ព្រះរាជាណាចក្រកម្ពុជា បានបំបែកឯកទគ្គកម្មពិភពលោកថ្មីមួយទៀត
គឺការរាំចង្វាក់ម៉ាឌីហ្សូន
ដែលមានយុវជនចូលរួមរាំច្រើនជាងគេបំផុតលើពិភពលោករហូតដល់
២០១៥នាក់ ហើយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥នេះ លោកស្រី Seyda Subasi
Gemici តំណាងស្ថាប័ន Guinness World Records
ប្រគល់វិញ្ញាបនបត្រកំណត់ត្រាពិភពលោក
នៃការរាំចង្វាក់ម៉ាឌីហ្សូននេះ ជូនដល់ឯកឧត្តម ហ៊ុន ម៉ានី
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់
នៃការអញ្ជើញជាអធិបតីរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ពិធីប្រគល់វិញ្ញាបនបត្រ
ដែលជាកំណត់ត្រាពិភពលោកជូនចំពោះកម្ពុជា
បានធ្វើឡើងនៅខាងមុខវេទិកាជួបជុំមហាជន សំដែងសិល្បៈ កំសាន្ត
នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខាងមុខទីលានជល់ដំរី
ក្នុងទឹកដីអង្គរខេត្តសៀមរាប។
លោកស្រី Seyda Subasi Gemici តំណាងស្ថាប័ន Guinness World Records
បានថ្លែងថា កម្ពុជាជាប្រទេសជាទីស្រឡាញ់ ។ លោកស្រីគិតថា
ការបំបែកឯកទគ្គកម្មពិភពលោកលើការរាំចង្វាក់ម៉ាឌីហ្សូននេះ
មិនមែនជាការងាយស្រួលទេសម្រាប់បងប្អូនយុវជនកម្ពុជា។ លោកស្រី Seyda
Subasi Gemici បានឲ្យដឹងថា តំណែងនៃ Guinness World Records
សម្រាប់ការរាំម៉ាឌីហ្សូនដែលច្រើនជាងគេ នាពេលកន្លងមក
គឺប្រទេសអូស្ត្រាលី ដែលមានអ្នកចូលរួមរាំចំនួន១១៥៥នាក់។
ប៉ុន្តែ ពេលនេះ ជាលទ្ធផលជូនសម្រាប់ការប្រកួតនៅថ្ងៃនេះ
សូមអបអរសាទរកម្ពុជា និងជាមួយប្រជាជនកម្ពុជា
និងយុវជនទាំងអស់ជាគោរពស្រឡាញ់
ដែលបានប្រឹងប្រែងប្រកួតរហូតទទួលបានជោគជ័យ
ដែលនៅពេលនេះ គឺកម្ពុជាទទួលបាននូវជ័យលាភី នៃកំណត់ត្រាពិភពលោកថ្មីមួយទៀត « Guinness
World Records»
គឺការរាំម៉ាឌីហ្សូនដែលមានអ្នកចូលរួមច្រើនជាងគេបំផុតលើពិភព
លោក ជាមួយនឹងសមាជិកចំនួន២០១៥នាក់។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
បានប្រគល់ពានជ័យលាភីនេះបន្តជូនទៅឯកឧត្តម ទៀ ជីហា
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅខេត្តសៀមរាប
ដែលលោកបានប្រឹងប្រែង
អស់ពីកម្លាំងកាយចិត្តក្នុងការដឹកនាំការងារបំបែកឯកទគ្គកម្មរាំ
ចង្វាក់ម៉ាឌីហ្សូននេះ រហូតបានទទួលជោគជ័យជាប្រវត្តិសាស្ត្រ។
ជាមួយនឹងការថ្លែងអំណរគុណចំពោះលោកស្រី Seyda Subasi Gemici
តំណាងស្ថាប័ន Guinness World Records ជាគណៈកម្មការ ដែលបានមកចូលរួម
និងផ្តល់នូវការបំបែកឯកទគ្គកម្មពិភពលោកលើកទី២ចំពោះកម្ពុជាក្នុង
ឆ្នាំ២០១៥នេះ ។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា
ពិភពលោកនៅពេលគេចូលទស្សនានៅក្នុងកំណត់ត្រាពិភពលោក
គេនឹងបានឃើញកម្ពុជា ទទួលបានជ័យលាភីដ៏លេចធ្លោរចំនួនពីរ
គឺនំអន្សមយក្សដែលមានទម្ងន់ជាង៤តោន និងការរាំចង្វាក់ម៉ាឌីហ្សូន
ដែលមានគ្នាចំនួន២០១៥នាក់។
ជាមួយនឹងការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់
ឱកាសដល់សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំព្រឹត្តិការណ៍
អង្គរសង្ក្រាន្ត
និងបានឱកាសរៀបចំធ្វើអ្វីដែលជាការបំបែកឯកទគ្គកម្មជូនជាតិ
មាតុភូមិ។ នេះ
គឺជាកាដូដ៏ពិសេសជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។
ទោះយ៉ាងណា ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ថា
ជោគជ័យទាំងនេះ
គឺពិតជាកើតឡើងពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់
យុវជនគ្រប់រូប
និងបានសុំឲ្យយុវជនចងចាំទាំងអស់គ្នានូវអ្វីដែលបានខំប្រឹង
ប្រែង រៀបចំ តាំងពីការហ្វឹកហាត់ និងរហូតបានសម្រេចជោគជ័យ
គឺជាស្នាដៃជាប្រវត្តិសាស្ត្រមួយដែលកើតចេញពីយុវជនម្នាក់ៗ
ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយ
មហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាតែមួយ ហើយយើងត្រូវមានមោទនភាព
ដោយការឆ្លើយទៅនឹងការចោទសួរថា
តើប្អូនៗបានជួយអ្វីសម្រាប់សង្គមជាតិ
គឺប្អូនៗអាចឆ្លើយទៅវិញដោយមោទនភាពថា និងចងចាំទៅអនាគតថា
ថ្ងៃទី១៥ ខែមេសា នៅទីលានជល់ដំរី
គឺបានចូលរួមបំបែកឯកទគ្គកម្មជូនព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា
នឹងប្តេជ្ញាខិតខំរិះរកអ្វីដែលប្លែក
និងមានអត្ថន័យសម្រាប់ការបំបែកឯកទគ្គកម្មពិភពលោកនៅលើកក្រោយៗ
ទៀត ដោយសង្ឃឹមថា
នឹងមានការចូលរួមពីយុវជនឲ្យបានច្រើនកុះករថែមទៀត។
បើតាមការបង្ហើបឲ្យដឹងពីអ្នករៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
បានឲ្យដឹងថា
កម្ពុជានឹងត្រៀមបំបែកឯកទគ្គកម្មថ្មីមួយទៀតនៅព្រឹត្តិការណ៍លើក
ក្រោយ គឺបំបែកឯកទគ្គកម្មផលិតអាម៉ុកយក្ស៕