Thursday, June 10, 2021

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ ៣តោនក្នុងមួយឆ្នាំ

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចប្រកាសឱ្យដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។


ក្នុងសារលិខិតផ្ញើជូនជនរួមជាតិពីដំណឹងដ៏រីករាយនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ការសិក្សាបានបង្ហាញថា រ៉ែមាសដែលក្រុមហ៊ុនបានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។

សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា មុននឹងឈានដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុនបានពុះពារក្នុងការសិក្សាស្រាវជ្រាវជម្រករ៉ែមាស ដើម្បីអាចឈានទៅដល់ការធ្វើអាជីវកម្មបាន ព្រោះត្រូវចំណាយពេលវេលានិងថវិកាជាច្រើន ហើយលំបាកនៅក្នុងការវាយតម្លៃលក្ខខណ្ឌ សេដ្ឋកិច្ចនិងបច្ចេកទេសអាជីវកម្មធនធានរ៉ែឱ្យត្រឹមត្រូវតាមនិយាមអន្តរជាតិ។

សម្តេចតេជោ បានឱ្យដឹងផងដែរថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។

សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចាប់ផ្តើមអាជីវកម្មរ៉ែមាសនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំរបស់រាជរដ្ឋាភិបាលនាពេលកន្លងមកនៅក្នុងវិស័យរ៉ែពិតជាអាចទាញយកធនធានធម្មជាតិក្រោមដីមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើងបានប្រកបដោយ ការទទួលខុសត្រូវខ្ពស់លើការការពារផលប្រយោជន៍បរិស្ថាន និងសង្គម។

ក្នុងសារលិខិតនេះ សម្តេចតេជោ បានក្រើនរំលឹកផងដែរថា មិនឱ្យមានការធ្វើអាជីវកម្មមិនមានវិជ្ជាជីវៈ រួមទាំងរ៉ែមាសលក្ខណៈគ្រួសារដែលប្រឈមនឹងគ្រោះថ្នាក់។

សម្តេចតេជោ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឱ្យសាធារណជនទាំងឡាយចាប់យក របរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវកម្មដែលមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុន ច្រើននិងជំនាញពិតប្រាកដ។ អាជីវកម្មជាលក្ខណៈប្រពៃណី ដូចជាការរែង ចម្រាញ់យកមាសដោយ ដៃជាលក្ខណៈគ្រួសារបានបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ រីឯជម្រករ៉ែមាសដែលមានលក្ខណៈសមស្របសម្រាប់ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារក៏ពុំមានច្រើនដែរ។ ទន្ទឹមនឹងនេះការធ្វើអាជីវកម្ម ទ្រង់ទ្រាយតូចៗបែបនេះ ក៏មិនអាចផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋបានដែរ ផ្ទុយទៅវិញអាជីវកម្ម ប្រភេទនេះបង្កនូវផលប៉ះពាល់បរិស្ថាននិងគ្រោះថ្នាក់ផ្សេងៗទៀតផង»។

សម្តេចតេជោ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋលះបង់នូវបំណងចង់ធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារឬជាលក្ខណៈខ្នាតតូចបន្តទៀតទៅ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ដែរថា បណ្តាក្រុមហ៊ុនរ៉ែទាំងអស់ នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូនៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវដូចក្រុមហ៊ុនអូស្ត្រាលីនេះ នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការរបស់ខ្លួន៕

អាជ្ញាធរខេត្តសៀមរាប ចេញសេចក្តីសម្រេចស្តីពីការកំណត់ជា តំបន់ ក្រហម លឿងទុំ និងលឿង ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩


 

អភិបាលខេត្តកោះកុង បានដឹកនាំកិច្ចការប្រកាសការកែសម្រួលសមាសភាពគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក

កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយសមាជិក សមាជិកា ដើម្បីពិភាក្សាលើរបៀបវារ: ដូចខាងក្រោម៖

១-ការប្រកាសការកែសម្រួលសមាសភាពគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក

២-សេចក្តីរាយការណ៍ អំពីរបាយការណ៍វឌ្ឍនភាព នៃការបោះបង្គោលដីរដ្ឋរបស់របស់រដ្ឋបាលក្រុង ស្រុក នីមួយៗ

៣-បញ្ហាផ្សេងៗ

ក្នុងកិច្ចប្រជុំអភិបាលខេត្ត បានណែនាំដល់ប្រតិបត្តិករពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ពិសេសគណ:កម្មាធិការដែលទើបកែសម្រួលសមាសភាពថ្មីនេះ ត្រូវរៀបចំពង្រឹងការអនុវត្តការងារ ដើម្បីជាធាតុក្នុងការរៀបចំផែនការទៅអនាគត ស្របតាមចក្ខុវិស័យ នៃផែនការប្រើប្រាស់ដីធ្លី រួមទាំង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ សំដៅធានា និងបម្រើប្រយោជន៍រួម។ 

ដោយឡែក មុននឹងបញ្ចប់ លោកស្រីបានអំពាវនាវដល់សមាជិក សមាជិកា អង្គប្រជុំ ត្រូវអនុវត្តអនុសាសន៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងគោលការណ៍ណែនាំនានា របស់ក្រសួងមានសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ៕




រដ្ឋបាលខេត្តសៀមរាប សម្រេចបើកឱ្យដំណើរការឡើងវិញនូវផ្សារសាមគ្គី ហ៊ុយ គាំង ស្ថិតក្នុងភូមិបន្ទាយចាស់

 រដ្ឋបាលខេត្តសៀមរាប សម្រេចបើកឱ្យដំណើរការឡើងវិញនូវផ្សារសាមគ្គី ហ៊ុយ គាំង ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប ដែលជាទីតាំងឆ្លងជំងឺកូវីដ-១៩ ក្នុង”ព្រឹត្តិការណ៍ ២០ កុម្ភៈ”។

សូមអានសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប នៅខាងក្រោមដូចតទៅ ៖





រដ្ឋបាលរាជធានីភ្នំពេញ បង្កើតGroup Telegram មានឈ្មោះថា "ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់" សម្រាប់ប្រជាពលរដ្ឋដែលមានចម្ងល់ ក៏ដូចជាសំណូមពរទាក់ទងជុំវិញការអនុវត្ត

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនសាធារណជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យបានដឹងថា

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram មានឈ្មោះថា "ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់" សម្រាប់ប្រជាពលរដ្ឋដែលមានចម្ងល់ ក៏ដូចជាសំណូមពរទាក់ទងជុំវិញការអនុវត្ត ។


សូមជម្រាបផងដែរថា “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានការលំបាកផ្នែកជីវភាព និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១” អាចសាកសួរមកក្រុមការងារដើម្បីផ្តល់ជូននូវចម្លើយតបទៅវិញ។


ខាងក្រោមនេះជា link សម្រាប់ប្រជាពលរដ្ឋដែលមានចម្ងល់ ក៏ដូចជាសំណូមពរទាក់ទងជុំវិញការអនុវត្ត ដើម្បីចូល Group Telegram  

👉 ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ https://t.me/pphall2 ៕




អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍ខ្លោងទ្វារតាកាវ(ខ្លោងទ្វារខាងលិច)នៃអតីតរាជធានីអង្គរធំជាបណ្តោះអាសន្ន

 អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះតទៅ អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍ខ្លោងទ្វារតាកាវ (ខ្លោងទ្វារខាងលិច)នៃអតីតរាជធានីអង្គរធំបណ្តោះអាសន្ន ដើម្បីធ្វើការជួសជុល រើថ្ម ដាក់ពង្រាយបំណែកថ្ម ផ្គុំថ្ម និងបំណែកចម្លាក់សម្រាប់ជួសជុលដែលចាំបាច់ត្រូវបិទខ្លោងទ្វារនេះ។

ការបិទចរាចរណ៍នេះធ្វើឡើងក្នុងគោលបំណងដើម្បីសម្រួលដល់ក្រុមការងារបច្ចេកទេសអាជ្ញាធរជាតិអប្សរា ក៏ដូចជា ធានានូវសុខសុវត្ថិភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ។

អាជ្ញាធរជាតិអប្សរាសង្ឃឹមថា ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងអស់នឹងយោគយល់ ហើយចូលរួមសហការបានយ៉ាងល្អប្រសើរដើម្បីភាពរលូននៃដំណើរការអភិរក្សសម្បត្តិដូនតាទាំងអស់គ្នា៕






រដ្ឋបាលខេត្តសៀមរាបចុះអនុវត្តផាកពិន័យដល់អាជីវករនិងបងប្អូនប្រជាពលរដ្ឋដែលមិនពាក់ម៉ាស់និងពាក់មិនបានត្រឹមត្រូវ ដើម្បីរឹតបន្តឹងក៏ដូចជាការកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩

 សៀមរាប៖ ក្រោមការដឹកនាំរបស់លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត កងកម្លាំងសមត្ថកិច្ច នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានចុះធ្វើការផាកពិន័យដល់ដល់អាជីវករនៅក្នុងផ្សារលើធំថ្មីនិងបងប្អូនដែលមិនបានពាក់ម៉ាស់និងពាក់ម៉ាស់មិនបានត្រឹមត្រូវ។ ការអនុវត្តប្រតិបត្តការនេះ ក្រោយពីរដ្ឋបាលខេត្តសៀមរាប និងគណៈកម្មការប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ បានចុះធ្វើការអប់រំផ្សព្វផ្សាយដល់អាជីវករនៅក្នុងផ្សារលើធំថ្មី រួមទាំងប្រជាពលរដ្ឋពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ដោយគិតមកត្រឹមថ្ងៃទី០៩ ខែមិថុនា មានរយៈពេល០២ខែហើយ ក្នុងនោះដោយមានការផ្សព្វផ្សាយពីវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ-កុំនៅបន្ទប់បិទជិត-កុំនៅកន្លែងកុះករ-កុំប៉ះពាល់គ្នា និង ៣ការពារ-ត្រូវពាក់ម៉ាស់-ត្រូវលាងដៃ-ត្រូវរក្សាគម្លាតបុគ្គល និង ផ្សព្វផ្សាយតាមឧឃោសនស័ព្ទ និង ការបិទផ្សាយលិខិតប័ណ្ណ របស់គណៈកម្មការគ្រប់គ្រងផ្សារទៀតផង។

នាឱកាសនោះលោក ពិន ប្រាកដ បានបញ្ជាក់ថា ការផាកពិន័យ ចំពោះបងប្អូនដែលមិនបានពាក់ម៉ាស់ នៅក្នុងផ្សារលើធំថ្មី ដោយបានសង្កេតឃើញថា មានបងប្អូនជាអាជីវករ និង អតិថិជនដែលចេញចូលផ្សារនេះ បានពាក់ម៉ាស់ មានប្រមាណ៩៥% ទៅតាមការវិធានការណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ក្នុងនោះដែរ នៅមានបងប្អូនប្រមាណ ៥%ដែលមិនបានពាក់ម៉ាស់ និង ពាក់ម៉ាស់ដែរ តែមិនត្រឹមត្រូវ។

លោកបានបញ្ជាក់ថា មុននឹងចុះធ្វើការផាកពិន័យនេះ អាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្ដែអាជីវករនិងពលរដ្ឋមួយចំនួនតូចមិនអនុវត្ដតាមសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលនោះទេ ទើបពេលនេះអាជ្ញាធរខេត្ត បានចុះអនុវត្ដទៅតាមផ្លូវច្បាប់ ហើយបើតាមការសង្កេតឃើញថា មានអាជីវករ និងពលរដ្ឋប្រមាណ៥ភាគរយប៉ុណ្ណោះ ដែលពួកគាត់មិនពាក់ម៉ាស់ និង មិនអនុត្ដតាមច្បាប់។ លោកភិបាលរងខេត្តបានបញ្ជាក់ថា នេះជាលើកទី១ សម្រាប់ការចុះផាកពិន័យ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ ហើយអាជ្ញាធរនឹងធ្វើការផាកពិន័យបន្ដទៀត ទៅលើអ្នកមិនអនុវត្ដតាមច្បាប់ ក៏ដូចជាតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលផងដែរ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវ ដល់ប្រជាពលរដេ្ឋទាំងអស់ សូមអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការ ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នា ខណៈដែលខេត្ដសៀមរាប មួយរយៈចុងក្រោយនេះមានការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ បានកើតមានច្រើនជាបន្ដបន្ទាប់ ។

ដោយយោងតាមអនុក្រឹត្យ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស់ តាមមាត្រា ១៩ នៃអនុក្រឹត្យនេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យពី ២០ ម៉ឺនរៀល ទៅ ១លានរៀល ប្រសិនបើបុគ្គលនោះមិនធ្វើតាមការព្រមានលើកទី ១ ។ ចំណែកអ្នករៀបចំកម្មវិធីអ្វីមួយដែលមិនគោរពទៅតាមគោលការណ៍គម្លាតសង្គមត្រូវរងការផាកពិន័យពី ១លាន ទៅ៥លានរៀល ក្នុងករណីមិនធ្វើតាមការព្រមានលើកទី១ ។ ការផាកពិន័យបងប្អូននៅពេលនេះ ក៏ជាសារក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋជាទូទៅ ហើយក៏ជាការពង្រឹង និងជម្រុញដល់បងប្អូនចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្ត ក្នុងការកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវិដ ចូលសហគមន៍ និង ដើមី្បជៀសវាងការបិទផ្សារ ដែលបង្កឲ្យប៉ះពាល់ដល់បងប្អូនអាជីវករក្នុងផ្សារលើធំថ្មី ក៏ដូចនៅតាមទីប្រជុំជនផ្សេងៗឯទៀត ។

ក្នុងនោះលោក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និង ភ្ញៀវជាតិ អន្តរជាតិ សូមចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំង និង កាត់ផ្តាច់ខែ្សចម្លងជំងឺកូវីដ១៩ និង សូមឲ្យបងប្អូនដែលចេញ-ចូលផ្សារ និង តាមទីប្រជុំជន គឺត្រូវឲ្យពាក់ម៉ាស់បានគ្រប់ៗគ្នា កាលណាបងប្អូនមិនចូលរួមប្រើម៉ាស់នោះទេ បើប្រសិនជាមានការឆ្លងនោះ នឹងត្រូវបិទផ្សារនេះតែម្តង ។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ២៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៩០នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន១៥៧នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ ដែលគាត់ទាំងពីរនាក់ ជាអ្នកជំងឺខូចតម្រងនោមធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹងគាត់មានវិជ្ជមានជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា ការផាកពិន័យនេះ គណៈកម្មការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជំងឺកូវីដ-១៩ នឹងបន្តធ្វើទៅតាមផ្សារ ទីប្រជុំជនផ្សេងៗ ព្រមទាំងតាមទីសាធារណៈបន្ថែមទៀត ពីព្រោះថា កូវីដមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវីដ ៕






អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងត្រៀមរៀបចំប្រារព្ធពិធីប្រគល់-ទទួលផ្ទះ ជំហាន១ ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព នៅទីតាំងសម្បទានដីសង្គមកិច្ច ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង

ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលទីតាំង ត្រៀមរៀបចំប្រារព្ធពិធីប្រគល់-ទទួលផ្ទះ ចំនួន ៥០ខ្នង ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព (ក្នុងជំហាន១) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិប៊ុនរ៉ាសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។


ទន្ទឹមនឹងការចុះពិនិត្យទីតាំងប្រារព្ធពិធី លោកអភិបាលខេត្តក៏បានចុះពិនិត្យតាមខ្នងផ្ទះ និងដាក់ផែនការមួយចំនួនដល់មន្ត្រីប្រចាំការ ក្នុងគោលបំណងដើម្បីពន្លឿនការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ឱ្យបានលេចចេញជារូបរាងឡើង ក្នុងពេលដ៏ខ្លីខាងមុខ។


គួរបញ្ជាក់ថា ដោយពិនិត្យឃើញពីពលីកម្មដ៏ធំធេងចំពោះជាតិមាតុភូមិ និងការលំបាករបស់អតីតយុទ្ធជន និងគ្រួសារ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើសំណើគោរពចូលមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដោះស្រាយការលំបាករបស់ពួកគាត់ ហើយលោកនាយករដ្ឋមន្ត្រីក៏បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចនៅទីតាំងខាងលើ។ ទន្ទឹមនឹងនោះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលខ្វះខាត ធ្វើយ៉ាងណាឱ្យបានគ្រប់ចំនួន ៦២៨គ្រួសារ/ខ្នងផ្ទះ ដោយមិនឱ្យខ្វះមួយគ្រួសារណាឡើយ។ ហើយថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យសាងសង់សាលារៀន និងមណ្ឌលសុខភាពបន្ថែមទៀត ដើម្បីឱ្យបងប្អូន កូនក្មួយ និងចៅៗ បានសិក្សារៀនសូត្រ និងសម្រាកព្យាបាលនៅទីនោះផ្ទាល់តែម្តង។


ការផ្តល់ថវិកាសម្រាប់ការសាងសង់ផ្ទះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត គឺជាការគិតគូររបស់លោកស្រីប្រធានកាកបាទក្រហម ដោយសារតែលោកស្រីធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងមានប្រវត្តិតស៊ូជាច្រើនរាប់មិនអស់ ជាមួយស្វាមី ក៏ដូចជាឥស្សរជនជាន់ខ្ពស់ដទៃទៀត ជាពិសេសបងប្អូនអតីតយុទ្ធជន ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ 


ទីតាំងសម្បទានដីសង្គមកិច្ចខាងលើ ត្រូវបានប្រគល់ជូនអតីតយុទ្ធជន និងគ្រួសារម្តងរួចមកហើយ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋាន និងដីកសិកម្ម ទំហំ ៧០ X ១៥០ម៉ែត។ ដោយឡែកផ្ទះ មានទំហំ ៥x៧ម៉ែត្រ គ្រឿងបង្គុំធ្វើអំពីដែក សសរចាក់ស៊ីម៉ង់តិ៍ ជញ្ជាំងស្មាតបត ដំបូលស័ង្កសី តតាកខាងក្រោយផ្ទះ ជាចង្ក្រានបាយ មានបង្គន់អនាម័យដាច់ដោយឡែក និងមានអណ្តូងទឹកជាដើម។ ជាមួយការចូលរស់នៅ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ក៏បានផ្តល់ផ្ទាំងសូឡា សម្រាប់ការប្រើប្រាស់ដាំបាយ ដាំទឹក ប្រើអំពូល និងកំពុងរៀបចំតបណ្តាញភ្លើងរដ្ឋឱ្យបានដល់គ្រប់ខ្នងផ្ទះ។


ក្នុងចំណោមលំនៅដ្ឋានដែលកំពុងសាងសង់នោះ លំនៅដ្ឋានចំនួន ៥០ខ្នង នឹងត្រូវធ្វើពិធីប្រគល់-ទទួល (ក្នុងជំហាន១) នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ដើម្បីផ្តល់ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព ដែលបានចូលមករស់នៅ និងធ្វើការដាំដុះជាបណ្តើរៗ ដោយឡែកលំនៅដ្ឋានដ៏ទៃផ្សេងទៀត នឹងជូនកាលបរិច្ឆេទជាបន្តបន្ទាប់ទៀត៕






សេចក្ដីប្រកាសព័ត៌មាន អំពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៦នាក់ និងករណីជាសះស្បើយចំនួន ១២នាក់

 

បាត់ដំបង៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៦នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ១៥នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ១១នាក់ និងករណីព្យាបាលជាសះស្បើយចំនួន ១២នាក់។

សូមអានសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង ដូចខាងក្រោម៖




ផ្សាយឡើងវិញ៖ ពិធីប្រគល់ ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ

ផ្សាយឡើងវិញ៖ ពិធីប្រគល់ ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ

ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១