នៅថ្ងៃទី៥ ខែកញ្ញា
ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ទណ្ឌិតសម រង្ស៊ី បានលបលួចសរសេរលិខិតមួយច្បាប់ផ្ញើជូនលោក
មហាធៀ
មហាម៉េត នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ដើម្បីសុំអង្វរជួយដោះស្រាយរបស់ដែលហៅថា វិបត្តិនយោបាយនៅកម្ពុជា
អាស្រ័យដោយប្រទេសម៉ាឡេស៊ីបានដើរតួរសំខាន់ក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១។
ក្នុងន័យនេះ ទណ្ឌិតរូបនេះគិតថា កិច្ចព្រមព្រៀងនេះនៅតែជាឧបករណ៍ដើម្បីជួយស្វែងរកដំណោះស្រាយលើអ្វីដែលគេហៅថា វិបត្តិនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន។ សំណួរសួរថាតើកម្ពុជាបច្ចុប្បន្នមានវិបត្តិនយោបាយឬទេ? តើកិច្ចព្រមព្រៀងក្រុងប៉ារីសនៅមានសុពលភាពក្នុងដំណោះស្រាយនយោបាយរួមនៅកម្ពុជាឬទេ?
តើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាចនឹងយល់ព្រមឱ្យមានការចរចាឡើងវិញជាមួយទណ្ឌិតនេះបានឬទេ?
តើមានកត្តាអ្វីខ្លះដែលការចរចាមិនអាចធ្វើទៅបាន?
រហូតមកដល់ពេលេះ សម រង្ស៊ីផ្ទាល់ គឺជាទណ្ឌិត
ដែលតុលាការបានចេញដីកាតាមចាប់ខ្លួន លើបទឧក្រិដ្ឋជាច្រើនករណីពីបទញុះញង់
បំផុសបំផុល បំបះបំបោរ បញ្ឆេះកំហឹងមហាជនឱ្យប្រឆាំង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
ហើយចុងក្រោយទណ្ឌិតនេះបានប្រកាសចាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងឋិតក្នុងតំណែង។ អតីតបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលនៃប្រទេសកម្ពុជាសម្រេចរំលាយចោលដោយអតីតបក្សមួយនេះបានប្រព្រឹត្តផ្ទុយនឹងច្បាប់ពីគណបក្សនយោបាយ
ហើយបានហាមប្រាមថ្នាក់ដឹកនាំចំនួន១១៨ ពីការធ្វើសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំ។
តែទីបំផុតក្រុមអតីតបក្សប្រឆាំងបានបង្កើតចលនាឧទ្ទាមក្រៅច្បាប់មួយទៀតនៅឯក្រៅប្រទេសបឆាំងនឹងរាជរដ្ឋាភិបាល
ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងគោលការណ៍លទ្ធិប្រជាថិបតេយ្យសេរី និងឆន្ទៈរបស់ប្រជាជនដែលជាម្ចាស់នៃជោគវាសនានៃប្រទេសជាតិរបស់ខ្លួន។
ហើយចុងក្រោយនេះ ទណ្ឌិត សម រង្ស៊ី បានប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រថា ជាអាយ៉ងរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន ដែលជាទង្វើប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដែលបានចែងថា អង្គព្រះមហាក្សត្រមិនអាចត្រូវបានរំលោភបំពានបានឡើយ។
អាស្រ័យដោយសារមើលឃើញច្បាស់ថា មហាជនភាគច្រើនមិនគាំទ្រទង្វើក្បត់ជាតិ
និងមិនអាចវិលត្រឡប់ចូលស្រុកបាន ទណ្ឌិតក៏សម្រេចចិត្តធ្វើខ្លួនថោកទាបលួចសរសេរលិខិតសុំជំនួយពីលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
ឱ្យជួយសម្របសម្រួលខាងនយោបាយ ហើយក៏ដើម្បីខ្លួនបានវិលត្រឡប់ចូលស្រុកវិញ ដោយលើកយកកិច្ចព្រមព្រៀងក្រុងប៉ារីសធ្វើជាលេស។
គួររម្លឹកថា កិច្ចព្រមព្រៀងក្រុងប៉ារីស១៩៩១ មានគោលបំណងបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា
ដែលបានផ្ទុះឡើងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩១ ក្នុងនោះ មានភាគីក្នុងជម្លោះរួមមានគណបក្សប្រជាជនកម្ពុជា
ហ្វ៊ុនស៊ិនប៉ិច រណសិរ្យរំដោះប្រជាពលរដ្ឋខ្មែរ និងកម្ពុជាប្រជាធិបតេយ្យ ដោយមានការសម្របសម្រួលពីប្រទេសបារាំង
និងឥណ្ឌូណេស៊ី ដែលជាសហប្រធាន ដោយមានហត្ថលេខី១៨ ប្រទេសធ្វើជាសាក្សី ដើម្បីធានាថា
បេសកកម្មរបស់អាជ្ញាធរអន្តរកាលនៃអង្គការសហប្រជាជាតិត្រូវបានអនុវត្តមានប្រសិទ្ធភាពក្នុងក្របខណ្ឌនៃប្រតិបត្តិការសម្របសម្រួលដោយអង្កការសហប្រជាជាតិ។
ជាការពិត គោលបំណងនិងបេសកកម្មនៃកិច្ចព្រមព្រមព្រៀងនេះ
ត្រូវបានប្រគល់ជូនអាជ្ញាធរអត្តរកាលនៃអង្កការសហប្រជាជាតិ ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលតំណាងដោយភាគីក្នុងជម្លោះទាំងបួន។
គោលបំណងនៃកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់តាមរយៈបេសកកម្មរបស់អ៊ុនតាក់ ក្នុងនោះ មានការធើ្វមាតុភូមិនិវត្តិន៍ជនភៀសខ្លួនដែលបានផ្លាស់ទីដោយសារសង្រ្គាម
ការប្រមូលផ្តុំកងទ័ពនៃគ្រប់ភាគី ដើម្បីការកាត់រំសាយកងទ័ព ការបោះឆ្នោតសកល ការអនុវត្តគោលការណ៍គោរពសិទ្ធិមនុស្សជាមូលដ្ឋាន
និងគោលការណ៍ដើម្បីធានាការគោរពចំពោះអធិបតេយ្យជាតិ ឯករាជ្យ បូរណភាពទឹកដីនៃប្រទេសកម្ពុជា។
ជាការពិត បេសកកម្មរួមរបស់កិច្ចព្រមព្រៀងក្រុងប៉ារីសត្រូវបានបំពេញចប់សព្វគ្រប់
ដោយអាជ្ញា ធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិហៅថា អ៊ុនតាក់ វាលើកលែង
ភាគីអតីតកម្ពុជាប្រជាធិបតេយ្យ ក្នុងចំណោមភាគីទាំងបួនក្នុងជម្លោះ ដែលបានសម្រេចដកខ្លួនចេញពីការរំសាយកងទ័ព
និងការបោះឆ្នោត។ នៅឆ្នាំ១៩៩៤ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ដាក់ក្រុមកម្ពុជាប្រធិបតេយ្យឱ្យនៅក្រៅច្បាប់
ហើយក្រោយមក ក៏បានក្លាយទៅជាចលនាឧទ្ទាមក្រៅច្បាប់ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជារហូតដល់មានការធ្វើសមាហរណកម្មចូលរួមរស់ក្នុងសង្គមជាតិវិញក្រោមការអនុវត្តនៃនយោបាយឈ្នះ-ឈ្នះរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន ចុងឆ្នាំ១៩៩៨។
សមិទ្ធផលធំបំផុត ក្រោយការរៀបចំការបោះឆ្នោតជាសកលលើកដំបូងឆ្នាំ១៩៩៣
ដោយអាអ្ញាធរបណ្តោះអាសន្ននៃអង្កការសហប្រជាជាតិ គឺបានបង្កើតឱ្យមានរដ្ឋធម្មនុញឆ្នាំ១៩៩៣
របបរាជានិយមទី២ អនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។
ដូច្នេះ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាតែមួយគត់
ដែលបានកំណត់អំពីគោលការណ៍គ្រឹះ របៀបដឹកនាំកិច្ចការរដ្ឋ និងកិច្ចការអន្តរជាតិ
និងគោលការណ៍គ្រឹះសំខាន់ៗនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣
ទាំងស្រុង។ ជាការកត់សំគាល់ក្នុងវិស័យនយោបាយការបរទេស កម្ពុជាបានអនុវត្តនយោបាយអព្យាក្រិតអចិន្ត្រៃយ៍
មិនចូលបក្សសម្ព័ន្ធយោធាជាមួយនឹងបរទេសណាទាំងអស់ ដោយប្រកាន់យកគោលនយោបាយសន្តិសហវិជ្ជមានក្នុងទំនាក់ទំនងអន្តរជាតិរបស់ខ្លួនជាមួយបណ្តាប្រទេសទាំងអស់ក្នុងសកលលោក។
ដូច្នេះ កិច្ចព្រមព្រៀងក្រុងប៉ារីសលែងជាប់ពាក់ពន័្ធនឹងអ្វីដែលកើតមានក្នុងប្រទេសកម្ពុជាទៀតនោះឡើយ
អាស្រ័យដោយប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ខ្លួន កម្ពុជាបានអនុវត្តនិងប្រកាន់យកមាគ៌ាប្រជាធិបតេយ្យសេរី
ពហុបក្ស មានការបោះឆ្នោតជាតិត្រឹមត្រូវ និងទៀងទាត់ ដើម្បីជ្រើសតាំងមេដឹកនាំរាជរដ្ឋាភិបាលមួយ
ស្របតាមឆន្ទៈរបស់អ្នកបោះឆ្នោតជាបន្តបន្ទាប់។ ប្រទេសម៉ាឡេស៊ី ត្បិតតែជាហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសនោះមែន
ក៏ប៉ុន្តែ ក្នុងឋានៈជាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មិនអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបាននោះឡើយ។
ករណីលើកឡើងរបស់ទណ្ឌិត ពិតជាបានប្រាសចាកពីបរិបទ និងស្មារតីពិតនៃកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទាំងស្រុង
ពីព្រោះ កិច្ចព្រមព្រៀងនោះ បានអនុវត្តបេសកកម្មរបស់ខ្លួនតាមរយៈអាជ្ញាធរ បណ្តោះអាសន្ននៃអង្កការសហប្រជាជាតិហៅថា
អ៊ុនតាក់ ហើយវាក៍មិនបានផ្តល់ការអនុញាតិឱ្យចូលធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា
ដែលជារដ្ឋអធិបតេយ្យពេញលេញបាននោះឡើយ។
ជាការពិត ករណីលើកឡើងរបស់ទណ្ឌិតរូបនេះមិនអាចអនុញាតឱ្យប្រទេសម៉ាឡេស៊ីចូលពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុងរបស់កម្ពុជបានឡើយ
ពីព្រោះករណីរបស់ទណ្ឌិតនេះ គឺពាក់ព័ន្ធសុទ្ធ នឹងការអនុវត្តវិធានការផ្លូវច្បាប់របស់កម្ពុជា។
ទណ្ឌិត គឺជាបុគ្គលដែលតុលាការកម្ពុជាបានចេញដីកាចាប់ខ្លួន ហើយសមត្ថកិច្ចកំពុងតាមចាប់ខ្លួនពីបទប្រឆាំងនឹងសាលដីកាតុលាការកំពូលកម្ពុជា
ជាប់ទោសឧក្រិដ្ឋពីបទញុះញុង់ឱ្យកងកម្លាំងប្រដាប់អាវុធងើបប្រឆាំនឹងរាជរដ្ឋាភិបាល
អំពាវនាវឱ្យប្រជាជនទាញទម្លាក់នាយករដ្ឋមន្រ្តីស្របច្បាប់ចេញពីអំណាច
អំពាវនាវឱ្យប្រជាជនចាប់នាយករដ្ឋមន្រ្តីយកទៅកាត់ទោស។ល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជំហរច្បាស់លាស់បំផុតថា
លោកនឹងមិនស្នើសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសដល់ទណ្ឌិត សម រង្ស៊ី ដូចដែលលោកធ្លាប់បានធ្វើក្នុងអំឡុងឆ្នាំ២០១៣
បានទៀតឡើយ។ ពីព្រោះទណ្ឌិត សម រង្ស៊ី បានប្រើប្រាស់វោហារ្យសាសន៍ជាចំហរ ក្នុងចលនាជាឧទ្ទាមក្រៅច្បាប់បំផុសឱ្យប្រជាជនមានកំហឹងទាញទម្លាក់រដ្ឋាភិបាលផ្ទុយនឹងរដ្ឋធម្មនុញ្ញ
ផ្ទុយនឹងឆន្ទៈ របស់អ្នកបោះឆ្នោតជាង៨៣.០២%
ដែលបានបោះឆ្នោតភ្លូកទឹកភ្លូកដីគាំទ្រគណបក្សប្រជាជនឱ្យបន្តដឹកនាំរាជរដ្ឋាភិបាល និងបានប្រកាសចាប់លោកនាយករដ្ឋមន្រ្តីក្នុងមុខតំណែង
ហើយចុងក្រោយថ្មីៗ ទណ្ឌិត សម រង្ស៊ី បានថ្លែងប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រកម្ពុជា
ដោយបានចោទព្រះមហាក្សត្រថា ជាអាយ៉ងរបស់លោកនាយករដ្ឋមន្រ្តី
ដែលជាទង្វើប្រមាថយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញដែលអង្គព្រះមហាក្សត្រកម្ពុជាមិនអាចត្រូវរំលោភបំពានបានដាច់ខាត។
ជារួម សម្រាប់ប្រទេសម៉ាឡេស៊ី
កម្ពុជាគ្មានវិបត្តិនយោបាយនោះទេ តែវាជាករណីទាក់ទងទៅនឹងការអនុវត្តវិធានការផ្លូវច្បាប់
ដែលម៉ាឡែស៊ីមិនអាចជ្រៀតជ្រែកចូលកិច្ចផ្ទៃក្នុងកម្ពុជាបានឡើយ។
កិច្ចព្រមព្រៀងក្រុងប៉ារីសគ្មានសុពលភាព និងអនុភាព ដើម្បីអនុវត្តទៅលើអ្វីដែលកំពុងកើតឡើងក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននោះឡើយ
អាស្រ័យដោយប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយបានអនុវត្តគោលការណ៍ប្រជាធិបតេយ្យ
សេរីពហុបក្សឥតងាករេ ដែលប្រទេសកម្ពុជា និងប្រជាជនកម្ពុជាបាននិងកំពុងសារទនឹងសុខសន្តិភាព
ស្ថិរភាពនយោបាយ ដែលប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍ រីកចម្រើនលូតលាស់ក្នុងកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់៧%
ក្នុងមួយឆ្នាំៗ ជាមួយនឹងជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទនភាព៕
ដោយ ឡុង បុរិតា