Friday, February 17, 2023

វិភាគអន្តរជាតិ៖ តើមានអ្វីខ្លះដែលលោក វ្ល៉ាឌីមៀ ពូទីន គិតត្រូវ?


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានគិត និងវិនិច្ឆ័យខុសជាច្រើននៅពេលដែលលោកសម្រេចចិត្តចូលឈ្លានពានអ៊ុយក្រែន។ លោក ពូទីន មានអំនួតខ្លាំងពេកលើ អំណាចយោធារបស់លោក។ មើលស្រាលគំនិតជាតិនិយម សមត្ថភាព និងការប្ដូរផ្ដាច់ពលីជីវិតរបស់យោធា និងប្រជាជនអ៊ុយក្រែនក្នុងបុព្វហេតុការពារទឹកដីរបស់ពួកគេ។ លោក ពូទីន ក៏បានគិត ខុសផងដែរចំពោះសាមគ្គីភាពរបស់លោកខាងលិចក្នុងការប្ដេជ្ញាចិត្តគាំទ្រអ៊ុយក្រែន ជាពិសេសគឺអឺរ៉ុបតែម្ដងដែលលោកយល់ថាការប្រើប្រាស់ប្រេង និងឧស្ម័នជាអាវុធអាចនឹងកំញើញ ក៏ដូចជា វាយបំបាក់ស្មារតី និងធ្វើឱ្យអឺរ៉ុបបែកបាក់គ្នា រហូតដល់អាចបោះបង់ចោលទីក្រុងកៀវ។

លើសពីនេះទៅទៀត លោក ពូទីន ក៏ប្រហែលជាអាចគិតខុសដែរថាចិននឹងចេញមុខគាំទ្ររុស្ស៉ី។ ទីក្រុងប៉េកាំងបានបន្តប្រេង និងឧស្ម័នពីរុស្ស៉ីក៏ពិតមែន តែមិនបានបង្ហាញការគាំទ្រខាងការទូត ឬក៏ ផ្ដល់ជំនួយយោធាដល់រុស្ស៉ីនោះទេ។ កំហុសទាំងនេះបើបូកបញ្ចូលគ្នា វាពិតណាស់បង្កផលប៉ះពាល់ជាអវិជ្ជមានដល់រុស្ស៉ី ដោយក្រុមអ្នកវិភាគលោកខាងលិចខ្លះថែមទាំងសន្និដ្ឋានទៀតផងថារុស្ស៉ី នឹងក្លាយជាមហាអំណាចធ្លាក់ចុះឥទ្ធិពលទាំងនៅក្នុងសង្រ្គាម និងនៅក្រោយសង្រ្គាម។ ក៏ប៉ុន្តែ បើនិយាយឱ្យស្មោះត្រង់ លោក ពូទីន ក៏មិនមែនគិតខុសគ្រប់តែរឿងទាំងអស់នោះដែរ ចុះបើដូច្នេះ ថាតើមានអ្វីខ្លះទៅដែលលោក ពូទីន បានគិតត្រូវ?

រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន សង្ឃឹមថាការគំរាម និងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក អាចនឹងរារាំងលោក ពូទីនមិនឱ្យបើកការឈ្លានពានលើអ៊ុយក្រែន ហើយរំពឹងដែរ ថាទណ្ឌកម្មសេដ្ឋកិច្ចអាចនឹងខ្ទប់ដង្ហើម ឬកាត់ផ្ដាច់ហិរញ្ញវត្ថុមិនឱ្យលោក ពូទីន យកទៅបំប៉នសង្រ្គាមរបស់លោក ព្រមទាំងអាចបង្កការខឹងសម្បារនៅក្នុងចំណោមប្រជាជនរុស្ស៉ីឱ្យងើបឡើងបះបោរ ដើម្បីបង្ខំឱ្យលោក ពូទីន ប្ដូរចិត្ត ឬបញ្ឈប់សង្រ្គាមឈ្លានពានរបស់លោក។ លោក ពូទីន បានសម្រេចចិត្តធ្វើសង្រ្គាមគួបផ្សំជាមួយការជឿជាក់ថារុស្ស៉ីអាចនឹងជម្នះលើទណ្ឌកម្មសេដ្ឋកិច្ចលោកខាងលិច ហើយនេះគឺជាចំណុចទី១ ដែលលោកគិតត្រូវ។ ពីព្រោះថាមកទល់នឹងម៉ោងនេះ សេដ្ឋកិច្ចរុស្ស៉ីនៅតែមានដង្ហើមដក រីឯលោក ពូទីននៅតែមានលុយធ្វើសង្រ្គាម ខណៈតម្រូវការវត្ថុធាតុដើមកម្រៗរបស់ រុស្ស៉ីដូចជាប្រេង និងឧស្ម័ននៅតែត្រូវប៉ាន់នៅលើផ្សារតួយ៉ាងដូចជាចិន និងឥណ្ឌាជាដើមសុទ្ធតែកំពុងបង្កើនការទិញប្រេងពីរុស្ស៉ីរៀងៗខ្លួន។ ជាការពិតណាស់ ផលប៉ះពាល់រយៈពេលវែងចំពោះ សេដ្ឋកិច្ចរុស្ស៉ី ប្រាកដជាមាន ប៉ុន្តែលោក ពូទីន គិតត្រូវក្នុងការសន្មត់ថាទណ្ឌកម្មតែមួយមុខគឺមិនអាចកំណត់ពីលទ្ធផលសង្រ្គាមបាននោះទេ យ៉ាងហោចណាស់ក្នុងរយ​ៈពេលយូរ។

ចំណុចទី២៖ លោក ពូទីនបានគិតត្រូវថាប្រជាជនរុស្ស៉ីភាគច្រើននឹងគាំទ្ររូបលោក។ លោក ពូទីន ធ្លាប់រំពឹងថាសង្រ្គាមរបស់លោកអាចសម្រេចបានជោគជ័យភ្លាមៗ ឬក្នុងពេលដ៏ខ្លី តែផ្ទុយទៅវិញ សង្រ្គាមបានអូសបន្លាយជិតមួយឆ្នាំទៅហើយ។ ក៏ប៉ុន្តែការសម្រេចចិត្តបន្តធ្វើសង្រ្គាម និងកែនកងទ័ពបន្ថែម បានបង្ហាញពីការជឿជាក់របស់លោកថាប្រជាជនរុស្ស៉ីនឹងគាំទ្ររូបលោក ស្របពេលលោក ប្រើអំណាចគ្រប់យ៉ាងដើម្បីបង្រ្កាបក្រុមអ្នកប្រឆាំង ដោយមិនបានធ្វើឱ្យអំណាចរបស់លោករង្គោះរង្គើរឡើយ។

ចំណុចទី៣៖ អ្វីដែលលោក ពូទីន គិតត្រូវ នោះគឺការថ្កោលទោស និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៉ីមិនអាចធ្វើឡើងជាលក្ខណៈសកលនោះទេ។ តួយ៉ាងបច្ចុប្បន្ន សហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសជាសម្ព័ន្ធមិត្តមួយចំនួនរបស់អាមេរិកប៉ុណ្ណោះដែលបានថ្កោលទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងមូស្គូ។ ក៏ប៉ុន្តែ បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងអាហ្វ្រិក ភាគច្រើនមិនបានថ្កោលទោស ហើយក៏បានដាក់ទណ្ឌកម្មរុស្ស៉ីនោះដែរ។ នៅត្រង់ចំណុចនេះ គេមិនបាច់និយាយទៅណាឆ្ងាយទេ ពោលគឺសូម្បីតែសម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិកដូចជា អារ៉ាប៊ីសាអូឌីត អ៉ីស្រាអែល និងឥណ្ឌា ក៏មិនបានចូលរួមដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ីផង។

គួរបញ្ជាក់ថា ការសម្រេចចិត្តធ្វើសង្រ្គាមឈ្លានពានរបស់លោក ពូទីន ធ្វើឡើងដោយលោកយល់ថាជោគវាសនារបស់អ៊ុយក្រែន គឺមានសារៈសំខាន់បំផុតសម្រាប់រុស្ស៉ី ជាជាងទំនាក់ទំនងរវាងរុស្ស៉ី និងលោកខាងលិចទៅទៀត។ លោក ពូទីន កាន់តែគិតត្រូវទៅទៀតនោះគឺជោគវាសនារបស់អ៊ុយក្រែន តម្រូវឱ្យសហរដ្ឋអាមេរិក និងលោកខាងលិចបញ្ជូន ឬពលីជីវិតកងទ័ពសែននាក់ឱ្យមកជួយ ប្រយុទ្ធតតាំងនឹងរុស្ស៉ី។ ប៉ុន្តែ សហរដ្ឋអាមេរិកមិនគិតឃើញដូច្នេះឡើយ ហើយក៏មិនមានបំណងបញ្ជូនកូនប្រុស និងកូនស្រីរបស់ខ្លួនឱ្យទៅពលីជីវិតនៅក្នុងសង្រ្គាមនោះដែរ ដោយសុខចិត្ត បញ្ជូនអាវុធ ក្រោមជំនួយយោធារាប់ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនការពារទឹកដីរបស់ខ្លួន។

និយាយម្យ៉ាងទៀត ការសម្រេចចិត្តមិនបញ្ជូនកងទ័ពអាចជាការទទួលខុសត្រូវមួយរបស់អាមេរិក ក្នុងនាមជា មេដឹកនាំពិភពលោក ដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង។ តែទោះជាបែបនេះក្ដី ការគិតត្រូវទាំងនេះរបស់លោក ពូទីន មិនអាចយកមកបញ្ជាក់ពីភាពត្រឹមត្រូវនៃសង្រ្គាមឈ្លានពាន របស់ លោកនោះទេ ដោយវាគ្រាន់តែបង្ហាញពីការវិច្ឆ័យ និងការគិតរបស់លោកតែប៉ុណ្ណោះ៕ Fresh News

No comments:

Post a Comment