ក្នុងជំនួបពិភាក្សាជាង២ម៉ោង រវាងនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ
ហ៊ុន សែន និងនាយករដ្ឋមន្រ្តីថៃ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នារសៀលថ្ងៃទី៣០
ខែតុលា ឆ្នាំ២០១៤ នេះ ភាគីទាំងពីរបានពិភាក្សាគ្នាផ្តោតជាសំខាន់ទៅលើការពង្រីក កិច្ចសហប្រតិបត្តិការ វិនិយោគ
ពាណិជ្ជកម្ម និងការកសាងសន្តិភាពតាមបន្ទាត់ព្រំដែន។
ក្នុងនោះនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យនាយករដ្ឋមន្ត្រីថៃ
ចាត់វិធានការបញ្ឈប់ការបាញ់សម្លាប់ពលរដ្ឋខ្មែរ ដែលចូលកាប់ឈើ ខុសច្បាប់ក្នុងប្រទេសថៃ
ដើម្បីកាត់បន្ថយ និងការចង់គំនុំរបស់ពលរដ្ឋខ្មែរ ។ នេះបើយោងតាមការថ្លែងប្រាប់អ្នកសារព័ត៌មានរបស់ឯកឧត្តម
អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ក្រោយពីជំនួបភ្លាមៗ។
ឯកឧត្តម អ៊ាង សុផល្លែត បានឲ្យដឹងទៀតថា ជាកិច្ចចាប់ផ្តើមនៃជំនួបពិភាក្សា
គឺបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ដោយឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូចា
បានសម្តែងនូវការអរគុណចំពោះនាយករដ្ឋមន្រ្តីកម្ពុជា ដែលបានអញ្ជើញរូបលោក
និងទទួលស្វាគមន៍ យ៉ាងកក់ក្តៅចំពោះដំណើរលើកដំបូងមកកាន់ប្រទេសកម្ពុជា។
ឯកឧត្តម អ៊ាង សុផល្លែត បានបន្តថា ក្នុងជំនួបប្រកបដោយភាតរភាពនោះ ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូចា បានថ្លែងកោតសរសើរសម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកនយោបាយជើងចាស់ និងចាស់ទុំមួយរូបនៅក្នុងតំបន់អាស៊ី។ ឯកឧត្តម អ៊ាង សុផល្លែត បានបន្តថា ក្នុងជំនួបនេះ ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូចា បានថ្លែងថា ទំនាក់ទំនងកម្ពុជា-ថៃ កំពុងតែវិវឌ្ឍន៍ ទៅរកភាពល្អប្រសើរ និងថា ឯកឧត្តមប្រាយុទ្ធ បានជំរុញឲ្យជម្រុះជម្លោះនាពេលកន្លងមក គប្បីជំនួសមកវិញដោយកិច្ចសហការអភិវឌ្ឍ។
ឯកឧត្តម ប្រាយុទ្ធ ក៏បានបង្ហាញបំណងរបស់ខ្លួនថា ចង់បង្កើនកិច្ចសហកាជាមួយកម្ពុជា កាន់តែខ្លាំងឡើងលើវិស័យ សេដ្ឋកិច្ច តាមរយៈបង្កើតតំបន់សេដ្ឋកិច្ចតាមបន្ទាត់ព្រំដែន ជាពិសេសការអភិវឌ្ឍន៍តាមព្រំដែន។ នាយករដ្ឋមន្រ្តីថៃ ក៏បង្ហាញការចង់ឃើញការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា ព្រមទាំងច្រកផ្សេងៗ ទៀត។
ឯកឧត្តម អ៊ាង សុផល្លែត ក៏បានបញ្ជាក់អំពីជំនួបជាលើកទី២ នៅពេលនេះ រវាងសម្តេចតេជោ
ហ៊ុន សែន និងលោក ប្រាយុទ្ធ ដែលលើកទី១ធ្វើឡើងនៅប្រទេសអ៊ីតាលី កាលពីដើមខែតុលានោះ
នាយករដ្ឋមន្រ្តីថៃ ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូចា ក៏បានស្នើនាយករដ្ឋមន្រ្តីកម្ពុជា ជំរុញឲ្យមានកិច្ចសហការទប់ស្កាត់ការជួញដូរមនុស្ស
ពង្រឹងវិស័យសុខាភិបាល និង ពង្រីក ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ហើយថា
នៅពេលនេះ ក៏ឯកឧត្តមប្រាយុទ្ធ មានប្រសាសន៍អំពីបញ្ហានេះជាថ្មីផងដែរ។
ដោយឡែក ពាក់ព័ន្ធនឹងការដឹកជញ្ជូនវិញ
ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា ឯកឧត្តម
ប្រាយុទ្ធ បានស្នើសុំសម្តេចតេជោ អនុញ្ញាតឲ្យថៃបន្ថែមរថយន្តចូលមកដឹកទំនិញនៅកម្ពុជា
ចន្លោះពី ៤០-៥០០គ្រឿង។ បើតាមឯកឧត្តម ប្រាយុទ្ធ
រថយន្តចូលទឹកទំនិញនៅកម្ពុជាពេលបច្ចុប្ប ន្នមិនគ្រប់គ្រាន់នោះទេ។ ឯកឧត្តម
ប្រាយុទ្ធ ក៏បានបង្ហាញពីបំណងក្នុងការពង្រីកខ្លួនទីផ្សារភាគហ៊ុន ចូលមកក្នុង
ប្រទេសកម្ពុជា។ ឯកឧត្តម ប្រាយុទ្ធ ក៏បានស្នើឲ្យមានការបង្កើតកញ្ចប់ទេសចរណ៍រវាងកម្ពុជា
និង ថៃផងដែរ។
សម្តេចតេជោ ហ៊ុន សែន ជាកិច្ចស្វាគមន៍ នៃជំនួបពិភាក្សានេះ សម្តេចតេជោ បានសម្តែងការសាទរ ចំពោះការវិលត្រឡប់មករកស្ថេរភាពនៅក្នុងប្រទេសថៃ។ សម្តេចតេជោ បានបញ្ជាក់ថា ស្ថេរភាពក្នុងប្រទេសថៃ មានសារសំខាន់ណាស់សម្រាប់អាស៊ាន។
សម្តេចតេជោ បានថ្លែងជំរុញឲ្យមានការដោះស្រាយបញ្ហាដោយសន្តិភាពក្នុងនាមជាអ្នកជិតខាងល្អ ខិតខំដោះស្រាយខ្សែបន្ទាត់ព្រំដែនឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងមិនត្រូវទុកបញ្ហាមិនទាន់ដោះស្រាយ ឬបញ្ហាមួយកើតឡើងក្លាយជាឧបសគ្គ នៃទំនាក់ទំនងគ្រប់វិស័យ ហើយក៏មិនត្រូវទុកឲ្យបញ្ហាមួយរីករាលដាលទៅបញ្ហាផ្សេងទៀត ត្រូវបំព្រួញការមិនចុះសម្រុង ទំនាស់ ពង្រីកការដោះស្រាយ។
សម្តេចបានជំរុញឲ្យពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
វិនិយោគ ពាណិជ្ជកម្ម
ទេសចរណ៍ និងវិស័យផ្សេងៗទៀតឲ្យអស់សក្តានុពល រួមមាន ដូចជា៖ ការតភ្ជាប់ផ្លូវថ្នល់ ផ្លូវគោក
ផ្លូវទឹក អាកាស និងបណ្តាញអគ្គិសនី ការបើកច្រកព្រំដែន
និងការបង្កើតផ្សារតាមព្រំដែន។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ការជួញដូរមនុស្ស គ្រឿងញៀន និងការកាប់ឈើ។ល។ បន្ថែមពីលើនេះ សម្តេចតេជោ ក៏បានជំរុញភាគិថៃ ឲ្យរួមសហការគ្នាដោះស្រាយគ្រោះមហន្តរាយធម្មជាតិ មានដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ។ ជាមួយគ្នានេះ សម្តេចតេជោ បានស្នើឲ្យថៃរួមគ្នាការពារប្រយោជន៍គ្នាជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ឲ្យមានភាពល្អប្រសើរដូចឆ្នាំ ២០១៣ ដែលមានទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានរហូតដល់ ៤,៥៥ពាន់លានដុល្លារអាម៉េរិក។ សម្តេចតេជោ ក៏បានជំរុញឲ្យនាយករដ្ឋមន្រ្តី ថៃគិតគូរទៅលើការនាំយកទំនិញរបស់កម្ពុជាចូលទៅកាន់ទីផ្សាររបស់ថៃ ដែលមិនទាន់មាន។
សម្តេចតេជោ ក៏បានលើកឡើងពីការព្រមព្រៀងគ្នារវាងក្រសួងការបរទេសកម្ពុជា-ថៃ ក្នុងការបើកច្រកអន្តរជាតិស្ទឹងបត់ ការសាងសង់ស្ពាន រួមនិងការបើកច្រក៤ផ្សេងទៀត រួមមាន៖ ច្រកអានសេះ ក្នុងខេត្តព្រះវិហារ ទល់នឹងច្រក អានម៉ា ខេត្តអ៊ូប៊ុនរដ្ឋានី ប្រទេសថៃ, ច្រកភ្នំដី ខេត្តបាត់ដំបង ទល់នឹងច្រកបានខៅឌីន ខេត្តស្រះកែវ, ច្រកថ្មដា ខេត្តពោធិ៍សាត់ ទល់ច្រក បានថាសេន ខេត្តត្រាត ប្រទេសថៃ និង ច្រកជុំគិរី-សាយតាគូ។
សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យនាយករដ្ឋមន្រ្តីថៃ ចាត់វិធានការកុំឲ្យមានការបាញ់សម្លាប់ពលរដ្ឋខ្មែរ ដែលចូលទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ ដែលនាំឲ្យមានថ្នាំងថ្នាក់ពីពលរដ្ឋខ្មែរ។ សម្តេចតេជោ បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងការបរទេសកម្ពុជា បានបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍ថ្នាក់ជាតិមួយ ដើម្បីត្រួតពិនិត្យ និងល្បាតលើបញ្ហានេះ ហើយថា ភាគីថៃនៅមិនទាន់បង្កើតនៅឡើយទេ ។ ដូច្នេះហើយ សម្តេចតេជោ ស្នើឲ្យភាគីថៃបង្កើតលេខាធិការដ្ឋាននេះ ដើម្បីធ្វើការល្បាត និងត្រួតពិនិត្យរួមគ្នា ពេលកើតមាន បញ្ហាកើតឡើង។
ជារួម ចំណុចគន្លឹះនៃនយោបាយ សំណើរ
និងការឯកភាពគ្នារវាងនាយករដ្ឋមន្ត្រីទាំងពីរ៖
- សម្តេចតេជោ ហ៊ុន សែន
ស្នើនាយករដ្ឋមន្រ្តីថៃ ទប់ស្កាត់ កុំឲ្យមានការបាញ់ប្រហារ ពលរដ្ឋខ្មែរចូលកាប់ឈើខុសច្បាប់
- សម្តេចតេជោ ជំរុញឲ្យដោះស្រាយបញ្ហា តាមព្រំដែន
ឲ្យទៅជាព្រំដែនសន្តិភាព
- នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ
ព្រមព្រៀងបើក ច្រកអន្តរជាតិចំនួន៥
- នាយករដ្ឋមន្រ្តីថៃ
ស្នើឲ្យមានកិច្ចសហប្រតិបត្តិការល្អ ជម្រុះរាល់ជម្លោះ នាពេលកន្លងមក៕