Monday, April 24, 2023
សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, បញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះបារមីវង្កតបុរី ភ្នំពេញ
ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃនាយករង សម្តេចព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ!
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះជាទីគោរពស្រឡាញ់!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមកាត់ខណ្ឌសីមាជាកិច្ចបង្ហើយបុណ្យសម្រាប់វត្តព្រះបារមីវង្កតបុរី ដែលយើងទើបនឹងសាងសង់នៅពេលនេះ។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍ប្រគេនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះបងប្អូនដែលមកកាន់ទីនេះ ក៏ដូចជាការផ្សាយផ្ទាល់ចេញពីទីនេះផងដែរអំពីប្រវត្តិនៃវត្តនេះ។ យ៉ាងណាក៏ដោយ មុននឹងបន្តទៅទៀត អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានយកឱកាសនេះ ប្រគេនពរចំពោះសម្តេចព្រះសង្ឃ នាយករង សម្តេចព្រះតេជព្រះគុណគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីនេះ សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃនេះដោយសារកម្មវិធីផ្សារភ្ជាប់រវាងអាណាចក្រ និងពុទ្ធចក្រ។ បើនិយាយអំពីឋានានុក្រមជាក្រុមគ្រួសារ ខ្ញុំព្រះករុណាខ្ញុំស្ថិតនៅលំដាប់ទី ៣ ឯណោះវិញទេ ដោយសារបងប្រុសច្បងនៅទីនេះគឺជាអ្នកទី ១ បន្ទាប់ទៅបងថ្លៃដែលជាបងទី ២ និងមកដល់ខ្លួនខ្ញុំ ប៉ុន្តែដោយសារថ្ងៃនេះមានពិធីទាក់ទិនជាមួយនឹង អាណាចក្រ ដែលខ្ញុំព្រះករុណាខ្ញុំ កំពុងតែថ្លែងនេះ ខ្ញុំព្រះករុណាខ្ញុំក្លាយទៅជាអ្នកទី ១ ទៅវិញ តែនេះខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះថ្លែងនូវការអរគុណ និងកោតសរសើរចំពោះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង និងសាលារាជធានីភ្នំពេញ ក៏ដូចជាមន្ត្រីប្រចាំនៅខណ្ឌនេះ ព្រមទាំងព្រះចៅអធិការ គណៈកម្មការអាចារ្យវត្ត ដែលបានខិតខំប្រឹងប្រែងរួមគ្នាកសាងនូវទីអារាមនេះឡើងវិញ។
(១) ទីអារាម ជាជម្រកជនភៀសសឹកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់១៩៧៥
ដូចដែលឯកឧត្តម ឃួង ស្រេង បានលើកឡើង ប្រវត្តិនៃទីអារាមនេះ កាលពីមុនគ្រាន់តែជាទីជម្រកនៃជនភៀសសឹកកាលពីសម័យសង្គ្រាមក្នុងឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥។ បន្ទាប់ទៅក្នុងចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ សាសនាទាំងអស់នៅកម្ពុជាគឺត្រូវបាត់បង់បំផ្លាញចោលដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ឯកឧត្តម ឃួង ស្រេង លើកឡើងអម្បាញ់មិញ សាសនានៅកម្ពុជាគ្មានសាសនាណាបង សាសនាណាប្អូននោះទេ ដូចអ្វីដែលលោកតា ឥស្លាម ម្នាក់ ថា មហាម៉ាត់ និងព្រះពុទ្ធ អ្នកណាកើតមុន អ្នកណាកើតក្រោយ? អភិបាលខេត្ត រស់ ស្រេង ខេត្ត ពោធិ៍សាត់ បានសួរទៅឥស្លាម ម្នាក់ថា “លោកតា តើព្រះអាឡោះ ឬព្រះមហាម៉ាត់ កើតមុនព្រះពុទ្ធ ឬព្រះពុទ្ធកើតមុន?”។ ជនឥស្លាមនោះបានឆ្លើយថា គ្មានអ្នកណាបង គ្មានអ្នកណាប្អូននោះទេ កើតម៉ោងស្មើគ្នា ថ្ងៃជាមួយគ្នា គឺថ្ងៃ ៧ មករានោះឯង ឆ្នាំ ១៩៧៩។
(២) កម្ពុជាប្រជាធិបតេយ្យមិនអាចលុបជំនឿលើសាសនាក្នុងចិត្តប្រជាពលរដ្ឋបានទេ
នេះវាជារឿងពិតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង។ ត្បិតតែប្រទេសបានកាន់ព្រះពុទ្ធសាសនា ឬព្រហ្មញ្ញសាសនា បន្តបន្ទាប់ភ្ជាប់ជាមួយនឹងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាយូរលង់ណាស់មកហើយ មានមួយរយៈពេលយើងគ្មានសាសនា ដោយពួក(កម្ពុជាប្រជាធិបតេយ្យ)អាចត្រឹមលុបបំបាត់ជារូបភាពទីអារាម ព្រះវិហារ ឬសេនាសនៈផ្សេងៗ តែគេអាចមិនអាចលុបបំបាត់នូវជំនឿក្នុងចិត្តរបស់ប្រជាពលរដ្ឋសម្រាប់សាសនាដែលពួកគេគោរពនោះទេ មានទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងអាចមានសាសនាដទៃទៀត ដែលពួកគេត្រូវជឿ។ ប្រវត្តិនៃវត្តនេះ គឺមានតាមដំណាក់កាលជាបន្តបន្ទាប់ ដែលមកដល់ពេលនេះ តាមដឹងគឺមានព្រះចៅអធិការ៥ អង្គ និងដែលបច្ចុប្បន្នមានព្រះតេជគុណ ព្រះ សត្យាវង្ស រឹម សឹមសារ៉ាន ដែលបាននិមន្តមកកាន់ទីនេះនៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២១។
ខ្ញុំព្រះករុណាខ្ញុំគួររំលឹកបន្តិចថា មុននេះយើងក៏មានព្រះវិហារនៅទីនេះផងដែរ ដែលពេលនោះនៅថ្ងៃទី ២ ខែ មីនា ឆ្នាំ ១៩៩៨ ខ្ញុំព្រះករុណាខ្ញុំក៏បានមកបញ្ចុះខណ្ឌសីមាព្រះវិហារចាស់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា។ ឪពុករបស់ខ្ញុំព្រះករុណាខ្ញុំ បានជ្រើសរើសនូវទីកន្លែងនេះសម្រាប់ការសាងសង់ចេតិយរបស់គាត់។ ការពិតខ្ញុំអត់បានដឹងទេ។ គាត់ពិភាក្សាជាមួយកូនៗ ជាពិសេសកូនពៅ ដើម្បីធ្វើចេតិយនៅទីកន្លែងនេះ។ ម្តាយរបស់ខ្ញុំមិនចង់នៅទីនេះទេ។ ម្តាយរបស់ខ្ញុំចង់នៅឯវត្តដែលគាត់សាងសង់នៅឯខេត្តកំពង់ស្ពឺ ហៅថា វត្តក្តីល្វា ឯណោះវិញទេ។ ជាអកុសល ថ្ងៃទី ២ ខែ មីនា ឆ្នាំ ១៩៩៨ យើងបញ្ចុះសីមានៅកន្លែងនេះ ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ១៩៩៨ ដដែលគឺ ៨ថ្ងៃក្រោយ ម្តាយរបស់ខ្ញុំមរណៈកាល ហើយក៏យកគាត់យកមកបញ្ចុះនៅទីនេះ ជាទីកន្លែងមួយដែលគាត់មិនចង់នៅ។ សង្ឃឹមថា ព្រលឹងអ្នកម្តាយនឹងទទួលយកនូវការរៀបចំរបស់កូនចៅ រាប់ទាំងឪពុករបស់ខ្ញុំព្រះករុណាខ្ញុំផង។
នៅឆ្នាំ ២០១៣ ឪពុក របស់ខ្ញុំព្រះករុណាខ្ញុំ ក៏បានលាចាកលោក ហើយសាកសពរបស់គាត់ក៏បានយកមកបញ្ចុះនៅទីនេះ។ អម្បាញ់មិញខ្ញុំព្រះករុណាខ្ញុំ និងភរិយា ក៏ដូចជាក្រុមគ្រួសារបានទៅធ្វើពិធីបង្សកូលជូនគាត់។ បន្ថែមលើនេះ គួររំលឹកផងដែលថា នៅក្នុងឆ្នាំ ២០១៣ បងថ្លៃស្រីរបស់ខ្ញុំព្រះករុណាខ្ញុំ ដែលជាភរិយារបស់បងប្រុសទី១ ក៏បានមកធ្វើពិធីបូជាសពនៅក្នុងវត្តនេះផងដែរ។ វត្តនេះបានក្លាយទៅជាទីអារាមមួយសម្រាប់ «ត្រកូល ហ៊ុន» និង «ត្រកូល ឌី» គួបផ្សំគ្នា។ រឿងធាតុ គេអាចផ្ទេរពីកន្លែងមួយទៅកាន់កន្លែងមួយ ក៏ប៉ុន្តែយើងមិនអាចគាស់ផ្នូរសាកសពដើម្បីផ្ទេរទៅកាន់កន្លែងដទៃទេ។ សង្ឃឹមថា កូនចៅប្រុសស្រី និងក្មួយៗទាំងអស់ដែលជាញាតិសន្តានរបស់ « ត្រកូល ហ៊ុន » និង « ត្រកូល ឌី » មិនបោះបង់ចោលទីអារាមនេះទេ ហើយបន្តធ្វើបុណ្យទានជាមួយនឹងទីអារាមនេះតទៅទៀត ដើម្បីរក្សាការពារវង្សត្រកូលក៏ដូចជាទីអារាមនៅកន្លែងនេះផង។
ខ្ញុំព្រះករុណាខ្ញុំ អរគុណ ឯកឧត្តម ឃួង ស្រេង ក៏ដូចជាសាលារាជធានីភ្នំពេញ សប្បុរសជនដែលបានកសាង ទីអារាមនេះ ដែលហេដ្ឋារចនាសម័្ពន្ធលើកនេះរៀបចំបានល្អប្រសើរជាងពេលមុន។ ព្រះវិហារចាស់បានបាក់ ដូច្នេះព្រះវិហារថ្មីក៏ត្រូវចាប់ផ្តើមកសាងឡើង ដោយបានរៀបចំដំបូងដោយ ឯកឧត្តម ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ។ ពេលនោះយើងកសាងមិនទាន់បានហើយទេ។ យើងត្រូវបន្តសាងសង់បន្ថែមទៀត បន្ថែមពីលើការសាងសង់ព្រះវិហារ ដែលមានតម្លៃជាង១ លានដុល្លារ យើងត្រូវមានហេដ្ឋារចនាសម័្ពន្ធរំដោះទឹកចេញពីទីនេះ។ ផ្នូរឪពុកម្តាយរបស់ខ្ញុំក៏ធ្លាប់ត្រូវបានលិចទឹក ដោយសារតែនៅទីនេះជាតំបន់ទីទំនាបមួយ។ មុននេះ ទីនេះគេហៅ ទួលក្រសាំង ជាដីទួលទេ ប៉ុន្តែឥឡូវនេះវាមិនមែនជាដីទួលទៀតទេ ដោយសារតែការកសាងនានា។ ទីកន្លែងនេះទៅជាទីកន្លែងទាបទៅវិញ។
(យើងបានសង់)ប្រព័ន្ធដោះទឹក ដែលត្រូវមានស្រះទឹក រួចហើយមានប្រព័ន្ធសម្រាប់ទាញទឹកចេញពីសងខាងម្ខាងធ្លាក់ទៅខាងក្រោម ម្ខាងឡើងខាងលើវិញ ដើម្បីរំដោះទឹកចេញ ចៀសវាងការលិចលង់ដល់ទៅអារាម ក៏ជាការលិចលង់ទៅដល់ផ្នូរឪពុកម្តាយខ្ញុំ ក៏ដូចជាអ្នកដទៃទៀត ដែលមានក្រុមគ្រួសារ មាតាបិតា ជីដូនជីតា ដែលមានអធិធាតុតម្កល់នៅក្នុងចេតិយ នៅក្នុងទីអារាមនេះផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ អរគុណចំពោះក្រុមគ្រួសារ ជាបង ជាប្អូន ជាក្មួយ ជាកូន ជាចៅ ដែលបានចូលរួមក្នុងរយៈកាល៤ ថ្ងៃកន្លងទៅនេះ ចាប់តាំងពីថ្ងៃសុក្រ មកដល់ពេលនេះ ហើយធ្វើពិធីកាន់អង្គតាមទិសផ្សេងៗ ដែលបង្ហាញឱ្យឃើញអំពីសាមគ្គីភាពនៃត្រកូលទាំងពីរ នៅទីនេះ។ មិនមែនគ្រាន់តែជាត្រកូល ហ៊ុន ទេ។ បើគ្មានត្រកូល ឌី ទេ ក៏គ្មានពួកយើងទាំងអស់គ្នាដែរ។ ខ្ញុំសុំរំលឹកថា មិនមែនគ្រាន់តែត្រកូល ហ៊ុន មួយទេ គឺត្រកូល ឌី ជាប់គ្នា។ ម្តាយខ្ញុំគឺមាន ត្រកូល ឌី ឪពុកខ្ញុំមានត្រកូល ហ៊ុន ដូច្នេះត្រកូលទាំងពីរនេះត្រូវតែមកជួបជុំគ្នានៅទីកន្លែងនេះ។
(៣) ចង់ឈ្នះឆ្នោតដោយបំភ្លេចគុណឪពុកម្តាយមិនមែនជារឿងមានគុណធម៌និងសីលធម៌
ឆ្នាំនេះក៏សុំបញ្ជាក់ជូនដែលថា ឆ្នាំនេះគឺជាខួបលើកទី២៥ ឆ្នាំ នៃមរណៈភាពរបស់មាតារបស់ខ្ញុំ ហើយក៏ជាខួបលើកទី១០ ឆ្នាំនៃមរណៈភាពរបស់ឪពុករបស់ខ្ញុំ និងក៏ជាខួប ១០០ឆ្នាំ នៃថ្ងៃកំណើតរបស់ឪពុកខ្ញុំដែរ។ ដូច្នេះកូនចៅនឹងធ្វើពិធីជុំគ្នាតែម្តង ដោយមានការធ្វើពិធីខួប១០ ឆ្នាំនៃមរណៈកាលរបស់ឪពុក ខួប២៥ ឆ្នាំនៃមរណៈកាលរបស់ម្តាយ និងខួប១០០ឆ្នាំនៃថ្ងៃកំណើតរបស់ឪពុករបស់ខ្ញុំថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខ។ ពេលនោះយុទ្ធនាការបោះឆ្នោតកំពុងប្រព្រឹត្តិទៅ ក៏ប៉ុន្តែរឿងបោះឆ្នោតគឺជារឿងមួយ តែគុណបំណាច់របស់ ឪពុកម្តាយគឺមិនអាចបំភ្លេចបានទេ។ ការចង់ឈ្នះឆ្នោតដោយបំភ្លេចចោលគុណ ឪពុកម្តាយ គឺមិនមែនជារឿងល្អ និងគុណធម៌ សីលធម៌ របស់មនុស្សដូចជាខ្ញុំព្រះករុណាខ្ញុំ និងភរិយា នោះទេ។
ខ្ញុំក៏បានឃើញនូវការកម្សាន្តសប្បាយដោយមានទាំងក្រុមតន្ត្រីសម័យ ក្រុមអាយ៉ៃ ចាប៉ីដងវែង ល្ខោនបាសាក់ សម្តែងដោយឃើញថា គេបានថតបញ្ចូលនៅក្នុងគ្រុបរបស់ទូរទស្សន៍បាយ័ន គេមានហៅថា យក្សស៊ិចស៊ី។ សូមអរគុណលោក LEE JOONG KEUN ប្រធានក្រុមហ៊ុន ប៊ូយ៉ុង ដែលមានវត្តមានទទួលមេដាយនៅថ្ងៃនេះដែរ ដែលបានផ្តល់ទីកន្លែងដីធ្លីសម្រាប់បម្រើឱ្យការកម្សាន្តសប្បាយរបស់ប្រជាជន។ ខ្ញុំមិននឹកថា ល្ខោនបាសាក់និងទម្រង់ អាយ៉ៃ ចាប៉ី បានទាក់ទាញមនុស្សនៅទីក្រុងចូលមើលយ៉ាងច្រើនដូច្នេះទេ។ ខ្ញុំឃើញគេថតអំពីការក្រាលកន្ទេល រួចហើយមើលល្ខោន។ រឿងនេះធ្វើឱ្យខ្ញុំនឹកឃើញកាលពីខ្ញុំនៅក្មេង។ ឪពុកខ្ញុំធ្លាប់បររទេះដឹកកូនទៅមើលល្ខោន ទៅមើលអាយ៉ៃ ព្រោះជំនាន់នោះមានឡានដូចឥឡូវឯណា? ជំនាន់នោះមានគោលឿន។ បងប្រុសរបស់ខ្ញុំគឺនិយមគោលឿន។ បងប្អូន ៣នាក់ គឺលេងខុសគ្នា។ បងទី១ ចូលចិត្តលេងគោលឿន។ បងទី២ ចូលចិត្តលេងម៉ូតូ។ ឯខ្លួនខ្ញុំចូលចិត្តលេងនាឡិកា។ នេះគ្រាន់ជាការខុសគ្នាទេ។ យ៉ាងណាក្តី ខ្ញុំអាចនិយាយបានថាឈាមខាប់ជាងទឹក។
(៤) អាណាចក្រត្រូវបានស្រោចស្រង់ ពុទ្ធសាសនានិងសាសនាដទៃមានការរីកចម្រើនជាមួយគ្នា
គេអាចមើលឃើញការជួបជុំក្រុមញាតិទាំងឡាយដែលបានមករួមធ្វើបុណ្យកាន់តាមរោងទិសនានា។ ការកសាងទីអារាមនៅទីនេះ មិនមែនគ្រាន់ជាទីអារាមសម្រាប់ផ្នូររបស់មាតាបិតារបស់ខ្ញុំប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកដទៃទៀតដែលមានជំនឿលើព្រះពុទ្ធសាសនា។ នេះជាចំណងទាក់ទងដ៏ប្រសើរវាងអាណាចក្រនិងពុទ្ធចក្រ។ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយនៅក្នុងពិធីជួបអាចារ្យអាចារីនីអំពីទំនាក់ទំនងរវាងពុទ្ធចក្រនិងអាណាចក្រ … ពេលដែលអាណាចក្រមានវិបត្តិ ជនភៀសខ្លួនបានមកជ្រកកោននៅទីនេះ ដែលមុននេះហៅថាវត្តទួលក្រសាំង។ គឺជាវត្តគ្រាន់តែសំខាន់ទទួលនូវជនភៀសខ្លួន។ បន្ទាប់ទៅទីអារាមនេះត្រូវបំផ្លាញចោលទាំងស្រុង ដោយសារតែមានវិបត្តិខាងផ្នែកអាណាចក្រ។ នៅពេលដែលអាណាចក្រត្រូវបានស្រោចស្រង់ ប្រជាពលរដ្ឋក៏ត្រូវបានស្រោចស្រង់ ពុទ្ធសាសនានិងសាសនាដទៃទៀតក៏មានការរីកចម្រើនទៅជាមួយគ្នា។
(៥) កម្ពុជាសន្តិភាព ប្រជាជន ១៣ លាននាក់ដើរលេងបុណ្យចូលឆ្នាំ
ដូចជាថ្ងៃនេះ យើងធ្វើបុណ្យដោយគ្មានការព្រួយបារម្ភអំពីគ្រាប់បែក គ្រាប់ផ្លោង។ បច្ចុប្បន្ន នៅប្រទេសស៊ូដង់ ខ្ញុំព្រះករុណាខ្ញុំ ក៏ទើបនឹងទទួលបានព័ត៌មានកាលពីម្សិលម្ងៃថានៅរដ្ឋធានី កាទុម មានបងប្អូននិស្សិតជាខ្មែរឥស្លាមរបស់យើង៦ នាក់កំពុងស្ថិតនៅទីនោះ។ (ខ្ញុំ)កំពុងឱ្យឯកឧត្តម អូស្មាន ហាសាន់ តាមដានការងារនេះឱ្យជាប់។ នៅពេលដែលប្រទេសម៉ាឡេស៊ីធ្វើការជម្លៀសប្រជាជនតាមយន្តហោះក្ដីតាមនាវាក្ដី គឺសុំឱ្យបានចេញដំណើរមកជាមួយ។ ការប្រយុទ្ធគ្នានៅទីនោះកំពុងតែខ្លាំង។ សម្រាប់ប្រទេសយើងគ្មានការប្រយុទ្ធណាមួយកើតឡើងទេ។ បុណ្យចូលឆ្នាំទើបនឹងប្រព្រឹត្តទៅ ទាក់ទាញប្រជាជន១៣ លាននាក់ ដើរលេងកំសាន្ត។ ដោយឡែកតែរាជធានីភ្នំពេញគឺមានប្រជាជនជាង១ លាននាក់បានដើរលេង។ នោះវាផ្ដើមចេញពីអី? ផ្ដើមចេញពីស្ថានភាពល្អប្រសើរនៃអាណាចក្រ គឺការពារបានូវសុខសន្តិភាពស្ថិរភាពនយោបាយ ដើម្បីបង្កលក្ខណៈឱ្យប្រជាជនបានទទួលនូវការកំសាន្តសប្បាយ នៅក្នុងឱកាសចូលឆ្នាំថ្មីនេះផងផែរ។
(៦) ភាពស៊ាំសហគមន៍បង្កើតនូវស្ថានភាពល្អសំរាប់ការសប្បាយរីករាយការធ្វើការងារនិងរបររកស៊ី
ដោយសារតែយើងគ្រប់គ្រងបានជំងឺកូវីដ-១៩ ឱកាសសម្រាប់ប្រជាជនយើងមានកាន់តែច្រើន កាត់បន្ថយការពាក់ម៉ាស់ ការធ្វើតេស្ត។ ទោះបីថាថ្ងៃនេះមាន លោកយាយ លោកតា មានបងប្អូនមួយចំនួនពាក់ម៉ាស់ ក៏ពាក់ទៅ តែមិនមែនជាកាតព្វកិច្ចទេ។ យើងត្រូវដឹងខ្លួនឯងថាជួនកាលខ្លួនអាចឆ្លងជំងឺពីអ្នកដទៃគឺខ្លួនពាក់ម៉ាស់ទៅ ឬក៏ខ្លួនមានបញ្ហាសុខភាព ខ្លួនក៏សុំពាក់ម៉ាស់ទៅដើម្បីកុំឱ្យឆ្លងទៅអ្នកដទៃដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការគ្រប់គ្រងកូវីដ-១៩ បន្តទៀត។ កូវីដ-១៩មិនទាន់ចេញផុតទៅណាទេ។ នៅក្បែរៗ យើងនេះឯង។ ប៉ុន្តែយើងមានភាពស៊ាំសហគមន៍ តាមរយៈការចាក់វ៉ាក់សាំង។ លោកយាយ លោកតា បងប្អូនជនរួមជាតិ ទទួលបានវ៉ាក់សាំងគ្រប់ៗ គ្នាដោយគ្មានការរើសអើង។ នោះគឺជាការបង្កើតនូវស្ថានភាពដ៏ល្អប្រសើរសម្រាប់ការសប្បាយរីករាយរបស់ប្រជាជន ក៏ដូចការការងារធ្វើ មុខរបររកស៊ីសម្រាប់ប្រជាជនរបស់យើងផងដែរ។
(៧) អាណាចក្រមានសន្តិភាពនិងអភិវឌ្ឍ ជួយដល់ពុទ្ធចក្រ
ជាមួយនឹងការរីកចម្រើននៃអាណាចក្រ ពុទ្ធចក្រក៏ទទួលបានូវការរីកចម្រើនដូចគ្នា។ សម្ដេច ព្រតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា បងប្អូនជនរួមជាតិ ប្រមើលមើល នៅពេលណាដែលប្រជាពលរដ្ឋមានជីវភាពធូរធារ ព្រះសង្ឃក៏នឹងទទួលចង្ហាន់យ៉ាងឆ្ងាញ់។ មិនគ្រាន់តែទទួលចង្ហាន់ល្អទេប៉ុន្តែពុទ្ធបរិស័ទ ចូលរួមចំណែកកសាងនូវទីអារាម មានព្រះវិហារ, សាលាធម្មសភា, កុដិ ឬរហូតទៅដល់អ្វីផ្សេងទៀតដែលជាតម្រូវការចាំបាច់របស់ទីអារាម។ នេះគឺជាការផ្ដល់ពីសំណាក់ការរីកចម្រើនផ្នែកអាណាចក្រ ដែលមានសន្តិភាព ការអភិវឌ្ឍន៍ផ្ដល់ឱ្យប្រជាជនមានការរីកចម្រើនទើបជួយទៅដល់ផ្នែកពុទ្ធចក្រ។ ឯផ្នែកពុទ្ធចក្រឬសាសនាដទៃទៀត ក៏បានរួមចំណែកត្រឡប់មកវិញតាមរយៈការអបរំបណ្ដុះបណ្ដាលមនុស្សឱ្យធ្វើអំពើល្អ។ គ្រប់សាសនា ពិសេសព្រះពុទ្ធសាសនាបានអបរំឱ្យធ្វើអំពើល្អ។ អំពើល្អធ្វើឲ្យសង្គមជាតិរបស់យើងកាន់តែរង្គរឿងនិងរីកចម្រើន។ (ប្រទេស)មិនអាចរីកចម្រើនដោយមានមនុស្សបំពានច្បាប់ និងមនុស្សដោយខ្វះការចេះដឹងនិងអគុណធម៌នោះឡើយ។ ពុទ្ធចក្រនិងអាណាចក្រមានចំណងទាក់ទងគ្នាបេះមិនដាច់និងបំពេញឲ្យគ្នាទៅវិញទៅមក។
ខ្ញុំព្រះករុណាខ្ញុំមិនចង់និយាយច្រើនទេ ដោយសារតែយើងត្រូវធ្វើពិធីផ្សេងទៀត បូកជាមួយនឹងធាតុអាកាសឆ្នាំនេះគឺក្ដៅណាស់។ នៅប្រទេសថៃមានការប្រកាសអាសន្នដោយសារសីតុណ្ហភាពឡើងដល់៣៩ អង្សារ ៤០អង្សារ។ ឯយើងនេះក៏ក្ដៅដែរ ហើយអ្នកដែលក្ដៅជាងគេគឺខ្ញុំដែលកំពុងឈរនិយាយ បែកញើសជោគ។ ថ្ងៃនេះ ជាឱកាសល្អសម្រាប់ការជួបជុំញាតិមិត្ត បងប្អូន ក្រុមគ្រួសារផងនិងជួបជុំពុទ្ធបរិស័ទចំណុះជើងវត្តនៅទីនេះ។ ខ្ញុំសូមអរគុណចំពោះសិល្បករ/ការិនីគ្រប់ទម្រង់ ដែលបានចូលរួមសម្ដែងនៅទីនេះ ដែលធ្វើឲ្យបរិយាកាសនៃពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានានៅក្នុងវត្តទួលក្រសាំង ហៅវត្តបារមីវង្កតបុរីនេះប្រព្រឹត្តទៅដោយរលូន ជាមួយនឹងការព្រះទ័យយកចិត្តទុកដាក់របស់សម្ដេចព្រះសង្ឃនាយករង ក៏ដូចជាព្រះចៅអធិការវត្ត ជាពិសេស ពីសំណាក់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ផ្ទាល់ ជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំព្រះករុណាខ្ញុំ បានធ្វើឲ្យពិធីនេះប្រព្រឹត្តទៅដោយរលូន។
អ្នកកាន់កាប់ថវិកាចំណូល(បុណ្យ)នេះ បានសួរទៅខ្ញុំព្រះករុណាខ្ញុំអំពីចំនួនទឹកប្រាក់ដែលទទួលបាន ដូចជាជាង៨០ លានអីមិនដឹងទេថា តើយកទៅណា? ខ្ញុំព្រះករុណាខ្ញុំនឹងប្រគេនចំពោះព្រះតេជព្រះគុណព្រះចៅអធិការដើម្បីបន្តកសាង។ សង្ឃឹមថា ព្រះតេជព្រះគុណមិនស្ពាយលុយហ្នឹងរត់តាមស្រីទេ។ ឥឡូវពិបាកទុកចិត្តដែរ តែមិនស្រួលសន្សំទ្រព្យចុះឡើងៗ សឹកយកប្រពន្ធបាត់។ មិនដឹងឃាត់យ៉ាងម៉េចកើត។ ហ្នឹងធម្មជាតិទៅហើយ។ តែអាណិតថា បើទៅៗ តែខ្លូនបានហើយ កុំយកលុយទៅជាមួយ។ ទុកលុយគ្រាន់កសាងវត្ត។ វត្តនេះ គឺខ្ញុំព្រះករុណាខ្ញុំផ្ទាល់ពិភាក្សាជាមួយឯកឧត្ដម ឃួង ស្រេង និងសម្ដេច អំ លឹមហេង ថាព្រះអង្គធ្វើម៉េចរៀបចំចៅអធិការឲ្យបានគ្រាន់បើបន្តិច បើមិនអញ្ចឹងទេ អត់បានចូលមកដុតធូបនៅចេតិយឪពុកម្ដាយខ្ញុំព្រះករុណាខ្ញុំទេ។ វាពិបាកមែន។ ខ្ញុំព្រះករុណាខ្ញុំឲ្យតែមកតាមផ្លូវហ្នឹង តែងតែលើកដៃសំពះមកខាងក្នុង។
បើចូលមកព្រឹប គឺថាមិនដឹងថាកម្លាំងមកពីខាងណាទេ(មកការពារ) គឺវេទនាមែនទែន។ ឥឡូវហ្នឹងសុំនិយាយតាមត្រង់គឺថាស្ថិតក្នុងស្ថានភាពជាអ្នកទោសពាក់កណ្ដាល។ អាចនិយាយបានថាអញ្ចឹងហ្មង។ អត់មានសេរីភាពទេ។ សព្វថ្ងៃនេះគឺថាបាត់បង់អស់សេរីភាព។ មកអញ្ចឹង មើលទៅតើសេរីភាពវាយ៉ាងម៉េច? មិនមែននិយាយពីរឿងប្រពន្ធប្រចណ្ឌមិនប្រចណ្ឌទេ ប៉ុន្តែបញ្ហាទាក់ទងជាមួយសន្តិសុខ។ ថ្ងៃមុននោះ កូនស្រីខំរៀបចំហៅឪពុកបបួលម្ដាយទៅលេងកែប។ ថាទៅលេងស្ងាត់ស្ងៀម ហើយនាំគ្នាណាត់។ ហៅអ្នកណាៗ ដើម្បីទៅលេងស្ងាត់ស្ងៀមទេ។ ស្រាប់តែព្រឹកឡើង បើកមើល WhatsApp ការបញ្ជូនសាររបស់ឯកឧត្ដម យូ ស៊ិនឡុង គាត់ចាត់តាំងកម្លាំងការពារតាំងពីខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ រហូតកំពត ធ្លាក់ទៅដល់កែប។ បានសេចក្ដីថាគ្រាន់តែដំណើរទៅកម្សាន្តសប្បាយគឺរៀបចំកម្លាំងការពារចូលដល់រាប់ពាន់នាក់។ ប្រមាណ ៣០០នាក់ ឈរជើងនៅទីនោះ បន្ថែមដោយឧទ្ធម្ភាគចក្រ៣ គ្រឿងទៅចុះចតនៅទីនោះដើម្បីបង្ការ។
ខ្ញុំថាអញ្ចឹងមិនបាច់ទៅទេ ផារ៉ានិងប្រពន្ធទៅដល់ថា ស្លៀកពាក់រួចហើយ ម៉ែវាក៏ស្លៀកពាក់ហើយដែរ។ ទៅឬមិនទៅបើវាអញ្ចឹង? ឥឡូវបើយើងទៅវាមិនសម។ យើងទៅជាឯកជនសោះ តែគេបែរទៅជារៀបចំកម្លាំងការពារតាមផ្លូវ។ ចាប់ពីពេលនេះទៅ គឺខ្ញុំឲ្យដឹងត្រឹមតែ១៥ ទៅ៣០នាទីមុនទេ។ បើមិនអញ្ចឹងគឺអស់លោកទាក់ពេញផ្លូវទាំងអស់ ធ្វើឲ្យខ្ញុំបាត់សេរីភាពហ្មង។ ឥឡូវហ្នឹងគឺថាប្រើប្រាស់បន្ទប់តែ៤ទេ បន្ទប់ដេក បន្ទប់បាយ ការិយាល័យធ្វើការនៅនឹងក្រោម និងកន្លែងមួយទៀតកន្លែងកាត់សក់។ ឯបន្ទប់ចៅនៅឯណា បន្ទប់កូនមួយណានៅឯណា? ខ្ជិលណាស់ ខ្ជិលដើរ។ សល់បន្ទប់មួយទៀត បន្ទប់ដាក់ប្រដាប់កូនហ្គោល។ យប់មិញ ម៉ោង ១២ ទៅហើយ ទៅឆ្លៀតយកប្រដាប់កូនហ្គោល ព្រោះម្សិលមិញវាយវាត្រូវ driver និងដែកអី ឡើងមកវិញហើយ ព្រោះកម្លាំងវាយខុស។ ម្សិលមិញវាយ driver វាយឆ្ងាយ ដែកអីហ្នឹងឥឡូវគឺថាល្អឡើងវិញហើយ សូមទទួលទានទៅចុះ។ ប៉ុន្តែវាយបានតែខាងក្រោយផ្ទះនោះ បើចេញពីហ្នុងទៅៗវាយតារាងធំបញ្ហាទៀត។ អង្គរក្សត្រូវទៅយាមនៅនោះ។ មុនយើងទៅវាយ គ្នាត្រូវទៅរាវមីន មើលមីន ក្រែងលោវាមានបញ្ហា។
(៨) ឯកទគ្គកម្មពិភពលោក៣៖ រដ្ឋមន្ត្រីការបរទេសក្មេងជាងគេ, នាយករដ្ឋមន្ត្រីក្មេងជាងគេ និងនាយករដ្ឋមន្ត្រីយូរជាងគេ
មានអ្នកចង់ធ្វើធំ តែធ្វើម៉េចវាសនាចារមកមិនបានធ្វើ។ ទោះបីជាងាប់ទៅជាតិក្រោយក៏មិនបានធ្វើជានាយករដ្ឋមន្រ្តីដែរ។ ឯខ្ញុំមិនចង់ធ្វើ ហើយក៏មិនស្គាល់តំណែងនាយករដ្ឋមន្រ្តីរបៀបម៉េចផងទេ តែបែរជាមកធ្វើនាយករដ្ឋមន្រ្តីរហូតជិត៤ ទសវត្សរ៍ទៅហើយ។ បើបូកតំណែងនានាក្នុងរាជរដ្ឋាភិបាលជិត ៤៤ឆ្នាំ បំបែកឯកទគ្គកម្មនៅលើពិភពលោករួចស្រេចទៅហើយ។ ឯកទគ្គកម្មដែលបានបំបែកនោះស្អី? រដ្ឋមន្រ្តីការបរទេសដែលក្មេងជាងគេនៅលើពិភពលោក។ ហ្នឹងឯកទគ្គកម្មទីមួយ។ ឯកទគ្គកម្មទីពីរ គឺនាយករដ្ឋមន្រ្តីក្មេងជាងគេលើពិភពលោក។ ឯកទគ្គកម្មទីបី គឺនាយករដ្ឋមន្រ្តីដែលយូរជាងគេនៅលើពិភពលោក។ កុំឲ្យវាពិបាកទៀត លោក ហ៊ុន សែន ឯងក្រាញអំណាច។ អើ! អំណាចនេះប្រជាជនឲ្យ។ ចុះអ្នកឯងកំពុងតែចង់បានអំណាច វាស្អីដែរ? គេកំពុងការពារអំណាចដើម្បីសេចក្ដីសុខប្រជាជន មានខុសអី។ អ្នកឯងចង់ធ្វើនាយករដ្ឋមន្រ្តីនោះតើវាយ៉ាងម៉េចដែរ? និយាយគួរមើលមុខក្រោយផង។
(៩) ប៊ូយ៉ុង LEE JOONG KEUN៖ នឹងបង្កើតសាកលវិទ្យាល័យ
ខ្ញុំព្រះករុណាខ្ញុំមិនចង់យកវេទិកានេះទៅទេសនាខាងនយោបាយអីទេ គ្រាន់តែថាយើងបានធ្វើបុណ្យរួមគ្នា។ សង្ឃឹមថា លោកយាយលោកតានៅបន្តទៀត។ ពីដើម ផ្លូវទៅពោធិចិនតុង តំបន់ខាងនេះ បើយើងគិតពីត្រឹមការ៉ាស់សាំងពេទ្យលោកសង្ឃរហូតទៅហ្នឹង សងខាងហ្នឹងសុទ្ធតែស្រែទេ។ ដីទំនេរទេ។ ម្ដុំខាងនេះ កន្លែងចាក់លេខឡាន។ ផ្លូវរាងកោងបន្តិចហ្នឹង ឲ្យតែយើងជិះឡានផុតទៅ គឺគេហ៊ោហើយ។ មូលហេតុអីបានលឺហ៊ោ? កាលនោះ យើងមិនមានឡានម៉ាស៊ីនត្រជាក់ដូចរាល់ថ្ងៃទេ។ យើងត្រូវបើកកញ្ចក់ ហើយអញ្ចឹងលឺសូរគេហ៊ោយ៉ាងច្បាស់។ ដល់សួរទៅ យ៉ាងម៉េចពួកហ្នឹងឲ្យតែអញជិះឡានកាត់តាមហ្នឹងលឺសូរតែហ៊ោ។ គេចាក់លេខឡាន។ ដោយសារតែឃើញឡានយើងមានមួយៗ បួនប្រាំនាក់គេថាអានេះលេខចុងលេខប៉ុណ្ណេះៗ ដល់ទៅផុតទៅ គេហ៊ោអ្នកណាត្រូវអ្នកណាមិនត្រូវ។ ឥឡូវ នៅកន្លែងនេះមានអគារខ្ពស់ៗ បើតាមលោក LEE JOONG KEUN និយាយថានឹងបង្កើតសាកលវិទ្យាល័យមួយនៅទីនេះ។ វានឹងផ្ដល់ឱកាសបណ្ដុះបណ្ដាលកាន់តែប្រសើរនៅក្នុងប្រទេស ដោយយើងមានការបណ្ដុះបណ្ដាលទាំងក្នុងវិស័យពុទ្ធចក្រនិងអាណាចក្រ ដែលនៅជិតគ្នាកន្លែងនេះ។ ខ្ញុំព្រះករុណាខ្ញុំសូមអរគុណ ហើយអរគុណភរិយាខ្ញុំថ្ងៃនេះបានមកជាមួយខ្ញុំ ដោយសារតែ(ស្ថានភាពសុខភាពរបស់គាត់មាន)ការធូរស្រាល។
(១០) រៀបចំខ្លឹមសារពាក្យពេចន៍ប្រកាសស៊ីហ្គេមអោយបានខ្លី
កិច្ចការរវល់គឺវារវល់ហើយ។ ពីនេះរហូតទៅដល់ស៊ីហ្គេម។ យប់មិញ ខ្ញុំបានផ្ញើសារសម្លេងទៅឲ្យអ្នក(រៀបចំកម្មវិធី)ហើយ អំពី(ការរៀប)ពាក្យដែលត្រូវប្រកាសបើកនោះកុំវែងឆ្ងាយពេក “ក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមប្រកាសបើកស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ។ សូមអរគុណ”។ តែប៉ុណ្ណឹងចប់។ ឯកឧត្តម ថោង ខុន ថាគាត់សរសេរឯណា “រង់ចាំ ៦៥ ឆ្នាំរួចហើយ …” យូរពេក។ អញ្ចឹងទេប្រកាសតែប៉ុណ្ណឹង រួចហើយគេចាប់ផ្តើមប្រកួតទៅ។ ឥឡូវភ្លើងជិតមកដល់។ សល់១១ ថ្ងៃទៀតទេ។ ថ្ងៃស្អែកចូលមកដល់ខេត្តស្ទឹងត្រែងហើយ។ ភ្លើងគប់យើងបានរត់១០ ប្រទេសរួចហើយ។ លើកលែងតែព្រុយណេ ដែលគាត់ស្ថិតនៅក្នុងរ៉ាម៉ាឌន មិនអាចទទួលបាន។ យើងរត់ទៅដល់ទីម័រខាងកើតនោះ។ ឥឡូវយើងរត់មកចូលក្នុងប្រទេសរបស់យើង ហើយឆ្លងកាត់ដូចជាចេញពីស្ទឹងត្រែងចូលក្រចេះ ចេញពីក្រចេះចូលកំពង់ចាម ចេញពីកំពង់ចាម ចូលមកកណ្តាល ហើយចូលមកភ្នំពេញវិមានឈ្នះឈ្នះ។ បន្ទាប់ទៅ មានការរត់អីតគ្នាទៅនៅក្នុងទីក្រុងភ្នំពេញ ហើយបានរត់កាត់តាមមួយជុំវិញទន្លេសាប ឲ្យចូលមកភ្នំពេញវិញដើម្បីឲ្យបើកស៊ីហ្គេម។
(១១) ទទួលបន្ទុកថ្លៃបាយ/ស្នាក់នៅ៥០ ដុល្លារ សំរាប់កីឡាករ-ការិនីនិងគ្រូបង្វឹកម្នាក់
ធ្វើជាម្ចាស់ផ្ទះ(ស៊ីហ្គេម)ឆ្នាំនេះ យើងមិនគិតថ្លៃទាំងអ្នកដែលមកចូលមើល ទាំងជាប្រជាជនកម្ពុជា ទាំងជាបរទេស។ លើកនេះ យើងធ្វើឲ្យគេស្គាល់បេះដូងខ្មែរពិតប្រាកដ។ យើងចំណាយប្រមាណជា៧ លានដុល្លារថែមទៀតដើម្បីចិញ្ចឹមកីឡាករកីឡាការិនីបរទេស មិត្តភក្តិបរទេសដែលមកប្រកួត។ តាមធម្មតា គេយក៥០ ដុល្លារ ជាលក្ខន្តិកៈរបស់គេ។ ពេលដែលកីឡារបស់យើងទៅប្រកួត ត្រូវបង់ឲ្យម្ចាស់ផ្ទះក្នុងមួយថ្ងៃ៥០ ដុល្លារ។ យើងអត់ឲ្យបង់ថ្លៃទេ។ យើងទទួលបន្ទុកចិញ្ចឹមនិងការស្នាក់នៅដោយមិនយកថ្លៃ។ និយាយរួម យើងអត់យក ៥០ ដុល្លារហ្នឹង។ ប៉ុន្តែសូមបញ្ជាក់ អ្នកដែលមកគាំទ្រ រកសណ្ឋាគារនៅខ្លួនឯង។ យើងទទួលបន្ទុកតែកីឡាករ កីឡាការិនីនិងគ្រូបង្វឹក គ្រូកីឡា … ក្រៅពីនោះ … សណ្ឋាគារនៅភ្នំពេញច្រើនណាស់។
(១២) កម្ពុជា ប្រទេសតូចនិងក្រ មានបេះដូចធំ
យើងធ្វើឲ្យគេឃើញថា ខ្មែរដែលជាប្រទេសតូចប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយជាងមហាសមុទ្រទៅទៀត។ ខ្ញុំសង្ឃឹមថា នៅការប្រកួតស៊ីហ្គេមក្រោយៗទៀត ដោយឃើញថាកម្ពុជាមិនធ្លាប់យកលុយគេ ប្រទេសខ្លះអាចគិតឃើញថា “មិនចាំបាច់យកលុយពីកម្ពុជាទេ។ កាលអញបញ្ជូនទៅជាង១០០០ នាក់ គេបញ្ជូនទៅវិញត្រឹមតែ៥០០ នាក់ មិនបាច់យកតែម្តង”។ ជួនកាលគេឲ្យត្រឡប់មកវិញ។ ហ្នឹងតាមគេគិតទេណា យើងអត់បង្ខំគេទេ។ យើងស្ម័គ្រចិត្តធ្វើ ព្រោះយើងយកលុយគេប៉ុណ្ណឹងមក ក៏មិនក្លាយទៅជាអ្នកមានបានដែរ ហើយបើយើងលក់សំបុត្រឲ្យប្រជាពលរដ្ឋយើងចូលមើល ក៏យើងមិនអាចក្លាយទៅជាអ្នកមានបានដែរ។ ផ្ទុយទៅវិញ ដាក់បន្ទុកទៅលើប្រជាពលរដ្ឋដែលរង់ចាំរយៈពេល ៦៦ ឆ្នាំរួចមកហើយ។
សូមប្រជាពលរដ្ឋរបស់យើងនៅទីក្រុងភ្នំពេញ និងនៅបណ្តាខេត្តដែលមានទីតាំងការប្រកួតកីឡា មេត្តាយោគយល់ដល់ការរៀបចំនានាដែលអាចមានការស្ទះចរាចរណ៍ខ្លះ។ ឥឡូវក្រុមបាល់ទាត់បានមកដល់កម្ពុជាដូចជាហ្វីលីពីន ឥណ្ឌូនេស៊ី។ ថ្ងៃ ២៩ ទាត់ហើយ។ ឥឡូវគេចាប់ផ្តើមមកហ្វឹកហាត់ហើយ។ មានកីឡាមកបណ្តើរៗរួចទៅហើយ។ ថែទាំគេឲ្យបានល្អ … ប៉ុន្តែសុំឲ្យគេយោគយល់អំពីធាតុអាកាស … តែរឿងបញ្ហាទាក់ទិននឹងរឿងកូវីដ-១៩ ស្អីៗនេះ អាស្រ័យទៅលើគាត់ទេ។ គាត់ចង់ធ្វើតេស្តក៏ធ្វើទៅ ពាក់ម៉ាសក៏ពាក់ទៅ ប៉ុន្តែយើងអត់បង្ខំឲ្យគាត់ធ្វើតេស្ត ឬពាក់ម៉ាសទេ នៅក្នុងប្រទេសរបស់យើង។
ជាបន្តទៅទៀតនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមកសម្រាប់លោកយាយ លោកតា ដែលចូលរួមនៅថ្ងៃនេះចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ ដុំ ថវិកាចំនួន២ ម៉ឺនរៀល។ ជូនកាយឬទ្ធិ យុវជនកាកបាទក្រហម និងសហគ្រាសសហព័ន្ធយុវជនកម្ពុជា សរុប ៣០០ នាក់ ក្នុងម្នាក់ៗថវិកា២ ម៉ឺនរៀល។ ជូនសិស្សានុសិស្សចំនួន ៥០០ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ តូចៗនោះចេះស្តាប់ទេ? ប៉ុន្តែឧស្សាហ៍ចូលរៀនស្តាប់ធម៌ចៅៗ ស្តាប់ធម៌ ស្តាប់អារ្យ អត់អីខុសទេ អប់រំឲ្យធ្វើអំពើល្អទេ។ ជូនលោកគ្រូ អ្នកគ្រូ ចំនួន ២០០ នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៥ ម៉ឺនរៀល។ ជូនសិស្ស និស្សិតស្នាក់នៅក្នុងវត្ត ចំនួន ១៧ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ប្រគេនរោងទិសទាំង ៨ ទិសនីមួយៗថវិកា ១ លានរៀល។ ប្រគេនសីមាឥន្ទកិល បច្ច័យចំនួន ២ លានរៀល។ ជូនក្រុមភ្លេងបុរាណ និងឆៃយ៉ាំ ថវិកា ៥ លានរៀល។ ជូនមណ្ឌលសុខភាពទឹកថ្លា ថវិកា ២ លានរៀល។ ជូនសាលាខណ្ឌសែនសុខ ថវិកា ២ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ចំនួន ៣ លានរៀល។
សម្រាប់ថវិកាប្រគេនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃសម្រាប់បន្ត មានការចូលរួមពីសាច់ញាតិ មាន ហ៊ុន ស៊ីណាត ៣៦,០០០ ដុល្លារ ហ៊ុន សេងនី ២៣,០០០ ដុល្លារ ហ៊ុន សាន ១៥,០០០ ដុល្លារ លាង វួចឆេង បងថ្លៃស្រី ៣៤,០០០ ដុល្លារ ស៊ាង ប៊ុនលាង និងហ៊ុន ប៊ុនធឿន ២៨,១៤០ ដុល្លារ ឃួង ស្រេង ចំនួន ២៦,០២០ ដុល្លារ ហ៊ុន ម៉ានី ២៣,០០០ ដុល្លារ សរុបបាន ១៥៤,៥៤០ ដុល្លារ។ ឯចំនួនទិសខណ្ឌ ចំនួនអានេះគិតជារៀលមកដុល្លារ ១១,១០០ ដុល្លារ ហើយនឹងស្អី ៥០០ ដុល្លារទៀត។ ឥឡូវសរុបទាំងអស់ ១៧១,១៤០ ដុល្លារ ប្រគេនព្រះតេជព្រះគុណ … អាចព្រះតេជព្រះគុណធ្វើកុដិធ្វើអីថែមទៅទៀតនៅក្នុងទីអារាមរបស់យើង។ សូមព្រះតេជព្រះគុណអភ័យទោសផងសម្រាប់ការនិយាយរបស់ខ្ញុំព្រះករុណាខ្ញុំ។ ជាមួយនឹងពិធីដែលយើងនឹងប្រព្រឹត្តទៅបន្តិចទៀត ដើម្បីបញ្ចុះខណ្ឌសីមានៅវត្តបារមីវង្កតបុរី ជាមួយនឹងការសម្ពោធសមិទ្ធផលនានានៅក្នុងទីអារាមនេះ ខ្ញុំព្រះករុណាខ្ញុំ សូមបួងសួងចំពោះវិញ្ញាណក្ខន្ធមាតាបិតារបស់ខ្ញុំព្រះករុណាខ្ញុំ ក៏សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រៃកែវទាំង ៣ សូមប្រគេនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
************
Selected Comments Samdech Techo Hun Sen,
At the inauguration of the Buddhist temple and various achievements in Wat Preah Baramei Vongkot Boreo, Phnom Penh
[Unofficial Translation]
(1) Democratic Kampuchea could never obliterate religions/faiths from people’s minds/hearts
[…] according to history, the monastery was previously only a haven for war refugees from 1970 to 1975. Then, between 1975 and 1979, all religions in Cambodia were destroyed by the genocidal regime of Pol Pot […] once, the former governor of Pursat province asked a Cambodian Muslim “who was born first between Allah and Buddha.” The Cambodian Muslim person replied that “no one, they were born at the same time, the same day, which is January 7, 1979” […] (the Democratic Kampuchea) could only eliminate those religions physically like temples and/or shrines, but they could never obliterate from the people’s minds and hearts the religions/faith they worship […]
(2) Secular world saved, people saved, Buddhism and other religions prosper together
As far as the construction of the temple and numerous other achievements here are concerned, they are not just because we have the tombs of my parents here, but for Buddhists, pagodas and others who believe in Buddhism. This is the great bond between the secular world and the Buddhist world […] when the secular world is in crisis, (the religious worlds offer) refuges to the war displaced persons, like in this case, […] at a later stage, the temple here was destroyed due to the crisis in the secular world. When the secular world was saved, the people were saved, Buddhism and other religions prosper together […] our country does not have any fighting (going on). The New Year has just attracted 13 million people to travel in celebration […] starting from the good situation of the secular world in which we have protected peace and political stability, favorable conditions and opportunity have been created for people to enjoy the New Year celebration […]
(3) Three world records – youngest foreign minister, youngest and longest Prime Minister
There are people who wanted to be big, but somehow the destiny does not make that happen […] I do not want to be and never I had known how to be the Prime Minister, but it turned out that I become the Prime Minister for almost four decades. To add up the positions in the Royal Government, my tenure in the government has been almost 44 years. I have already broken three of the world records – the youngest foreign minister in the world. That is the first record. The second record is the youngest prime minister in the world. The third record is the longest-serving prime minister in the world. “Mr. Hun Sen is holding on to power,” so they said. Yes, this power is given by the people. What do you want power for? I am defending the power (given to me) for (the protection of) peace. There is nothing wrong about it. You wanted to be the Prime Minister, (and you do not have the people’s approval,) what is it then? Look before you speak […] look around here, there are skyscrapers and according to LEE JOONG KEUN, (Booyoung) will soon establish a university here. It will provide better training opportunities in the country as we have training in both Buddhism and the neighboring kingdoms. I thank you and thank my wife for coming with me today as (her health condition) improved […]
(4) Let us make the opening SEA Games statement short
Between now until the SEA Games, there will be lots of works. Last night I sent a voicemail message to (the organizers) about (the preparation of) the words to be announced (at the opening). I said that let us do not try to make too long sentences – “in the name of HM the King of Cambodia, on behalf of the Royal Government and on my personal behalf, I now declare the opening of the 32nd SEA Games 2023. Thank you.” That was it. His Excellency Thong Khon said he is going to write “having waited for 65 years already …” – it is too long […] the SEA Games torch is going to arrive back in Stung Treng tomorrow. We have already run the torch to 10 countries, except for Brunei, where they could not do it for Ramadan. We ran to East Timor. Now we run the torch back to our country and will cross the provinces of Stung Treng into Kratie, out of Kratie into Kampong Cham, and out of Kampong Cham into Kandal and into Phnom Penh, to the Win-win Monument. There will be torch passing from Phnom Penh and run through provinces around the Tonle Sap before returning to Phnom Penh to open the SEA Games […]
(5) Cambodia will not be any richer if we were to charge […] Hosting the (SEA Games) this year, we allow spectators – Cambodians and foreigners – chance to watch the games free-of-charge, (while granting broadcast rights, and eating and accommodation for athletes). This time we will make the real Cambodian heart known to the world. We will spend about US$ 7 million more […] according to the normal rules, they charge US$ 50/person per day (for accommodation and meals for players). Normally, Cambodian players had to pay the host US$ 50 per day (for that). We do not charge a fee. We are in charge of free food and accommodation for athletes and coaches […] we make people see that Cambodia is a small country, a poor country, but generous […] we are satisfied to offer the free of charge services because we cannot become richer just by charging their money, and if we sell tickets to our people, we cannot become richer too. Instead, the burden is on the people who have been waiting for 66 years […] all I am asking is that our citizens in Phnom Penh and in the provinces where sports venues are located understand the arrangements that may cause some traffic jams […]./.
សម្ដេចតេជោ ហ៊ុន សែន៖ សាសនាទាំងអស់ ត្រូវបានបាត់បង់ និងបំផ្លាញចោលនៅសម័យ ប៉ុល ពត
ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាសនាទាំងអស់ត្រូវបានបាត់បង់ និងបំផ្លាញចោល នៅសម័យ ប៉ុល ពត។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោយថ្ងៃរំដោះ៧មករា ប្រទេសជាតិយើងចាប់ផ្តើមមានការអភិវឌ្ឍរីកចម្រើនឡើងវិញ រួមទាំងវិស័យសាសនាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ពុទ្ធបរិស័ទទាំងអស់ ដែលបានរួមគ្នាធ្វើឱ្យមានសមិទ្ធផលធំៗ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ដើម្បីបម្រើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រផងដែរ។
សម្ដេចតេជោ ហ៊ុន សែន៖ សាសនាទាំងឡាយនៅកម្ពុជា បានរស់រានឡើងវិញក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩
ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាសនាទាំងឡាយនៅកម្ពុជា បានរស់រានឡើងវិញក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ហើយព្រះពុទ្ធសាសនា បានក្លាយជាសាសនារបស់រដ្ឋ ហើយទីវត្តអារាម កន្លែងសក្ការៈបូជា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក្នុងវិស័យព្រះពុទ្ធសាសនា ត្រូវបានបើកឱ្យដំណើរការឡើងវិញជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពីដើមឡើយទីអារាមវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងនេះ គ្រាន់តែជាកន្លែងស្នាក់នៅរបស់ជនភៀសសិកមកពីខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងការនិមន្តភៀសព្រះកាយរបស់ព្រះសង្ឃផងដែរ៕
សម្ដេចតេជោ ហ៊ុន សែន៖ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដើរលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារតែកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ទើបអាចបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដើរលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រហូតដល់១៣លាននាក់។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងកំពុងតែធ្វើបុណ្យទានដោយគ្មានការព្រួយបារម្ភនៅពេលនេះដោយគ្មានការព្រួយបារម្ភពីគ្រាប់បែកគ្រាប់ផ្លោង ក៏ដោយសារតែផ្នែកអាណាចក្រយើងមានសុខសន្តិភាពនិងស្ថិរភាពផងដែរ៕
សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ៖ «នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត» ក្នុងគោលបំណងបង្ហាញឲ្យឃើញអំពីពេលវេលា ដែលត្រូវធ្វើឲ្យគ្រុនចាញ់សូន្យពីពេលនេះ តាមរយៈការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តសកម្មភាព ពីគ្រប់មជ្ឈដ្ឋានជាចាំបាច់ សម្រាប់ឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ បានទាំងស្រុងក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២៥ និងពិភពលោកនៅឆ្នាំ២០២៣៕
ខាងក្រោមនេះ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៖