Saturday, October 25, 2014

ផ្ទះ​គំ​រូ​​៤៨​​ខ្នង នៅ​ស្រុក​​បូរី​ជល​សា ខេត្ត​តាកែវ ត្រូវបាន​​ប្រារព្ធពិធី​​បញ្ចុះ​បឋម​​សីលា បើក​ការដ្ឋាន​​សាង​សង់

គម្រោង​សាង​សង់​ផ្ទះ​គំ​រូ​ ដែល​នឹង​ត្រូវ​សាង​សង់​លើ​ផ្ទៃក្រឡាប្រមាណ​១ហិចតា  នៅ​ភូមិ​កំ​ពង់​អំ​ពិល ឃុំ​បូរី​ជលសា ស្រុក​បូរី​ជលសា ខេត្តតាកែវ ដែល​ក្នុង​នោះ​មាន​ផ្ទះ​គំ​រូចំ​នួន​៤៨ខ្នង​ វិហារ​អ៊ី​ស្លាម​១ សាលារៀន១ខ្នង​មាន​ពីរបន្ទ​ប់ រួម​ទាំង​គម្រោង​អភិវឌ្ឍ​ផ្សេង​ៗមួ​យ​ចំ​នួន​ទៀត​ ចំ​ណាយ​ថវិការ​សរុប​ប្រមាណ​៥៣០ពាន់​ដុល្លារសហរដ្ឋ​អាមេរិក ត្រូវ​បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សីលាសាង​សង់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៤នេះ ក្រោ​ម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​ ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ​​ អាន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុកទី​ស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​តា​កែវ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា​។

នេះ​ គឺជាគម្រោងសាងសង់​លើក​ទី​៣ហើយ ក្រោម​ជំនួយ​ឧបត្ថម្ភរបស់​សមាគមពិភព​លោក​​នៃ​ក្តី​មេត្តា និងសម្រប​សម្រួលសង្គម​នៃ​រដ្ឋកូវ៉ែត។

ឯកឧត្តម​ ឡាវ​ វណ្ណៈ អភិបាល​ នៃ​គណៈអភិបាល​ខេត្តតាកែវ បាន​ឲ្យដឹងថា​ នៅ​ស្រុក​បូរី​ជលសា មាន​ប្រជាពលរដ្ឋខ្មែរអ៊ី​ស្លាមរស់​នៅ​៧ភូមិ ក្នុង​នោះ​មាន​៤៨​គ្រួសារ ត្រូវ​បាន​​សាងសង់​ផ្ទះ​ធ្វើ​ជា​ភូមិ​គម្រូនៅ​ពេល​នេះ ក្នុងចំ​ណោម​ប្រជាពលរដ្ឋខ្មែរអ៊ី​ស្លាម​ចំ​នួន​១៥០២​គ្រួសារ និង​២០​ភូមិ​ក្នុង​ខេត្ត​តាកែវ​ទាំង​មូល​ ហើយតាង​នាម​ថ្នាក់​ដឹក​នាំ​ខេត្ត និង​​ក្នុង​នាម​ប្រជាពលរដ្ឋនៃ​ខេត្តតាកែវ ឯកឧត្តមសូម​ថ្លែង​អំ​ណរគុណ​ដ៏​ជ្រាលជ្រៅ​ចំ​ពោះ​សមា​គម​ពិភព​លោក​ នៃ​ក្តី​មេត្តា ដែល​បាន​ជួយ​អភិវឌ្ឍនៅ​ក្នុង​តំ​បន់​នេះ​។

លោក មហាម៉ាត់ កូអ័ក្ស ប្រធាន​សមាគមពិភព​លោក នៃ​ក្តី​មេត្តា និង​សម្រប​សម្រួល​សង្គម​នៃ​រដ្ឋកូវ៉ែត បាន​មាន​ប្រសាសន៍ថា​ ជាមួយនឹង​ផែន​ការ​គម្រោង​សាង​សង់​ភូមិ​គម្រូ​ទី៣នេះ គឺលោកបាន​មក​ពិនិត្យ​ទី​តាំង​ភូមិ​នេះ​ដោយ​ផ្ទាល់ ឃើញ​បង​ប្អូន​ក្នុង​ភូមិ​នេះ​រស់​នៅ​លើផ្ទៃ​​ទឹក​ លើក​ក៏​បាន​ស្នើ​ឡើង​ដើម្បី​អនុវត្តគម្រោង​ដ៏​សំ​ខាន់​មួយ​នេះ​។ លោ​ក មហាម៉ាត់ កូអ័ក្ស បាន​បន្ត​ថា​ « កត្តាដែល​នាំ​ឲ្យ​លោកចាប់​ផ្តើម​ការងារ​នេះ គឺអនុវត្ត​តាម​​​ប្រសាសន៍​របស់សាហារីមូហាម៉ាត់ ថា ៖ ពុំ​មែន​ជា​ប្រជា​ជាតិ​យើង​ទេ អ្នក​ដែល​ហូ​ប​​ឆ្អែត​ដេក​លក់​ ហើយ​ញាតិ​ជិត​ខាង​របស់​គេដេក​ឃ្លាន​នោះ​»។ យ៉ាង​ណា​មិញ​​បង​ប្អូន​រួមជាតិ​របស់​យើង​ កំ​ពុង​រស់​នៅ​ក្នុង​ស្ថាន​ភាព​ខ្វះ​ខាត​ទី​ជម្រក។

ឯកឧត្តម  ឌី​រ៉ា ណា​សៀរ អាត់​ទូ​វ៉ៃជី​រីយ៍ ឯកអគ្គ​រដ្ឋ​ទូត​កូ​វ៉ែត​ប្រចាំ​កម្ពុជា​ បាន​មាន​ប្រសា​សន៍​ថា​ គម្រោង​សាង​សង់​លំ​នៅ​ដ្ឋាន​ វិស័យ​អប់​រំ​ មណ្ឌល​សុខភាព​ និង​សេវា​សា​ធា​រណៈសម្រាប់​អ្នក​ភូមិ​ត្រូវ​បាន​ចាត់​ទុកជា​វិស័យ​ស្នូល និង​សំ​ខាន់​សម្រាប់​សកម្ម​ភាព​​សប្បុរសធម៌ មនុស្ស​ធម៌ នៅ​កម្ពុជា​ និង​ជា​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​បំ​ផុត​ ជា​ពិសេសនៅ​តាម​ភូមិ​ឃុំ និង​ទី​ជន​បទ​ ដើម្បីលើក​កំ​ពស់​សេវាសាធារណៈ ការរស់​នៅ​ថ្លៃ​ថ្នូរ និង​ការ​អភិវឌ្ឍ​ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចំ​រើនថែម​ទៀត​លើ​គ្រប់​វិស័យ​។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន​ បានមាន​ប្រសាសន៍ថា​ គម្រោង​សាង​សង់​ផ្ទះ​គំ​រូជូន​ប្រជា​ពលរដ្ឋ​៤៨​ខ្នងនៅ​ពេល​នេះ គឺ​ជា​គម្រោង​មនុស្ស​ធម៌​ពិត​ៗ ដែល​បាន​រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រីក្ររបស់​ប្រជា​ពលរដ្ឋ​ និង​​ការ​អភិវឌ្ឍ​សង្គម​កម្ពុ​ជា​ឲ្យ​មាន​ការ​រីក​ចំ​រើន​ថែម​មួយ​កម្រិត​ទៀត​។ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំ​ណើររបស់​ប្រជា​ពលរដ្ឋនៅ​ក្នុង​ឃុំ​បូរី​ជលសា នៃ​ស្រុក​បូរី​ជលសា  ឯកឧត្តមបណ្ឌិត​សភាចារ្យ​ ក៏​បាន​ប្រកា​ស​ពី​គម្រោង​បើក​ការដ្ឋាន​​សាងសង់​ផ្លូវ​មួយ​ខ្សែប្រវែង​២០​គីឡូម៉ែត្រ ដែល​កំ​ពុង​​ខូច​ខាត នៅក្នុង​​រយៈពេល​២ ឬ៣ខែ​ខាង​មុខ​ទៀត​។ ឯកឧត្តម បាន​មាន​ប្រសាសន៍​បន្ថែម​ថា ស្រប​ពេល​ដែល​បណ្តាប្រទេស​មួយ​ចំ​នួន​កំ​ពុង​ប្រឈម​នឹង​ជម្លោះ​រវាង​សាសនា និង​សាសនា ខុស​ពី​កម្ពុជា​ ដែល​បងប្អូន​អ៊ី​ស្លាម​ បាន​និង​កំ​ពុង​រស់​នៅ​ដោយ​សុខដុមនីយកម្មក្នុង​ប្រទេ​សជា​មួយ​ប្រជា​ពលរដ្ឋកម្ពុជា​ ដែល​ជាង​៩០​ភាគ​រយ​គោរព​ព្រះ​ពុទ្ធ​សាសនា។

ឯកឧត្តម​បាន​បន្តថា​ រាជរដ្ឋាភិបាល​កម្ពុជា​ពិត​ជា​ត្រូវ​ការ​កិច្ច​សហប្រតិបត្តិការសម្រាប់​ការ​អភិវឌ្ឍ​ ហើយ​ថ្ងៃ​នេះ​ គឺ​ជា​សក្ខី​ភាព​ នៃ​កាយ​វិការ​សប្បុរស​ធម៌​របស់​សមាគមពិ​ភព​លោក​នៃ​ក្តី​មេត្តា និង​សម្រប​សម្រួល​សង្គម​នៃ​រដ្ឋ​កូវ៉ែត ដែល​បាន​ជួយ​លើ​គម្រោង​សាង​សង់​ភូមិ​គំ​រូ​នេះ​ឡើង និងឯកឧត្តមក៏​បាន​អំ​ពាវ​នាវ​ឲ្យ​បន្ត​ជួយ​ឧបត្ថម្ភក្នុង​ការ​អភិវឌ្ឍ​បន្ថែម​​ទៀត​​។ ក្រៅ​ពី​នេះ​ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ​ អាន​ ក៏​បាន​មាន​ប្រសាសន៍​អំពី​គម្រោង​រៀប​ចំ​ផ្សារ មូលនិធិ​សមធម៌ និង​សហគមន៍​កសិកម្ម​​ក្នុង​ពេល​ខាងមុខនេះក្នុង​ស្រុក​បូរីជលសា ដោ​យ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការរ​ចងក្រង​គ្នា​ក្នុង​មូលដ្ឋាន និងជម្រុញ​ក្រុម​​ការងារ​ថ្នាក់ជាតិ​ឲ្យ​ជួយដោះ​ស្រាយ​ពូជ​ស្រូវ និង​ការ​ផ្គត់​ផ្គង់​ជី​ ដើម្បីបង្កើន​ជី​វភាព​រស់​នៅ​សម​រម្យ​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​កាន់​តែ​មាន​ភាព​ល្អប្រសើរឡើង​។

គួរ​បញ្ជាក់​ផង​ដែរថា សកម្មភាព​សមនុស្ស​ធម៌របស់​សមាគមពិភព​លោក​ នៃក្តី​មេត្តា និង​សម្រប​សម្រួល​សង្គម​នៃ​រដ្ឋ​កូវ៉ែត និង​ការ​រួម​ចំ​ណែក​នៃ​ម្ចាស់ជំនួយ​ទូ​ទៅ​ រហូត​មក​ដល់ពេល​នេះ បាន​ជួយ​ថវិការលើគម្រោង​សាង​សង់​នានា ក្នុង​ទឹក​ប្រាក់​ចំ​នួន​ប្រមាណ​១៥លាន​ដុល្លារសហរដ្ឋអាមេរិក​ហើយ សម្រាប់​ចំ​ណាយ​លើគម្រោង​ផ្សេង​ៗ ដូចជា​គម្រោង​សង្គម​កិច្ច​ អប់​រំ សុខាភិបាល អភិវឌ្ឍ និង​ជំនួយ​មនុស្ស​ធម៌៕








No comments:

Post a Comment