Friday, May 22, 2015
បទអត្ថាធិប្បាយ ដោយ រត្ន័ សណ្ដាប់៖ អង្គការ«NGOs» គួត្រៀមខ្លួនរស់ក្រោមដំបូលតែមួយ
នៅពេលថ្មីៗនេះ
សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសជាសាធារណៈថា
នឹងធ្វើឲ្យប្រទេសកម្ពុជាមានច្បាប់ ដែលជាបែបបទនីតិវិធីមួយ ក្នុងការធ្វើឲ្យអង្គការសង្គមស៊ីវិល ធ្វើកិច្ចប្រតិបត្ដិក្នុងការអនុវត្ដកម្មវិធីរបស់ខ្លួន
ក្នុងក្របខណ្ឌ័ជាដៃគូជាមួយរាជរដ្ឋាភិបាល។
នៅកម្ពុជា ចាប់តំាងពីឆ្នាំ១៩៧៩
ការកសាងប្រទេសឡើងវិញ គឺចាប់ផ្ដើមពីបាតដៃទទេ ដែលកាលណោះមានតែអង្គការ «NGOs» មួយចំនួនតូចមកធ្វើការនៅកម្ពុជា ជាដៃគូពិតជាមួយរដ្ឋាភិបាល។
ចាប់ពីមានកិច្ចព្រមព្រៀងឆ្នាំ១៩៩១មក និងក្រោយការបោះឆ្នោតសកលឆ្នាំ១៩៩៣ ទើបមានអង្គការ «NGOs» ពីបរទេសចូលមកកម្ពុជា ជាបន្តបន្ទាប់ និងយ៉ាងច្រើនសន្ធឹកសន្ធាប់។ទន្ទឹមនឹងនេះ ក៏មានអង្គការ «NGOs» បរទេសមួយចំនួន មានកម្មវីធីជួយបណ្តុះបណ្តាលបងប្អូនខ្មែរ ឲ្យចេះបង្កើតសមាគម និងមុខរបរជូនប្រជាជនក្នុងស្រុកភូមិមួយចំនួនផងដែរ។ រហូតដល់បច្ចុប្បន្ន អង្គការសង្គមស៊ីវិល
ក្នុងនោះរួមមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានដល់ទៅជាង៤០០០អង្គការ។
ក្នុងគោលការណ៍គ្រប់គ្រងប្រទេស
តាមរបបលទ្ធិប្រជាធិបតេយ្យ និងដើម្បីការពារឲ្យបាននូវអធិបតេយ្យភាពរបស់ប្រទេស រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏មោះមុតរបស់ សម្ដេច ហ៊ុនសែន បានដឹកនាំ និងអនុវត្ដការងាររដ្ឋបាល
ការងារគ្រប់គ្រងភូមិ ឃុំ/សង្កាត់ ស្រុក/ខ័ណ្ឌ ខេត្ដ/ក្រុង និងប្រទេសជាតិទំាងមូល ដោយឈរលើស្មារតី ការលើកកម្ពស់ជីវភាព និងការផ្តល់សេវាសាធារណៈ និងការធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ ការការពារអធិបតេយ្យភាព
បូរណភាព ទឹកដី ហើយការគ្រប់គ្រងនេះគឺបានស្ថិតនៅក្រោមដំបូលតែមួយ
ពោលគឺអ្វីៗត្រូវស្ថិតនៅក្នុងរង្វង់ក្របខណ្ឌ័ ក្រឹត្យក្រម និងបែបបទនីតិវីធីរបស់រដ្ឋ។
ក្នុងន័យនេះ ដោយយល់ឃើញថា
អស់រយៈពេលជាង២០ឆ្នាំមកហើយ
ពិសេសពេលដែលអង្គការ NGOs ចាប់ចូលមកធ្វើការនៅកម្ពុជាច្រើនទ្បើងៗ
តែការគ្រប់គ្រងរបស់រដ្ឋអំណាចទៅលើសកម្មភាពទាំងឡាយរបស់ពួកគេ នៅមានភាពធូររលុង ឬស្ទើរតែគ្មានទាល់តែសោះ។
ដោយយល់ឃើញថា
ការបណ្ដែតបណ្ដោយតទៅទៀតរបស់រាជរដ្ឋាភិបាល ដោយអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិលទំាងនោះ ធ្វើការងារតាមបែបអនាធិបតេយ្យ
គ្មានការត្រួតពិនិត្យពីស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋ
គឺជាភាព «វាទប្បដិវាទ-controversal» ប្រៀបបាននឹងការខិតខំប្រឹងប្រែងបញ្ចៀសខ្យល់របស់រាជរដ្ឋាភិបាល
ដៃម្ខាងខិតខំដឹកនំាស្រុកទេសឆ្ពោះទៅរកវិវឌ្ឈនភាព សុវត្ថិភាព និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ រីឯដៃម្ខាងទៀតខំទប់ទល់នឺងការរិះគន់ ឬសកម្មភាពប្រឆាំងយ៉ាងរំខានជារៀងរាល់ថ្ងៃ របស់អង្គការសង្គមស៊ីវិលមួយចំនួនធំ។
ដោយយល់ឃើញថា
ប្រទេសមហាអំណាចខាងលទ្ធិប្រជាធិបតេយ្យនានាលើពិភពលោកពិសេសសហរដ្ឋអាមេរិក
ដែលតែងតែរិះគន់មកលើការដឹកនាំរបស់ សម្ដេច ហ៊ុន សែន គេក៏មានច្បាប់
មានក្រឹត្យក្រម នឹងបែបបទនីតិវិធីយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីឲ្យដំណើរការនៃការប្រព្រឹត្ដទៅរបស់អង្គការ «NGOs» ស្ថិតនៅក្រោមដំបូលតែមួយ ក្នុងក្របខណ្ឌ័អធិបតេយ្យភាពរបស់រដ្ឋ។ រាល់ការបង្កើតសមាគម
ឬអង្គការមិនមែនរដ្ឋាភិបាល គឺត្រូវធ្វើការចុះបញ្ជីឲ្យបានត្រឹមត្រូវ ដោយភ្ជាប់ជាមួយ នឹងគោលបំណង និងលក្ខន្ដិកៈរបស់ខ្លួន ថាតើជាអង្គការនោះនោះ
បំរើសេវាកម្ម បែបផែនមនុស្សធម៌ដល់ប្រជាពលរដ្ឋ ហើយមានសកម្មភាពត្រឹមត្រូវតាមច្បាប់ឬទេ?
ម្យ៉ាងវិញទៀត អង្គការ «NGOs» ទាំងអស់នោះត្រូវចាំបាច់ធ្វើរបាយការណ៍ប្រចាំឆ្នាំជូនរដ្ឋ ក្នុងនោះមានការបង្ហាញពីកម្មវិធីការងារ និងពីស្ថានភាពថវិកា ប្រាក់ចំណូល និងប្រាក់ចំណាយរបស់អង្គការផងដែរ។
តើនេះជាច្បាប់គាបសង្កត់ទៅលើអង្គការ «NGOs» ឬក៏ជាច្បាប់តម្រូវការចំពោះមុខរបស់រដ្ឋ ចំពោះអង្គការ «NGOs» ក្នុងការធ្វើចលនា ឬសកម្មភាពអ្វីមួយក្នុងប្រទេសឲ្យបានត្រឹមត្រូវទេឬអ្វី? តើនេះពុំបានន័យថា អ្វីៗក៏ដោយត្រូវស្ថិតនៅក្រោមដំបូលតែមួយនៃការគ្រប់គ្រងរបស់រដ្ឋទេឬអ្វី?
ក្នុងបរិការនេះហើយទើប សម្ដេច
ហ៊ុន សែន បានចេញបញ្ជាឲ្យក្រសួងពាក់ពន័្ធរៀបចំសេចក្ដីព្រាងច្បាប់នេះ
ក៏ដូចសេចក្ដីព្រាងច្បាប់ផ្សេងៗដែលនៅសេសសល់មួយចំនួនទៀត ឲ្យបានឆាប់រហ័ស ដើម្បីដាក់ជូនសភាអនុម័តក្នុងខែឧសភា
ឬខែខាងមុខនេះ។
នរណាក៏ដឹងដែរថា រាជរដ្ឋាភិបាលមិនចេះតែធ្វើសេចក្ដីព្រាងច្បាប់ណាមួយដោយគ្មានមើលលំនំាច្បាប់នៃប្រទេសនានានោះទ្បើយ។
ក្នុងន័យនេះ អ្នកដែលបានស្រែកតវ៉ាមួយចំនួន ដែលមិនពេញចិត្ដនឹងខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីការគ្របគ្រងសមាគម
និងអង្គការមិនមែនរដ្ឋាភិបាល នោះ គួត្រៀមខ្លួនត្រៀមឥរិយាបថ ដើម្បីអនុវត្ដនូវបែបបទនីតិវិធី
ដែលជាក្រឹត្យក្រមរបស់ប្រទេសនៃរបបលទ្ធិប្រជាធិបតេយ្យ និងដើម្បីធានានូវការពារអធិតេយ្យភាព ឲ្យបានហ្មត់ចត់!
Subscribe to:
Posts (Atom)