នៅព្រឹកថ្ងៃទី២ តុលា ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយកថ្ងៃទី ៩ វិច្ឆិកា ជាទិវាអកអំបុកដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ពិសារអំបុកគ្រប់ៗគ្នា និងគ្រប់ទីកន្លែង។ មិនត្រឹមតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រី ថែមទាំងបានប្រកាសជាឱឡារិកថា នឹងត្រូវតែរៀបចំពិធីបុណ្យអុំទូកនៅថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា តាមការគ្រោងទុកបើទោះជាទឹក ទន្លេចតុមុខនៅសល់តែកម្ពស់មួយម៉ែត្រក៏ដោយ។
សម្រាប់ខ្ញុំ សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាមានអត្ថន័យយ៉ាងធំធេង ទាំងក្នុងអត្ថន័យនយោបាយផង អត្ថន័យខាងវប្បធម៌ផង និងការបង្រួបបង្រួមជាតិផង ដើម្បីបន្តជ្រោងទង់ ជាតិ សាសនា ព្រះហាក្សត្រ ដែលជាបាវនារបស់ជាតិខ្មែរយើង។
ក្នុងអត្ថន័យនយោបាយ លោក ហ៊ុន សែន បានប្រើយុទ្ធសាស្ត្រ យកទឹកឃ្មុំទៅបន្សាបពិសរបស់ក្រុមប្រឆាំងក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី។ ជាអត្ថន័យវប្បធម៌វិញ លោក ហ៊ុន សែន ចង់ប្រើប្រាស់ឱកាស នេះដើម្បីលើកតម្កើងតម្លៃអំបុកខ្មែរដូចដែលលោកធ្លាប់បានធ្វើសម្រាប់នំបញ្ចុកកាលពីពេលថ្មីៗនេះដែរ។ ចំណែកឯអត្ថន័យ ជាការបង្រួមបង្រួមជាតិវិញ គឺលោកចង់ឲ្យខ្មែរគ្រប់គ្នាដែលបាននិងកំពុងរស់នៅដោយសុខសាន្តក្រោមម្លប់សុខសន្តិភាព រួមគ្នាជ្រោងទង់ ជាតិ សាសនា ព្រះមហាក្សត្រឲ្យបានខ្ពស់ត្រដែតឡើងប្រឈមនឹង ការគំរាមកំហែងធ្វើរដ្ឋប្រហារ ផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលពីសំណាក់ក្រុមអ្នកនយោបាយនារទេសខ្លួនមួយក្តាប់តូចដឹកនាំដោយ សម រង្ស៊ី។
ដើម្បីមើលឲ្យឃើញកាន់តែ ច្បាស់អំពីអត្ថន័យនៃសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកមិញនេះ ខ្ញុំសូមធ្វើការវិភាគលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោមនេះ៖
ទី១៖ លោកនាយករដ្ឋមន្ត្រីបានប្រកាសជាឱឡារិកថា នឹងត្រូវតែ រៀបចំពិធីបុណ្យអុំទូករយៈពេលបីថ្ងៃ តាមការគ្រោងទុក ចាប់ពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា បើទោះជា ទឹកទន្លេចុះទាបនៅសល់តែមួយម៉ែត្រក៏ដោយ។ ត្រង់ចំណុចនេះ ខ្ញុំមើលឃើញយ៉ាងច្បាស់ថា លោក ហ៊ុន សែន កំពុងប្រើ “យុទ្ធសាស្ត្រ រុញទូកបណ្តោយទឹក” ដើម្បីកាត់ចោលឲ្យអស់នូវលេសរបស់ក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី កុំឲ្យមានហេតុផលចោទប្រកាន់មកលើរដ្ឋាភិបាល ថាខ្លាចចលនាបះបោរក្នុងអំឡុងពេលបុណ្យអុំទូកជាពិសេសថាខ្លាចលោក រង្ស៊ី វិលចូលស្រុក។
គេបានដឹងច្បាស់ថា លោក សម រង្ស៊ី និងគូកនចង់យកពិធីបុណ្យអុំទូក ដើម្បីជាឱកាសប្រមូលផ្តុំកម្លាំងដើម្បីបង្កចលនាបះបោរ ផ្តួលរំលំរដ្ឋាភិបាល ពីព្រោះពួកគេយល់ថា ពិធីបុណ្យអុំទូកមានមនុស្សរាប់លាននាក់មកចូលរួមដែលធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចពិបាកគ្រប់គ្រង និងធានាសន្តិសុខ។ ប៉ុន្តែខ្ញុំយល់ថា សម្រាប់លោក ហ៊ុន សែន ដែលមាន បទពិសោធន៍ធ្វើនយោបាយយ៉ាងចាស់វស្សា និងធ្លាប់បាន រំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមបានយ៉ាងងាយនោះ គាត់ពិតជាបានស្គាល់យ៉ាងច្បាស់នូវល្បិចកលរាក់កំផែលរបស់ សម រង្ស៊ី ដែលគ្រាន់តែចង់គោះទឹកបង្អើលត្រី រឺគោះភ្នំបង្អើលខ្លាតែប៉ុណ្ណោះ។
គេក៏គួរយល់ថា ប្រជាពលរដ្ឋដែលនឹងមកចូលរួមពិធីបុណ្យអុំទូកគឺគេមកដើម្បីកម្សាន្តសប្បាយ មិនមែនមកដើម្បីបង្កចលាចលសង្គមឡើយ។ បើទោះជាមានក្រុមជ្រុលនិយមខ្លះដែលចាញ់បោកលោក សម រង្ស៊ី ចង់បង្កចលាចលក្នុងពេលនោះក៏អាជ្ញាធរមានសមត្ថកិច្ចនៅតែអាចគ្រប់គ្រងស្ថានការសន្តិសុខ និងសណ្តាបធ្នាប់បានជាធម្មតា ហើយជនដែលប៉ុនប៉ងបង្កបញ្ហាច្បាស់ជាត្រូវអាជ្ញាធរចាប់ឃាត់ខ្លួន និងបញ្ជូនពួកគេទៅមន្ទីរឃុំឃាំង ដើម្បីទទួលទោសតាមច្បាប់ជាធម្មតាដែរ។ និយាយដោយខ្លី លោកនាយករដ្ឋមន្ត្រី មានជំនឿច្បាស់ថា ពលរដ្ឋខ្មែរទូទៅគាំទ្រសន្តិភាព ហើយកម្លាំងសមត្ថកិច្ចក៏មានសមត្ថភាព និង បទពិសោធន៍គ្រប់គ្រាន់ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលបុណ្យអុំទូក ព្រោះនេះជាពិធីបុណ្យប្រពៃណីខ្មែរដែលតែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ។
ដូច្នេះ គ្មានហេតុផលអ្វីដែលរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន រារែកដកថយ រឺត្រូវខ្លាចការឃោសនាគំរាមសំឡុត បំភ័យតាមខ្យល់របស់ លោក សម រង្ស៊ី នោះឡើយ។
ទី២៖ ការប្រកាសយកថ្ងៃទី ៩ វិច្ឆិកា ជាថ្ងៃអកអំបុកទូទាំងប្រទេសដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ គឺជាការប្រែក្លាយថ្ងៃដែលក្រុមអ្នកនយោបាយក្រៅច្បាប់កំណត់យកដើម្បីផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាល ឲ្យទៅជាថ្ងៃដែលប្រជាពលរដ្ឋគ្រប់គ្នាចូលរួមការពារ ជាតិ សាសនា ព្រះមហាក្សត្រវិញ។ នេះគេហៅថាជា “យុទ្ធសាស្ត្រ ប្រើប្រាស់ដាវរបស់សត្រូវដើម្បីចាក់ទៅលើសត្រូវវិញ” តាមវិធីត្រជាក់តាមបែបយកទឹកឃ្មុំទៅបន្សាបពិស។ នរណាក៏បានមើលឃើញដែរថា នយោបាយរបស់ សម រង្ស៊ី ដែលដើរប៉ុន្មានជំហ៊ានចុងក្រោយនេះកំពុងតែធ្វើឲ្យខ្លួនគាត់ឯកោកាន់តែខ្លាំងដោយសារតែកំហុសខាងយុទ្ធសាស្ត្រ។
កំហុសធំបំផុតទី១ : គឺ ការបើកសមរភូមិវាយប្រហារ ប្រមាថ ព្រះមហា្សត្រដែលជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋ។ សមរភូមិនេះបានធ្វើឲ្យ សម រង្ស៊ី បាត់បង់ការគាំទ្រទាំងស្រុងពី សំណាក់អ្នករាជានិយម និងប្រជាពលរដ្ឋដែលគោរពស្រឡាញ់ព្រះមហាក្សត្រទាំងក្នុង និងក្រៅប្រទេស។
កំហុសធំបំផុតទី២ : គឺ ការអំពាវនាវអោយកងទ័ពងើបបះបោរ និងការប្រើវិធីទិញទឹកចិត្តកងទ័ពដើម្បីឲ្យចូលរួមក្នុងផែនការធ្វើរដ្ឋប្រហាររបស់ខ្លួនដែលជាវិធី ហិង្សា មិនប្រជាធិបតេយ្យ ដែលធ្វើឲ្យលោក សម រង្ស៊ី បាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ អង្គការសង្គមស៊ីវីល រាប់ទាំងអង្គការសហប្រជាជាតិជាពិសេសគឺក្រុម កឹម សុខា និយមតែម្តង។
ក្នុងន័យនេះ លោកហ៊ុន សែន ដែលមានបទពិសោធយ៉ាងជោគជាំ និងធ្លាប់ប្រើនយោបាយ ឈ្នះឈ្នះ ដើម្បីបញ្ចប់ចលនាខ្មែរក្រហមដោយមិនចាំបាច់ធ្វើសង្គ្រាមក៏បានប្រើយុទ្ធសាស្ត្រ ស្រដៀងគ្នានេះដែរ ពោលគឺលោកមិនចាំបាច់ចំណាយកម្លាំងឡើយក្នុងការវាយបកទៅលើ សម រង្ស៊ី គឺដោយគ្រាន់តែយកកាំបិតដែល សម រង្ស៊ី ហុចដងឲ្យទៅប្រើដើម្បីចាក់ សម រង្ស៊ី វិញជាការគ្រប់គ្រាន់ពេក។
កំហុសធំមួយទៀតរបស់ សម រង្ស៊ី : គឺការវាយទៅលើចំណុច ខ្លាំងរបស់លោក ហ៊ុន សែន នៅត្រង់ការចង់ទិញទឹកចិត្តទ័ព។ អ្នកណាក៏ដឹងដែរថា លោក ហ៊ុន សែន ជាមេទ័ពជើងចាស់ ជាអ្នកបង្កើតទ័ព ជាអ្នកយល់ចិត្តយល់សុខទុក្ខ ថែទាំ និងបណ្តុះបណ្តាលទ័ព និងជាអ្នកបញ្ជាកងទ័ពទាំងមូល។ ដូច្នេះ សម រង្ស៊ី ដែលមិនយល់អ្វីសោះពីយុទ្ធសាស្ត្រទ័ពបែរទៅវាយលើ ចំណុចខ្លាំងបំផុតរបស់គូបដិបក្ខទៅវិញជំនួសឲ្យការវាយទៅលើ ចំណុចខ្សោយដែលជាតំណមដែលត្រូវជៀសវាង។
ដូច្នេះ ការប្រកាសយកថ្ងៃ ៩ វិច្ឆិកា ជាថ្ងៃអកអំបុក ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ មានអត្ថន័យគ្រប់គ្រាន់ដើម្បីបំបាក់បំផ្លាញផែនការផ្តួលរំលំរដ្ឋាភិបាល និងរាជា និយមនៅកម្ពុជាបានយ៉ាងងាយ និងអាចប្រែក្លាយថ្ងៃដែល សម រង្ស៊ី គ្រោងអោយមានអំពើហិង្សា នេះឲ្យទៅជាថ្ងៃសាមគ្គីគ្នាវិញតាមវិធីទន់បង្ក្រាបរឹង។
ទី៣៖ ដូចដែលលោកនាយករដ្ឋមន្ត្រីធ្លាប់បានធ្វើរួចហើយ កាលពីខែមិថុនាកន្លងទៅនេះក្នុងការ បង្វែថ្ងៃហូបនំបញ្ចុកនយោបាយបំបែកបំបាក់ជាតិរបស់ក្រុម ប្រឆាំងឲ្យទៅជាថ្ងៃ ហូបនំបញ្ចុកដើម្បីផ្សះផ្សារជាតិដែលធ្វើឲ្យនំបញ្ចុកខ្មែរល្បីពេញប្រទេស និងក្រៅប្រទេសផង ពេលនេះ លោក ហ៊ុន សែន ក៏សំរេចប្រែក្លាយថ្ងៃ ៩ វិច្ឆិកា ដែលក្រុមប្រឆាំងដឹកនាំដោយសម រង្ស៊ី ចង់យកជាថ្ងៃធ្វើរដ្ឋប្រហារ បង្ហូរឈាមឲ្យទៅជាថ្ងៃសម្រាប់លើកស្ទួយអំបុករបស់ខ្មែរវិញ។
ខ្ញុំហ៊ានវាយតំលៃទុកជាមុនថា នៅថ្ងៃទី ៩ វិច្ឆិកាខាងមុខនេះ ពលរដ្ឋទូទាំងនគរក៏ដូចជាខ្មែរ នៅក្រៅប្រទេសផងនឹងនាំគ្នាទទួលទានអំបុកតាមការអំពាវនាវ របស់លោក ហ៊ុន សែន ហើយដែលនឹងធ្វើឲ្យអំបុកខ្មែរល្បី សុះសាយទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។ នេះពិតជាកំពូលយុទ្ធសាស្ត្រដែលអាច បង្វែរថ្ងៃអាក្រក់ឲ្យទៅជាថ្ងៃល្អ និងបានជួយលើកស្ទួយផលិតផលខ្មែរថែមទៀត។
ម៉្យាងទៀត ក៏ពិតជាមិនខុសពី យុទ្ធនាការហូបនំបញ្ចុកលើកមុនដែរ ការប្រកាសរបស់លោក ហ៊ុន សែន នេះពិតជានឹងធ្វើអោយអ្នកលក់អំបុក ដូង ស្ករស នៅទូទាំងប្រទេសមុខរីកដូចគ្រាប់ជីដោយសារត្រូវប៉ាន់ហើយលក់មិនទាន់តម្រូវការផង។
សរុបមកវិញ មួយក្បាច់របស់លោក ហ៊ុន សែន ចុងក្រោយនេះពិតជាធ្វើឲ្យផែនការរបស់លោក សម រង្ស៊ី រលាយខ្សុលដូចអំបិលត្រូវទឹក។ ផែនការធ្វើរដ្ឋប្រហារនៅថ្ងៃ ៩ វិច្ឆិកា បានក្លាយជាថ្ងៃលើកស្ទួយ អំបុកខ្មែរ និងជាថ្ងៃការពារជាតិ សាសនា ព្រះមហាក្សត្រ ទៅវិញ ដែលចំណុចពិសេសបែបនេះហើយបានជាជនបរទេសសំរេចចិត្តផ្តល់ងារជូនលោក ហ៊ុន សែន ថាជាបុរសខ្លាំងដែលសម្បូរដោយយុទ្ធសាស្ត្ររាប់ទាំងយុទ្ធសាស្ត្រ ចាប់ដងកាំបិតរបស់ខ្មាំងប្រឆាំងនឹងសត្រូវវិញ យ៉ាងទាន់ហន់។
និយាយជារួម ល្បែងនយោបាយរបស់ សម រង្ស៊ី ដែល “ចង់ដុតផ្ទះចោលដើម្បីចំអិនពងមាន់របស់ខ្លួនមួយ” គឺពិតជាបរាជ័យទាំងស្រុងព្រោះការប្រកាសរបស់ លោក ហ៊ុន សែន ជាឱឡារិកក្នុងការរៀបចំបុណ្យអំទូកឆ្នាំនេះ និងការប្រកាសយកថ្ងៃ ៩ វិច្ឆិកា ជាថ្ងៃទទួលទានអំបុកទូទាំងប្រទេសដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ គឺជាវិធានការ “យកដែកគោលវាយលើគម្របម្ឈូស” ដើម្បីបញ្ចប់ជាស្ថាពរនូវផែនការរបស់ សម រង្ស៊ី ក្នុងការធ្វើប្រហារថ្ងៃ ៩ វិច្ឆិកា៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ