Thursday, December 29, 2022

វិភាគអន្តរជាតិ៖ ហេតុអ្វីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រុកបញ្ជាទិញនាវាមុជទឹក?


(ហុងកុង)៖ បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាន់តែច្រើនឡើងនាំគ្នាមើលឃើញថាការអភិវឌ្ឍនាវាមុជទឹក ឬមាននាវាមុជទឹកនៅក្នុងដៃ គឺជាភាពចាំបាច់សម្រាប់សន្តិសុខរបស់ ពួកគេ ក្នុងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយទាំងនៅក្នុងតំបន់ និងសកលលោក។ ប៉ុន្តែ ខណៈអ្នកវិភាគខ្លះយល់ថាវាជារឿងសមហេតុផល និងចាំបាច់ អ្នកខ្លះទៀតនៅតែបន្ត ចោទសួរពីគុណសម្បត្តិរបស់នាវាមុជទឹក ដោយសារតែតម្លៃខ្ពស់កប់ពពក និងទីតាំងភូមិសាស្ត្រជាក់ស្ដែងនៃប្រទេសនីមួយៗ។

បច្ចុប្បន្ន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី វៀតណាម និងមីយ៉ាន់ម៉ាសុទ្ធតែមាននាវាមុជទឹក រីឯថៃ និងហ្វីលីពីនកំពុងស្ថិតនៅក្នុងដំណាក់កាលបញ្ជាទិញ។ កាលពីដើម ខែធ្នូនេះ សិង្ហបុរីបានចាប់ផ្ដើមដំណាក់កាលបន្ទាប់ក្នុងការអភិវឌ្ឍនាវាមុជទឹកដោយផ្ដោតលើប្រភេទនាវាមុជទឹក Invincible-class ផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយនាយករដ្ឋមន្ត្រី សិង្ហបុរី លោក លី សៀនឡុងផ្ទាល់ក៏ធ្លាប់បានលើកឡើងដែរថាដោយសារតែសិង្ហបុរីហ៊ុមព័ទ្ធដោយសមុទ្រ ដូច្នេះកងទ័ពជើងទឹកមានបេសកកម្មដ៏សំខាន់ដើម្បីធានាការពារសន្តិសុខ និងរក្សាការបើកចំហបណ្ដាញទំនាក់ទំនងតាមផ្លូវសមុទ្រ។

បើតាមលោក អារីស្ទីយ៉ូ ដាម៉ាវ៉ាន់ (Aristyo Darmawan) ជាសាស្ត្រាចារ្យផ្នែកច្បាប់អន្តរជាតិម្នាក់ មកពីសាកលវិទ្យាល័យ University of Indonesia កត្តាដែលជំរុញឱ្យបណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រុកបញ្ជាទិញនាវាមុជទឹក នោះគឺដោយសារតែការប្រជែងដណ្ដើមឥទ្ធិពល និងភូមិសាស្ត្រនយោបាយកាន់តែស្រួចស្រាល់រវាងសហរដ្ឋអាមេរិក និងចិន។ អង្គការ Nuclear Threat Initiative បានឱ្យដឹងថាសហរដ្ឋអាមេរិកមាននាវាមុជទឹក ៦៦គ្រឿង ក្នុងនោះមានជាង៥០គ្រឿងជានាវាមុជទឹកប្រយុទ្ធដើរដោយថាមពលនុយក្លេអ៊ែរ។ ចំណែកឯ ចិន វិញមាននាវាមុជទឹកប្រដាប់ដោយមីស៉ីលបាលិស្ទីគដើរដោយថាមពលនុយក្លេអ៊ែរ ៦គ្រឿង, នាវាមុជទឹកប្រយុទ្ធដើរដោយថាមពលនុយក្លេអ៊ែរ ៦គ្រឿង និងនាវាមុជទឹកប្រយុទ្ធធម្មតា ៤៦គ្រឿង។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយក្រសួងការពារជាតិអាមេរិក កាលពីឆ្នាំ២០២១។

ដោយរំឮកឡើងវិញពីភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង លោក ដាម៉ាវ៉ាន់ បានគូសបញ្ជាក់ថាវាជារឿងសមហេតុផល និងចាំបាច់ដែលបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ បញ្ជាទិញ នាវាមុជទឹក ខណៈតំបន់ទាំងមូលតភ្ជាប់ទៅដោយផ្លូវសមុទ្រយុទ្ធសាស្ត្រដ៏មមាញឹក។ មិនតែប៉ុណ្ណោះ វាក៏ចាំបាច់ដែរដែលប្រទេសទាំងនេះត្រូវបន្តតាមដានការវិវត្តស្ថានការណ៍នៅក្នុងតំបន់ តួយ៉ាងដូចជាវត្តមាន Drone ​មុជ​ទឹក​​គ្មាន​មនុស្សបើក (UUV) ដែលត្រូវបានគេប្រទះឃើញជាញឹកញាប់នៅក្នុងតំបន់ដែនទឹកដែលចិន និងសហរដ្ឋអាមេរិក កំពុងឈរជើង។ Drone ​មុជ ទឹកគ្មាន​មនុស្សបើកអាចធ្វើប្រតិបត្តិការយ៉ាងទូលំទូលាយមានទាំងការរុករកខាងវិទ្យាសាស្ត្រ និងការប្រមូលទិន្នន័យសម្ងាត់។ នៅក្នុងករណីឥណ្ឌូណេស៊ី លោក ដាម៉ាវ៉ាន់ បានបន្ថែមទៀត ថាការទិញនាវាមុជទឹកគឺតែងតែជាសំណុំរឿងដ៏សំខាន់ ជាពិសេសបន្ទាប់ពីការលិចនាវាមុជទឹក KRI Nanggala-402 នៅតំបន់ឆ្នេរនៃកោះបាលី កាលពីខែមេសា ឆ្នាំ២០២១។ ឧទ្ទវហេតុលិចនាវាមុជទឹកនេះបាននាំឱ្យការចោទសួរពីស្ថានភាពយោធានៃប្រទេស និងការត្រៀមលក្ខណៈធ្វើប្រតិបត្តិការ។

កាលពីខែកុម្ភៈ ឆ្នាំ២០២២ ឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយបារាំង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការសាងសង់នាវាមុជទឹកស្ក័រពែន (Scorpène) ២គ្រឿង។ យាននៅក្រោមបាតសមុទ្រមានលទ្ធភាពខ្ពស់ អាចគេចផុតពីការតាមដាន និងមានសមត្ថភាពដឹកនាំបេសកកម្មដូចប្រឆាំងនាវាចម្បាំងនៅលើផ្ទៃទឹក និងអាចវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ ក៏បាន។ លោក អ៉ីយ៉ាន ស្ទ័ររី (Ian Storey) ជាមន្ត្រីជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បាននិយាយថាលក្ខខណ្ឌយុទ្ធសាស្រ្ត តម្រូវឱ្យ ប្រទេសក្នុងតំបន់មួយចំនួនមាននាវាមុជទឹក ដូចជាវៀតណាមជាដើមដែលមានជម្លោះដែនទឹកយូរអង្វែរជាមួយចិន។ លោក ស្ទ័ររី បន្តថានាវាមុជទឹក ៦គ្រឿងរបស់វៀតណាម អាចធ្វើឱ្យចិន គិតយ៉ាងតិច២ដង មុននឹងព្យាយាមគ្រប់គ្រងទាំងស្រុងលើតំបន់ដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង ហើយប្រសិនបើជម្លោះផ្ទុះឡើង នាវាមុជទឹកទាំងនេះក៏អាចត្រូវបានប្រើរារាំង និងវាយប្រហារពន្លិចនាវាចម្បាំងចិនបានដែរ។

ក្នុងឆ្នាំ២០០៩ វៀតណាម បានទិញនាវាមុជទឹកប្រភេទ Kilo-class ៦គ្រឿង ក្នុងតម្លៃ២ពាន់លានដុល្លារអាមេរិកពីប្រទេសរុស្ស៉ី ដែលនេះធ្វើឱ្យវៀតណាមក្លាយជាប្រទេសមានកងនាវាមុជទឹក ធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែ ករណីប្រទេសថៃ លោក ស្ទ័ររី យល់ថាមិនមែនជាលក្ខខណ្ឌយុទ្ធសាស្ត្រតម្រូវឱ្យមាននាវាមុជទឹកនោះទេ តែគ្រាន់តែថៃចង់តាមឱ្យទាន់ប្រទេស ជិតខាង ឬអាចនិយាយឱ្យងាយស្ដាប់ ប្រទេសជិតខាងមាននាវាមុជទឹក ថៃក៏ត្រូវមាននាវាមុជទឹកដែរ។ កាលពីឆ្នាំ២០១៧ ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចិន ដើម្បីទិញ នាវាមុជទឹកប្រភេទ Yuan-class ៣គ្រឿង។ ប៉ុន្តែការបញ្ជាទិញនេះនៅជាប់គាំងនៅឡើយ ដោយក្រុមហ៊ុនរដ្ឋចិនទទួលបន្ទុកសាងសង់នាវាមុជទឹកនេះ មិនអាចទទួលបានម៉ាស៊ីនដ៏សំខាន់ សម្រាប់នាវាមុជទឹក Yuan-class ពីប្រទេសអាល្លឺម៉ង់នោះទេ ដោយសារតែទណ្ឌកម្មនាំចេញអាវុធរបស់សហភាពអឺរ៉ុបលើទីក្រុងប៉េកាំង ខណៈមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា កងទ័ពជើងទឹកថៃកំពុងពិភាក្សាជាមួយចិន ពីលទ្ធភាពយកម៉ូទ័រជំនួសម៉ាស៊ីននេះវិញ ហើយព្រមពេលជាមួយគ្នាក៏មានការលើកឡើងដែរថាកិច្ចព្រមព្រៀងនេះអាចនឹងត្រូវបានលុបចោល។

បើតាមលោក ស្ទ័ររី កងទ័ពជើងទឹកភាគច្រើននៅជុំវិញពិភពលោក ចង់ទិញនាវាមុជទឹក នៅក្រោមហេតុផលដ៏សាមញ្ញមួយ នោះគឺពួកគេយល់ថាខ្លួនមិនស័ក្តិសមធ្វើជាកងទ័ពជើងទឹកឡើយ ប្រសិនបើគ្មាននាវាមុជទឹកប្រើ។ តែនាវាមុជទឹកជាប្រភេទសព្វាវុធមានតម្លៃថ្លៃកប់ពពក និងស្មុគស្មាញក្នុងការប្រើប្រាស់ដែលនេះមានន័យថាពេលខ្លះ នាវិកមួយចំនួនមិនអាចប្រើប្រាស់ពួកវា ដោយមានប្រសិទ្ធភាពនោះទេ ឬអាចត្រឹមតែជានិមិត្តរូបនៃអំណាចតែប៉ុណ្ណោះ។ មួយវិញទៀត វាក៏អាស្រ័យទៅលើទីតាំងភូមិសាស្ត្រនៃប្រទេសនីមួយផងដែរ ដោយប្រទេសខ្លះដែលមាន តំបន់ទឹកមិនសូវជ្រៅ គឺជាបញ្ហាប្រឈមមួយនៅក្នុងការធ្វើប្រតិបត្តិការរបស់នាវាមុជទឹក៕

Wednesday, December 28, 2022

វិភាគអន្តរជាតិ៖ ហេតុអ្វី ទណ្ឌកម្មមិនអាចបញ្ឈប់កូរ៉េខាងជើង?


(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២៣ ខែធ្នូនេះ បានឲ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលផ្លោងមួយគ្រាប់ ឆ្ពោះទៅសមុទ្រភាគខាងកើត។ ក្នុង ឆ្នាំ២០២២នេះ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដបាញ់មីស៊ីលផ្លោងច្រើនជាង ៦០គ្រាប់ ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ កាលពីខែកញ្ញាកន្លងទៅ កូរ៉េខាងជើង ថែមទាំងអនុម័តច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរការពារខ្លួនទៀតផង នៅក្នុងករណីរបបដឹកនាំលោក គីម ជុងអ៊ុនមានអារម្មណ៍ថា រងការគំរាមកំហែងបន្ទាន់ណាមួយ នៅចំពោះមុខមានការសន្និដ្ឋានជាច្រើនថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៧ និងជាលើកដំបូងបំផុត ចាប់តាំងពី ឆ្នាំ២០១៧មក នៅពេលអនាគតដ៏ខ្លីខាងមុខ។

អាកប្បកិរិយាបែបនេះរបស់កូរ៉េខាងជើង បានជំរុញឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនតួយ៉ាងដូចជាកូរ៉េខាងត្បូង និងជប៉ុន បង្កើនការដាក់ទណ្ឌកម្ម។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន បានផ្ដោតពីភាពចាំបាច់នៃការដាក់ទណ្ឌកម្មបន្ថែម និងពង្រឹងសមត្ថភាពយោធាកំញើញការបង្កហេតុពីសំណាក់ ទីក្រុងព្យុងយ៉ាង។ កាលពីខែតុលាកន្លងទៅ លោក ឆូ យ៉ុន ដុង (Cho Hyun-dong) ជាមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងក្រសួងការបរទេសកូរ៉េខាងត្បូង បានព្រមានថា ទីក្រុងសេអ៊ូល នឹងចាត់វិធានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរមែននោះ ហើយបន្ថែមពីលើការព្រមាននេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា ក្នុងនោះរួមមានទាំងការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង USS Ronald Reagan ទៅក្បែរតំបន់ឧបទ្វីបកូរ៉េ។

ការវិវត្តស្ថានការណ៍បែបនេះ បានធ្វើឱ្យក្រុមអ្នកវិភាគខ្លះនៅក្នុងទីក្រុងវ៉ាស៊ីនតោន ជឿថាគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» ដែលចង់ឱ្យកូរ៉េខាងជើង បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន បានស្លាប់បាត់ទៅហើយ រីឯការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនអាចបញ្ឈប់របបដឹកនាំលោក គីម ជុងអ៊ុន ពីការអភិវឌ្ឍ អាវុធនុយក្លេអ៊ែរឡើយ។ ប៉ុន្តែ ហេតុអ្វីបានជាការដាក់ទណ្ឌកម្ម ឬសម្ពាធ មិនមានប្រសិទ្ធភាពលើកូរ៉េខាងជើង? ចាប់តាំងពីសង្រ្គាមកូរ៉េបិទបញ្ចប់នៅឆ្នាំ១៩៥៣មក សហរដ្ឋអាមេរិក បានដោះស្រាយជាមួយកូរ៉េខាងជើង ជាមួយនយោបាយដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការកំញើញខាងយោធា និងនយោបាយការទូតធ្វើឱ្យកូរ៉េខាងជើងឯកោ។

កូរ៉េខាងជើង ធ្លាប់បានចាប់ផ្ដើមកិច្ចពិភាក្សាទ្វេភាគីជាមួយសហរដ្ឋអាមេរិក នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដើម្បីសាកល្បងស្វែងរកសន្ធិសញ្ញាសន្តិភាព ជំនួសបទឈប់បាញ់ ដែលមានមកទល់នឹងបច្ចុប្បន្ន ចាប់តាំងពីសង្រ្គាមកូរ៉េបិទបញ្ចប់។ ក៏ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន ទៅវិញទេដែលមានការព្រួយបារម្ភគោលដៅរបស់កូរ៉េខាងជើង នោះគឺច្បាស់ណាស់ការតម្រូវឱ្យកងទ័ពអាមេរិកដកចេញពីកូរ៉េខាងត្បូង នឹងត្រូវបញ្ចូលទៅក្នុងសន្ធិសញ្ញាសន្តិភាព។ សហរដ្ឋអាមេរិក មិនតែប៉ុណ្ណោះក៏បានព្យាយាម រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងត្បូងផងដែរ សំដៅធានាឱ្យបានថាទីក្រុងវ៉ាស៊ីនតោននឹងមានមុខជានិច្ចនៅក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើង។

រហូតដល់ឆ្នាំ១៩៩២ ទើបសហរដ្ឋអាមេរិកចាប់ផ្ដើមធ្វើការទំនាក់ទំនងជាមួយកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងចាប់ផ្ដើមកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ តាមពិតទៅ ទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើង ក៏ធ្លាប់មានភាពល្អប្រសើរផងដែរ ក្នុងនោះរួមមានទាំងសំណើឱ្យមានកិច្ចចរចាសន្តិភាពកាលពីឆ្នាំ១៩៩៦ ដែលស្នើឡើងដោយអតីតប្រធានាធិបតីអាមេរិក លោក បៀល គ្លីនតុន (Bill Clinton) និងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម យ៉ុង សាំ (Kim Young-sam) ព្រមទាំងការបំពេញទស្សនកិច្ចទៅវិញទៅមករវាងឧត្តមសេនីយ៍កូរ៉េខាងជើង លោក ចូ មីយុង រ៉ុក (Jo Myong Rok) និងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ម៉ាឌឺលែន អាល់ប្រាយ (Madeleine Albright) ក្នុងឆ្នាំ២០០០។

តែទោះជាបែបនេះក្ដី នៅឆ្នាំ២០០៩ សហរដ្ឋអាមេរិកបានត្រឡប់ទៅរកគោលជំហរសង្ស័យឡើងវិញជាថ្មី។ នៅក្រោយការដួលរលំនៃកិច្ចចរចា ៦ភាគី និងការធ្វើតេស្ដ អាវុធនុយក្លេអ៊ែរជាលើកទី២របស់កូរ៉េខាងជើង នៅខែឧសភា ឆ្នាំដដែល។ នៅខែធ្នូ ឆ្នាំ២០០៩នោះដែរ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បានប្រកាសពីគោលនយោបាយនៃ «យុទ្ធសាស្ត្រអត់ធ្មត់» ដើម្បីរង់ចាំឱ្យកិច្ចចរចាតាមលក្ខខណ្ឌដែលអាមេរិកត្រូវការ។ នៅក្រោមយុទ្ធសាស្ត្រនេះ មានកិច្ចចរចាចំនួន២ លើកបានកើតឡើងនៅក្នុងឆ្នាំ២០១១ និងខែកុម្ភៈ ឆ្នាំ២០១២ ហើយកូរ៉េខាងជើងយល់ព្រមផ្អាកជាបណ្ដោះអាសន្ននូវការធ្វើតេស្ដអាវុធ និងសកម្មភាពនុយក្លេអ៊ែរ។ ប៉ុន្តែ ២ខែក្រោយមក ក្នុងឆ្នាំ២០១២ កូរ៉េខាងជើងស្រាប់តែបាញ់បង្ហោះផ្កាយរណប នៅក្នុងពិធីអបអរសាទរខួបកំណើតលើកទី១០០ របស់លោក គីម អ៉ីលស៊ុង (ជីតារបស់លោក គីម ជុងអ៊ុន) ទៅវិញ។

ការណ៍នេះឯងបានធ្វើឱ្យក្រុមមន្ត្រីអាមេរិកចាប់ផ្ដើមមានភាពហត់នឿយ ចំពោះទង្វើបង្ករឿង និងអឆន្ទៈរបស់កូរ៉េខាងជើងនៅក្នុងការរំសាយអាវុធនុយក្លេអ៊ែរ។ កាន់តែ ហត់នឿយជាងនេះទៅទៀតនោះ គឺបរាជ័យដល់ទៅ ២លើកនៃកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅសិង្ហបុរីកាលពីឆ្នាំ២០១៨ និងនៅ វៀតណាម កាលពីឆ្នាំ២០១៩។ បរាជ័យនៃកិច្ចចរចាទាំង២លើកនេះ បានធ្វើឱ្យសហរដ្ឋអាមេរិកសព្វថ្ងៃ ត្រូវបានគេមើលឃើញថាសហរដ្ឋអាមេរិក កំពុងព្យាយាមគ្រប់គ្រង បញ្ហាជាជាងដោះស្រាយបញ្ហា។ នៅក្នុងសំណុំរឿងកូរ៉េខាងជើង ទីក្រុងវ៉ាស៊ីនតោនបានពឹងផ្អែកយ៉ាងខ្លាំងលើការកៀងគរប្រទេសនានានៅជុំវិញពិភពលោកឱ្យចូលរួម ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងព្យុងយ៉ាង ក៏ដូចជាបញ្ចុះបញ្ចូលប្រទេសដទៃកាត់បន្ថយ ឬផ្ដាច់ទំនាក់ទំនងជាមួយរបបដឹកនាំលោក គីម ជុងអ៊ុន។ ព្រមពេលជាមួយគ្នា សហរដ្ឋអាមេរិកក៏បានបង្កើនផងដែរនូវសកម្មភាពយោធា និងការកំញើញផ្នែកយោធារបស់ខ្លួន ព្រមទាំងកាត់ផ្ដាច់កូរ៉េខាងជើង ពីប្រព័ន្ធប្រាក់ដុល្លារ។

សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចធំៗជាច្រើនលើកូរ៉េខាងជើង នៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧។ វិធានការទាំងនោះមានដូចជាការហាមឃាត់រាល់ការនាំចេញ ផលិតផលសំខាន់ៗដូចជាធ្យូងថ្ម វាយណភណ្ឌ និងគ្រឿងសមុទ្រជាដើម។ ទណ្ឌកម្មទាំងនេះពិតជាបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកូរ៉េខាងជើងយ៉ាងខ្លាំង ជាពិសេសគឺ ប្រជាជនកូរ៉េខាងជើងតែម្ដង។ តែវានៅតែមិនអាចបញ្ឈប់របបដឹកនាំលោក គីម ជុងអ៊ុន ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងការធ្វើតេស្ដមីស៊ីលឡើយ ហើយផ្ទុយទៅវិញបែរជា ងាកមករកចំណូលតាមរយៈការវាយប្រហារព័ត៌មានវិទ្យា ឬ Hack លុយពីធនាគារបានរាប់លានដុល្លារក្នុងមួយឆ្នាំៗ។ បន្ថែមពីលើនេះចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំ របស់កូរ៉េខាងជើង បើទោះជាការធ្វើពាណិជ្ជកម្មមានការថយចុះដោយការបិទព្រំដែនទប់ស្កាត់កូវីដ១៩ក៏ដោយ។

គួរបញ្ជាក់ថា កូរ៉េខាងជើង ក្នុងពេលបច្ចុប្បន្ន ត្រូវបានក្រុមអ្នកជំនាញសន្និដ្ឋានថាមានអាវុធនុយក្លេអ៊ែរប្រហែលជា ៥០គ្រាប់ និងមានសមត្ថភាពផលិតបាន៦គ្រាប់ ក្នុងមួយឆ្នាំ។ បើតាមក្រុមអ្នកជំនាញ អាវុធនុយក្លេអ៊ែរគឺជាអាយុជីវិតនៃរបបដឹកនាំលោក គីម ជុងអ៊ុន ហើយដើម្បីអាចចរចាដោយស្មើមុខស្មើមាត់ជាមួយសហរដ្ឋអាមេរិក កូរ៉េខាងជើងជឿថាចាំបាច់ត្រូវតែមានអាវុធនុយក្លេអ៊ែរខ្លាំងក្លា៕ (Fresh News)

Tuesday, December 27, 2022

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

នៅរសៀល ថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។ ពិធីបិទសន្និបាតនេះ ធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ក្រៅពីអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួង ហើយនោះ សម្តេចតេជោ ក៏អញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារ​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់ របស់ក្រសួងដែលមានតម្លៃប្រមាណ ៣លានដុល្លារ ទើបសាងសង់បញ្ចប់កាលពីពេលថ្មីៗនេះផងដែរ។



សម្តេចតេជោ ហ៊ុន សែន រីករាយដែលបានអញ្ជើញចូលរួមបិទសន្និបាតក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់នាថ្ងៃនេះ។ នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ជំរុញឱ្យអាជ្ញាធរចេញបញ្ជីក្បាលដីជូនប្រជាពលរដ្ឋឱ្យបាន ១០០ភាគរយ នៅឆ្នាំ២០២៣ ដែលបច្ចុប្បន្នសម្រេចបានជាង ៩០ភាគរយហើយនោះ។សម្តេចតេជោក៏បានណែនាំឱ្យអភិបាលខេត្តទាំងអស់យកចិត្តទុកដាក់ខ្ជាប់ខ្ជួនលើការងារចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋបានឆាប់ និងបានណែនាំឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ឱ្យបានច្រើនផងដែរ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិវាទដីធ្លីមិនមែនជារឿងថ្មីងថ្មោងនោះទេ បញ្ហានេះកើតឡើងក្រោយប្រទេសមានសុខសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វិវាទដីធ្លីមានតែការដោះស្រាយក្រៅប្រព័ន្ធតុលាការ ទើបងាយស្រួល។

សម្តេចតេជោក៏សុំអោយតុលាការកុំពូកែតែរឿងចាប់ចងខ្លាំងពេក។ ជាក់ស្តែងនៅថ្ងៃនេះ សម្តេចតេជោបានណែនាំឱ្យពិនិត្យលើរឿងបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ដែលគេចាប់ខ្លួន តើរឿងពិត ឬបែបណា? សម្តេចតេជោ ក៏បានណែនាំដល់នគរបាលយុត្តិធម៌ និងកងរាជអាវុធហត្ថ កុំពូកែរឿងចាប់ចងតាមបញ្ជារបស់តុលាការពេក។ សម្តេចតេជោបញ្ជាក់ថា អ្នកដោះស្រាយវិវាទត្រូវរក្សាភាពអព្យាក្រឹត្យ គ្មានលំអៀង ទើបដោះស្រាយបញ្ហាបានដោយយុត្តិធម៌។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរអនុវត្តការងារកាត់ឆ្វៀលដីតំបន់បឹងទន្លេសាប ឱ្យរួចរាល់ត្រឹមខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោក៏បានណែនាំមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់ និងពន្លឿនសេវាជូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះសម្តេចតេជោ ក៏បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដូចខាងក្រោម៖

១-សូមបន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និង បង្កើនប្រាក់ចំណូល

២-ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លីដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនា-សង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ

៣-ត្រូវបន្តពង្រីកវិសាលភាពនៃការអនុវត្តគម្រោងសាងសង់ស្ថានីយវាស់វែងអចិន្រ្តៃយ៍ ដោយផ្កាយរណបសម្រាប់ ការគ្រប់គ្រងដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យបានទូទាំងប្រទេស ។

៤-ត្រូវពង្រឹងការអនុវត្តច្បាប់សំណង់ ទាំងលើការងារសាងសង់និងការត្រួតពិនិត្យសំណង់ ដើម្បីធានាបង្កើនគុណភាព សុវត្ថិភាព និងសុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន ។ ទន្ទឹមនោះ ត្រូវបន្តការយកចិត្តទុកដាក់ការពារសំណង់អគារបេតិកភណ្ឌ និងជំរុញការចុះបញ្ជីទីតាំងតំបន់ការពារបុរាណដ្ឋានជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

៥-សូមបន្តលើកទឹកចិត្ត និងគាំទ្រគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យសំដៅលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានលំនៅឋានសមរម្យ ។ បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែកដីជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះដី និងបន្តអនុវត្តចែកដី និងផ្ទះជូនកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅតាមព្រំដែន

៦-ត្រូវជំរុញការអភិរក្សនៅតំបន់រមណីយដ្ឋានអង្គរ ស្របគ្នានឹងការអភិវឌ្ឍនៅតំបន់អភិវឌ្ឍរុនតាឯក និងតំបន់ពាក់ស្នែកជូនបងប្អូនប្រជាពលរដ្ឋដែលស័្មគ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅតាំងទីលំនៅថ្មីនៅតំបន់នោះ ដោយ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយគាំទ្រផ្នែកសង្គមកិច្ច និងផ្នែកហេដ្ឋារចនសម្ព័ន្ធដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។

៧-ត្រូវបន្តដោះស្រាយបញ្ហាជូនប្រជាជនដែលរស់នៅជាភូមិករនៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ កែសម្រួលព្រំប្រទល់តំបន់ ៣ ព្រំប្រទល់តំបន់ ២ និងកាត់ឆ្វៀលទីតាំងដី ដែលប្រជាជនរស់នៅពីយូរលង់មកហើយក្នុងតំបន់ ៣ និងតំបន់ ២ ឱ្យចប់មុនពេលបោះឆ្នោតសកលឆ្នាំ ២០២៣

៨-គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តទាំង ៤ ត្រូវជំរុញរៀបចំផែនការអភិរក្ស ការពារ និងអភិវឌ្ឍតំបន់ឆ្នេរដើម្បីគាំទ្រដល់ការអភិរក្ស និងការអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយប្រសិទ្ធភាព ចីរភាព និង សមធម៌ ឱ្យស័ក្តិសមជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកល-លោក និងជាតារារៈនៅទិសនិរតី

៩-សូមរួមគ្នាបន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវា-សាធារណៈជូនប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាជន៕

ថ្នាក់ដឹកនាំសហភាពសហជីពដែលតំណាងឱ្យសមាជិកចំនួន ២១០ សហព័ន្ធសហជីព និងអង្គការសមាគមនៅកម្ពុជា ផ្ញើជូនលិខិតជូនលោក William Conklin

ថ្នាក់ដឹកនាំសហភាពសហជីពដែលតំណាងឱ្យសមាជិកចំនួន ២១០ សហព័ន្ធសហជីព និងអង្គការសមាគមនៅកម្ពុជា ផ្ញើជូនលិខិតជូនលោក William Conklin នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ឱ្យបញ្ឈប់ជាបន្ទាន់នូវការគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុដល់សកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនយោជិតនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការអូសទាញតំណាងសហជីពមូលដ្ឋានដែលជាសមាជិកឱ្យផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី។
សូមអានខ្លឹមសារលិខិតទាំងស្រុង៖

សហភាពសហជីព និងសហព័ន្ធសហជីព ព្រមានឲ្យ CENTRAL បញ្ឈប់ជាបន្ទាន់នូវ សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងគោលដៅរួមរបស់ចលនាកម្មករនិយោជិតនៅកម្ពុជា

(ភ្នំពេញ)៖ ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីព ដែលតំណាងឲ្យសមាជិកចំនួន ២១០ កាលពីពេលថ្មីៗនេះ បានព្រមាន CENTRAL ឱ្យបញ្ឈប់ជាបន្ទាន់នូវ សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងគោលដៅរួមរបស់ចលនាកម្មករនិយោជិតនៅកម្ពុជា។

តាមរយៈលិខិតរួមផ្ញើទៅកាន់ លោក មឿន តុលា ប្រធានអង្គការ CENTRAL ជាលើកទី២ គឺថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីព កាន់តែមានការខកចិត្តខ្លាំងបន្ថែមទៀតចំពោះ ឥរិយាបថតាមរយៈសម្ដីរបស់ លោក មឿន តុលា ដែលដកស្រង់ដោយ សារព័ត៌មានខេមបូចា កាលពីដើមខែធ្នូ។

សហភាពសហជីព និងសហព័ន្ធសហជីព បានអះអាងថា ខ្លួនមានភ័ស្តុតាងជាច្រើនដែលបង្ហាញថា CENTRAL បានប្រើមន្ត្រីរបស់ខ្លួនឈ្មោះ ឃុន ថារ៉ូ ធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានជាសមាជិករបស់ខ្លួន ដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលានានារបស់អង្គការ CENTRAL នាពេលកន្លងមកឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី ដែល CENTRAL ហៅថា «សហជីព ឯករាជ្យ» តាមរយៈការសន្យាផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ បន្ទាប់មកសហជីពថ្មីៗទាំង នោះត្រូវស្តាប់តាមការដឹកនាំរបស់ CENTRAL ប្រសិនបើពួកគេចង់បន្តទទួលបានជំនួយ ផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ ជាងនេះទៅទៀត CENTRAL ក៏បានទទួលធ្វើជាតំណាងរបស់កម្មករនិយោជិតដែលជា សមាជិកសហជីពមូលដ្ឋាន ក្នុងការដោះស្រាយវិវាទការងារ ដោយមិនមានកិច្ចសហការជាមួយសហជីពមូលដ្ឋាន ព្រមទាំងសហភាពសហជីព និងសហព័ន្ធសហជីពផងដែរ។

«នេះជាការសាបព្រួសវប្បធម៌រើសអើង ស្អប់ខ្ពើម ប្រកាន់ក្រុមពួកក្នុងចំណោមសហជីព ដើម្បីបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុង ចលនាកម្មករនិយោជិតនៅកម្ពុជា និងធ្វើឲ្យសហជីពកាន់តែមានភាពទន់ខ្សោយ ដើម្បី CENTRAL មានលទ្ធភាពគ្រប់គ្រងចលនាសហជីពដោយខ្លួនឯង និងបំផ្លាញភាពសុខដុមនៅក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ជាពិសេសបង្កភាពវឹកវរនៅក្នុងសង្គម ដែលជាគោលដៅចុងក្រោយរបស់ CENTRAL។ សកម្មភាពទាំងអស់ នេះជាការបំពានច្បាប់ស្តីពីសហជីព និងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល»។ នេះបើតាមលិខិតរួមរបស់ សហភាពសហជីព និងសហព័ន្ធសហជីព។

ការតវ៉ាលើកទី២របស់ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីព បានធ្វើឡើងបន្ទាប់ពី លោក មឿន តុលា បានលើកឡើងថា លោកមិនធ្វើការជាមួយសហជីពដែលស្ថិតក្រោមឥទ្ធិពលរបស់គណបក្សនយោបាយប្រជាជនកម្ពុជានោះទេ។

ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីព បានចាត់ទុកថា ពាក្យសំដីរបស់លោកមឿន តុលា បែបនេះគឺជាភ័ស្តុតាងដែលមិនអាចប្រកែកបានថា CENTRAL ពិតជាមានការរើសអើង និងលាបពណ៌សហជីព ជាពិសេសគឺធ្វើការដោយប្រកាន់និន្នាការនយោបាយ។

ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីព បានរំលឹកលោកថា ក្នុងនាមជាពលរដ្ឋ ខ្លួនជាថ្នាក់ដឹកនាំសហជីពម្នាក់ៗមានសិទ្ធិជ្រើសរើស និងគាំទ្រគណបក្សនយោបាយដែលយើងមើលឃើញថា បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេស។ នេះជាសិទ្ធិ នយោបាយដែលត្រូវបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញ សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ ក៏ប៉ុន្តែ សហភាពសហជីព និងសហព័ន្ធសហជីព មិនមាននិន្នាការនយោបាយឡើយ។ ដូច្នេះការណ៍ដែលលោក មឿន តុលា បានលើកឡើងថា សហភាពសហជីព និងសហព័ន្ធសហជីពរបស់ខ្លួនជាសហជីពដែល ស្ថិតនៅក្រោមឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា គឺជាការបរិហាកេរ្ដិ៍ជាសាធារណៈ និងជាការញុះញង់ឲ្យប្រព្រឹត្តិអំពើខុសច្បាប់ ដែលជាបទល្មើស មានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

សារជាថ្មីម្តងទៀត សហភាពសហជីព និងសហព័ន្ធសហជីព ទាមទារជាដាច់ខាតឲ្យអង្គការ CENTRAL បញ្ឈប់ជាបន្ទាន់នូវ សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងគោលដៅរួមរបស់ចលនាកម្មករនិយោជិតនៅកម្ពុជា។ ប្រសិនបើមិនបញ្ឈប់សកម្មភាពទុច្ចរិត ខ្លួននឹងចាត់វិធានការម៉ឺងមាត់ដើម្បីការពារជាដាច់ខាតនូវកេរ្តិ៍ឈ្មោះសហភាពសហជីព និងសហព័ន្ធសហជីពរបស់យើងក៏ដូចជាផលប្រយោជន៍រួមរបស់កម្មករនិយោជិត នៅកម្ពុជា៕

ខាងក្រោមនេះជាលិខិតទាមទាររបស់ ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីព៖

ផ្សាយបន្តផ្ទាល់៖ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់


នៅរសៀល ថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។ ពិធីបិទសន្និបាតនេះ ធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

នៅរសៀលនេះ ក្រៅពីអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួង ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់អគារ​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់ របស់ក្រសួងដែលមានតម្លៃប្រមាណ ៣លានដុល្លារ ទើបសាងសង់បញ្ចប់កាលពីពេលថ្មីៗនេះផងដែរ។

Monday, December 26, 2022

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១


នៅព្រឹក ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង ឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ។


តាមការឲ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអោយដឹងថា គម្រោងសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ខេត្តកណ្តាល ទៅដល់ស្រុកជុំគីរី ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៣ ខេត្តកំពត នឹងត្រូវសាងសង់លើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ទៅតាមតាមស្តង់ដារកម្រិត២។គម្រោងនេះ នឹងសាងសង់បន្ថែមសំណង់សិល្បការ្យរួមមាន ពង្រីកស្ពានចាស់ ០១កន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន០៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើរយៈពេលសាងសង់ចំនួន៤០ខែ និងបញ្ចប់​ការសាងសង់នៅអំឡុងឆ្នាំ២០២៦ ដោយត្រូវចំណាយថវិកាសរុបប្រមាណជាង ៦៧ លានដុល្លារសហរដ្ឋអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នៅថ្ងៃនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។ 

សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសចិន ដែលបានផ្តល់ឥណទានសម្រាប់លើកកម្ពស់គុណភាពផ្លូវជាតិលេខ៤១នេះ។ 

សម្តេចតេជោបន្តថា គោលនយោបាយកម្ពុជាពីមុន គឺយើងមានលុយតិចធ្វើផ្លូវឱ្យបានវែង តែបច្ចុប្បន្ននេះ គឺយើងត្រូវសាងសង់ផ្លូវផ្តោតលើគុណភាព និងសោភ័ណភាព គឺធ្វើផ្លូវឱ្យបានរឹងមាំ និងស្រស់ស្អាត។ 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ផ្លូវជាតិលេខ៤១នេះ ពីមុនជាតម្រាយផ្លូវ ដែលត្រូវបានប្រើប្រាស់តាំងពីសម័យព្រះបាទអង្គឌួងមកម្លេះ ពោលគឺក្នុងសតវត្សរ៍ទី១៩ ក្នុងការតភ្ជាប់ពីរាជធានីនៅឧត្តុង្គ ទៅកាន់តំបន់សមុទ្រនៃខេត្តកំពត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា មកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវដល់ប្រទេសកម្ពុជាយើងចំនួន ៣០ខ្សែ ដែលស្មើនឹប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ដោយចំណាយចំណាយថវិកា ជិត២ពាន់លានដុល្លារ។ ក្នុងនោះមានផ្លូវកំពុងសាងសង់ជាច្រើនខ្សែទៀត តម្លៃប្រមាណ៥០០លានដុល្លារ ហើយ ចំពោះស្ពាននៅក្នុងប្រទេសកម្ពុជាវិញ ដែលមិត្តចិនបានសាងសង់ និងកំពុងសាងសង់មានចំនួន៩ខ្សែផងដែរសម្រាប់បម្រើប្រយោជន៍ប្រជាជនកម្ពុជាជារៀងរាល់ថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន នាពេលកន្លងមកនេះ

គឺជាឱកាសដ៏ធំសម្រាប់ទីផ្សារកសិផលរបស់កម្ពុជាទៅកាន់ទីផ្សាបរទេស។ បច្ចុប្បន្ននេះ ទំនិញផលិតផល និងកសិផលរបស់កម្ពុជាមួយចំនួនកំពុងត្រូវបានធ្វើការនាំចេញទៅកាន់ទីផ្សាររបស់ប្រទេសចិនរួចទៅហើយ និងកំពុងត្រៀមរៀបចំនាំចេញមួយចំនួនទៀតនៅពេលបន្ទាប់។ 

ជាថ្មីម្តងទៀត ទាក់ទងទៅនឹងការគោរពច្បាប់ចរាចរណ៍ ពេលដែលទទួលបានផ្លូវស្អាតហើយនោះ នៅថ្ងៃនេះ សម្ដេចតេជោបានមានប្រសាសន៍រំលឹកដាសតឿនជាបន្តទៀតថា អ្នកប្រើប្រាស់ផ្លូវទាំងអស់ មិនត្រូវខ្លាចប៉ូលីសចរាចរណ៍នោះទេ តែត្រូវខ្លាចស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ។ ហើយសម្តេចតេជោនៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ 

នៅថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជន និងកីឡាដែលបានចាត់ចែងរៀបចំក្នុងការប្រឡងមធ្យមសិក្សាទុតរយៈភូមិប្រកបដោយភាពជោគជ័យនាពេលថ្មីៗកន្លងទៅនេះ។ សម្ដេចតេជោក៏បានថ្លែងនូវការអរគុណដល់ឪពុកម្ដាយ អាណាព្យាបាល និងក្មួយៗ ចៅៗទាំងអស់ ដែលបានចូលរួមប្រឡងបាក់ឌុបកន្លងទៅថ្មីៗនេះ ទោះបីជាទទួលបានិទ្ទេសអ្វីក៏ដោយឱ្យតែជាប់យើងអាចមានឱកាសក្នុងការបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅពេលខាងមុខ។ សម្ដេចតេជោក៏បានលើកទឹកចិត្តដល់ក្មួយៗ ចៅៗ ដែលមិនបានជាប់ ឲ្យបន្តការសិក្សាមួយឆ្នាំទៀត ឬអាចបន្តយកថ្នាក់បរិញ្ញាបត្ររងក៏បានសម្រាប់បន្តការសិក្សានៅពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន ក៏បាន ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយសង្ឃឹមថា នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀត។ 

មុននឹងបញ្ចប់ សម្ដេចតេជោ ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ បន្ទាប់មក សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមវ៉ាង វិនធៀន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានអញ្ជើញបញ្ជាគ្រឿងចក្រជានិមិត្តរូបបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤១ ចាប់ពីពេលនេះតទៅ៕