Thursday, August 05, 2021

ប្រសាសន៍សំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលជំនួយវ៉ាក់សាំងអង់គ្លេសជាង៤០ម៉ឺនដូស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ចក្រភពអង់គ្លេសចំនួន ៤១៥,០០០ដូស នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នៅក្នុងពិធីនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹះមួយចំនួន។

ខាងក្រោមនេះប្រសាសន៍សំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលជំនួយវ៉ាក់សាំងអង់គ្លេស៖

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ៤១៥,០០០ដូស ដែលជាជំនួយរបស់អង់គ្លេស

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាដ៏ដូចជាប្រទេសជាច្រើន បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏សមស្របបំផុត ក្នុងការប្រយុទ្ធ និងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងពិតជាមានគុណតម្លៃយ៉ាងសំខាន់ ក្នុងការការពារជំងឺកូវីដ១៩ ទាំងប្រភេទបំប្លែងថ្មី Delta ផងដែរ

* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជាមួយភាពច្បាស់លាស់ និងប្រាកដនិយម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមួយជំហ៊ានបន្ថែមទៀត គឺការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ ដល់១៧ឆ្នាំ

* សម្ដេចតេជោ ហ៊ុន សែន អះអាងថា វ៉ាក់សាំងរបស់អង់គ្លេស ដែលផ្ដល់ជូនក្នុងឱកាសនេះ នឹងប្រើប្រាស់សម្រាប់ចាក់ដូសទី៣ ឬដូសជំរុញ

* សម្ដេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ និងការពារជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ពិសេស៣ការពារ និង៣កុំ ព្រមទាំងចូលរួមចាក់វ៉ាក់សាំង

* សម្តេចតេជោ ហ៊ុន សែន បានស្នើចក្រភពអង់គ្លេសផ្តល់ជាជំនួយមនុស្សធម៌ជាវ៉ាក់សាំងបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជានៅក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមសម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលអនាគត។

* សម្ដេចតេជោ ហ៊ុន សែន អំពាវនាវអាណាព្យាបាល មាតា បិតា នាំយកកូនដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗ។

* សម្ដេចតេជោ ហ៊ុន សែន ជាថ្មីម្ដងទៀត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដែលបានផ្ដល់នូវវ៉ាក់សាំងជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

* កម្មវិធីប្រគល់ និងទទួលបានបញ្ចប់នៅវេលាម៉ោង២៖២០នាទីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១៕
















លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស

ភ្នំពេញ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដែលជាជំនួយរបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលចក្រភពអង់គ្លេសចំនួន៤១៥,០០០ ដូស។
ឯកអគ្គរាជទូតស្តីទីអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងថា ជំងឺរាតត្បាតកូវីដ-១៩ ជាបញ្ហារបស់សកលលោកដែលទាមទារ ឱ្យមានដំណោះស្រាយជាសកល។ ដូច្នេះហើយបានជាចក្រភពអង់គ្លេសកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺកូវីដ១៩។ លោកបានគូសបញ្ជាក់ថា លោកពិតជារីករាយចំពោះការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកបានបង្ហាញការរំពឹងថា វ៉ាក់សាំងជាជំនួយនេះ នឹងជួយពង្រីក និងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា។
លោកឯកអគ្គរាជទូតស្តីទីអង់គ្លេសប្រចាំនៅកម្ពុជាបានថ្លែងបន្តថា វ៉ាក់សាំងជំនួយរបស់អង់គ្លេសនេះ នឹងជួយដល់សហគមន៍ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ។
លោកនាយករដ្ឋមន្ត្រី បានស្វាគមន៍និងអរគុណចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋនៃចក្រភពអង់គ្លេសដែលបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ជូនដល់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជាចំនួន៤១៥,០០០ដូស ប្រភេទវ៉ាក់សាំង AstraZeneca ដែលជាជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លា និងជាសន្តានចិត្តជួយគ្នាក្នុងគ្រាលំបាកក្នុងបរិការណ៍ដែលវ៉ាក់សាំងគឺជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិប្រយុទ្ធ នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅគ្រប់ទិសទីនៃពិភពលោក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ដោយសារតែមេរោគ Covid-19 បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរទៅជាប្រភេទមេរោគកន្លែងថ្មី ជាពិសេសមេរោគប្រភេទDelta ដែលបាន និងកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅបណ្ដាប្រទេសនានាក៏ដូចជានៅកម្ពុជាផងដែរនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបិទខេត្តមួយចំនួន និងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ និងដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា ដោយយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងរាជរដ្ឋាភិបាលបានខិតខំនឹងព្យាយាមស្វែងរកវ៉ាក់សាំងតាមយន្តការដែលមានជាតិទ្វេភាគីក្តីជាពហុភាគីក្តដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋ។ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ កម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយចាប់ពីថ្ងៃទី១ ខែសីហា២០២១ កម្ពុជាក៏បានសម្រេចបោះមួយជំហានទៀតគឺការចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំដែលមានប្រមាណជាង២លាននាក់បន្ថែមទៀត ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថាវ៉ាក់សាំងដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនេះនឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសនោះទី៣ ឬដូសជុំវិញ ។ លោកនាយករដ្ឋមន្រ្តីកម្ពុជាក៏ស្នើដល់ចក្រភពអង់គ្លេសផ្ដល់ជំនួយមនុស្សធម៌ជាវ៉ាក់សាំងជាបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតសម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលខាងមុខ ។
មុននឹងបញ្ចប់ លោកនាយករដ្ឋមន្រ្តីក៏នៅតែអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមសហការយ៉ាងសកម្ម និងពេញលេងជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនិងជម្ងឺ Covid-19 ដោយត្រូវអនុវត្តកាន់ខ្ជាប់នូវវិធានការសុខាភិបាលជាពិសេសវិធានការ៣ កុំ ៣ការពារ និងចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីត-១៩ ដើម្បីសុវត្ថិភាពសុខភាពដូចជាសុខុមាលភាពរបស់យើងទាំងអស់គ្នា៕









 

 

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ជាង ៤០ម៉ឺនដូស ដែលជាជំនួយរបស់អង់គ្លេស ត្រូវបានដឹកមកដល់កម្ពុជាហើយ

នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ចំនួន ៤១៥,០០០ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយ ខណៈដែលពិធីប្រគល់ និងទទួល បានធ្វើឡើងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

វ៉ាក់សាំងដែលចក្រភពអង់គ្លេសផ្តល់មកកម្ពុជានេះ គឺជាជំនួយទ្វេភាគី ជាការផ្តល់ដោយផ្ទាល់មកកម្ពុជាតែម្តង មិនបានឆ្លងកាត់តាមមជ្ឈមណ្ឌលកូវ៉ាក់នោះឡើយ។ ចក្រភពអង់គ្លេសជាប្រទេសទី៣ហើយ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជា ជាលក្ខខណៈទ្វេភាគី បន្ទាប់ពីប្រទេសចិន និងជប៉ុន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា តាមរយៈជំនួយវ៉ាក់សាំងពីប្រទេសជាមិត្ត រួមមានចិន ជប៉ុន និងអង់គ្លេសជាដើមនេះ គឺបានបង្ហាញនូវនយោបាយចម្រុះពណ៌របស់កម្ពុជាជាមួយប្រទេសជាមិត្ត។ មិនមែនមានតែចិន ឬលំអៀងទៅរកចិន ដូចការចោទប្រកាន់មួយចំនួននោះឡើយ។

ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យកាលពីថ្ងៃទី០១ ខែសីហា កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី បានថ្លែងដូច្នេះថា «ពេលនេះលែងនិយាយអីកើតហើយថា ហ៊ុន សែន ស្អីក៏ពឹងចិន ព្រោះជប៉ុន ឱ្យមកក៏យក អាមេរិកឱ្យមកក៏យក អង់គ្លេសឱ្យមកក៏យក អូស្ត្រាលី ឱ្យមកក៏យក ខ្ញុំមិនដែលបដិសេធពីពេលណា។ គ្រាន់តែខ្ញុំដឹងច្បាស់ថា ប្រភពណាជាប្រភពបង្អែក ដែលផ្គត់ផ្គង់ឱ្យយើង ទាំងផ្តល់ជំនួយផង ទាំងទិញបានផង»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា រាល់ជំនួយវ៉ាក់សាំងទ្វេភាគី គឺលោកនឹងចេញទទួលដោយផ្ទាល់នៅព្រលានយន្តហោះ។
សូមបញ្ជាក់ថា មកដល់ពេលនេះកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីប្រទេសជាមិត្តរួមមាន៖ ចិន ចំនួន ៣.២លានដូស, ជប៉ុន ១លានដូស និងអង់គ្លេស ៤១៥,០០០ដូស។ កម្ពុជា ក៏ទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ១,៣៨៤,១០០ដូស៕





 

ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

បន្ទាយមានជ័យ៖ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំកិច្ចប្រជុំ​សាមញ្ញលើកទី២៦ អាណត្តិទី៣ ពិធីនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក ខេង ស៊ុម ប្រធានក្រមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត និងលោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ កិច្ចប្រជុំធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនោះក្រុមប្រឹក្សាខេត្តបានលើកយករាល់បញ្ហាជាច្រើនចំណុចនៅតាមមន្ទីរ និងអង្គភាពទាំង៣ មន្ត្រីពាក់ព័ន្ធ យកមកពិភាក្សាបានអនុវត្តកន្លងមក។
ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  បានមានប្រសាសន៍លើកឡើងថា បញ្ហា ផ្ទុះជម្ងឺកូវីដ.១៩ កំពុងរងគ្រោះដោយសារការរាតត្បាតនៃជម្ងឺនេះយ៉ាងខ្លាំងពីមនុស្សម្នាក់ទៅម្នាក់ពាសពេញពិភពលោកហើយជម្ងឺនេះជាជម្ងឺដ៏កាចសាហាវ បើជនណាម្នាក់ឆ្លងជម្ងឺនេះហើយវាប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតខ្លាំងណាស់ រហូតមកដល់សព្វថ្ងៃ។ដូចឆ្នេះ យើងជាប្រជាពលរដ្ឋ សមត្ថកិច្ច មន្ត្រីរាជការ ត្រូវចូលរួមការទប់ស្កាត់ជាមួយនិងរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកំចាត់ឆ្លងនូវជម្ងឺកូវីដ-១៩នេះឲ្យបាន សរស្រាក់ សរស្រាំដូចជាការចាក់ផ្សព្វផ្សាយបន្តនូវសារអប់រំណែនាំរបស់ក្រសួងសុខាភិបាលជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរលោក បានផ្តាំផ្ញើដល់កងកម្លាំងទាំង៣ ត្រូវបន្តអនុវត្តនូវគ្រប់គោលដៅទាំងអស់ ត្រូវហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន  រយៈពេល១៤ថ្ងៃ ប៉ុន្តែ ត្រូវ អនុញ្ញាត អោយធ្វើ ដំណើរ  ចំពោះ អ្នក ដែលមាន លិខិតបញ្ជាក់ពីមូលហេតុចាំបាច់មួយចំនួន តែ ត្រូវ វាស់ ស្ទង់ កម្តៅ អោយបានត្រឹមត្រូវ ។

ជាមួយគ្នានោះលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំ និងធ្វើការជម្រុញ ដល់អាជ្ញាធរមូលដ្ឋានស្រុក ក្រុង និងក្រុមការងារកងកម្លាំងចម្រុះជុំវិញខេត្ត ត្រូវបង្កើនកិច្ចសហការគ្នា អនុវត្តនូវវិធានការនេះអោយបានមឺុងម៉ាត និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យការធ្វើដំណើរចេញ.ចូលឆ្លងកាត់ព្រំប្រទល់ខេត្ត និងតំបន់បិទខ្ទប់ជាតំបន់ក្រហម,តំបន់លឿងទុំ,ឫតំបន់លឿង និងដាក់ចេញរួមគ្នានូវវិធានការចាំបាច់នានាដែលត្រូវអនុវត្តក្នុងភូមិសាស្រ្តខេត្តដែលមានព្រំប្រទល់ជាប់គ្នាសំដៅគ្រប់គ្រងតំបន់ដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ.១៩ ជាពិសេសមេរោគកូវីដ.១៩ប្រភេទដែលតា(Delta) ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាល់នៃជំងឺនេះក្នុងភូមិសាស្រ្តដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ៕






 

ប្រជាពលរដ្ឋ រស់តំបន់ក្រហម តំបន់បិទខ្ទប់ក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ទទួលបានអំណោយឧបត្ថម្ភរបស់ អភិបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ដោយការគូតគូរចំពោះសុខទុក្ខ​លំបាកប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ  លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់អំណោយឃីតឧបត្ថម្ភជូនប្រជាពលរដ្ឋ ១០០ គ្រួសារ
 តាមរយៈ លោក ស្វាយ ជា អភិបាលស្តីទីស្រុកម៉ាឡៃ និងក្រុមការងារស្រុកចាត់ចែងចែកជូនប្រជាពលរដ្ឋផ្ទាល់នៅទីតាំងនោះ។

សូមជម្រាបផងដែរថានេះជាវប្បធម៌ចែករំលែកដោះស្រាយរបស់ លោកអភិបាលខេត្ត ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ៕





 

សេចក្តីជូនដំណឹង ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ១៩ (#COVID-19)

ខេត្តស្វាយរៀង៖ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ពាក់ព័ន្ធ ជាមួយបុរសឈ្មោះ ទាវ ចន្ទ អាយុ ៤៩ឆ្នាំ មុខរបរអ្នកបើករថយន្តគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងភរិយាឈ្មោះ ឈិត បុប្ផា អាយុ ៤៨ឆ្នាំជាបុគ្គលិកផ្នែកសំអាតធនាគារប្រៃសណីយ៍កម្ពុជា រស់នៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ស្ថាបនា សាខាខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១
ធនាគារ ប្រៃសណីយ៍សាខាខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩   (#COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។



 

លោក ហ៊ុន ម៉ានិត ចុះពិនិត្យមើលតាមមណ្ឌលចត្តាឡីស័ក ដែលទទួលពលករមកពីប្រទេសថៃ នៅខេត្តប៉ៃលិន

ប៉ៃលិន៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវ​ចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ នៅក្នុងខេត្តប៉ៃលិន ដែលកំពុងទទួលពលករមកពីប្រទេសថៃ ដើម្បីទប់ស្កាត់ការចម្លងជម្ងឺកូវីដ-១៩ បម្លែងថ្មី Delta។

ក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ដំណើររបស់លោក ហ៊ុន ម៉ានិត និងក្រុមការងារ លោកស្រីបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត បានធ្វើរបាយការណ៍ថា៖ ដោយមានការចូលរួមយ៉ាងសស្រាកសស្រាំពីសំណាក់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ បច្ចុប្បន្នខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាប់ព្យាបាលជម្ងឺកូវីដ-១៩ តាមលក្ខណៈស្តង់ដារតែមួយ ដែលមានសម្ភារះប្រើប្រាស់ ប្រព័ន្ធទឹកប្រព័ន្ធភ្លើង និងបង្គន់អនាម័យ ព្រមទាំងផ្គត់ផ្គង់អាហារ ៣ពេល ជាច្រើនទីតាំង សម្រាប់ទទួលបងប្អូនពលករមកពីប្រទេសថៃ តាមរយៈភូមិសាស្ត្រខេត្តប៉ៃលិន និងជួយទទួលមកពីបណ្តាខេត្តនានា ជាប់ព្រំដែនកម្ពុជា-ថៃផងដែរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងធ្វើចត្តាលីស័ក បានសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកស្រី បាន ស្រីមុំ និងថ្នាក់ដឹក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នារៀបចំទីតាំងមណ្ឌលសម្រាប់ទទួលបងប្អូនប្រជាពលករ ត្រលប់មកពីប្រទេសថៃ និងមកពីបណ្ដាខេត្តផ្សេងៗ ធ្វើចត្តាលីស័ក និងព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយផាសុខភាព។

លោក ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅក្នុងខេត្តប៉ៃលិនទាំងអស់ត្រូវមានការអត់ធ្មត់ និងខិតខំថែទាំសុខភាព ព្រមទាំងស្ដាប់តាមការណែនាំរបស់ប្រធានមណ្ឌលនីមួយៗ និងការណែនាំរបស់ក្រសួងសុខាភិបាល ក៍ដូចជាវិធានការនានារបស់រដ្ឋបាលខេត្តប៉ៃលិន ព្រោះនៅក្នុងអំឡុងពេលនេះ ប្រទេសកម្ពុជាយើងកំពុងមានការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ជាពិសេសប្រភេទ ជំងឺកូវី-១៩បម្លែងថ្មី Delta ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេស ហើយភាគច្រើនគឺនាំចូលតាមរយៈពលករវិលត្រលប់មកពីប្រទេសថៃ។

នៅក្នុងឱកាសនោះផងដែរ លោក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ តាមមណ្ឌលចត្តាឡីស័ក និងតាមមណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ នានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។

សូមបញ្ចាក់ថា៖ ដើម្បីការផ្តាច់ប្រភពចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩ បំលែងខ្លួនថ្មី ប្រភេទ Delta រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ខេត្តចំនួន ០៧ ដែលមានព្រំប្រទល់ជាមួយនឹងព្រះរាជាណាចក្រថៃ រួមមាន៖ ខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងដែរ ព្រមទាំងរៀបចំមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ ដើម្បីទទួលពលករឆ្លងព្រំដែន មកពីប្រទេសថៃ ចូលមកកម្ពុជាវិញ ដោយតម្រូវអោយធ្វើចត្តាឡីស័កនៅតាមព្រំដែនចំនួន ១៤ថ្ងៃ ហើយត្រូវបន្តធ្វើចត្តាឡីស័កចំនួន ៧ ថ្ងៃទៀតនៅតាមស្រុក និងលំនៅដ្ឋានដែលពួកគេកំពុងរស់នៅ៕






 

រសៀលថ្ងៃនេះលោកនាយករដ្ឋមន្ត្រី អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយរបស់អង់គ្លេស

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅរសៀលថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២១នេះ នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ៤១៥,០០០ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស។

វ៉ាក់សាំងដែលចក្រភពអង់គ្លេសផ្តល់មកកម្ពុជានេះ គឺជាជំនួយទ្វេភាគី ជាការផ្តល់ដោយផ្ទាល់មកកម្ពុជាតែម្តង មិនបានឆ្លងកាត់តាមមជ្ឈមណ្ឌលកូវ៉ាក់នោះឡើយ។

លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងថា ជំងឺរាតត្បាតកូវីដ១៩ ជាបញ្ហារបស់សកលលោកដែលទាមទារ ឱ្យមានដំណោះស្រាយជាសកល។ ដូច្នេះហើយបានជាចក្រភពអង់គ្លេសកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺកូវីដ១៩។

លោកស្រីបានគូសបញ្ជាក់ថា លោកស្រីពិតជារីករាយចំពោះការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកស្រី បានបង្ហាញការរំពឹងថា វ៉ាក់សាំងជាជំនួយនេះ នឹងជួយពង្រីក និងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះ «វាជាការសំខាន់ណាស់ក្នុងការចាក់វ៉ាក់សាំងដល់មនុស្សឱ្យបានច្រើនបំផុត និងលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ឈប់ការរីករាលដាលមេរោគនេះ។ ជាពិសេសមេរោគបំប្លែថ្មី ដែលតា-Delta ដែលបានរកឃើញថ្មីៗនេះ»។

លោកស្រីឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ុជា បានថ្លែងបន្តថា «វ៉ាក់សាំងជំនួយរបស់អង់គ្លេសនេះ នឹងជួយដល់សហគមន៍ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ។ ខ្ញុំពិតជារីករាយដែលចក្រភពអង់គ្លេស ប្តេជ្ញាចិត្តក្នុងការបរិច្ចាគវ៉ាក់សាំងនៅទូទាំងពិភពលោកទាំងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ហើយក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ»។
ចក្រភពអង់គ្លេសជាប្រទេសទី៣ហើយ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជា ជាលក្ខខណៈទ្វេភាគី បន្ទាប់ពីប្រទេសចិន និងជប៉ុន។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈជំនួយវ៉ាក់សាំងពីប្រទេសជាមិត្ត រួមមានចិន ជប៉ុន និងអង់គ្លេសជាដើមនេះ គឺបានបង្ហាញនូវនយោបាយចម្រុះពណ៌របស់កម្ពុជាជាមួយប្រទេសជាមិត្ត។ មិនមែនមានតែចិន ឬលំអៀងទៅរកចិន ដូចការចោទប្រកាន់មួយចំនួននោះឡើយ។

ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យកាលពីថ្ងៃទី០១ ខែសីហា កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ពេលនេះលែងនិយាយអីកើតហើយថា ហ៊ុន សែន ស្អីក៏ពឹងចិន ព្រោះជប៉ុន ឱ្យមកក៏យក អាមេរិកឱ្យមកក៏យក អង់គ្លេសឱ្យមកក៏យក អូស្ត្រាលី ឱ្យមកក៏យក ខ្ញុំមិនដែលបដិសេធពីពេលណា។ គ្រាន់តែខ្ញុំដឹងច្បាស់ថា ប្រភពណាជាប្រភពបង្អែក ដែលផ្គត់ផ្គង់ឱ្យយើង ទាំងផ្តល់ជំនួយផង ទាំងទិញបានផង»។

លោកនាយករដ្ឋមន្រ្ដី ប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ដែរថា រាល់ជំនួយវ៉ាក់សាំងទ្វេភាគី គឺសម្តេចនឹងចេញទទួលដោយផ្ទាល់នៅព្រលានយន្តហោះ។

សូមបញ្ជាក់ថា មកដល់ពេលនេះកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីប្រទេសជាមិត្តរួមមាន៖ ចិន ចំនួន ៣.២លានដូស, ជប៉ុន ១លានដូស និងអង់គ្លេស ៤១៥,០០០ដូស។ កម្ពុជា ក៏ទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ១,៣៨៤,១០០ដូស ៕


 

អគ្គិសនីកម្ពុជា ជូនដំណឹងពីការរអាក់រអួលចរន្តនៅថ្ងៃនេះ ដល់ថ្ងែទី៨ សីហា ដើម្បីជួសជុល ផ្លាស់ប្តូរ និងរុះរើគន្លងខ្សែបណ្តាញ ដើម្បីងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ

អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។

អគ្គិសនីកម្ពុជា បានអោយដឹងថា ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់ អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដែលអគ្គិសនីកម្ពុជា សុំអភ័យទោសទុកជាមុន ៕

សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖