Tuesday, September 24, 2024

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃរបស់អ្នកសារព័ត៌មាន





AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤–

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃរបស់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ហើយបាននិងកំពុងប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គាំទ្រដល់ការប្រកបសកម្មភាពអាជីពរបស់ខ្លួនប្រចាំថ្ងៃ។ 


ឯកឧត្តម បានបន្ថែមថា នេះជាដំណើរឆ្ពោះទៅមុខក្នុងការប្រតិបត្តិធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្រោយធម្មនុញ្ញនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរួច កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសរុបចំនួន ១ ២០០ ក្បាលហើយ ត្រូវបានសមាគមសារព័ត៌មាន និងអ្នកសារព័ត៌មាន (ទាំងអាជីព និងមិនមែនអាជីព) យកទៅប្រើប្រាស់ ដោយពួកគេបានដាក់តាមខ្លួនសម្រាប់ការងារប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ ក្រោយថ្ងៃប្រកាសដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួចមក ក្រសួងព័ត៌មានបានទទួលសំណើសុំកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដើម្បីយកទៅប្រើប្រាស់ ពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មាន ព្រមទាំងសំណើសុំពីអ្នកផលិតមាតិកាផងដែរ ជាបន្តបន្ទាប់។ 


មកទល់ពេលនេះចំនួនកូនសៀវភៅធម្មនុញ្ញដែលបានស្នើសុំ មានចំនួនសរុប ៨ ០០០ ក្បាលហើយ ខណៈក្រសួងព័ត៌មានកំពុងបន្តទទួលបានការស្នើសុំជាបន្តបន្ទាប់ទៀត។ ក្រសួងព័ត៌មាន នឹងរៀបចំការផ្តល់ជូននូវកូនសៀវភៅធម្មនុញ្ញ ដែលត្រូវបានស្នើសុំទាំងនេះ ក្នុងក្របខណ្ឌនៃការចែកជូនដោយឥតគិតថ្លៃ។


កាយវិការរបស់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មាន ក៏ដូចជាអ្នកផលិតមាតិកាទាំងនេះ ជាការបញ្ជាក់ឱ្យឃើញកាន់តែច្បាស់បន្ថែមទៀត អំពីការទទួលយកនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ការអនុវត្ត ដែលការណ៍នេះបានធ្វើឡើងដោយផ្អែកលើការឯកភាព និងឆន្ទៈរួមរបស់តួអង្គ ព្រមទាំងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាន និងសោតទស្សន៍កម្ពុជា ក្នុងការប្រតិបត្តិធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីគាំទ្រដល់គោលបំណងរួមគ្នាគឺពង្រឹងការគោរពសីលធម៌វិជ្ជាជីវៈ ធានាការលើកកម្ពស់សណ្តាប់ធ្នាប់ និងគុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។


ចាប់ពីពេលនេះតទៅ កម្ពុជាមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាក្រមសីលធម៌កំពូល ហើយកំណត់អំពីនិយាមអប្បបរមានៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន យកធ្វើជាមូលដ្ឋានដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈ ព្រមទាំងពង្រឹងគុណភាពការងារប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវដោយអនុលោមតាមសិទ្ធិនិងករណីកិច្ចក្នុងក្របខណ្ឌច្បាប់ជាធរមាន ដើម្បីធានាជំនឿទុកចិត្តរបស់សង្គមមកលើសារព័ត៌មាននៅកម្ពុជា៕






ប្រធានរដ្ឋសភាកម្ពុជា-ចិន ប្តេជ្ញាជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កាន់តែរឹងមាំ ស៊ីជម្រៅបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋកាន់តែច្រើនឡើង




សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានប្តេជ្ញារួមគ្នា បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយឡើងថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយយកប្រជាជនជាស្នូល សំដៅធ្វើយ៉ាងណាគាំទ្រ និងជំរុញកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលប្រទេសទំាងពីរបានដាក់ចេញ ឱ្យសម្រេចជាលទ្ធផលជាក់ស្តែង។ 


ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា-ចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយគ្នា នៅវិមានសភាតំណាងប្រជាជនចិន នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងពេលដែលសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។ 


នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណី មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ ស្តង់ដាខ្ពស់ និងកម្រិតខ្ពស់។ 


ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសភាតំណាងប្រជាជនចិនដែលបានទទួលស្វាគមន៍ដល់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត ដែលនេះបានបង្ហាញឱ្យឃើញពីចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំដ៏យូរលង់នៃប្រទេសទំាងពីរ។ សម្តេចបានលើកឡើងថាទំនាក់ទំនងកម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិ ដោយឈរលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការឱ្យតម្លៃគ្នា ស្មោះត្រង់ សាមគ្គីភាព ដើម្បីផលប្រយោជន៍រួម។


សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម ចាវ ឡឺជី បានអបអរសាទរចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរដែលបានពូនជ្រំឡើងដោយ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយនឹងអតីតប្រមុខដឹកនាំចិនមាន ឯកឧត្តម ម៉ៅ សេទុង និងឯកឧត្តម ជូ អេងឡាយ  ហើយនៅពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន បានឈានដល់កម្រិតខ្ពស់ នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងបានឈានដល់កម្រិតពិសេសមួយទៀតគឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» នៅក្រោមការដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឥស្សរជនបន្តវេនរបស់កម្ពុជា ជានាយករដ្ឋមន្រ្តីនៃនីតិកាលទី៧នៃរដ្ឋសភា ។ 


ឯកឧត្តម ចាវ ឡឺជី បានគូសបញ្ជាក់តាមរយៈការអនុវត្តកិច្ចសហប្រតិបត្តិការ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង“ច្រករបៀងមច្ឆានិងអង្ករ” ប្រទេសចិននឹងបង្កើនការនាំចូលកសិផលពីកម្ពុជា ជំរុញការ វិនិយោគលើវិស័យថាមពល លើកកម្ពស់ការអភិវឌ្ឍវិស័យសុខភាពសាធារណៈ ផ្លូវថ្នល់ជនបទ វិស័យធនធានទឹក វិស័យអប់រំ និងទេសចរណ៍។ 


ឯកឧត្តមបានគូសបញ្ជាក់ថា នៅឆ្នាំនេះកំណើនទេសចរចិនទៅទស្សនានៅកម្ពុជាបានកើនឡើងប្រមាណ៤៥% ហើយសភាតំណាងប្រជាជនចិន នឹងផ្សព្វផ្សាយ ទាក់ទាញអ្នកវិនិយោគ និងទេសចរចិនឱ្យទៅទស្សនា និងបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។


ទំនាក់ទំនងរវាងរដ្ឋសភាប្រទេសទាំងពីរបានឈានដល់កម្រិតមួយខ្ពស់មិនធ្លាប់មាន ស្របពេលឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទំាងពីរ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា “ដើម្បីសម្រេចបានសហគមន៍ជោគវាសនារួម យើងត្រូវមានគុណតម្លៃរួម និងគោលដៅរួម។ គុណតម្លៃរួមសំដៅលើតម្លៃសន្តិភាព វិបុលភាព យុត្តិធម៌ សមភាព និងសុខដុមរមនា។ ជាមួយគ្នានេះ គោលដៅរួមសំដៅលើការបន្ស៊ីគ្នារវាងចក្ខុវិស័យកម្ពុជា ២០៥០ និងគោលដៅសតវត្សរ៍លើកទី២ របស់ចិន ជាពិសេសការជួយគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ“។ 


ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ ស្របតាមសភាពការណ៍ជាក់ស្តែង សំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនបានកាន់តែច្រើនបន្ថែមទៀតនោះ រដ្ឋសភានៃប្រទេសទំាងពីរ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀមស្តីពីកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋសភាប្រទេសទំាងពីរផងដែរ ដើម្បីជំនួសឯកសារចាស់ដែលបានចុះហត្ថលេខា តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ 


ថ្នាក់ដឹកនាំរដ្ឋសភាសភាប្រទេសទាំងពីរបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខានាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃចំណងការទូតសភាប្រទេសទាំងពីរ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រដ្ឋសភាប្រទេសទាំងពីរ ក្នុងការពង្រឹង  និងពង្រីកការផ្លាស់ប្តូរបទពិសោធន៍ការងារសភា ជាអាទិ៍ការងារនីតិកម្ម និងវិស័យឌីជីថល លើកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត គ្រប់វិស័យ ដើម្បីនាំផលប្រយោជន៍ជូនប្រទេសទាំងសងខាង ឱ្យបានច្រើនបន្ថែមទៀត៕






ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលស្តីពីអនាគត




ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុង កិច្ចប្រជុំកំពូលស្តីពីអនាគត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវចំណុចគន្លឹះចំនួន៥ រួមមាន៖ (១)  ភាពកាន់តែផុយស្រួយនៃសន្តិភាព និងសន្តិសុខអន្តរជាតិ (២) តម្រូវការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (៣) ដំណោះស្រាយ និងហានិភ័យនៃការរីកចម្រើននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ចំពោះការអភិវឌ្ឍមនុស្សជាតិ (៤) សារៈសំខាន់នៃការចូលរួមរបស់យុវជននៅក្នុងការអភិវឌ្ឍ និង (៥) សារៈសំខាន់នៃការផ្លាស់ប្តូរអភិបាលកិច្ចសកលសម្រាប់សន្តិភាព ស្ថិរភាព និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

 

 His Excellency Mr. SOK Chenda Sophea, Deputy Prime Minister and Minister of Foreign Affairs and International Cooperation  delivered a statement at the Summit of the Future

---


As the High Representative of Samdech Moha BorvorThipadei HUN Manet, Prime Minister of the Kingdom of Cambodia, His Excellency Mr. SOK Chenda Sophea, Deputy Prime Minister and Minister of Foreign Affairs and International Cooperation  delivered a statement at the Summit of the Future on 23 September 2024 at the United Nations Headquarters in New York. 


His Excellency Deputy Prime Minister highlighted 5 key points: (1) the fragile state of international peace and security; (2) the need for financing in sustainable development; (3) the solutions and risks presented by the advancement of science, digital technologies and innovation to human development; (4) the need to engage youth in development; and (5) the importance of transforming global governance in maintaining peace, stability and achieving sustainable development goals.