ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ក្នុងកម្មវិធីជួបជាមួយសកម្មជនរបស់ខ្លួននៅខេត្តព្រៃវែង
បានប្រើវោហាស័ព្ទបន្លំស្ថានការណ៍ក្តៅរឿងអាស្រូវផ្លូវភេទរបស់ខ្លួនជាមួយស្រីក្មេងជាច្រើននាក់
ដោយលើកឡើងថា គូប្រជែងរបស់ខ្លួនកំពុងប្រើយុទ្ធសាស្ត្រ ដើម្បីកំចាត់ថ្នាក់ដឹកនាំទាំងពីររបស់គណបក្សសង្គ្រោះជាតិ
គឺដើម្បី “កាត់ក្បាល ហើយបំបែកខ្លួន”។ ទោះមិនលើកចំឈ្មោះក៏គេដឹងថា លោក កឹម សុខា
ចង់សំដៅទៅលើគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន។
អ្វីដែលលោក កឹម សុខា ចោទថា
គណបក្សប្រជាជនកម្ពុជា កំពុងប្រើប្រាស់យុទ្ធសាស្ត្របំបែកបំបាក់
ឬកាត់ក្បាល និង ពុះខ្លួនបក្សប្រឆាំង ត្រូវបានអ្នកវិភាគនយោបាយយល់ថា បើមេដឹកនាំបក្សសង្គ្រោះជាតិមិនហុចក្បាលទៅឲ្យគេកាត់
ក៏គេមិនអាចកាត់បានដែរ បើមិនបានដាក់ខ្លួនចូលក្រោមមុខកាំបិតឲ្យគេពុះ ក៏គ្មានអ្នកណាអាចពុះខ្លួនគណបក្សនយោបាយកំពូលល្បិច
និងអ្នកនយោបាយជើងឯករត់ប្រណាំងទាំង២នេះ បានដែរ។
ផ្ទុយទៅវិញ ដោយសារតែទង្វើខុសច្បាប់
អសីលធម៌ និងខ្វះគុណធម៌របស់មេគណបក្សប្រឆាំងនេះហើយ ដែលជាមូលហេតុធ្វើឲ្យគណបក្សសង្គ្រោះជាតិដាច់ក្បាល
បែកខ្លួននោះ។ ដាច់ក្បាល ក៏ដោយសារតែសង្គ្រោះជាតិចូលចិត្តបក្ខពួកនិយម ក្បាលដោយក្បាល
ខ្លួនដោយខ្លួន ហើយក្បាលរត់ចោលខ្លួន តែបែរជាចោទគេថា “កាត់ក្បាល ពុះបំបែកខ្លួន”។
ផ្ទុយទៅវិញលោក កឹម សុខា បានពុះគ្នីគ្នាខ្លួនឯងក្នុងស្រុក
ចង់កំចាយអតីតមនុស្សក្នុងបក្សសមរង្ស៊ីសោះ បែរជាចោទគេ ថាពុះ។
សកម្មជនរបស់គណបក្សសង្គ្រោះជាតិបានរត់ចេញពីបក្សកាន់តែច្រើនទៅៗ
និងការបាត់បង់ជំនឿទុកចិត្តពីពលរដ្ឋ ដោយសារតែនយោបាយនាំពលរដ្ឋទៅស្លាប់របស់មេបក្សប្រឆាំងទាំងពីរ
គឺលោក សម រង្ស៊ី និងលោក កឹម សុខា ទើបធ្វើឲ្យដាច់ក្បាល និងបែកខ្លួន យ៉ាងដូច្នេះ។
គួររំលឹកថា មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរ
គឺសុទ្ធសឹងតែជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសជាច្រើន រួមនឹងការរុំព័ទ្ធទៅដោយរឿងអាស្រូវស្នេហាលួចលាក់
និងប្រព្រឹត្តអំពើពុករលួយជាដើម។
ករណីប្រធានបក្សលោក សម រង្ស៊ី
បានប្រព្រឹត្តកំហុសម្តងហើយម្តងទៀត។ លោក សម រង្ស៊ី កាលពីឆ្នាំ២០០៨ បានចោទលោក
ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីថា ជាប្រធានគុកបឹងត្របែកនៅក្នុងសម័យខ្មែរក្រហម។
ការចោទប្រកាន់ខុសរឿងនេះ ត្រូវបានលោក ហោ ណាំហុង ដាក់ពាក្យប្តឹងពីបទបរិហារកេរ្តិ៍
ហើយត្រូវបានតុលាការក្រុងភ្នំពេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ សម្រេចចេញដីកាចាប់ខ្លួន
ដើម្បីអនុវត្តតាមអំណាចសាលដីកាស្ថាពរលេខ១៧ ក្រ៥.ប ចុះថ្ងៃទី១២ ខែមីនា ២០១៣ ដែលបានផ្តន្ទាទោសដាក់ពន្ធនាគារ
២ឆ្នាំ និងពិន័យជាប្រាក់ ៨លានរៀល ។ ទោះជាមានដីការតាមចាប់ខ្លួន ក៏លោក
សម រង្ស៊ី មិនញញើតនឹងធ្វើការវាយប្រហារទៅលើថ្នាក់ដឹកនាំរដ្ឋាភិបាលនោះឡើយ
រហូតដល់មានបណ្តឹងជាបន្តបន្ទាប់ទៅកាន់មេបក្សប្រឆាំងដែលកំពុងរត់គេចខ្លួនរូបនេះ។
បណ្តឹងទាំងនោះរួមមាន៖
- បណ្តឹងពីលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ប្តឹងលោក សម រង្ស៊ី
ពីបទបរិហារកេរ្តិ៍ លើរឿងដែលលោក សម រង្ស៊ី បានបង្ហោះសារនៅលើហ្វេសប៊ុកកាលពីថ្ងៃទី១៧
ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយចោទថា តុលាការរបស់របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា បានកាត់ទោសប្រហារជីវិតសម្តេចព្រះនរោត្តម
សីហនុ ដោយចោទព្រះអង្គថា ជាជនក្បត់ជាតិ។
- បណ្តឹងពីលោក
សោម សឿន សមាជិកជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ប្តឹងលោក សម រង្ស៊ី ពីបទផ្សាយលិខិតក្លែង
បង្ហោះលើបណ្តាញសង្គម Facebook នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦។
ក្រៅពីនេះ រដ្ឋាភិបាល កំពុងពិចារណាក្នុងការប្តឹងលោក
សម រង្ស៊ី រឿងសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ
ប្រើប្រាស់ឯកសារក្លែងក្លាយ
និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
ប្រព្រឹត្តនៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ទាក់ទងនឹងការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ក្នុងនាមជាសហចារី ជាមួយលោក ហុង សុខហួរ។
ដោយឡែកប្រធានស្តីទីលោក កឹម សុខា ពោរពេញទៅដោយរឿងអាស្រូវផ្លូវភេទជាមួយស្រីក្មេងជាច្រើននាក់
និងប្រព្រឹត្តអំពើពុករលួយកិបកេងបន្លំថវិកាមូលនិធិបក្ស
និងពីបងប្អូនខ្មែរនៅឯបរទេស យកទៅទិញដី ផ្ទះ ឲ្យស្រីកំណាន់។
រឿងអាស្រូវរបស់លោកប្រធានស្តីទីរូបនេះ
បានរីករាលដាលកាន់តែធំឡើងៗរហូតដល់មានការទាមទារតវ៉ា
ពីក្រុមនិស្សិតយុវជនដែលគេស្គាល់ថា ជាសកម្មជនយុវជនគណបក្សសង្គ្រោះជាតិ ប្រមាណជិត
៣០០នាក់ ដាក់ញត្តិទៅកាន់រដ្ឋសភា ទីស្នាក់ការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ផ្ទះលោក កឹម សុខា និងអង្គភាពប្រឆាំងអំពើពុករលួយជាដើម។
ករណីមេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីររូបនេះ
គេមិនអាចនិយាយថា ជារឿងនយោបាយនោះទេ តែជារឿងអ្នកនយោបាយ
បានប្រព្រឹត្តកំហុស និងបទល្មើសជាក់ស្តែង។
ជារួម
គណបក្សសង្គ្រោះជាតិនាពេលនេះត្រូវបានគេមើលឃើញថា មិនមែនតែអ្នកគាំទ្រ
ឬអ្នកវិភាគនយោបាយនោះទេ ដែលយល់ថា បក្សប្រឆាំងដាច់ក្បាលនោះ សូម្បីតែសាមីខ្លូនលោក
កឹម សុខា ក៏ប្រកាសថា បក្សខ្លួនដាច់ក្បាល បែកខ្លួនជាពីរក្រុមដែរ។ បើដូច្នេះ តើ CPP ជាអ្នកកាត់ក្បាល
CNRP ឬ CNRP ខ្លួនឯង ជាអ្នកស៊កក្បាល មកឲ្យ
CPP កាត់? ទាំងអស់នេះ វាអាស្រ័យលើការគិតពិចារណារបស់អ្នកតាមដានរឿងនេះទៅចុះ៕