Tuesday, July 29, 2014
សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក្នុងពិធីបិទវគ្គ ប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី១០ ទី១១ និងទី១២ និងបើកវគ្គសិក្សាវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី១៣
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
-ឯកឧត្តមប្រធាន សមាជិក សមាជិកា សហភាតានៃគណៈមេធាវី និង សិស្សមេធាវី ទាំងអស់ ជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិក្នុងពិធីបិទវគ្គ ប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈ មេធាវីដល់សិស្សមេធាវីជំនាន់ទី១០ ទី១១ និងទី១២ និងបើកវគ្គសិក្សាវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី១៣ នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដែលបានបន្តកសាងធនធានមនុស្សជាមេធាវីប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ក្នុងការរួមចំណែកដល់ ការពង្រឹងយុត្តិធម៌សង្គម ជាពិសេស ការការពារសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋ ដែលជា មូលដ្ឋានគ្រឹះនៃការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាសក្ខីភាពបន្ថែមទៀតនៃកិច្ចខិតខំប្រឹងប្រែងរបស់គណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដែលសម្រេចជោគជ័យក្នុងការបណ្តុះបណ្តាលមេធាវី។ ជាក់ស្ដែង ចាប់តាំងពីឆ្នាំ១៩៩៥ មកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលបានបណ្តុះបណ្តាលមេធាវីបានចំនួន១២វគ្គ មកហើយ ដោយបណ្តុះបណ្តាលមេធាវីបានចំនួន ៦០៨នាក់ និងបើកវគ្គសិក្សាវិជ្ជាជីវៈមេធាវីជំនាន់ទី១៣ នេះចំនួន ៥៤នាក់ បន្ថែមទៀត។ បច្ចុប្បន្ននេះ មេធាវីពេញសិទ្ធិដែលកំពុងប្រកបវិជ្ជាជីវៈមេធាវីចំនួន ៧២៥រូប ហើយបានបើកការិយាល័យរបស់ខ្លួននៅទូទាំងប្រទេសចំនួន ៣០០។ ការបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលនេះ មិនត្រឹមតែផ្តោតលើការបណ្តុះបណ្តាលខាងចំណេះដឹង និងចំណេះធ្វើប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការហាត់ពត់លត់ដំអត្តចរិតរបស់សិស្សមេធាវីមួយរូបៗ ឱ្យគោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផងដែរ។ សមត្ថភាពរបស់មេធាវី ត្រូវពង្រឹងទាំងក្នុងការអប់រំដំបូង និងការអប់រំបន្ត សំដៅផលិតធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ ការការពារសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋតាមច្បាប់ជាធរមាន។
ខ្ញុំក៏សូមយកឱកាសនេះ ចូលរួមសប្បាយរីករាយ និងអបអរសាទរជាមួយក្មួយៗសិស្សមេធាវីជំនាន់ទី១០ ទី១១ និងទី១២ ដែលទទួលបានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី បន្ទាប់ពីការខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យ។ វិញ្ញាបនបត្រនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងជាមោទនភាពដ៏ធំធេងរបស់ក្មួយៗផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ និងប្រទេសជាតិទាំងមូលផងដែរ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមផ្តាំផ្ញើឱ្យក្មួយៗដែលបញ្ចប់ការសិក្សា និងទទួលវិញ្ញាបនប័ត្រសម្បទា ខាងវិជ្ជាជីវៈមេធាវីនាពេលនេះ ត្រូវបន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពចំណេះដឹងឱ្យបានទាន់តាមការវិវឌ្ឍរបស់សង្គម។ ចំណេះដឹងតែមួយមុខគត់ពិតជាមិនគ្រប់គ្រាន់ឡើយ ក្មួយៗត្រូវខិតខំតស៊ូប្រឹងប្រែង ត្រូវមានគំនិតច្នៃប្រឌិត ស្មារតីទទួលខុសត្រូវ វិន័យការងារ សីលធម៌រស់នៅល្អ និងភាពជាម្ចាស់ការ ទើបយើងអាចទទួលបានជោគជ័យក្នុងអាជីពវិជ្ជាជីវៈ។ ចំណេះដឹង និងជំនាញបច្ចេកទេស ដែលក្មួយៗទទួលបាននឹងក្លាយជាដើមទុនមួយ សម្រាប់ការវិនិយោគនាពេលអនាគត។ ក្មួយៗត្រូវចេះប្រើប្រាស់ដើមទុនដ៏មានតម្លៃនេះឱ្យបានត្រឹមត្រូវប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ វិចារណញ្ញាណ និងគោរពសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង និងដល់សង្គមជាតិទាំងមូល។
ជាមួយគ្នានេះ ខ្ញុំសូមលើកទឹកចិត្តឱ្យសិស្សវិជ្ជាជីវៈមេធាវីជំនាន់ទី១៣ បន្តខិតខំរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ល្អៗពីសាស្ត្រាចារ្យ និងធ្វើការស្រាវជ្រាវបន្ថែម ដើម្បីឱ្យការយល់ដឹងរបស់ក្មួយៗកាន់តែជ្រៅជ្រះ និងទូលំទូលាយ តាមដែលអាចធ្វើទៅបាននៅក្នុងអំឡុងពេលនៃការសិក្សា ដោយសារក្មួយៗបានឆ្លងកាត់ការប្រឡងប្រជែងដ៏តឹងតែង មុននឹងអាចចូលមកទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវីនៅមជ្ឈមណ្ឌលនេះ។ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗដែលជាមេធាវី និងអនាគតមេធាវី នឹងក្លាយជាបញ្ញាជនប្រកបដោយវិចារណញាណ មានមនសិការស្នេហាជាតិមាតុភូមិ និងមានការទទួលខុសត្រូវក្នុងការងារ ព្រមទាំងមានសីលធម៌វិជ្ជាជីវៈខ្ពស់។
នេះជាការរួមចំណែកដ៏សំខាន់របស់គណៈមេធាវី ក្នុងគោលនយោបាយកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ផង និងគោលនយោបាយបណ្តុះបណ្តាលធនធានមនុស្ស។ ការងារអប់រំបណ្តុះបណ្តាល គឺជាការវិនិយោគរយៈពេលវែង និងចំណាយធនធានច្រើន ហើយលទ្ធផលដែលទទួលបានក៏មានលក្ខណៈជាអរូបីយ៍ ក៏ប៉ុន្តែវាជាកត្តាគន្លឹះដ៏សំខាន់ ដើម្បីបង្កើននូវផលិតភាព និងប្រសិទ្ធភាពការងារ សំដៅធានាឱ្យបាននូវភាពជោគជ័យ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
របបប៉ុលពត ៣ឆ្នាំ៨ខែ២០ថ្ងៃ បានបំផ្លិចបំផ្លាញខ្ទេចខ្ទីលើគ្រប់វិស័យ ក្នុងនោះប្រព័ន្ធតុលាការ និងច្បាប់ត្រូវបានលុបបំបាត់ចោលផងដែរ។ ក្នុងរបបដ៏យង់ឃ្នងនេះ ប្រជាពលរដ្ឋទូទៅមិនដែលហ៊ានបញ្ចេញមតិ ទាមទារយុត្តិធម៌ សិទ្ធិមនុស្ស សេរីភាព ឬប្រជាធិបតេយ្យ ចំពោះមុខរដ្ឋអំណាចអាវខ្មៅនោះទេ ពីព្រោះសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សក៏គ្មានផង។ ប្រជាពលរដ្ឋត្រូវបានធ្វើទារុណកម្ម ដាក់គុក និងសម្លាប់ដោយមិនចាំបាច់មានតុលាការ មេធាវីការពារក្តី ឬសំអាងលើច្បាប់ណានោះទេ ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺមិនមានប្រទេស អង្គការសិទ្ធិមនុស្ស ឬគណបក្សណាមួយ ចេញមុខមកការពារប្រជាពលរដ្ឋខ្មែរនោះដែរ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីសង្រ្គោះជាតិ និងប្រជាពលរដ្ឋគ្រប់រូបចេញពីរបបប្រល័យពូជសាសន៍នេះ។
ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា១៩៧៩ កម្ពុជាត្រូវកសាងចេញពីបាតដៃទទេ ដោយដៃម្ខាង ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតខិតខំកសាងជាតិពីចំណុចសូន្យ។ ជាមួយគ្នានេះដែរ ការកសាងប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការ ត្រូវបានយកចិត្តទុកដាក់ ដើម្បីធានាសិទ្ធិ សេរីភាព និងយុត្តិធម៌សង្គម ជូនប្រជាពលរដ្ឋគ្រប់រូប។ ដើម្បីសម្រេចបាននូវគោលដៅនេះ ការពង្រឹងស្ថាប័នវិជ្ជាជីវៈសេរីជាកត្តាចាំបាច់ ក្នុងនោះស្ថាប័នវិជ្ជាជីវៈមេធាវីក៏ត្រូវបានយកចិត្តទុកដាក់ ដើម្បីធានាការពារសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
ដោយសារសារៈសំខាន់នៃស្ថាប័នវិជ្ជាជីវៈមេធាវីនេះហើយ ទើបរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹងសមត្ថភាពស្ថាប័ននេះតាមរយៈការកសាងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅដំណើរការនៃស្ថាប័ននេះ។ លើសពីនេះទៀត រាជរដ្ឋាភិបាលបានឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារៈ ដោយបានកសាង និងផ្តល់អគាររដ្ឋបាលថ្មីមួយដល់គណៈមេធាវី ព្រមទាំងអគារ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗមួយចំនួនទៀត។ ជាមួយគ្នានេះដែរ ក្នុងគោលដៅសម្រេចបាននូវការទទួលបានសិទ្ធិ ស្មើគ្នាចំពោះមុខច្បាប់ ជាពិសេស សិទ្ធិទទួលបានការពារក្តីដោយស្មើគ្នាចំពោះមុខតុលាការ រាជរដ្ឋាភិបាលបានផ្តល់ថវិកាចំនួន ៣០០.០០០.០០០ រៀល ក្នុងមួយឆ្នាំ ដល់គណៈមេធាវី ដើម្បីចំណាយក្នុងប្រតិបត្តិការ ផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រជាទូទៅ។
មេធាវីមិនត្រឹមតែមានតួនាទីការពារក្តីជូនកូនក្ដីនៅគ្រប់កាលៈទេសៈប៉ុណ្ណោះទេ ប៉ុន្តែមេធាវីគឺជាធនធានបញ្ញា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ហើយបានក្លាយជាកត្តាដែលមិនអាចខ្វះបាន ក្នុងការចូលរួមអនុវត្តគោលនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ហើយទទួលបានការទុកចិត្តពីប្រជាពលរដ្ឋទូទៅ ក៏ដូចជាពាណិជ្ជករផងដែរ។ ដើម្បីអភិវឌ្ឍប្រទេសឱ្យស្របទៅតាមគោលការណ៍ទីផ្សារសេរី និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ច្បាប់ និងសេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នា និងមានទំនាក់ទំនងដោយរលូនជាមួយគ្នា។ ជាក់ស្តែង ការទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស ដែលជាកត្តាចម្បងក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិនោះ អាចទទួលបានជោគជ័យ ត្រូវពឹងផ្អែកទៅលើកត្តាជាច្រើន ដែលក្នុងនោះទំនុកចិត្តទៅលើប្រព័ន្ធច្បាប់និងប្រព័ន្ធយុត្តិធម៌ ជាកត្តាអាទិភាពមួយ ដើម្បីធានាការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគ។
ដូច្នេះ មេធាវីត្រូវប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួនក្នុងការតំណាង និងការការពារសិទ្ធិរបស់កូនក្ដី ទោះក្នុងគោលដៅការពារប្រយោជន៍ឯកជនស្របច្បាប់របស់អតិថិជនរបស់ខ្លួន ក៏ដូចជាការការពារផលប្រយោជន៍ទូទៅរបស់សង្គម។ លើសពីនេះ មេធាវីត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួនផងដែរនូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាថាវិធីសាស្ត្រនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនត្រូវបានធ្វើឡើង ដោយមានក្រឹត្យក្រម និងការទទួលខុសត្រូវខ្ពស់។ មេធាវីដែលល្អ គឺមេធាវី ដែលមានសមត្ថភាព មានមនសិការ មានសីលធម៌ល្អ ស្អាតស្អំ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។
ឆ្លៀតឱកាសដ៏មានសារៈសំខាន់នេះ ខ្ញុំស្នើឱ្យគណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បន្តបេសកកម្មដ៏ប្រពៃរបស់ខ្លួន ដើម្បីបន្តចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី គួរផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការធ្វើទំនើបកម្មនៃកម្មវិធីសិក្សារបស់ខ្លួនឱ្យមានកម្រិតកាន់តែខ្ពស់ ការបង្កើនសមត្ថភាពសាស្រ្តាចារ្យ ទាំងទ្រឹស្ដីនិងការអនុវត្តការងារជាក់ស្ដែង។ ជាមួយគ្នានេះដែរ គណៈមេធាវី ក៏ដូចជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី គួរពង្រឹង និងពង្រីកទំនាក់ទំនងល្អជាមួយស្ថាប័នច្បាប់ជាតិ និងអន្តរជាតិ ទាំងស្ថាប័នសាធារណៈ និងឯកជន បន្ថែមទៀត ជាពិសេស គណៈមេធាវី និងក្រុមហ៊ុនមេធាវីល្បីៗក្នុងសកលលោក ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក។
ទន្ទឹមនឹងនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះដៃគូសហប្រតិបត្តិការទាំងអស់របស់គណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា និងសម្ភារៈ និងសូមអំពាវនាវឱ្យដៃគូទាំងអស់បន្តការគាំទ្រតទៅទៀត។
ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់គណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិជ្ជាជីវៈមេធាវីរហូតទទួលបានលទ្ធផលល្អគួរជាទីមោទនៈនាពេលនេះ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឱ្យបានកាន់តែប្រសើរថែមទៀត ដើម្បីសម្រេចបានជោគជ័យថ្មីៗទៀតសម្រាប់ជាតិមាតុភូមិយើង។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងបុគ្គលិកទាំងអស់របស់គណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងសាស្ត្រាចារ្យ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សហភាតានៃគណៈមេធាវី និងក្មួយៗជាសិស្សមេធាវីទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គល ក្នុងក្រុមគ្រួសារ។
សូមអរគុណ!
Subscribe to:
Posts (Atom)