Wednesday, August 16, 2023

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់រថយន្ដពិនិត្យសុខភាពចល័តចំនួន ១៤គ្រឿង ដល់សាខាកាកបាទក្រហមកម្ពុជា ១២ខេត្ត ដើម្បីជំរុញការងារមនុស្សធម៌កាន់តែប្រសើរ

 សុខទុក្ខប្រជាជននៅតែឋិត ក្នុងចិត្ដមាតាមនុស្សធម៌ជាប់ជានិច្ច ជាក់ស្ដែងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្ដល់រថយន្ដពិនិត្យសុខភាពចល័ត ចំនួន១៤គ្រឿង ដល់សាខាកាកបាទក្រហមកម្ពុជាចំនួន១២ខេត្ត ដើម្បីបម្រើសកម្មភាពការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋកាន់តែប្រសើរបន្ថែមទៀត។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការីជាច្រើនរូបទៀត នៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះក្រៅពីប្រគល់នូវរថយន្ដពិនិត្យសុខភាពចល័ត ក៏មានការផ្ដល់ជូនបន្ថែមនូវម៉ូតូអគ្គិសនី និងអាល់កុល ជូនដល់សាខាកាកបាទក្រហមកម្ពុជាខាងលើនេះផងដែរ។

ជាមួយគ្នានោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរចំពោះសាខាកាកបាទក្រហមកម្ពុជាទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយតម្លាភាព និងគណនេយ្យភាព ដើម្បីទទួលបានការជឿទុកចិត្ត និងទាក់ទាញការគាំទ្រ ពីសប្បុរសជនទាំងផ្លូវចិត្ត និងថវិកា សម្រាប់ប្រតិបត្តិការមនុស្សធម៌ ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ឱ្យទទួលបានភាពកក់ក្តៅ ដោយមិនពឹងទាំងស្រុង មកថ្នាក់កណ្តាល ព្រោះសាខានីមួយៗមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ជួយសហគមន៍របស់ខ្លួន។

លោកស្រីបានគូសបញ្ជាក់ថា «ដើម្បីឲ្យសាខាទាំងអស់បំពេញការងារមនុស្សធម៌កាន់តែល្អប្រសើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចដ៏ខ្ពង់ខ្ពស់បែងចែករថយន្តពិនិត្យសុខភាពចល័តទាំងនេះ ជូនទៅដល់ សាខាចំនួន១២ ដើម្បីបម្រើក្នុងសកម្មភាពមនុស្សធម៌ក្នុងនោះរួមមាន សាខាខេត្តរតនៈគិរីទទួលបាន២គ្រឿង, ក្រចេះ២គ្រឿង មណ្ឌលគិរី១គ្រឿង, ព្រះវិហារ១គ្រឿង, ស្ទឹងត្រែង១គ្រឿង, ប៉ៃលិនរថយន្តមួយ១គ្រឿង និងម៉ូតូអាគុយ២គ្រឿង ,បន្ទាយមាន ជ័យ១គ្រឿង, កំពង់ធំ១គ្រឿង, កំពង់ឆ្នាំង១គ្រឿង, ត្បូងឃ្មុំ១គ្រឿង, កំពង់ស្ពឺ១គ្រឿង, និងកោះកុង១គ្រឿង»

លោកស្រីបន្ដថា អំណោយរថយន្តទាំងនេះ គឺបានមកពីក្រុមហ៊ុន Thaco agriculture ដែលបានផ្តល់ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទុកជាមធ្យោបាយផ្សេងៗ ក្នុងសកម្មភាពការងារមនុស្សធម៌។

លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ធំ និងសាខាកាកបាទក្រហមកម្ពុជាចំនួន១១ទៀត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាក ពិសេសការផ្តល់នូវអំណោយជារថយន្តពិនិត្យសុខភាពចល័តនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញការងារមនុស្សធម៌ ដល់សាខាកាកបាទក្រហម នៅតាមបណ្តាលខេត្ត៕




សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតជូនពរ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ

 សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតជូនពរ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី្រ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ។

នាឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងភរិយា បានបញ្ជក់យ៉ាងដូច្នេះថា៖ «សូមជូនពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខជូន លោកកិត្តិនីតិកោសលបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា មានអាយុយឺនយូរ»។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ដថា «សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកកិត្តិនីតិកោសលបណ្ឌិត ក្នុងការដឹកនាំទីស្ដីការ គណៈរដ្ឋមន្ត្រីទទួលបានលទ្ធផលដ៏ល្អប្រសើរជូនរាជរដ្ឋាភិបាល និងសង្គមជាតិ។ លោកកិត្តិនីតិកោសលបណ្ឌិត បានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ បម្រើដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ក្នុងគោលដៅដើម្បី ការពារឯករាជ្យភាព បូរណភាព អធិបតេយ្យភាព នាំមកនូវសន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និងការអភិវឌ្ឍ លើគ្រប់វិស័យ»។

ជាថ្មីម្ដងទៀត សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងភរិយា សូមយកឱកាសដ៏សិរីមង្គលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គលគ្រប់ប្រការជូនដល់ លោកកិត្តិនីតិកោសលបណ្ឌិត និង លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




សម្ដេច ស ខេង កោតសសើរមន្ត្រីរាជការដែលខិតខំបម្រើពលរដ្ឋ ទើបធ្វើឱ្យពលរដ្ឋមានភាពកក់ក្ដៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា

 សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ខេត្តបាត់ដំបង ដែលពេញមួយនីតិកាលទី៦ មកនេះ បានខិតខំបំពេញភារកិច្ចចូលរួមថែ រក្សាសុខសន្តិភាព និងស្ថិរភាពជាតិ ជាពិសេស ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរទាំងកម្រិតខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ការកោតសសើរបែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីមនៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងកែលម្អរសោភណ្ឌភាពក្រុងបាត់ដំបង ជាបន្តបន្ទាប់ ជាក់ស្ដែងវិមានឯករាជ្យ និងសមិទ្ធផលនានា ដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ធ្វើឱ្យខេត្តកាន់តែមានភាពទាក់ទាញ។

សម្ដេចក្រឡាហោម បានបន្ដថា វិមានឯករាជ្យ ព្រមទាំងសមិទ្ធផលសម្ពោធនាថ្ងៃនេះ នឹងរួមចំណែកទាក់ទាញទេសចរណ៍ ក្នុងខេត្តបាត់ដំបង ហើយធ្វើឱ្យចំណូលក្នុងខេត្តកាន់តែកើនឡើង។ សម្ដេចបានបញ្ជាក់ថា ទីតាំងនេះនឹងទាក់ទាញទាំងប្រជាពលរដ្ឋមកដើរកម្សាន្ត និងហាត់ប្រាណ។ សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ហើយបន្តរួមគ្នាដាំដើមឈើឱ្យបានច្រើនបន្ថែមទៀត។

លើសពីនេះ សម្ដេចក្រឡាហោម បានសង្ឃឹមជឿជាក់ថា រដ្ឋបាលខេត្ត ក្រុងស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តបាត់ដំបង និងជារួមទូទាំងប្រទេស នឹងបន្តខិតខំបំពេញតួនាទី និងភារកិច្ចដ៏ល្អនេះ ឱ្យបានកាន់តែល្អប្រសើរ ទៀតនៅក្នុងនីតិកាលថ្មី។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រមូលសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ហើយខិតខំរួមគ្នាដោះស្រាយ ឱ្យទាន់ពេលវេលា។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាល បានរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួនកសាងសមិទ្ធផលបម្រើផលប្រយោជន៍សាធារណៈគ្រប់វិស័យនៅគ្រប់មូលដ្ឋាន ធ្វើឱ្យរាជរដ្ឋាភិបាលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ពីមួយអាណត្តិ ទៅមួយអាណត្តិ ជាក់ស្ដែងក្នុងខេត្តបាត់ដំបង មានសមិទ្ធផលជាច្រើនបានកើតឡើង និងកំពុងបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានរាយការណ៍ថា វិមានឯករាជ្យ និងសមិទ្ធផលនានា ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានបើកការដ្ឋានស្ថាបនា និងសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕





ប្រធាន ACU កម្ពុជា ជំរុញឱ្យសមាជិកអាស៊ាន ត្រូវបន្តរួមគ្នាដើម្បីប្រឆាំងអំពើពុករលួយ

 (សៀមរាប)៖ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក) បានជំរុញឱ្យសមាជិកនៃកិច្ចប្រជុំអាស៊ាន-ផេក បន្តធ្វើការរួមគ្នា ដើម្បីប្រឆាំងអំពើពុករលួយនៅតាមបណ្ដាប្រទេសរបស់ខ្លួន។

ថ្លែងក្នុងពិធីបើកនៃកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេក (ASEAN-PAC) នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារសូភីតែលអង្គរភូគីត្រា ខេត្តសៀមរាប ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង លើកឡើងថា ជាការពិតណាស់តំបន់អាស៊ាន ​​ក៏ដូចជាពិភពលោកទាំងមូល បានឆ្លងកាត់ពេលវេលាដ៏ លំបាកមួយហើយកំពុងតែតស៊ូខិតខំប្រឹងប្រែងយ៉ាងមោះមុតជាមួយការស្ដារប្រទេសឡើងវិញនៅក្រោយវិបត្តិនៃជំងឺកូវីដ១៩ ដែលរហូតមកដល់ពេលនេះមិនមែនកម្ពុជាតែម្នាក់ អាចដោះស្រាយបញ្ហា​នេះបាននោះទេ គឺតម្រូវឱ្យមានកិច្ចសហការ និងការជួយគ្នាទៅវិញទៅមក​ពីបណ្តាប្រទេសជាមិត្តនិងជាបងប្អូន។ នេះក៏មិនខុសពីអ្វីដែលក្រុមគ្រួសារ អាស៊ាន-ផេក​​ ដែលបាននិងកំពុងបន្តអនុវត្តមកដល់ពេលនេះ ដោយអនុលោម តាម ASEAN-PAC MoU និងផ្អែកលើស្មារតីចែករំលែកក្នុងនាមជាបងប្អូនក្នុងគោលដៅរួមគ្នាប្រឆាំងអំពើ ពុករលួយនៅក្នុងប្រទេសនីមួយៗរបស់ខ្លួន និងលទ្ធភាពឈានទៅជួយ និងគាំទ្រគ្នាទៅវិញ​ទៅមក ផ្អែកទៅតាមបរិបទ និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការដូចមានចែងនៅក្នុង ASEAN-PAC MoU។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្តថា កិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេក លើកទី១៩ នៅពេលនេះ និងពិនិត្យ ពិភាក្សា និងធ្វើការរៀប ចំកិច្ចការនៅសេសសល់​ពីកិច្ចប្រជុំថ្នាក់ដឹក​នាំអាស៊ាន-ផេកលើកទី១៨ កាលពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ និងដើម្បីត្រៀមរៀបចំនូវរបៀបវារៈ ក៏ដូចជាការអនុវត្តការងាររបស់អាស៊ាន-ផេក​ សម្រាប់កិច្ចប្រជុំ​ថ្នាក់ដឹក​​នាំអាស៊ាន-ផេក បន្ទាប់ទៀត។ កិច្ចប្រជុំលេខាធិកាដ្ឋានអាស៊ាន-ផេក​ គឺគាំទ្រដល់សកម្មភាព​​ និងជួយជំរុញឱ្យសម្រេចបាននូវពហុគោលបំណងរបស់អាស៊ាន-ផេក ស្របតាមឯកសារគោលដែលបានកំណត់អំពី បែបបទនៃដំណើរការការងាររបស់អាស៊ាន-ផេក។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្តទៀតថា អាស៊ាន-ផេក​ ក៏ត្រូវបន្តអភិវឌ្ឍខ្លួន​ទៅមុខទៀត តាមរយៈការរៀបចំតាក់តែងឯកសារសំខាន់ៗ ទាក់ទងនឹងដំណើរការវិវត្ត​និងការប្រព្រឹត្តទៅរបស់អាស៊ាន-ផេក ដែលឆ្លុះបញ្ចាំង តាមរយៈការពិភាក្សាទៅ លើសកម្មភាព​មួយរបស់អាស៊ាន-ផេក គឺការតាក់តែងជាសេចក្ដីព្រាងកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេក (ASEAN-PAC E-Booklet) ដែលកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក ​បានប្រគល់ជូន​ទៅកិច្ចប្រជុំលេខាធិការដ្ឋាននាពេលនេះដើម្បីបន្តពិនិត្យ និងពិភាក្សារៀបចំ។

យោងតាមរបៀបវារៈនៃកិច្ចប្រជុំ លោក ឱម យ៉ិនទៀង ស្នើកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេក លើកទី១៩ ចាប់ផ្តើមពិភាក្សាគ្នា ក្នុងលក្ខណៈត្រៀមទុកជាមុនសម្រាប់កិច្ចការ២ នាពេលខាងមុខគឺទី១ អំពីបែបបទនៃការដាក់ សម្ភោធកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេក និងទី២ អំពីបែបបទសម្រាប់គណៈកម្មការប្រឆាំង អំពើពុករលួយរបស់ទីម័រឡេស្ត​ចូលជាសមាជិកអាស៊ាន-ផេក ជាភាគីទី១១។

ក្រៅពីចំណុចដូចបានរៀបរាប់ខាងលើនេះ លោកទេសរដ្ឋមន្ត្រីយល់ថា ការចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងភាគីអាស៊ាន-ផេកទាំងអស់ ការបន្តចូលរួមយ៉ាងសកម្មជាមួយនឹងកម្មវិធីឬព្រឹត្តិការណ៍ របស់អាស៊ាន និងការចូលរួមក្នុង​ព្រឹត្តិការណ៍ពាក់ព័ន្ធដទៃទៀត ព្រមទាំងកិច្ចសហការលើការងារបណ្តុះប ណ្តាល​សមត្ថភាព​ជាមួយ​ភាគីជាដៃគូទៅតាមការឯកភាពរបស់អាស៊ាន-ផេក នៅតែជាការងារដ៏មានសារសំខាន់។

ជាមួយនេះដែរ ទេសរដ្ឋមន្ត្រី ក៏សូមកោតសរសើរចំពោះការរៀបចំសិក្ខាសាលាអាស៊ាន-ផេកនាខែឧសភា កន្លងទៅនេះ ក្រោមកិច្ចសហការរវាង ACU Cambodia និង KPK Indonesia រួមជាមួយ UNODC ជាដៃគូដ៏សំខាន់របស់អាស៊ាន-ផេក ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយ​ជោគជ័យផងដែរ៕






សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតជូនពរ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក្នុងឱកាសប្រកបដោយសិរីមង្គលនៃពិធីចម្រើនជន្មាយុ

 សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លានៃពិធីចម្រើនជន្មាយុ។

ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃពិធីខួបកំណើតរបស់ លោកនាយឧត្ដមសេនីយ៍ នៅថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២៣ ខាងមុខនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរប្រសើរ សូម ឯកឧត្តម នាយឧត្ដមសេនីយ៍ ទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជាជន»

សម្តេច សាយ ឈុំ បានបន្ដថា «សូមកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះស្នាដៃរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ពុះពារឧបសគ្គគ្រប់បែបយ៉ាង សម្រេចបាន នូវស្នាដៃជាច្រើន ក្នុងបេសកកម្មការពារថែរក្សាសន្តិភាព បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិមាតុភូមិ ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះនូវគ្រោះមហន្តរាយ ផ្សេងៗជាយថាហេតុ។ មួយវិញទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ តែងតែចូលរួមជាវិភាគទាន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយនូវរាល់បញ្ហាលំបាកៗចំពោះមុខ»

ជាថ្មីម្តងទៀត សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ថែមថា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គមេត្តាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល់គ្រប់ប្រការជូន លោកនាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងកូនប្រុស កូនស្រី ចៅប្រុស ចៅស្រី - សូមសម ប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៧៣ឆ្នាំឈានចូល ៧៤ឆ្នាំ

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៧៣ឆ្នាំឈានចូល ៧៤ឆ្នាំ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ ខ្ញុំ និងភរិយាសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ក្នុងការដឹកនាំ និងសម្របសម្រួលកិច្ចការប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រី ជួយការងារផ្សព្វផ្សាយនិងចាត់ចែងអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្របតាមកម្មវិធីនយោបាយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម បានខិតខំយកចិត្ត ទុកដាក់លើកិច្ចការនយោបាយនីតិរដ្ឋ និងសិទ្ធិមនុស្ស ដើម្បីពង្រឹងអភិបាលកិច្ចល្អ កិច្ចការពារសន្តិសុខនិង ការអភិវឌ្ឍប្រទេសជាតិ សំដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ។

ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕



ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចេញសេចក្តីថ្លែងការណ៍ពីលទ្ធផលពិភាក្សាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤

  ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤។

កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ ប៉ុន្តែភាគីទាំង៣ដែលមានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក នោះមិនទាន់បញ្ចេញតួលេខនៅឡើយទេ។

កិច្ចប្រជុំបានសម្រេចបានលទ្ធផលដូចខាងក្រោម៖

១៖ បានប្រកាសជាផ្លូវការសមាសភាពសមាជិក និងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់អាណត្តិទី៣ គឺ៖

* លោក គឹម ចាន់សំណាង ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត
* ឧកញ៉ាបណ្ឌិត ណាង សុធី ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក។

២៖ បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចទាំង៧ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤។

៣៖ បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករនិយោជិត មិនទាន់អាចបញ្ជាក់បាននូវតួលេខដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត។

៤៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២១៧ ទៅ ២២៨ដុល្លារអាម៉េរិកក្នុងមួយខែ៕






ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញអំពីជំហរមិនគាំទ្រការដាំដំណាំកញ្ឆានៅស្រុកខ្មែរជាដាច់ខាត

  ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីចាត់តាំងរបស់កម្ពុជា បានប្រកាសជំហរដោយប្រឆាំងដាច់ខាត ចំពោះការដាំដំណាំកញ្ឆា នៅក្នុងប្រទេសកម្ពុជា។

តាមរយៈសម្រង់សម្ដីដែលបង្ហោះនៅលើទំព័រ Facebook ផ្លូវការនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «កន្លងទៅមានការដាំកញ្ឆានៅស្រុកខ្មែរ ខ្ញុំមិនដឹងថាស្រុកណាធ្វើទេ ប៉ុន្ដែសម្រាប់ខ្ញុំខ្ញុំប្រឆាំងដាច់ខាត ទោះបីវាចូលចំណូលយ៉ាងមិចក៏ដោយ តែមិនចំណេញសម្រាប់កូនចៅខ្មែរ [...] គ្រាន់តែយើងមិនអនុញ្ញាតផងចាប់ប៉ុន្មានដងនៅតាកែវ ទម្រាំតែយើងបើកទៀត។ ដំណាំមានរាប់ម៉ឺនមុខ ទៅដាំស្អីអាហ្នឹង (កញ្ឆា) ខ្ញុំមិនគាំទ្ររឿងដាំកញ្ឆាស្រុកខ្មែរ»

គួរជម្រាបថា កន្លងទៅធ្លាប់មានការស្នើសុំម្ដងហើយម្ដងទៀត ពីសំណាក់អ្នកវិនិយោគមួយចំនួន ដោយបង្ហាញគោលបំណងចង់ដាំដុះដំណាំកញ្ឆានៅក្នុងប្រទេសកម្ពុជា ក្រោមហេតុផលថា ផ្គត់ផ្គង់ដោយវិស័យសុខាភិបាល ប៉ុន្ដែសំណើទាំងអស់នោះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាច្រានចោលជាបន្ដបន្ទាប់។

បើទោះបី រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានការដាំកញ្ឆានេះក្ដី ប៉ុន្ដែមានជនខិលខូចមួយចំនួន បានលួចដាំដំណាំប្រភេទនេះ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបជាបន្ដបន្ទាប់ផងដែរ។ ទីតាំងដែលតែងបង្ក្រាបបាននាពេលកន្លងទៅ ភាគច្រើននៅខេត្តតាកែវ៕


វីដេអូលោក ម៉ក់ ហឺន LIVE ពីសហរដ្ឋអាមេរិក៖ ទណ្ឌិត សម រង្ស៊ី រស់មកដល់សព្វថ្ងៃ គឺដោយសារបោកលុយពីអ្នកគាំទ្រ

 

វីដេអូលោក ម៉ក់ ហឺន LIVE ពីសហរដ្ឋអាមេរិក៖ ទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយបរាជ័យ សូម្បីបងប្អូនសាច់ញាតិក៏មិនគាំទ្រ