អាស៊ីបូព៌ានៅតែបន្តធ្វើឲ្យចីរភាពកម្រិតខ្ពស់នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច ប៉ុន្តែតួរលេខគួរឲ្យកត់សម្គាល់នៃពាណិជ្ជកម្មខាងក្រៅតំបន់នៅតែបង្ហាញឡើងដោយកិច្ចព្រមព្រៀងនានាដើម្បីការពារទប់ទល់នឹងការគាំពារនិយមនៅពេលបច្ចុប្បន្ននិងអាចនៅអនាគត។ បើគ្មានចលនាពហុភាគីស្ថិតក្រោមអង្គការពាណិជ្ជកម្មពិភពលោកនោះទេ សមាហរណកម្មតំបន់បន្ថែមទៀតអាចបន្តទៅមុខតែតាមរយៈកិច្ចព្រមព្រៀងដែលកាត់បន្ថយរនាំងពាណិជ្ជកម្មនៅក្នុងតំបន់ប៉ុណ្ណោះ។
អាស៊ានហាក់បីដូចជាកំពុងនាំមុខតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការបង្កើត FTA។ តំបន់ពាណិជ្ជកម្មសេរីអាស៊ានត្រូវបានអនុវត្តនៅឆ្នាំ ១៩៩៣ ហើយសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានដំណើរការជាផ្លូវការនៅចុងឆ្នាំ ២០១៥។ សហគមន៍សេដ្ឋកិច្ចអាស៊ានបានជំរុញទឹកចិត្តឲ្យធ្វើហួសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មធម្មតា ដោយមានគោលដៅបង្កើតទីផ្សារតែមួយនិងមូលដ្ឋានផលិតកម្មជាមួយនឹងការអភិវឌ្ឍន៍ស្មើភាពទៅទូទាំងប្រទេសសមាជិកទាំង ១០ របស់ខ្លួន។
អាស៊ាននឹងប្រារព្វខួបទី ៥០ របស់ខ្លួននៅឆ្នាំ ២០១៧។ ក្នុងខណៈដែលអាស៊ានបានសម្រេចសមិទ្ធិផលនយោបាយគួរឲ្យកត់សម្គាល់មួយចំនួនក្នុងអំឡុង ៥ ទសវត្សរ៍កន្លងទៅនេះ ផែនការសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួននៅតែជាការងារកំពុងដំណើរការនៅឡើយ ហើយអាចនៅតែត្រូវការពេលជាច្រើនឆ្នាំ ឬរហូតដល់រាប់ទសវត្សរ៍ទៅមុខទៀត។
លេខាធិការដ្ឋានអាស៊ានបានអះអាងថា ការអនុវត្តផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០១៥ (AEC Blueprint 2015) សម្រេចបានយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ តាមជាក់ស្តែង កម្រិតនៃសមាហរណកម្មនោះមានការប្រែប្រួលយ៉ាងធំតាមវិស័យ។ ជោគជ័យច្បាស់ជាងគេតែមួយដែលអាស៊ានអាចមាននោះគឺការកាត់បន្ថយពន្ធគយក្នុងចំណោមប្រទេសសមាជិក។ ចាប់តាំងពីរការអនុវត្តកិច្ចព្រមព្រៀងការលើកលែងពន្ធគយ (Common Effective Preferential Tariff) នៅទសវត្សរ៍ទី ៩០ មក ចំនួនប្រហែល ៩៩ ភាគរយនៃបណ្តាញពន្ធគយរវាងប្រទេសសមាជិកនោះត្រូវបានកាត់បន្ថយដល់សូន្យ។
ជាងនេះទៅទៀត លំហូរទំនិញសេរីក្នុងចំណោមប្រទេសសមាជិកអាស៊ាននោះនៅតែបន្តរំាងស្ទះដោយការប្រើប្រាស់វិធានការមិនយកពន្ធគយ (Non-Tariff Measures – NTMs)។ ទាំងនេះអាចជាផលវិបាកអវិជ្ជមានលើការសម្រេចចិត្តរបស់បណ្តាក្រុមហ៊ុននិងរចនាសម្ព័ន្ធរបស់ពាណិជ្ជកម្មនិងឧស្សាហកម្មពាក់ព័ន្ធ។
បណ្តាប្រទេសដូចជាឥណ្ឌូនេស៊ី ឬម៉ាឡេស៊ីដែលប្រើប្រាស់គោលនយោបាយឧស្សាហកម្មដ៏សកម្មនោះបានអនុវត្ត NTMs កាន់តែច្រើន។ រោងចក្រតម្លើងរថយន្តនៅថៃ ជាឧទាហរណ៍ បានត្អូញត្អែជាយូរមកហើយអំពីការរឹតត្បឹតរបស់ម៉ាឡេស៊ីលើចំនួនរថយន្តជាច្រើនដែលនាំចូលទៅម៉ាឡេស៊ី។
ក្នុងខណៈការកាត់បន្ថយរនាំងមិនយកពន្ធគយគឺជាគោលដៅសកម្មភាពនៅក្នុងផែនការសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននោះ អាស៊ានបានពឹងផ្អែកលើវិធីស្ម័គចិត្តមួយដើម្បីកាត់បន្ថយវា ដោយទទួលជោគជ័យយ៉ាងមានកម្រិត។ ស្ថិតក្រោមវិធីស្ម័គចិត្តនោះ ប្រទេសសមាជិកអាចមានចំណុចមិនល្អដើម្បីរាយការណ៍បន្ទាបចំពោះរនាំងដែលគេកំពុងប្រើប្រាស់នោះ។ ជាងនេះទៅទៀត មិនមានប្រព័ន្ធឃ្លាំមើលប្រសិទ្ធិភាពក្នុងការតាមដានការផ្លាស់ប្តូរបស់ NTMs ក្នុងចំណោមប្រទេសសមាជិកនោះទេ។
អាស៊ានបាននិងកំពុងចរចាលើសេរីភាវូបនីយកម្មសេវាកម្មចាប់តាំងពីការបង្កើតកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្មក្នុងឆ្នាំ ១៩៩៦ មក។ ផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានបានបង្កើតគោលដៅច្បាស់ដើម្បីដកចេញការរឹតត្បឹតទាំងអស់លើពាណិជ្ជកម្មផ្នែកសេវាកម្មនៅត្រឹមឆ្នាំ ២០១៥។ ប៉ុន្តែបណ្តាប្រទេសអាស៊ានខ្លះ រួមទាំងថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី មិនអាចបំពេញតាមគោលដៅរបស់គេនៅត្រឹមថ្ងៃកំណត់នោះទេ។
កាន់តែធ្ងន់ សេរីភាវូបនីយកម្មសេវាកម្មស្ថិតក្រោមអាស៊ានមិនមានការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាឆ្លងដែននោះទេ ដូចជាការតភ្ជាប់គ្នាទៅវិញទៅមកសម្រាប់សេវាកម្មទូរគមនាគមន៍ ឬការអាចប្រើប្រាស់ម៉ាស៊ីនដកប្រាកស្វ័យប្រវត្តសម្រាប់ធនាគារ ដែលសំខាន់ចំពោះការបង្កើតទីផ្សារប្រកួតប្រជែង។ ភាពខុសគ្នាផ្នែកច្បាប់និងបទប្បញ្ញត្តិក្នុងចំណោមប្រទេសសមាជិកនោះក៏បណ្តាលឲ្យមានបញ្ហាផងដែរ។
សេរីភាវូបនីយកម្មសេវាកម្មស្ថិតក្រោមអាស៊ាននៅក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួននឹងបរាជ័យក្នុងការបង្កើតទីផ្សារសេវាកម្មតែមួយ។ ប្រទេសថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ីនៅតែមិនអាចបំពេញតាមគោលដៅនោះនៅត្រឹមពេលកំណត់ឆ្នាំ ២០១៥ ដដែល។ ការប្តេជ្ញាចិត្តច្បាស់លាស់របស់ឥណ្ឌូនេស៊ីនិងថៃស្ថិតក្រោមការសន្យាចុងក្រោយនោះមានសេវាកម្មជាច្រើនដែលមិនសំខាន់ ឬថែមទាំងមិនផ្តល់ប្រយោជន៍។
ក្នុងន័យនៃការលើកកម្ពស់ការបំលាស់ទីការងារឆ្លងដែននោះ អាស៊ានស្ទើតែមិនបានសម្រេចបានទាល់តែសោះ។ ចេញពីទស្សនៈអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ ការបើកច្រកទីផ្សារពលករគ្មានជំនាញតាមរយៈ FTA នោះនឹងជាជម្រើសគោលនយោបាយដ៏មានប្រយោជន៍ ដោយហេតុតែភាពសម្បូបែបយ៉ាងច្រើនដល់ពលកម្មគ្មានជំនាញនៅក្នុងប្រទេសអាស៊ានជាច្រើន ប៉ុន្តែផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាននោះមានបំណងសម្រួលតែការបំលាស់ទីនៃអ្នកមានអាជីពជំនាញៗ ដែលបច្ចុប្បន្នរួមមានអាជីពការងារត្រឹមតែ ៨ ប៉ុណ្ណោះ។ ការរៀបចំដើម្បីសម្រួលការបំលាស់ទីអ្នកមានអាជីពទាំងនេះក៏បណ្តាលឲ្យមានបញ្ហាដែរ។ ក្នុងករណីប្រទេសថៃ ជាឧទាហរណ៍ លក្ខខណ្ឌដែលដាក់លើអ្នកមានអាជីពនៅអាស៊ាននោះគឺដូចគ្នាទៅនឹងលក្ខខណ្ឌរបស់បណ្តាប្រទេសមិនមែនអាស៊ានដែរ។
សម្រាប់អ្នកសង្កេតការណ៍ សមាហរណកម្មអាស៊ាន កន្លងទៅ បានផ្តល់លទ្ធផលជាក់ស្តែងតិចតួចណាស់។ លោកស្រី Deborah Elms របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ីបានសន្និដ្ឋានថា មន្ត្រីអាស៊ានបានប្តូរវោហារសាស្ត្រ នៅពេលថ្ងៃផុតកំណត់នោះដោយលើកឡើងជាជំនួសវិញថា សហគមន៍សេដ្ឋកិច្ចអាស៊ានគួរតែត្រូវគេមើលឃើញថា ជាដំណើរការ មិនមែនជាទិសដៅនោះទេ។
ការខ្វះភាពរីកច្រើនដើម្បីឲ្យស៊ីជម្រៅដល់សមាហរណកម្មតំបន់នៅអាស៊ាននោះគឺភាគច្រើនជាផលវិបាកនៃជំហរគាំពារនិយមរបស់ប្រទេសសមាជិកភាគច្រើន លើកលែងចេញតែសិង្ហបូរីប៉ុណ្ណោះ។ ប្រទេសអាស៊ានជាច្រើនបានមើលឃើញគ្នាទៅវិញទៅមកថា ជាគូរប្រជែងនៅក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារពិភពលោក ឬការទាក់ទាញវិនិយោគិនផ្ទាល់បរទេស។
ជម្លោះនយោបាយក្នុងស្រុក រួមជាមួយនឹងការខ្វះរដ្ឋាភិបាលខ្លាំងនិងស្ថិរភាពនោះ បាននាំឲ្យមេដឹកនាំនយោបាយនៅក្នុងប្រទេសអាស៊ានជាច្រើនសម្លឹងតែលើផលប្រយោជន៍ខ្លួនឯង ហើយបាត់បង់ចំណាប់អារម្មណ៍របស់គេដល់សមាហរណកម្មតំបន់។ បើមិនប្រឈមមុខនឹងបញ្ហាសំខាន់នៃផែនការសមាហរណកម្មរបស់ខ្លួននោះទេ អាស៊ាននឹងមិនសម្រេចបានទស្សនៈវិស័យទីផ្សារតែមួយនិងមូលដ្ឋានផលិតកម្មតែមួយនោះបានទេ។
អាស៊ានមានមោទនភាពខ្លួនឯងថា ជាទីតាំងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅអាស៊ានបូព៌ា។ គំនិតនៃមជ្ឈភាពអាស៊ានដែលស្ថិតនៅក្នុងការផ្តួចផ្តើមគំនិតរបស់អាស៊ាននោះបានផ្តោតលើតួនាទីរបស់ខ្លួនក្នុងការសម្រួលដល់សមាហរណកម្មសេដ្ឋកិច្ចនៅតំបន់។ ប៉ុន្តែសមាហរណកម្មសេដ្ឋកិច្ចក្នុងចំណោមប្រទេសអាស៊ាន កន្លងមក បានផ្តោតលើការបង្កើតកញ្ចប់កាន់តែទាក់ទាញមួយសម្រាប់ពហុជាតិសាសន៍ដែលសម្លឹងមើលធ្វើប្រតិបត្តិការនៅក្នុងតំបន់ ជាជាងលើការបង្កើតចំណងកាន់តែរឹងមាំរវាងសេដ្ឋកិច្ចរបស់សមាជិកទាំងនោះ។
នៅពេលវាដល់រឿងសមាហរណកម្មសេដ្ឋកិច្ច អាស៊ានត្រូវតែមានគោលដៅសម្រេចបានដល់ទិសដៅសំខាន់ៗក្នុងខណៈទុកចោលគោលដៅមិនសូវសំខាន់។ និយាយបែបផ្សេង អាស៊ានត្រូវតែផ្តោតខ្លាំងជាងអ្វីដែលខ្លួនកំពុងធ្វើនាពេលនេះ។ ផែនការនាពេលបច្ចុប្បន្នរបស់ខ្លួនមានមហិច្ឆិតាជ្រុលពេកក្នុងការពិចារណាលើធនធានដ៏មានកម្រិតរបស់ខ្លួន។ ផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាននោះបានបង្កើតសមាសភាពសំខាន់ៗចំនួន ១៧ និងកំណត់សកម្មភាពអាទិភាពចំនួន ១៧៦ ដោយគ្របដណ្តប់លើលំហូរដោយសេរីនូវទំនិញនិងដើមទុន ការបំលាស់ទីពលកម្មជំនាញ ការអភិវឌ្ឍន៍ដោយស្មើភាពនិងការការពារសិទ្ធិលើកម្មសិទ្ធិបញ្ញា។
ការផ្តោតកាន់តែខ្លាំងនោះនឹងជួយអាស៊ានឲ្យផ្តល់លទ្ធផលជាក់ស្តែងនិងមានន័យដោយមិនបំបាត់ប្រទេសសមាជិក ជាពិសេសប្រទេសអភិវឌ្ឍតិចជាងគេ ចេញពីធនធានដ៏មានកម្រិតរបស់គេ។ នេះតម្រូវឲ្យអាស៊ានវិលទៅរកបេសកម្មសំខាន់របស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពោលគឺ ការកាត់បន្ថយរនាំងពាណិជ្ជកម្មនិងការសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនផ្នែកទំនិញ សេវាកម្ម និងការបំលាស់ទីពលកម្ម។
ប៉ុន្តែកត្តាប្រឈមពិតប្រាកដសម្រាប់អាស៊ាននោះគឺមិនមែនសេដ្ឋកិច្ចនោះទេ ប៉ុន្តែគឺនយោបាយ។ អធិបតេយ្យជាតិនិងសមាហរណកម្មសេដ្ឋកិច្ចពេញលេញមិនស៊ីសង្វាក់គ្នានោះទេ។ ជោគជ័យនៃសហមាហរណកម្មពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ជាឧទាហរណ៍ ផ្អែកលើអធិបតេយ្យជាក្រុម។ គំនិតនៃអធិបតេយ្យជាក្រុមនោះមិនមែនជាការធ្វើអ្វីមួយឲ្យចប់តែម្តងនោះទេ។ នៅពេលចាប់ផ្តើម សហភាពអឺរ៉ុបគឺមានផែនការដ៏សាមញ្ញមួយប៉ុណ្ណោះ។ ខ្លួនមានសមាជិកតិច ហើយវិស័យលើគោលនយោបាយតែមួយគត់សម្រាប់អធិបតេយ្យជាក្រុមនោះគឺ ទីផ្សាររួមសម្រាប់ធ្យូងថ្មនិងដែកថែប។ ខ្លួនបានពង្រីកសមាជិកភាពនិងបេសកកម្មរបស់ខ្លួនជាសន្សឹមៗ។
បើបណ្តាប្រទេសអាស៊ានមិនមានឆន្ទៈបង្កើតអធិបតេយ្យរបស់គេជាក្រុមនិងដោះស្រាយកត្តាប្រឈមនយោបាយនៅចំពោះមុខនោះទេ ផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងមិនមានដំណើរការនោះទេ ហើយអាស៊ាននឹងមិនគួរតែជាទីកន្លែងនិយាយការងារចោលនោះទេ៕