
នំអន្សមយក្សរបស់ខ្មែរដែលមានទម្ងន់ដល់ទៅប្រមាណ៤,០៤០តោន ក្រោយពីចម្អិនអស់រយៈពេល៤៥ម៉ោង នៅពេលនេះត្រូវបានចៅក្រមអន្តរជាតិ សម្រេចដាក់បញ្ចូលទៅក្នុងកំណត់ត្រាពិភពលោក «Guinness World Records» ដោយជោគជ័យហើយ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥នេះ ដែលជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជា ។
លោកស្រី Seyda Subasi Gemici តំណាងស្ថាប័ន Guinness World Records បានអញ្ជើញមកដល់កម្ពុជាដោយផ្ទាល់ និងបានប្រកាសដាក់បញ្ចូលនំអន្សមខ្មែរ ក្នុងកំណត់ត្រាពិភពលោក បន្ទាប់ពីបានវាយតម្លៃយ៉ាងល្អិតល្អន់ ពាក់ព័ន្ធទៅនឹងទម្ងន់ រសជាតិនំ ជាមួយនឹងគ្រឿងផ្សំ ព្រមទាំងគុណភាពនំផងដែរ។ លោកស្រី Seyda Subasi Gemici បានវាយតម្លៃថា នំអន្សមរបស់កម្ពុជា មានទម្ងន់ធ្ងន់ជាងគេបំផុតលើពិភពលោក និងបានប្រគល់វិញ្ញាបនប័ត្រ Guinness World Records ជូនចំពោះ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងគណៈគ្រប់គ្រងកម្មវិធី ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងវត្តមាន នៃក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាច្រើនរូបចូលរួម ផងដែរ។
ពិធីដ៏ឧឡារិកនេះ បានធ្វើឡើងមុនមួយថ្ងៃ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូប ដែលនឹងអញ្ជើញចូលរួមជាអធិបតី ជាកិត្តិយស នៃការបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់បញ្ចប់នៅថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥នេះ ក៏មានវត្តមានចូលរួមផងដែរពីឯកឧត្តម សម រង្ស៊ី និងលោកជំទាវ ជូឡុង សូម៉ូរ៉ា តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
នំអន្សមយក្សនេះ ត្រូវបានវេចខ្ចប់ដោយស្លឹកចេកទម្ងន់៣៣៣គីឡូក្រាម និងខ្សែចេកទម្ងន់៣៧៥គីឡូក្រាម ដោយមានគ្រឿងផ្សំអង្ករដំណើប១,០០០គីឡូក្រាម ខ្ទិះដូង៤៩៩គីឡូក្រាម អំបិល១៥គីឡូក្រាម សណ្តែកបាយ៤៩៩គីឡូក្រាម សាច់ជ្រូកបីជាន់៥០៧គីឡូក្រាម ស្ករ៤គីឡូក្រាម ម្រេចកំពត៣គីឡូក្រាម ខ្ទឹមចិញ្ច្រាំ១០គីឡូក្រាម និងស្លឹកខ្ទឹមចិញ្ច្រាំ១៦គីឡូក្រាម។ នំអន្សមយក្សនេះ ត្រូវបានចម្អិនតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងមានរសជាតិទាក់ទាញ ជាពិសេស នំអន្សមនេះត្រូវបានចម្អិនឡើងដោយក្រុមចុងភៅខ្មែរ និងកូនកាំបិតចំនួន១០០នាក់ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលចេញផ្សាយបន្ទាប់ពីនំអន្សមយក្សខ្មែរត្រូវបានបញ្ចូលក្នុងកំ ណត់ត្រាពិភពលោក Guinness World Records។
សេចក្តីប្រកាសព័ត៌មានរបស់ ស.ស.យ.ក បានបន្ថែមថា លោក ចាន់ សុភា តំណាងសមាគមចុងភៅកម្ពុជា បាននិយាយដោយទឹកមុខរីករាយថា ក្នុងនាមជាតំណាងសមាគមចុងភៅ ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេស លោកពិតជាមានមោទនភាព ដែលក្រុមការងារទាំងអស់បានរួមគ្នាធ្វើឲ្យកម្ពុជាបានលេចធ្លោនៅ ក្នុងពិភពលោក។
សូមបញ្ជាក់ផងដែរថា មុននឹងការប្រកាសដាក់នំអន្សមយក្ស ក្នុងកំណត់ត្រាពិភពលោកនោះ ក្បួនដង្ហែដ៏មហោឡារឹកមួយត្រូវបានធ្វើឡើងកណ្តាលក្រុងអង្គរ ដោយមានមហាជនចូលរួម និងអ្នកឈរអមសងខាងផ្លូវរាប់ម៉ឺននាក់ ហើយដែលពិធីប្រគល់វិញ្ញាបនបត្រ ចូលក្នុងកំណត់ត្រាពិភពលោក បានធ្វើឡើងនៅទីលានជល់ដំរី ជាទីកន្លែងដែល នំអន្សមក្នុងតម្កល់សម្រាប់អបអរសាទរព្រឹត្តិការណ៍អង្គរ សង្រ្កាន្តតែម្តង។
ពិធីប្រគល់វិញ្ញាបនបត្រដាក់បញ្ចូលនំអន្សមយក្សក្នុងកំណត់ត្រាពិភពលោក គឺជាលើកទីមួយសម្រាប់ប្រជាជនកម្ពុជា និងប្រជាជននៅលើពិភពលោក ដែលកំណត់ត្រាពិសេសនេះ មិនធ្លាប់មានពីមុនមកទេក្នុងប្រវត្តិសាស្ត្រ ៕


No comments:
Post a Comment