Friday, February 17, 2023

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសទុកពេលទទួលអតីតបុគ្គលិករបស់ VOD ចូលក្របខណ្ឌរដ្ឋត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសទុកពេលទទួលអតីតបុគ្គលិករបស់ VOD ចូលក្របខណ្ឌរដ្ឋត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈមកដល់ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ នេះ មានបុគ្គលិក ៨រូបហើយ បានដាក់ពាក្យចូលបម្រើការងាររដ្ឋ ដែលសម្តេចបានផ្តល់ជូន។

សម្តេចតេជោ បានបញ្ជាក់លើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ «ដើម្បីបញ្ចប់ការងារនេះ ខ្ញុំសូមកំណត់រយៈ​ពេលឈប់ទទួលពាក្យ​​សុំចូលធ្វើការត្រឹមម៉ោង​ ១៧៖០០នាទីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣»។

ក្នុងសារនេះ សម្តេចតេជោ បានគូសបញ្ជាក់ជាថ្មីដែរថា វិទ្យុ VOD គ្មានថ្ងៃរស់ឡើងវិញឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់អ្នកបង្ហោះសារឌឺដងដែរថា បុគ្គលិក VOD មួយចំនួនមិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែ និងឡើងត្នោត។

«ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះរកការងារបានធ្វើ ដើម្បីចិញ្ចឹមជិវិត។ ក្របខ័ណរដ្ឋនៅពេលនេះ ត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាច

ចូលបាន ប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡង ខ្ញុំពិតជាមានការអរគុណ។ ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេ ព្រោះខ្ញុំ និងរុញទូកបណ្តោយ​ទឹក ដើម្បីឱ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិត និងធ្វើការ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ក្របខណ្ឌការងាររដ្ឋជូនដល់អតីតបុគ្គលិកសារព័ត៌មាន VOD ដើម្បីដោះស្រាយជីវភាពរបស់ពួកគេ បន្ទាប់ពីសារព័ត៌មាននេះត្រូវបានបិទព្រោះ​ការ ការផ្សាយព័ត៌មានខុសនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់រាជរដ្ឋាភិបាល និងលោកបណ្ឌិត ហ៊ុន ម៉ាណែត។ កាន់តែធ្ងន់ធ្ងរនោះ គឺថ្នាក់ដឹកនាំសារព័ត៌មាននេះ មិនផ្សាយបំភ្លឺ និងមិនទទួលស្គាល់ទោសកំហុសលើការផ្សាយរបស់ខ្លួន៕

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៉ីវិល និងអតីតយុទ្ធជន


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៉ីវិល និងអតីតយុទ្ធជន។ នេះបើយោងតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែបនិងដំឡើង ដូចខាងក្រោម៖

*កម្រិត១៖ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ៦៩០ ០០០រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧០ ០០០រៀល ក្នុង១ខែ

*កម្រិត២៖ របបសន្តិសុខសង្គមប្រចាំខែ ក្នុងចន្លោះចាប់ពី ៧៧០ ០០១រៀល ដល់ត្រឹម ១ ០០០ ០០០រៀល ត្រូវផ្ដល់ជូនបន្ថែមចំនួន ២០ ០០០រៀល ក្នុង១ខែ

*កម្រិត៣៖ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ១ ០០០ ០០១រៀល ដល់ត្រឹម ១ ០១០ ០០០រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ១ ០២០ ០០០រៀល ក្នុង១ខែ

*កម្រិត៤៖ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ១ ០១០ ០០១រៀលឡើងទៅ ត្រូវផ្ដល់ជូនបន្ថែមចំនួន ១០ ០០០រៀល ក្នុង១ខែ។

អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែខាងលើរួចមកហើយ ពុំអាចទទួលបានកម្រិតផ្សេងទៀតឡើយ៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖





អ្នកវិភាគចៅចាក់ស្មុក៖ ប្រតិកម្មរបស់បរទេសដែលតាំងខ្លួនជាតួឯកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាពសារព័ត៌មានលែងមានប្រសិទ្ធភាព នៅពេលប្រទេសខ្លួនឯងរួតរឹតដោយការរំលោភបំពាន


(ភ្នំពេញ)៖ «តើសហរដ្ឋអាមេរិក មានភាពក្លាហានក្នុងការផ្សព្វផ្សាយសេរីភាពសារព័ត៌មានដែរ ពេលកំពុងធ្វើទុក្ខបុកម្នេញ ធ្វើទារុណកម្ម និងដាក់គុក Julian Assange និង Edward Joseph Snowden! នៅពេលអ្នកធ្វើទារុណកម្ម #JulianAssange អ្នកគ្មានឋានៈសូម្បីតែនិយាយលើសេរីភាពសារព័ត៌មាន។ សូមឈប់ទៅ!»។


នេះគ្រាន់តែជាសារមួយចំនួនដែលអ្នកប្រើប្រាស់ហ្វេសប៊ុក និងធ្វីតទ័រជនជាតិអាមេរិក លើធ្វីតធ័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ខណៈ ប្រតិកម្មតបស្រដៀងគ្នានេះក៏មាននៅលើការផ្សាយរបស់ តំណាងស្ថានទូតអង់គ្លេស ប្រទេសអូស្ត្រាលី អឺរ៉ុបដោយពួកគេបានលើកឡើងថា «ការគោរពសិទ្ធិសេរីភាពសារព័ត៌មាន លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងនេះក៏មិនល្អទេ ហើយលទ្ធិប្រជាធិបតេយ្យកំពុងមានបញ្ហា។ សូមគិតពីលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌ មានក្នុងប្រទេសខ្លួនឯងជាមុនសិន!»។

ការអត្ថាធិប្បាយលើការផ្សាយរបស់ក្រសួងការបរ ទេសរបស់សហរដ្ឋអាមេរិក និងបណ្តាស្ថានទូតនានាដែល បញ្ចេញប្រតិកម្មហួសហេតុ និងបង្កបដោយរបៀបវារៈនយោបាយ និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា លើចំណាត់ការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចដកអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) ពីមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឯករាជ្យ (CCIM) ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន ធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសបុគ្គលនិង ស្ថាប័នរាជរដ្ឋាភិបាលហើយមិនព្រមធ្វើការកែតម្រូវ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

នេះមិនមែនជាលើកទី១ ទេ ដែលពលរដ្ឋអាមេរិក អង់គ្លេស រួមនឹងពលរដ្ឋអឺរ៉ុបផ្សេងទៀតបានចូលអត្ថាធិប្បាយប្រឆាំង នឹងរដ្ឋការរបស់ខ្លួននៅពេលដែលចេញមកធ្វើតួឯកបង្រៀនមេរៀន ប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងសេរីភាពសារព័ត៌មានដល់ ប្រទេសដទៃ ដោយពួកគេបានទាញអារម្មណ៍ឱ្យរដ្ឋបាល នៃបណ្តាប្រទេសខ្លួនគិតគូរពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មានក្នុងប្រទេសរបស់ខ្លួន ជាជាងដើរចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភ និងជំរុញប្រទេសផ្សេងទៀតឱ្យអនុវត្តលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សល្អឥតខ្ចោះតាមទ្រឹស្តី ខណៈបញ្ហាក្នុងប្រទេសខ្លួនឯងដោះស្រាយមិនទាន់បានរួចផងនោះ។

អ្វីដែលលើកឡើងដោយពលរដ្ឋអាមេរិក អឺរ៉ុប គឺជាការត្រឹមត្រូវ ព្រោះស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៃបណ្តាប្រទេស ដែលដើរតួជាបិតាធិបតេយ្យ ក៏មិនមានលទ្ធិប្រជាធិបតេយ្យរឹងមាំដែរ។ មិនតែប៉ុណ្ណោះត្រង់ថា ប្រទេសនៃបណ្តាស្ថានទូតទាំងនោះអនុវត្តវិធានការដូចគ្នា ដកអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយរបស់រុស្សីដូចជា RT, Sputnik និងហាមឃាត់បណ្តាញទំនាក់ទំនងសង្គមប្រទេសចិន មិនឱ្យមានការផ្សព្វផ្សាយនៅលើទឹកដីខ្លួន ពួកគេលើកហេតុផលថាដើម្បី «ការពារសេរីភាពសារព័ត៌មាន គឺមិនមែនវាយប្រហារលើសេរីភាពសារព័ត៌មានទេ» ខណៈប្រព័ន្ធផ្សព្វផ្សាយទាំងនេះ មិនបានប្រព្រឹត្តអ្វីខុសឡើយ តែជាប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសដៃគូប្រកួតប្រជែងរបស់ខ្លួន។

ដោយមិនទទួលស្គាល់ការពិតថា ប្រទេសខ្លួនក៏មានបញ្ហាដែរបណ្តាប្រទេសមហាអំណាចខ្លះបានតាំងខ្លួនជាបងធំពិភពលោក ដើរប្រដៅគេប្រដៅឯង រួមនឹងដើរដាក់ចំណាត់ថ្នាក់ប្រទេសផ្សេងៗលើផ្នែកសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យ ដូចគីង្គក់ លក់ថ្នាំស្រែងអីចឹង។ ពេលនេះសាធារណជនមិនចេះតែជឿលើការឃោសនារបស់បណ្តាស្ថានទូតនៃប្រទេសទាំងនោះទៀតឡើយ។ ពលរដ្ឋបានដឹងយ៉ាងច្បាស់ថា ការវាយតម្លៃ ការរៀបចំរបាយការណ៍ផ្សេងៗ និងការចេញមកប្រតិកម្មដាក់សម្ពាធលើប្រទេសមួយចំនួនដែលខ្លួនយល់ថា មិនដើរតាមបន្ទាត់នយោបាយរបស់ខ្លួន វាគ្រាន់តែជាឧបករណ៍នយោបាយដើម្បី ធ្វើបាបប្រទេសតូចតាច និងខិតខំទាញឱ្យប្រទេសទាំងនោះ ស្ថិតក្រោមឥទ្ធិពល និងស្តាប់បង្គាប់ខ្លួនប៉ុណ្ណោះ។ លើសពីនេះទៅទៀត ប្រសិនបើមិនអាចធ្វើអ្វីបានទេ ពួកគេនឹងប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បូបង្កើតជាបញ្ហាផ្សេងៗ មិនចេះចប់ មិនចេះហើយតាមរយៈការគាំទ្រលើកម្លាំងនយោបាយប្រឆាំងផ្សេងទៀតដើម្បីអុកឡុក បង្កចលាចលក្នុងសង្គមនោះ។

ប្រតិកម្មនឹងបណ្តាស្ថានទូតនានាដែលបានប្រើប្រាស់វេទិកា ប្រព័ន្ធផ្សព្វផ្សាយទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាពិនិត្យមើលឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដោយបញ្ជាក់ថា «គឺស្មើនឹងការរំលោភលើ អនុសញ្ញាទីក្រុងវីយែនស្តីពី ទំនាក់ទំនងការទូត (អនុសញ្ញាទីក្រុងវីយែន)»។ ជាតំណាងឱ្យប្រទេសមានអរិយធម៌និងគោរពច្បាប់ ស្ថានទូតបរទេសទាំងនោះគួរអនុវត្តតួនាទីរបស់ខ្លួន ដោយគោរពឱ្យបានម៉ឺងម៉ាត់ស្របតាមមាត្រា ៤១ (១) និង ៤២ (២) នៃអនុសញ្ញាទីក្រុងវីយែន ដែលគូសបញ្ជាក់ថា អ្នកការទូត «មានភារកិច្ច មិនត្រូវជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស ម្ចាស់ផ្ទះ» និងបានតម្រូវថា «រាល់ការងារផ្លូវការទាំងអស់ជាមួយប្រទេសម្ចាស់ផ្ទះ គឺត្រូវធ្វើឡើងជាមួយ ឬតាមរយៈក្រសួងការបរទេសនៃប្រទេសម្ចាស់ផ្ទះ»។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់បន្ថែមថា ចំណាត់ការរដ្ឋបាលចំពោះអង្គភាពព័ត៌មានដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឱ្យបារម្ភនោះ គឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូច ដោយចេតនាដែលធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារ និងគោលការណ៍នៃសិទ្ធិមនុស្ស និងសេរីភាព។ គួរឱ្យសោកស្ដាយ ការថ្លែងដោយលម្អៀងរបស់ស្ថានតំណាងទាំងនោះ បង្ហាញពីការធ្វើមិនដឹងមិនឮ ចំពោះការពិតមិនអាចប្រកែកបាន គឺមជ្ឈមណ្ឌលផ្សព្វផ្សាយនោះ បានបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធមិនកែប្រែកំហុស អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។

មាត្រា១០ (ខ) នៃច្បាប់នេះ ចែងថា «ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណៈ គ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នកសារព័ត៌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិត ក្នុងបំណងបំផ្លាញបុគ្គលសាធារណៈនោះ គឺជាការមួលបង្កាច់ ដែលច្បាប់ហាមឃាត់»។ ការអះអាងថាជា «សារព័ត៌មានសេរី និងឯករាជ្យ» មិនមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយនិរទណ្ឌភាពឡើយ។ ឯករាជ្យភាពមិនអាចកាត់ផ្តាច់ចេញពីភារៈកិច្ចទទួលខុសត្រូវ លើការងារ និងការទទួលស្គាល់កំហុស។

ដោយឈរលើមូលដ្ឋាននៃការអនុវត្តអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអ្នកការទូតជើងចាស់បានព្រមានជាមុនថា៖ «សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើង ហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះ តាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។ ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយ វាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាន នៅកម្ពុជានោះឡើយ តែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង»។

ដូច្នេះបណ្តាស្ថានទូតបរទេសនៅកម្ពុជា និងស្ថាប័នរដ្ឋបាលខ្លួន គួរអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត និងពិនិត្យមើលបញ្ហាព្រមទាំងដោះស្រាយបញ្ហារំលោភសិទ្ធិសេរីភាពសារព័ត៌មាន និងជំរុញឱ្យមានការអនុវត្តលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសខ្លួនឱ្យបានល្អជាមុនសិន ចាំមកប្រដៅគេផ្សេង។ ចំពោះការបិទវិទ្យុ VOD គឺជាការបំបាត់វិទ្យុដែលប្រព្រឹត្តិខុសសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ ហើយវិទ្យុនេះបានស្លាប់បាត់ទៅហើយ។

ប៉ុន្តែសេរីភាពសារព័ត៌មាននៅកម្ពុជាមិនស្លាប់ទៅតាមវិទ្យុ ដែលទទួលជំនួយបរទេស និងបម្រើគោលនយោបាយ និងរបៀបវារៈរបស់បរទេសនោះទេ ពោលគឺសេរីភាពសារព័ត៌មានកម្ពុជានៅតែរស់រវើក សកម្ម និងរីកចម្រើនព្រោះគ្មានវត្តមាននៃវិទ្យុដែលផ្សាយព័ត៌មានមិនពិត មួលបង្កាច់ និងញុះញង់៕


ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣


ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា៖ គិតត្រឹមចុងឆ្នាំ២០២២ ភូមិចំនួន ១៣,៩២៣ ស្មើនឹង៩៨.២៧ភាគរយ មានអគ្គិសនីប្រើប្រាស់

 (ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន ១៣,៩២៣ ស្មើនឹង៩៨.២៧ភាគរយ បានតខ្សែបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈនៅសល់ភូមិតែ ២៤៥ប៉ុណ្ណោះ ស្មើនឹង ១.៧៣ភាគ មិនទាន់តខ្សែបណ្តាញអគ្គិសនី។

ជាមួយគ្នានេះដែរ លោក យឹម វិសិដ្ឋ បានបញ្ជាក់ថា សម្រាប់ភូមិដែលនៅជាង៨០ភូមិ ដែលមិនទាន់អាចបញ្ជាក់ឱ្យច្បាស់ថានឹងតខ្សែបណ្តាញអគ្គិសនីទៅដល់នៅនៅឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ដោយសារតែភូមិទាំងនោះនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬខ្លះភូមិទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។

ក្នុងឱកាសផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសលោកផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នាពិធីបើកមហាសន្និបាតបូកសរុបការបញ្ចប់ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តន៍សម្រាប់ឆ្នាំ២០២៣ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «មកដល់ចុងឆ្នាំ២០២២ ការផ្គត់ផ្គង់អគ្គិសនី គិតជាភាគរយនៃភូមិ គឺយើងបានផ្គត់ផ្គង់បានជាង៩៨ភាគរយ បានសាង់សងខ្សែបណ្តាញរួច ហើយនៅសល់ជាង១ភាគរយ គិតជាភូមិ ២៤៥ភូមិ ពុំទាន់មានខ្សែបណ្តាញទៅដល់បើធៀបទៅនឹងភូមិទូទាំងប្រទេស តាមផែនការរបស់យើងនៅឆ្នាំ២០២៣នេះ ឬក៏ដើមឆ្នាំ២០២៤ យើងអាចតភ្ជាប់បានជាង១០០ភូមិទៀត អ៊ឹចឹងវាអាចនៅសល់ជាង ៨០ភូមិជាង»។

ប្រធានអាជ្ញាធរអគ្គិសនីរូបនេះ បានឱ្យដឹងថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិដែលនៅសេសល់ជាង៨០ភូមិនេះ នឹងបង្កើតឱ្យមានការផ្គត់ផ្គង់ជាប្រព័ន្ធទោល ដោយប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ ខណៈក្រសួងរ៉ែ និងថាមពល បានកំពុងស្វះស្វែងរកប្រភពជំនួយនានា ដើម្បីយកមកផ្គត់ផ្គង់អគ្គិសនីនៅតាមភូមិទាំងនេះ។

«ធម្មតាយើងលើកផែនការ តែជាក់ស្តែងពេលនេះយើងដឹងយើងថា ៩៨ភាគរយជាងមានអគ្គិសនីប្រើប្រាស់ នេះជាជោគជ័យមួយធំណាស់»។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោក យឹម វិសិដ្ឋ។

ពាក់ព័ន្ធចំណុចនេះ លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់អគ្គិសនីកម្ពុជា និងសេវាករឯកជន ប្រញាប់ប្រញាល់ពិនិត្យលទ្ធភាពពង្រីកបណ្តាញផ្គក់ផ្គង់អគ្គិសនីនៅភូមិទាំង១៥៧ ឱ្យបានឆាប់ដែលអាចធ្វើទៅបាន ចំពោះភូមិដែលការពង្រីកបណ្តាញជាតិពុំទាន់អាចទៅដល់ក្នុងរយៈពេលឆាប់ និងភូមិដែលនៅសេសសល់ចំនួន៨៨ភូមិទៀត ក្រសួង អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា កំពុងតែរួមគ្នាពិនិត្យលទ្ធភាពរកការផ្តល់ជំនួយពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ពីការវិនិយោគរបស់ក្រុមហ៊ុនឯកជននានា ដើម្បីធ្វើការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទោលប្រើប្រាស់ពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់អគ្គិសនីឱ្យភូមិទាំងនោះជាបណ្តោះអាសន្នសិន។

បើយោងតាមស្ថានភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងកម្ពុជាសម្រាប់ឆ្នាំ២០២២ បានបញ្ជាក់ថា គិតមកដល់ចុងឆ្នាំ២០២២ ព្រំដែននៃអាជ្ញាបណ្ណដែលផ្តល់ឲ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយធ្វើការវិនិយោគ និងអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនីទាំងរដ្ឋ និងឯកជន មានចំនួន ១៤,១៥១ភូមិ ស្មើនឹង ៩៩.៨៨% នៃចំនួនភូមិសរុបទូទាំងប្រទេស។

របាយការណ៍ដដែល បានឱ្យដឹងថា នៅក្នុងចំណោមភូមិដែលផ្តល់ឱ្យអ្នកកាន់អាជ្ញាបណ្ណទាំង ១៤,១៥១ភូមិនេះ មានចំនួន ១៣,៩២៣ភូមិ ស្មើនឹង ៩៨.២៧% បានសាងសង់ខ្សែបណ្តាញរួច ហើយមានចំនួន ២៤៥ភូមិ ស្មើនឹង ១.៧៣% ពុំទាន់មាន ខ្សែបណ្តាញទៅដល់ ធៀបទៅនឹងភូមិសរុបទូទាំងប្រទេស។

សម្រាប់ភូមិដែលបានសាងសង់ខ្សែបណ្តាញរួចទាំង ១៣,៩២៣ភូមិ មានចំនួន ១៣,៨១០ភូមិ ទទួលប្រភពផ្គត់ផ្គង់ពីប្រព័ន្ធបណ្តាញជាតិ មានចំនួន ១១១ភូមិ ទទួលប្រភពពីប្រទេសជិតខាង និងមានចំនួន ២ភូមិ ទទួលប្រភពពីម៉ាស៊ីនដ្រូសែលតូចៗ។ ដោយឡែកចំពោះភូមិចំនួន២៤៥ ដែលពុំទាន់មានខ្សែបណ្តាញអគ្គិសនីទៅដល់ភាគច្រើនឋិតនៅតំបន់កោះ តំបន់លិចទឹកនៅរដូវវស្សា តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់បណ្តែតទឹក និងតំបន់ឆ្ងាយដាច់ស្រយាលដែលមានប្រជាជនរស់នៅរាយប៉ាយ៕




វិភាគអន្តរជាតិ៖ តើមានអ្វីខ្លះដែលលោក វ្ល៉ាឌីមៀ ពូទីន គិតត្រូវ?


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានគិត និងវិនិច្ឆ័យខុសជាច្រើននៅពេលដែលលោកសម្រេចចិត្តចូលឈ្លានពានអ៊ុយក្រែន។ លោក ពូទីន មានអំនួតខ្លាំងពេកលើ អំណាចយោធារបស់លោក។ មើលស្រាលគំនិតជាតិនិយម សមត្ថភាព និងការប្ដូរផ្ដាច់ពលីជីវិតរបស់យោធា និងប្រជាជនអ៊ុយក្រែនក្នុងបុព្វហេតុការពារទឹកដីរបស់ពួកគេ។ លោក ពូទីន ក៏បានគិត ខុសផងដែរចំពោះសាមគ្គីភាពរបស់លោកខាងលិចក្នុងការប្ដេជ្ញាចិត្តគាំទ្រអ៊ុយក្រែន ជាពិសេសគឺអឺរ៉ុបតែម្ដងដែលលោកយល់ថាការប្រើប្រាស់ប្រេង និងឧស្ម័នជាអាវុធអាចនឹងកំញើញ ក៏ដូចជា វាយបំបាក់ស្មារតី និងធ្វើឱ្យអឺរ៉ុបបែកបាក់គ្នា រហូតដល់អាចបោះបង់ចោលទីក្រុងកៀវ។

លើសពីនេះទៅទៀត លោក ពូទីន ក៏ប្រហែលជាអាចគិតខុសដែរថាចិននឹងចេញមុខគាំទ្ររុស្ស៉ី។ ទីក្រុងប៉េកាំងបានបន្តប្រេង និងឧស្ម័នពីរុស្ស៉ីក៏ពិតមែន តែមិនបានបង្ហាញការគាំទ្រខាងការទូត ឬក៏ ផ្ដល់ជំនួយយោធាដល់រុស្ស៉ីនោះទេ។ កំហុសទាំងនេះបើបូកបញ្ចូលគ្នា វាពិតណាស់បង្កផលប៉ះពាល់ជាអវិជ្ជមានដល់រុស្ស៉ី ដោយក្រុមអ្នកវិភាគលោកខាងលិចខ្លះថែមទាំងសន្និដ្ឋានទៀតផងថារុស្ស៉ី នឹងក្លាយជាមហាអំណាចធ្លាក់ចុះឥទ្ធិពលទាំងនៅក្នុងសង្រ្គាម និងនៅក្រោយសង្រ្គាម។ ក៏ប៉ុន្តែ បើនិយាយឱ្យស្មោះត្រង់ លោក ពូទីន ក៏មិនមែនគិតខុសគ្រប់តែរឿងទាំងអស់នោះដែរ ចុះបើដូច្នេះ ថាតើមានអ្វីខ្លះទៅដែលលោក ពូទីន បានគិតត្រូវ?

រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន សង្ឃឹមថាការគំរាម និងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក អាចនឹងរារាំងលោក ពូទីនមិនឱ្យបើកការឈ្លានពានលើអ៊ុយក្រែន ហើយរំពឹងដែរ ថាទណ្ឌកម្មសេដ្ឋកិច្ចអាចនឹងខ្ទប់ដង្ហើម ឬកាត់ផ្ដាច់ហិរញ្ញវត្ថុមិនឱ្យលោក ពូទីន យកទៅបំប៉នសង្រ្គាមរបស់លោក ព្រមទាំងអាចបង្កការខឹងសម្បារនៅក្នុងចំណោមប្រជាជនរុស្ស៉ីឱ្យងើបឡើងបះបោរ ដើម្បីបង្ខំឱ្យលោក ពូទីន ប្ដូរចិត្ត ឬបញ្ឈប់សង្រ្គាមឈ្លានពានរបស់លោក។ លោក ពូទីន បានសម្រេចចិត្តធ្វើសង្រ្គាមគួបផ្សំជាមួយការជឿជាក់ថារុស្ស៉ីអាចនឹងជម្នះលើទណ្ឌកម្មសេដ្ឋកិច្ចលោកខាងលិច ហើយនេះគឺជាចំណុចទី១ ដែលលោកគិតត្រូវ។ ពីព្រោះថាមកទល់នឹងម៉ោងនេះ សេដ្ឋកិច្ចរុស្ស៉ីនៅតែមានដង្ហើមដក រីឯលោក ពូទីននៅតែមានលុយធ្វើសង្រ្គាម ខណៈតម្រូវការវត្ថុធាតុដើមកម្រៗរបស់ រុស្ស៉ីដូចជាប្រេង និងឧស្ម័ននៅតែត្រូវប៉ាន់នៅលើផ្សារតួយ៉ាងដូចជាចិន និងឥណ្ឌាជាដើមសុទ្ធតែកំពុងបង្កើនការទិញប្រេងពីរុស្ស៉ីរៀងៗខ្លួន។ ជាការពិតណាស់ ផលប៉ះពាល់រយៈពេលវែងចំពោះ សេដ្ឋកិច្ចរុស្ស៉ី ប្រាកដជាមាន ប៉ុន្តែលោក ពូទីន គិតត្រូវក្នុងការសន្មត់ថាទណ្ឌកម្មតែមួយមុខគឺមិនអាចកំណត់ពីលទ្ធផលសង្រ្គាមបាននោះទេ យ៉ាងហោចណាស់ក្នុងរយ​ៈពេលយូរ។

ចំណុចទី២៖ លោក ពូទីនបានគិតត្រូវថាប្រជាជនរុស្ស៉ីភាគច្រើននឹងគាំទ្ររូបលោក។ លោក ពូទីន ធ្លាប់រំពឹងថាសង្រ្គាមរបស់លោកអាចសម្រេចបានជោគជ័យភ្លាមៗ ឬក្នុងពេលដ៏ខ្លី តែផ្ទុយទៅវិញ សង្រ្គាមបានអូសបន្លាយជិតមួយឆ្នាំទៅហើយ។ ក៏ប៉ុន្តែការសម្រេចចិត្តបន្តធ្វើសង្រ្គាម និងកែនកងទ័ពបន្ថែម បានបង្ហាញពីការជឿជាក់របស់លោកថាប្រជាជនរុស្ស៉ីនឹងគាំទ្ររូបលោក ស្របពេលលោក ប្រើអំណាចគ្រប់យ៉ាងដើម្បីបង្រ្កាបក្រុមអ្នកប្រឆាំង ដោយមិនបានធ្វើឱ្យអំណាចរបស់លោករង្គោះរង្គើរឡើយ។

ចំណុចទី៣៖ អ្វីដែលលោក ពូទីន គិតត្រូវ នោះគឺការថ្កោលទោស និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៉ីមិនអាចធ្វើឡើងជាលក្ខណៈសកលនោះទេ។ តួយ៉ាងបច្ចុប្បន្ន សហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសជាសម្ព័ន្ធមិត្តមួយចំនួនរបស់អាមេរិកប៉ុណ្ណោះដែលបានថ្កោលទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងមូស្គូ។ ក៏ប៉ុន្តែ បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងអាហ្វ្រិក ភាគច្រើនមិនបានថ្កោលទោស ហើយក៏បានដាក់ទណ្ឌកម្មរុស្ស៉ីនោះដែរ។ នៅត្រង់ចំណុចនេះ គេមិនបាច់និយាយទៅណាឆ្ងាយទេ ពោលគឺសូម្បីតែសម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិកដូចជា អារ៉ាប៊ីសាអូឌីត អ៉ីស្រាអែល និងឥណ្ឌា ក៏មិនបានចូលរួមដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ីផង។

គួរបញ្ជាក់ថា ការសម្រេចចិត្តធ្វើសង្រ្គាមឈ្លានពានរបស់លោក ពូទីន ធ្វើឡើងដោយលោកយល់ថាជោគវាសនារបស់អ៊ុយក្រែន គឺមានសារៈសំខាន់បំផុតសម្រាប់រុស្ស៉ី ជាជាងទំនាក់ទំនងរវាងរុស្ស៉ី និងលោកខាងលិចទៅទៀត។ លោក ពូទីន កាន់តែគិតត្រូវទៅទៀតនោះគឺជោគវាសនារបស់អ៊ុយក្រែន តម្រូវឱ្យសហរដ្ឋអាមេរិក និងលោកខាងលិចបញ្ជូន ឬពលីជីវិតកងទ័ពសែននាក់ឱ្យមកជួយ ប្រយុទ្ធតតាំងនឹងរុស្ស៉ី។ ប៉ុន្តែ សហរដ្ឋអាមេរិកមិនគិតឃើញដូច្នេះឡើយ ហើយក៏មិនមានបំណងបញ្ជូនកូនប្រុស និងកូនស្រីរបស់ខ្លួនឱ្យទៅពលីជីវិតនៅក្នុងសង្រ្គាមនោះដែរ ដោយសុខចិត្ត បញ្ជូនអាវុធ ក្រោមជំនួយយោធារាប់ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនការពារទឹកដីរបស់ខ្លួន។

និយាយម្យ៉ាងទៀត ការសម្រេចចិត្តមិនបញ្ជូនកងទ័ពអាចជាការទទួលខុសត្រូវមួយរបស់អាមេរិក ក្នុងនាមជា មេដឹកនាំពិភពលោក ដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង។ តែទោះជាបែបនេះក្ដី ការគិតត្រូវទាំងនេះរបស់លោក ពូទីន មិនអាចយកមកបញ្ជាក់ពីភាពត្រឹមត្រូវនៃសង្រ្គាមឈ្លានពាន របស់ លោកនោះទេ ដោយវាគ្រាន់តែបង្ហាញពីការវិច្ឆ័យ និងការគិតរបស់លោកតែប៉ុណ្ណោះ៕ Fresh News

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅអង្គការក្រៅរដ្ឋាភិបាលឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាល


ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីម៉ោង ១ និង៤៩ នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសរសេរសារលើហ្វេសប៊ុកផ្លូវការប្រាប់ទៅក្រុមអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលមួយចំនួននៅកម្ពុជាដែលភាគច្រើនទទួលជំនួយពីបរទេសផងនោះ ចង់ចាំទុកនិងឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា នៅយប់ថ្ងៃទី១៧ ខែកុម្ភៈនេះ សម្ដេចបានបង្ហើយការងារនៅរំលងអាធ្រាតទៅហើយតែសម្ដេចមិនទាន់សម្រាកទេ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ របស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ។

សម្ដេចបានមានប្រសាសន៍ទាក់ទងនឹង លោក ផែង វណ្ណៈ ដែលត្រូវបានអង្គការក្រៅរដ្ឋាភិបាល ដែលភាគច្រើនទទួលលុយបរទេស ទាមទារឲ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូតដល់ វិទ្យុវីអូឌីស្លាប់ដែលគ្មានពេលចាប់ជាតិ។ 

សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចមិនកាន់ជើង ផែង វណ្ណៈទេ។ តែអ្វីដែលសម្ដេចមិនអស់ចិត្ត គឺប្អូនថ្លៃស្រីសម្ដេច ក្រោយស្លាប់ ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដងប្រៀបជាមួយការដែល ផែង វណ្ណៈ និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វិទ្យុវីអូឌីនោះ។

សម្ដេចបានមានប្រសាសន៍ថា ពួកជនអាក្រក់ទាំងនោះ មិនគ្រាន់តែប្រមាថប្អូនថ្លៃសម្ដេចទេ តែគេ ថែមទាំងប្រមាថភរិយាសម្ដេច ក្រុមគ្រួសារសម្ដេច ក្នុងពេលដែលក្រុមគ្រួសារ កំពុងបង្ហូរ ទឹកភ្នែកស្តាយស្រណោះប្អូនស្រី ម្តាយ ជីដូន ម្តាយមីង ដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។

សម្ដេចតេជោ ចោទសួរថា តើអង្គការទាំង ៤០ នេះក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្តាត់ ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។

សម្ដេចប្រាប់ថា«សូមចាំទុក និងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត»៕អត្ថបទ៖ វ៉ន ដារ៉ា