
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ព្រមទាំងលោកជំទាវ ជូឡុង សូម៉ូរ៉ាសគណបក្សសង្គ្រោះជាតិ បានមានវត្តមានរួមគ្នាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឯកឧត្តម ហ៊ុន ម៉ានីជាប្រធាន ដែលពិធីដ៏មហស្ចារ្យនេះបានប្រារព្ធឡើងនៅខាងមុខប្រាសាទបាយ័ន ក្នុងតំបន់រមណីដ្ឋានអង្គរខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥។
វត្តមានរបស់សម្តេចតេជោ និងមេដឹកនាំគណបក្សសង្គ្រោះជាតិ បានកើតមានមុនពេលវេលាតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនការយាងមកដល់នៃទេវតាឆ្នាំថ្មី ដើម្បីប្ដូរវេនជាមួយទេវតាឆ្នាំចាស់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ប្រជាពលរដ្ឋដ៏ច្រើកុះករនៅក្នុងពិធីបើកព្រឹត្តិ ការណ៍អង្គរសង្ក្រាន្តលើកទី៣ ឆ្នាំ២០១៥ ថា នេះគឺឆ្នាំដ៏ពិសេសដែលសម្តេចសុខចិត្តលុបចោលដំណើរទៅកាន់ សាធារណរដ្ឋកូរ៉េ ដើម្បីយកឱកាសចូលរួមជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងប្រារព្ធ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តអបអរឆ្នាំថ្មីវិញ។ សម្តេច បានបន្ថែមថា ពេលនេះប្រទេសកម្ពុជាបានដើរដល់ដំណាក់កាលថ្មីមួយទៀត ដោយសារមានវត្តមានរបស់ឯកឧត្តមសម រង្ស៊ី និងលោកជំទាវ ចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ។
សម្តេចមានប្រសាសន៍បន្តថា នៅថ្ងៃនេះ វប្បធម៌សន្ទនាមួយបានចាប់ផ្ដើមនៅលើទឹកដីកម្ពុជា ជំនួសឱ្យការប្រទូសរ៉ាយ។ គ្មានការដោះស្រាយតាមរយៈជម្លោះប្រដាប់អាវុធ ឬការប្រទូសរ៉ាយនយោបាយណាមានលទ្ធផលល្អជាជាងការសន្ទនាគ្នាទេ។ ឥឡូវនេះយើងត្រូវលើកកម្ពស់ការសន្ទនារវាងអ្នកនយោបាយ៖ «វប្បធម៌សន្ទនារបស់យើងគោលដៅសំខាន់ ២យ៉ាង ១ពង្រឹងសន្តិភាពមួយទៀតជំរុញការអភិវឌ្ឍប្រទេសជាតិចេះធ្វើការ ជាមួយគ្នា»។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផ្តល់ភាពសប្បាយរីករាយជួបជុំគ្នា តាមរយការបង្ហាញអំពីល្បែងប្រជាប្រីយ៍ របាំប្រពៃណី ទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជនខ្មែរ សិល្បៈ និងទស្សនីយភាពផ្សេងៗ ដែលសម្តែងដោយយុវជន យុវនារី សិល្បករខ្មែរ រួមជាមួយនឹងការបង្ហាញនូវកេរដំណែលអរិយធម៌ និងស្នាដៃនានារបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកតាំងពីយូរលង់មក នោះ មករំលេចឡើងជាផ្ទាំងទស្សនីយភាពថ្មីៗ និងប្លែកអស្ចារ្យ ដើម្បីបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ បានចូលរួមទស្សនាកំសាន្ត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេច សូមឆ្លៀតឱកាសនេះ នឹករលឹកឃើញដល់គុណរបស់បុព្វបុរសខ្មែរ ដែលបានកសាង និងបន្សល់ទុកប្រាសាទជាច្រើន គឺសម្តេច បញ្ជាក់ថា « ផឹកទឹក ត្រូវនឹកដល់ប្រភពទឹក» ហើយថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាឱកាសដ៏ប្រពៃនៃការជួបជុំមហាគ្រួសារខ្មែរទាំងផ្នែកវប្បធម៌ និងនយោបាយ ឆ្លុះបញ្ចាំងអំពីឯកភាពជាតិ សាមគ្គីភាព និងក៏ជាការបង្ហាញអំពី « ជំនួបរវាងវប្បធម៌អរូបី ជួបជាមួយវប្បធម៌រូបី» ។ ក្នុងន័យថា ពេជ្រដែលមិនទាន់បានច្នៃ ត្រូវបានកែច្នៃដោយក្រុមយុវជន តាមរយៈការរៀបចំរបាំប្រពៃណី ល្បែងកំសាន្តនានានៅលើទីតាំងរូបបី គឺទឹកដីអង្គវត្តដ៏បវរនៃយើង ។ សម្តេចបន្ថែមថា ការរៀបចំកម្មវិធីអង្គរសង្ក្រាន្តនេះ គឺបានធ្វើឲ្យអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាន់តែល្បីរន្ទឺបន្ថែមទៀតលើឆាកអន្តរជាតិ។
បន្ទាប់ពីប្រកាសបើកកម្មវិធីអង្គរសង្ក្រាន្តរួមមក សម្តេចតេជោនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល និងឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ចូលរួមអមដំណើរដោយភរិយានៃមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប បានដើរទស្សនាទិដ្ឋភាពប្លែកៗជាច្រើនកន្លែងជាមួយគ្នា ប្រកបដោយបរិយាកាសរីករាយ ល្អូកល្អឺន និងស្និទ្ធស្នាល ៕



No comments:
Post a Comment