ភ្នំពេញ
៖ បន្ទាប់ពីបានអញ្ជើញទៅ
បំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសស្វីស ដើម្បីចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី
៤៥ នៅហ្ស៊ូរិច សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត រួមទាំងគណៈប្រតិភូកម្ពុជា
នៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥នេះ បានអញ្ជើញនិវត្តន៍ មកដល់ព្រលានយន្ដហោះ
អន្ដរជាតិភ្នំពេញ ដោយសុវត្ថិភាព។
ក្នុងការស្នាក់នៅ
និងចូលរួមកិច្ចប្រជុំ លើកទី៤៥ នៅប្រទេសស្វីស សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ បានចូលរួម ថ្លែងសុន្ទរកថា
បើកវេទិកាវិនិយោគមួយ ដែលរៀបចំដោយ សភាពាណិជ្ជកម្ម ក្រោមប្រធានបទ
"កម្ពុជាសករាជថ្មី នៃកាលានុវត្តភាព កំណើនការដោះដូរ
និងសមាហរណកម្មអាស៊ាន" វេទិកានេះ បានធ្វើឡើងក្នុងគោលបំណង ទាក់ទាញវិនិយោគឲ្យមកកាន់កម្ពុជាបន្ថែមទៀត
ដើម្បីបង្កើតការងារ និងជម្រុញកំណើនសេដ្ឋកិច្ច។ វេទិកានេះ
មានអ្នកវិនិយោគទុនធំៗ របស់ប្រទេសស្វីស សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និង
អ្នកវិនិយោគទុនអាស៊ី ប្រមាណ ១០០ នាក់ បានចូលរួម ។
នៅថ្ងៃទី២៣
ខែមករា សម្តេចតេជោ ហ៊ុន សែន បានចូលរួមក្នុងសម័យប្រជុំ ស្តីពីសន្តិសុខស្បៀងពិភពលោក
គោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាព សម្រាប់ឆ្នាំ២០១៥។ នៅក្នុងកិច្ចប្រជុំនោះ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ បញ្ហាគ្រោះធម្មជាតិ
យ៉ាងធ្ងន់ធ្ងរ ដូចជា គ្រោះរាំងស្ងួត និងទឹកជំនន់ ត្រូវបានព្យាករណ៍ថា
នឹងបន្តកើនឡើង ដោយសារតែការប្រែប្រួល អាកាសធាតុ ។ ដូចនេះ ការដោះស្រាយបញ្ហាសន្តិសុខស្បៀង
និងអាស្រ័យជាសំខាន់ ទៅលើសមត្ថភាពរបស់យើង ក្នុងការគ្រប់គ្រង
និងការកាត់បន្ថយនូវ ផលប៉ះពាល់ជាអវិជ្ជមាន ពីការប្រែប្រួលអាកាសធាតុ និងការបន្សាំប្រព័ន្ធកសិកម្ម
ទៅនឹងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនោះ។ ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃដដែល
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំមួយទៀត ស្តីពី
"តើសេដ្ឋកិច្ចអាស៊ាន ទទួលផលប្រយោជន៍ ពីសមាហរណកម្ម
ក្នុងតំបន់យ៉ាងដូចម្តេច ក្នុងបរិបទសេដ្ឋកិច្ចសាកលលោក" ។ នៅក្នុងកិច្ចប្រជុំនោះ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ការធ្វើសមាហរណកម្មតំបន់ គឺជាកាលានុវត្តភាព
ប្រវត្តិសាស្ត្រ សម្រាប់ភាពជឿនលឿន និងវិបុលភាពរបស់កម្ពុជា។ ហើយនៅថ្ងៃទី២៣នោះដែរ
សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមនៅក្នុងកិច្ចប្រជុំរបស់ ថ្នាក់ដឹកនាំអាស៊ាន
ជាមួយថ្នាក់ដឹកនាំធុរកិច្ច ហើយនៅពេលរាត្រី សម្តេចតេជោ ហ៊ុន សែន បានចូលរួមក្នុងរាត្រីម៉ាឡេស៊ី
ដោយសារម៉ាឡេស៊ី ជាប្រធានអាស៊ាន។
គួរបញ្ជាក់ថា
កិច្ចប្រជុំកំពូល ប្រចាំឆ្នាំលើកទី៤៥ នោះ មានការចូលរួម ពីមេដឹកនាំពិភពលោក
ប្រមាណ ៤០ ប្រទេស បណ្តាសង្គមស៊ីវិល បណ្ឌិតសភា ជ័យលាភីរង្វាន់ណូបែល
ថ្នាក់ដឹកនាំវ័យក្មេង អ្នកសារព័ត៌មាន និងធុរជនសំខាន់ៗ សរុបប្រមាណជាង ២.៥០០
នាក់ មកពី ១៤០ ប្រទេស។ ក្នុងឱកាសនៃការស្នាក់នៅសណ្ឋាគារ Baur Au Lac ក្នុងទីក្រុង Zurich
នៅថ្ងៃទី២២ ខែមករា សម្តេចតេជោ បានអនុញ្ញាតឲ្យជនរួមជាតិខ្មែររស់នៅក្នុងទីក្រុង
Zurich ប្រទេសស្វីស ចំនួនប្រមាណ ២០ នាក់
ចូលជួបសំដែងការគួរសម និងសំណេះ សំណាល ក្នុងឋានៈជាជនរួមជាតិ។ សម្តេចតេជោ បានមានប្រសាសន៍សំដែងនូវការនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត
ជូនចំពោះបងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលកំពុងរស់នៅ
ប្រកបរបរចិញ្ចឹមជីវិត នៅលើទឹកដីស្វីស ប្រកបដោយអត្ថន័យ យ៉ាងជ្រាលជ្រៅបំផុត។
នៅថ្ងៃទី ២៤ ខែមករា ជាថ្ងៃស្នាក់នៅចុងក្រោយ
ក្នុងប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យបងប្អូនខ្មែរ
រស់នៅប្រទេសស្វីស ចូលជូបសំដែងការ គួរសម នៅទីក្រុងស៊ូរីស ប្រទេសស្វីស
ចំនួន ៨៥ នាក់ ។ នៅក្នុងកាសនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ បច្ចុប្បន្ននេះ
ស្ថានភាពរបស់ប្រទេសកម្ពុជា មិនដូចពីពេលមុនទៀតទេ គឺកម្ពុជាកំពុងធ្វើការអភិវឌ្ឍ
ស្ទើរគ្រប់ទីកន្លែងទាំងអស់ ចាប់តាំងពីទីក្រុង រហូតដល់តំបន់ចុងកាត់មាត់ញក
ហើយសម្ដេចសង្កត់ធ្ងន់ថា សម្ដេចនិយាយនេះ មិនមែននិយាយ ក្នុងនាមជាមេដឹក
នាំគណបក្សនយោបាយទេ គឺសម្ដេចនិយាយ ក្នុងនាមជាប្រមុខដឹកនាំ រាជរដ្ឋាភិបាល
ដែលកំពុងដឹកនាំ ប្រទេសមួយ កំពុងដើរលើផ្លូវត្រូវ និងកំពុងមានការរីកចម្រើនលើគ្រប់វិស័យ។
អត្ថបទដោយ៖ ច័ន្ទ ទេវី