អត្ថបទដោយ: សៅ សុភៈ
ឆ្លងតាមព្រឹត្តិការណ៍នយោបាយនៅកម្ពុជាជិត ៤ ទសវត្សរ៍កន្លងមកនេះ ពិភពលោកអាចមើលឃើញយ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកចរចាដ៏ល្បីល្បាញ និងដើរតួនាទីដ៏សំខាន់ជាអ្នកដោះស្រាយ ក៏ដូចជាអ្នកការទូតដ៏ប៉ិនប្រសប់ ទន់ភ្លន់ នៅគ្រប់របត់នយោបាយធំៗ ជាអាយុជីវិតរបស់ជាតិខ្មែរជាង ៣០ ឆ្នាំចុងក្រោយនេះ ហើយសម្តេចតែងតែបើកបេះដូង ចិត្តទូលាយជាមួយអ្នកនយោបាយខ្មែរគ្នាឯង ព្រមទាំងជាមួយប្រទេសនានា ដើម្បីកសាងសន្តិភាព អភិវឌ្ឍប្រទេសកម្ពុជា និងប្រយោជន៍ទៅវិញទៅមក។
ចំពោះស្ថានភាពនយោបាយនៅកម្ពុជាវិញ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី ៥ រួចមក ដែលមានបញ្ហាអូសបន្លាយរហូតមកដល់ពេលនេះ ត្រូវបានបញ្ចប់ ក្នុងនាមយើងជាខ្មែរនៅតែមានជំនឿចិត្តថា សម្តេចតេជោ ហ៊ុន សែន នៅតែជាតួអង្គមួយដ៏សំខាន់ដូចអតីតកាល។ វត្តមានរបស់សម្តេច នឹងខិតខំរិះរកគ្រប់មធ្យោបាយដើម្បីបញ្ចប់បញ្ហានយោបាយ និងបច្ចេកទេសជាមួយគណបក្សប្រឆាំង ជាពិសេសធ្វើយ៉ាងណាកុំឲ្យបញ្ហាដដែលៗកើតឡើងជាថ្មីទៀត នៅក្រោយពេលបោះម្តងៗ។
ជាក់ស្តែងណាស់ នៅទីបំផុត វិបត្តិនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជា ដែលបានអូសបន្លាយពេលអស់ ១ឆ្នាំកន្លងមកនេះ បានបិទបញ្ចប់ជាស្ថាពរហើយ បន្ទាប់ពីជុំនួបប្រជុំជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាអស់ពេលជិត ៥ ម៉ោង កាលពីថ្ងៃអង្គារ ទី ២២ ខែកក្កដាកន្លងទៅនេះ។ ទាំងនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់កម្ពុជា ដែលកើតចេញពីឆន្ទៈនយោបាយដ៏មោះមុតរបស់ សម្តេច ហ៊ុន សែន លើទ្រឹស្តីនយោបាយយុទ្ធសាស្រ្តឈ្នះៗ (ខ្មែរឈ្នះទាំងអស់គ្នា) គឺគណបក្សសង្គ្រោះជាតិក៏ឈ្នះ គណបក្សប្រជាជនកម្ពុជាក៏ឈ្នះ។ ឈរលើហេតុផលនេះ គណបក្សសង្គ្រោះជាតិសម្រេចថា ខ្លួននឹងចូលធ្វើការនៅរដ្ឋសភា នៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ចំណងនយោបាយដែលស្រាយដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិ ដែលក្នុងនោះមានអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ប្រទេសបារាំង ជប៉ុន និងចិនជាដើម បានស្វាគមន៍ការបញ្ចប់ជម្លោះនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ រួមទាំងការដោះលែងឲ្យមានសេរីភាពវិញ នូវបេក្ខជនតំណាងរាស្ដ្រជាប់ឆ្នោតចំនួន ៧រូប របស់គណបក្សប្រឆាំង។ គណបក្សជាប់ឆ្នោតទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ លើគោលការណ៍បង្កើតសមាសភាពដឹកនាំរដ្ឋសភា និងធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ជាងនេះទៅទៀត ពីទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី បានថ្លែងស្វាគមន៍ការបំបែកភាពជាប់គាំងនយោបាយរបស់គណបក្សទាំងពីរ។
បើគេរម្លឹកដល់អតីតកាលនោះ គេនឹងមានការចងចាំ និងបានដឹងថា ចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៧ ខែមករា ១៩៧៩ គឺមានរយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ជារបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលបានបំផ្លាញហេដ្ឋារចនាសង្គមក្លាយជាផេះ ធ្វើទារុណកម្ម កាប់សម្លាប់ប្រជាជនខ្មែរអស់ជិត៣លាននាក់ នឹងបានបន្សល់ទុកនូវវិបត្តិសង្គមដ៏ធ្ងន់ធ្ងរ ដែលមានផ្នែកជាច្រើន មកដល់បច្ចុប្បន្នទៀតផង។ អ្នកដែលបានបញ្ចប់របបវាលពិឃាត និងសង្គ្រោះជីវិតមនុស្ស គឺដោយសារឥស្សរជនក្នុងកម្លាំងសាមគ្គីរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ឈានដល់ការរំដោះបាន នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ដែលមានគណបក្សប្រជាជនកម្ពុជាជាកម្លាំងស្នូលនៃចលនារណសិរ្សនេះ។
គុណបំណាច់ជាប្រវត្តិសាស្ត្រនេះ ជាស្នាដៃរបស់ថ្នាក់ដឹកនាំកំពូលៗនៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាចបច្ចុប្បន្ន ក្នុងនោះក៏មាន សម្តេចតេជោ សែន ផងដែរ ព្រមទាំងយុវជនជាច្រើននាក់ទៀតនៅពេលនោះ។
ទោះបីជារបបប្រល័យពូជសាសន៍ត្រូវបានផ្តួលរំលំក៏ដោយ ក៏ប្រទេសកម្ពុជានៅមានសង្គ្រាមក្នុងស្រុកបន្តទៀត ឈាមខ្មែរនៅតែហូរ ពុំមានឱកាសកសាងជាតិឡើយ។ ចាប់ពីដើមឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩ កម្ពុជាមានសង្គ្រាមស៊ីវិល ប្រឆាំងនឹងគ្នាឯង។ រយៈពេល ១០ ឆ្នាំនេះ ក្រុមនយោបាយខ្មែរជាច្រើនភាគី បានធ្វើសង្គ្រាមនឹងគ្នា មិនចាញ់ មិនឈ្នះ។ ប៉ុន្តែ ជាតិខ្មែរទាំងមូលជាអ្នកចាញ់ និងខាតបង់ នោះទើបកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពបានចាប់ផ្ដើមនៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃ ២ ធ្នូ ឆ្នាំ ១៩៨៧ ក្រោមរបបរដ្ឋកម្ពុជាបានបញ្ចប់ នៅ ៤ ឆ្នាំក្រោយមកទៀត គឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ក្នុងការផ្សះផ្សាសន្តិភាពយោគយល់គ្នា។ អង្គការសហប្រជាជាតិ ត្រូវបានគេផ្ដល់អំណាចដើម្បីអនុវត្តឲ្យមានបទឈប់បាញ់ និងដោះស្រាយជាមួយពួកជនភៀសខ្លួន ការដកហូតអាវុធ និងបោះឆ្នោតជាសកល ខែឧសភា ឆ្នាំ ១៩៩៣ ដែលត្រូវបានគេស្គាល់ថា ជាអាជ្ញាធរបណ្ដោះអាសន្នរបស់សហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា អ៊ុនតាក់។
យើងដឹងហើយថា នៅក្នុងការគ្រប់គ្រងប្រទេសកម្ពុជាដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) នេះ ក្រុមកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) មិនបានសហការ ជាមួយអាជ្ញាធរនេះឡើយ រហូតមានទំនាស់គ្នាទៀតផង។ ពិសេសពួកខ្មែរក្រហមមិនបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ១ ឆ្នាំ ១៩៩៣ ទេ ព្រមទាំងបង្កអសន្តិសុខ បន្តសង្គ្រាមជាមួយរដ្ឋាភិបាល នៅតំបន់ប៉ែកខាងលិចប្រទេសកម្ពុជា។ ពោលគឺស្ថានភាព នៅតំបន់ប៉ែកខាងលិចនេះ ស្ថិតក្នុងសន្តិភាពផង និងសង្រ្គាមផង ដោយនៅមានស្នូរកាំភ្លើងប្រយុទ្ធគ្នា រវាងខ្មែរ និងខ្មែរនៅឡើយ។ ហើយក្រោយឆ្នាំ ១៩៩៨ ត្រូវបានកាត់បន្ថយផ្នែកសង្រ្គាម និងអសន្តិសុខ ហើយមានសន្តិភាពដូចបច្ចុប្បន្ននេះ ដោយសារនយោបាយបង្រួបបង្រួម ជាតិរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងនយោបាយឈ្នះឈ្នះរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអនុវត្តកាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៩៨។ ទីបំផុត ការលះបង់របស់ប្រមុខរាជរដ្ឋាភិបាលទទួលបានជោគជ័យ ពោលគឺប្រទេសកម្ពុជាមានសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។
ដូចនេះ សមិទ្ធផលរបស់កម្ពុជាអាចសមល្មមបង្ហាញឲ្យពិភពលោកមើលឃើញថា កម្ពុជាជាគំរូនៃសន្តិភាព សម្តេច ហ៊ុន សែន ជាអ្នកសាបព្រួស ជាអ្នកបំពាក់ ជាបិតាប្រជាធិបតេយ្យ ជាបិតាសន្តិភាពសម័យថ្មីរបស់កម្ពុជា ហើយវត្តមាន និងតួនាទីដ៏សំខាន់របស់សម្តេចជាអ្នកដោះស្រាយ ក៏ដូចជាអ្នកការទូតដ៏ប៉ិនប្រសប់ ទន់ភ្លន់ នៅគ្រប់របត់នយោបាយធំៗ ជាអាយុជីវិតរបស់ជាតិខ្មែរ ។
ដូច្នេះ ខ្មែរត្រូវស្រលាញ់ខ្មែរគ្នាឯង ដើម្បីសន្តិភាព អភិវឌ្ឍប្រទេសកម្ពុជា និងប្រយោជន៍ទៅវិញទៅមក៕