Tuesday, December 22, 2020

គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះទាំងស្រុង ក្នុងស្រុកសាមគ្គីមានជ័យ ទទួលបានអំណោយពីអនុសាខាស្រុកសាមគ្គីមានជ័យ

 កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាមគ្គីមានជ័យ រួមជាមួយមន្រ្តីអនុសាខាស្រុក បាននាំយកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះទាំងស្រុងចំនួន ១គ្រួសារ មានឈ្មោះ រ៉េត ផល អាយុ ២៤ឆ្នាំ និងកូនក្នុងបន្ទុក ០១នាក់ ស្ថិតនៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលផ្ទះមានទំហំ ៤ម x ៤ម រួមជាមួយសម្ភារ ថវិកា មួយចំនួនទៀត មូលហេតុដោយសារផ្ទុះផ្ទាំងសូឡាពន្លឺព្រះអាទិត្យ។

ក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានសម្ដែងនូវការចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុដែលនឹកស្មានមិនដល់នេះ ក្នុងខណៈដែលបងប្អូនកំពុងជួបប្រទះនូវបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងវិបត្តិកូវីដ១៩ ដែលកំពុងតែយាយីពិភពលោកទាំងមូល។

ម្យ៉ាងទៀត លោកប្រធានក៏បានពាំនាំប្រសាសន៍ចូលរួមសួរសុខទុក្ខ និងសោកស្ដាយពីសំណាក់លោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា , លោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាខេត្តកំពង់ឆ្នាំង , លោក អម សុភា ប្រធានគណៈកម្មាធិការសាខាខេត្ត ចូលរួមសោកស្តាយជាមួយគ្រួសាររងគ្រោះ។

ក្នុងនោះ លោក ឈួន ចាន់ណា ក៏បានលើកទឹកចិត្តដល់គ្រួសាររងគ្រោះត្រូវខិតខំប្រឹងប្រែងបង្កើនជីវភាពរបស់ខ្លួន ឡើងវិញនិងប្រុងប្រយ័ត្នជានិច្ច។

លើសពីនោះ លោកក៏បានអំពាវនាវ សូមឱ្យមានការប្រុងប្រយ័ត្ន រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសពីជំងឺកូវីដ ១៩ ដែលកំពុងតែបង្កហានិភ័យដល់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។

អំណោយដែលអនុសាខានាំមកជូននាឱកាសនោះរួមមាន៖ អង្ករ ៥០គីឡូក្រាម ,មី០១កេស ,ត្រីខ ០១យួរ ,ទឹកត្រី ០១យួរ ,ទឹកស៊ីអ៉ីវ ,តង់ធំ ០១ ,កន្ទេលជ័រ ០១ ,ឆ្នាំងបាយ ០១ ,ឆ្នាំងសម្ល ០១ ,ចានបាយ ០៥ ,ចានសម្ល ០២ ,ស្លាបព្រា ០១ឡូ ,ឃីត ០១កញ្ចប់ (ភួយ ០១, មុង ០១, ក្រម៉ា ០១, សារុង ០១ ) និងថវិកា ៥០,០០០រៀល៕



ពិធីបើកវេទិការស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល នៅសាលាខេត្តបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងអង្គវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តបាត់ដំបង និងអង្គការសង្គមស៊ីវិល នៅសាលាខេត្តបាត់ដំបង ។

នៅក្នុងអង្គវេទិការមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុកនិងតំណាងអង្គការ សមាគម សង្គមស៊ីវិលជាច្រើនផងដែរ។

លោក យឹម សៀប បានថ្លែងថា បច្ចុប្បន្នរដ្ឋបាលខេត្តបាត់ដំបងមានសមាគមន៍ អង្គការជាតិ និងអន្តរជាតិមិនប្រមាណជាង ៣៧២ អង្គភាព បាននឹងកំពុងប្រតិបត្តិការសកម្មភាពរបស់ខ្លួន ដោយអនុវត្តលើវិស័យ កសិកម្ម វិស័យសុខាភិបាល សិទ្ធិមនុស្ស អប់រំ វប្បធម៌ ទេសចរណ៍ បរិស្ថាន សង្គមកិច្ច កសិឧស្សាហកម្ម និងកិច្ចការសាសនាផងដែរ។

លោកអភិបាលរងនៃគណៈអភិបាលខេត្ត បានបន្តទៀតថា អង្គការ សមាគមន៍មួយចំនួនធំ មានកិច្ចសហប្រតិបត្តិការ និងរក្សាទំនាក់ទំនងល្អជាមួយរដ្ឋបាលខេត្ត បើទោះបីជាគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃមិនតម្រូវឱ្យមានការជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានមុនពេលចាប់ផ្តើមធ្វើសកម្មភាពរបស់ខ្លួនក៏ដោយ ។ 

លោក យឹម សៀប គូសបញ្ជាក់បន្ថែមទៀតថា អង្គការសមាគមន៍ខ្លះ បានប្រើប្រាស់រូបភាពជាអង្គការ សមាគមន៍ តែធ្វើសកម្មភាពជាស្ថាប័នមីក្រូហិញ្ញវត្ថុ ដោយយកការប្រាក់ខ្ពស់ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ៕





រដ្ឋបាលខេត្តកោះកុង ចុះពិនិត្យសិក្សាជាក់ស្ដែងលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ១គម្រោង

កោះកុង៖ លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានអមដំណើរលោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ចុះពិនិត្យសិក្សាជាក់ស្ដែងលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូច (ផ្ទៃដីទំហំមិនលើស១០ហិកតា) ចំនួន១គម្រោង ស្ថិតក្នុងភូមិអន្លង់វាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។  

ការចុះពិនិត្យនេះ មានការចូលរួមពីសំណាក់តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកកោះកុង មេឃុំតាតៃក្រោម តំណាងមន្ទីរបរិស្ថានខេត្ត និងតំណាងម្ចាស់គម្រោង( ក្រុមហ៊ុនរបស់លោក សួរ វិរៈ)។  

ក្រោយពីក្រុមការងារបានពិនិត្យជាក់ស្តែងរួចមកឃើញថា ទីតាំងដែលស្នើសុំនេះគឺសមស្របទៅនឹងគម្រោងទេសចរណ៍ធម្មជាតិ និងទទួលបានការគាំទ្រពីរដ្ឋបាលខេត្ត ស្រុក និងឃុំ។ តាមរយៈកិច្ចប្រជុំរបស់ក្រុមការងារក្រសួងបរិស្ថាន មន្ទីរជំនាញ និងរដ្ឋបាលខេត្ត ស្រុក និងឃុំ បានដាក់ចេញអនុសាសន៍ចំនួន៤ដល់ក្រុមហ៊ុន ដូចខាងក្រោមគឺ៖                                                         ១. គាំទ្រការអនុវត្តគម្រោងទេសចរណ៍ធម្មជាតិមួយនេះ                                                                                            ២. ក្រុមហ៊ុនត្រូវចូលរួមថែរក្សាបរិស្ថាន និងអនាម័យឧ្យបានល្អ ពិសេសគឺការគ្រប់គ្រងសំណល់រឹង រាវ                                                                                                                                      ៣. ក្រុមហ៊ុនត្រូវចូលរួមការអភិវឌ្ឍមូលដ្ឋាន និងសហគមន៍ដើម្បីលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន                                                                                     ៤. ប្រសិនបើមានផលប៉ះពាល់ដីធ្លី រឺការអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅលើទីតាំងគម្រោងនេះ ក្រុមហ៊ុនត្រូវដោះស្រាយសំណងសមស្របជូនពួកគាត់៕






ពិធីប្រកាសសមាសភាពមន្ត្រីទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ នៅស្រុកស្រែអំបិល

 កោះកុង ÷ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពមន្ត្រីទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ នៅស្រុកស្រែអំបិល។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មដ៏រ៉ាំរ៉ៃមួយ ដែលបានកើតឡើងនៅគ្រប់បណ្តាប្រទេស ក្នុងពិភពលោក ក្នុងចំណោមឧក្រិដ្ឋកម្មដទៃផ្សេងទៀត ដែលបាននឹងកំពុងធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខមនុស្ស និងប្រទេសជាតិ និងជាពិសេសក្នុងចំណោមពលករដែលបានធ្វើចំណាកស្រុក ដល់កុមារ និងស្ត្រី និងអង្គការដៃគូរផ្សេងៗ បានយកចិត្តទុកដាក់ និងសហការជាមួយគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏ដូចជាលេខាធិការដ្ឋាន ជាសេនាធិការ និងអស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អ្នកពាក់ព័ន្ធនានា រួមជាមួយនឹងជំនាញកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្ត បានរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយ ក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស-ជួញដូរពលកម្ម នៅក្នុងខេត្ត ក៏ដូចជានៅតាមបណ្តោយព្រំដែន នៃខេត្តកោះកុង ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ៕




លោកស្រី មិថុនា ភូថង ជួបប្រជុំពិភាក្សាការងារ ជាមួយអង្គភាពពាក់ព័ន្ធ នៅតាមខ្សែបណ្ដោយច្រកទ្វារព្រំដែនអន្តរជាតិ និងគ្រប់គ្រងប្រជាជនដែលធ្វើដំណើរ ពីប្រទេសថៃ ដែលអាចមានផ្ទុកជំងឺកូវីដ១៩

 កោះកុង៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានជួបប្រជុំពិភាក្សាការងារ ជាមួយអង្គភាពពាក់ព័ន្ធ នៅតាមខ្សែបណ្ដោយច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ស្ដីពីវិធីបង្ការ និងគ្រប់គ្រងប្រជាជនដែលធ្វើដំណើរ ពីប្រទេសថៃ ដែលអាចមានផ្ទុកជំងឺកូវីដ១៩ ចូលមកប្រទេសកម្ពុជា តាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍កម្ពុជាមានដូចជា៖

– ការជួបប្រជុំជាមួយមន្ត្រីត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម
– ការរៀបចំពង្រឹងក្រុមការងារចត្តាឡីស័កប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម
– ការជួបប្រុំពិភាក្សា ជាមួយថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេស តំបន់ផែស្ងួត នាងកុក តំបន់កំពង់ផែចតទូកនេសាទ ខេត្តកោះកុង អំពីការងារបង្ការនិងគ្រប់គ្រងការចម្លងជំងឺកូវីដ១៩ ពីអ្នកធ្វើដំណើរមកពីប្រទេសថៃ
– ការរៀបចំកន្លែងធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសថៃ៕




ក្រសួងបរិស្ថាន ទទួលជំនួយជាសម្ភារៈ និងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូនពីរដ្ឋាភិបាលចិន មានតម្លៃប្រមាណ ៣លានដុល្លារ

 លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលរួមជាអធិបតីភាពពិធីប្រគល់សម្ភារជានិមិត្តរូបដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិន តាមរយៈក្រុមហ៊ុន Spark Co., Ltd នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។

តាមរយៈអនុស្សរណៈកាត់បន្ថយកាបូន ក្រសួងអេកូឡូស៊ី និងបរិស្ថាន តាមរយៈក្រុមហ៊ុន Spark Co., Ltd, បានផ្តល់ឱ្យក្រសួងបរិស្ថានកម្ពុជា នូវសម្ភារមួយចំនួនរួមមាន៖ អំពូលបំភ្លឺផ្លូវចំនួន ២,៨០០ដើម សូឡា PV ចំនួន២០០គ្រឿង ម៉ូតូអាគុយចំនួន២០០គ្រឿង និងឧបករណ៍សម្រាប់មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពខ្យល់ចំនួន២០ សម្រាប់សរុបជាទឹកប្រាក់ប្រមាណ ៣លានដុល្លារ។

ជំនួយជាសម្ភារៈ និងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូនខាងលើនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ សូមចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថាជំនួយជាសម្ភារៈទាំងនេះ គឺជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ហើយនឹងជួយប្រទេសកម្ពុជាលើផ្នែកវិស័យបរិស្ថាន។

ជាការឆ្លើយតប លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិនដែលបានផ្តល់ជំនួយសម្ភារៈនេះ។

លោករដ្ឋមន្ត្រី បានថ្លែងថា សម្ភារៈបំភ្លឺខាងលើនឹងត្រូវដាក់ឱ្យប្រើនៅតាមទីសាធារណៈក្នុងខេត្តព្រះសីហនុ ជាពិសេសនៅបំភ្លឺនៅតាមសាលារៀននានាក្នុងខេត្តព្រះសីហនុ ហើយក៏ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្សបាន សិក្សាពីសម្ភារៈប្រើប្រាស់ថាមពលព្រះអាទិត្យ ក៏ដូចជាជួយបំភ្លឺកន្លែងហាត់កីឡានានា។ លោកបានឱ្យដឹងថាគោលដៅសំខាន់ជគឺធ្វើឱ្យឪពុកម្តាយសិស្សវិលត្រឡប់មកសាលារៀនដើម្បីហាត់កីឡា និងមានឱកាសអាចជជែកពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូ។

លោក សាយ សំអាល់ បានបន្តថាម៉ូតូអាគុយ និងឧបករណ៍សម្រាប់ត្រួតពិនិត្យគុណភាពខ្យល់ត្រូវបានយកមកប្រើប្រាស់នៅទីស្តីការក្រសួងបរិស្ថាន នៅមន្ទីពិសោធន៍ និងតាមទីតាំងត្រួតពិនិត្យតាមដានរបស់ក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងជាមួយស្ថាប័នសំខាន់ៗនៃសារធារណៈរដ្ឋប្រជាមានិតចិន ចំនួន៨ គ្រប់ដណ្តប់លើទី១៖ កិច្ចសហប្រតិបត្តិការគាំពារបរិស្ថានកម្ពុជា-ចិន, ទី២៖ ការបង្កើតការិយាល័យរៀបចំមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន, ទី៣៖ ការផ្ដល់ជំនួយឧបករណ៍ប្រព្រឹត្តកម្មទឹកកខ្វក់, ទី៤៖ កិច្ចសហប្រតិបត្តិការសាកល្បងក្នុងការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី, ទី៥៖ ការរៀបចំមន្ទីរពិសោធន៍សហប្រតិបត្ដិការកម្ពុជា-ចិន, ទី៦៖ ការរៀបចំតំបន់បញ្ចេញកាបូនតិច និងទី៧៖ ការផ្ដល់ជំនួយស្ថានីយតាមដានគុណទឹកស្វ័យប្រវត្តិជាដើម ៕





ក្រសួងធនធានទឹក៖ ពីថ្ងៃទី២៣-២៥ ខែធ្នូ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ និងចុះត្រជាក់ខ្លាំង ខណៈតំបន់មាត់សមុទ្រនឹងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ

 ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី២៣ ដល់២៩ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា នៅថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២០ ភាគខាងជើងនៃកម្ពុជា ទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងភាគខាងត្បូងនៃកម្ពុជា ទទួលឥទ្ធិពលសម្ពាធទាបសកម្មក្រវាញ លើកទី២៣។

ថ្ងៃទី២៤ -២៩ ខែធ្នូ កម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានមធ្យម។
ស្ថានភាពបែបនេះធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់រាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៩ -៣២ អង្សាសេ
នៅថ្ងៃទី២៣-២៥ ខែធ្នូ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅបង្គួរ។ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៨ អង្សាសេ។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៩ -៣២ អង្សាសេ
នៅថ្ងៃទី២៣-២៥ ខែធ្នូ អាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម ។ សីតុណ្ហភាពអប្បបរមា មានពី១៧-២០ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៤-២៧អង្សាសេ។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៨ -៣១ អង្សាសេ
ថ្ងៃទី២៣-២៤ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅបង្គួរ និងនៅផ្ទៃសមុទ្រអាចនឹងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ សីតុណ្ហភាពអប្បបរមា មានពី២០-២៣ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៩ អង្សាសេ៕



ដំណឹងល្អ ! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានអ្នកឆ្លងកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺ២នាក់បានជាសះស្បើយ

 នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសថា មិនមានករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់។

គិតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មានរយៈពេល៧ថ្ងៃជាប់ៗគ្នាហើយ ដែលក្រសួងសុខាភិបាល មិនមានរកឃើញករណីឆ្លងថ្មី ចូលក្នុងសហគមន៍។

អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ទាំង២នាក់ថ្មីនេះរួមមាន៖
១៖ ស្ត្រីជនជាតិខ្មែរ អាយុ៣២ឆ្នាំ ស្នាក់នៅបុរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
២៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើអ្នកឆ្លងកូវីដ១៩ ចំនួន៣៦៣នាក់ ក្នុងនោះអ្នកជំងឺ៣៤៧នាក់ បានជាសះស្បើយ និងអ្នកជំងឺចំនួន ១៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សម្រាប់អ្នកឆ្លងកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» វិញ បានរកឃើញសរុបចំនួន៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំ