទូទៅនិងការអប់រំផ្នែកសាសនាឥស្លាមប្រកបដោយភាពត្រឹមត្រូវ ដែលជាកត្តាចាំបាច់សម្រាប់កសាងសង្គមមួយ ប្រកបដោយភាពសុខដុមរមនា និងការអភិវឌ្ឍដោយចីរភាព និងសមធម៌។
- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី
- អ៊ីមុំា តួន បងប្អូនខ្មែរឥស្លាម
តាងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអំពាវនាវដល់អង្គការ សមាគម សប្បុរសជនជាតិ-អន្តរជាតិ សូមបន្តជួយឧបត្ថម្ភកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានសាលារៀន ប្រឡាយទឹក ផ្លូវលំក្នុងភូមិ ជីកអណ្តូង ស្រះទឹក ជូនប្រជាជននៅតាមមូលដ្ឋាន ជាពិសេសប្រជាជនដែលក្រីក្របំផុត ជនពិការ និងអតីតយុទ្ធជន។
ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមសម្របសម្រួលនិងអភិវឌ្ឍសង្គម សមាគមសប្បុរសធម៌ដើម្បីអភិវឌ្ឍកម្ពុជា និងសមាគមពិភពលោកនៃក្ដីមេត្តានិងសម្របសម្រួលសង្គមនៃរដ្ឋកូវ៉ែត ឯកឧត្តម DHERAR AL.TUWAIJRI ឯកអគ្គរដ្ឋទូតកូវ៉ែតប្រចាំកម្ពុជា ឯកឧត្តម អូស្មាន ហាស្សាន់ ឯកឧត្តម ឧត្តមសេនីយ៍ ឡា ឡៃ ក្នុងការធ្វើឱ្យជំនួយ និងគម្រោងទាំងនេះលេចចេញជារូបរាងឡើង។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់សប្បុរសជនទាំងអស់នាពេលនេះ មិនត្រឹមតែរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនខ្មែរឥស្លាមនៅកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជននិងប្រទេសកម្ពុជា ជាមួយនឹងបណ្តាប្រទេសអារ៉ាប់ជាមិត្តទាំងអស់ ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរគង់វង្សជានិរន្តរ៍។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ និងសូមជូនពរបងប្អូនខ្មែរឥស្លាមទាំងអស់ទទួលបាននូវសេចក្តីសុខស្លាម៉ាត់ គ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំសូមប្រកាសបើកការដ្ឋានសាងសង់ភូមិគំរូ ជូនប្រជាពលរដ្ឋក្រីក្រឥស្លាមនៅភូមិកំពង់អំពិល ឃុំបុរីជលសា ស្រុកបុរីជលសា ខេត្តតាកែវ នាពេលនេះ។
សូមអរគុណ !