Wednesday, November 30, 2022

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ អំពីជោគជ័យ និងមោទនភាពរបស់កម្ពុជា ក្នុងការដាក់ «គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានផ្ញើសារជូនជនរួមជាតិ អំពីជោគជ័យ និងមោទនភាពរបស់កម្ពុជា ក្នុងការដាក់ «គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។


តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កាលពីថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦:៣១នាទី នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក ត្រូវនឹងម៉ោង ២២៖៣១ នាទី ម៉ោងនៅកម្ពុជា បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិកម្ពុជាទាំងមូល ដោយគណៈកម្មាការអន្តររដ្ឋាភិបាលដើម្បី ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងសេចក្ដីសម្រេច 17.COM 7.b.1។

សម្តេចបានបញ្ជាក់ថា៖ «នេះគឺជាមោទកភាពថ្មីមួយបន្ថែមទៀតនាចុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលសម្រាប់ប្រជាជនយើងទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនានានៅក្នុងតំបន់ និងពិភពលោកផងដែរ។ ការចុះ បញ្ជីនេះ បានផ្តល់ទាំងតម្លៃ ទន្ទឹមគ្នានឹងកាតព្វកិច្ចចំពោះកម្ពុជា និងសហគមន៍អន្តរជាតិក្នុងកិច្ចសហប្រតិបត្តិការ រួមគ្នាក្នុងការថែរក្សា ការពារក្បាច់គុនបុរាណខ្មែរដ៏កម្រមិនអាចកាត់ថ្លៃបាន ទុកជាកេរ្តិ៍មរតកសម្រាប់មនុស្សជាតិ ជំនាន់ក្រោយតរៀងទៅ»។

សម្តេចតេជោ សូមព្រះរាជានុញ្ញាតសម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ វិសេសវិសាលថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គទ្រង់តែងប្រោសប្រទាននូវការគាំទ្រជានិច្ចកាលចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុង វិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់។

សម្តេចសូមឆ្លៀតក្នុងឱកាសនេះ សម្តែងនូវការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រនិងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល រួមជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គណ:កម្មការអូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ ជាពិសេសសហគមន៍សាលាតុន គ្រូនិងសិស្សគុនល្បុក្កតោ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្តនានារហូតសម្រេចបានជោគជ័យក្នុងការចុះ « គុនល្បុក្កតោ » ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្តេចសូមអំពាវនាវចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និង បណ្ដាញព័ត៌មានទាំងអស់មេត្តាចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ជាមោទកភាពជាតិដ៏មានសារៈសំខាន់ នេះឲ្យបានទូលំទូលាយបំផុត៕




ផ្សាយបន្តផ្ទាល់៖ ពិធីបិទកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ



នៅល្ងាច ថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ។

សូមជម្រាបថា ពិធីបើក ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង កីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។

ការ ប្រកួត កីឡា ជាតិលើក ទី ៣ មាន កីឡា៣៨ ប្រភេទ និង កីឡា ប៉ា រ៉ា ហ្គេ ម ឬកីឡាជនពិការជាតិ មាន៧ប្រភេទ ដោយមានកីឡាករកីឡាការិនីចូលរួម ប្រកួតប្រជែង មក ពីរាជធានី ខេត្ត និង ក្រសួង ចំនួន២៨។ ការ ប្រកួត ចាប់ផ្តើម ពី ថ្ងៃ ទី ១៩-៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ ពិធីបិទព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជនពិការនាល្ងាចនេះ នឹងមានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើនទៀតផងដែរ។

 

រដ្ឋមន្ត្រីការងារ៖ កម្ពុជាទទួលបានការទុកចិត្តពីវិនិយោគិន តាមរយៈការខិតខំរបស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម

 លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA នាពេលកន្លងទៅ ដែលរក្សាបាននូវភាពរីកចម្រើនរឹងមាំ ទទួលបានការទុកចិត្តពីវិនិយោគិន និងពីសមាជិករបស់ខ្លួនគួរជាទីមោទនៈ។

លោកវាយតម្លៃលោកឱកាសចូលរួមក្នុងពិធីលៀងសាយភោជនអបអរសាទរមហាសន្និបាតប្រចាំឆ្នាំ២០២២ និងស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិ ២០២៣-២០២៤ របស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរចំពោះលោកឧកញ៉ា សុខ ពិសិដ្ឋ ដែលត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានថ្មីរបស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា សម្រាប់អាណត្តិ ២០២៣-២០២៤។ លោកឧកញ៉ា សុខ ពិសិដ្ឋ ក៏ជាវិនិយោគិនជាទីទុកចិត្តម្នាក់ ដែលមានកេរិ៍ឈ្មោះល្អ បទពិសោធន៍រកស៊ី និងការទទួលខុសត្រូវ និងក៏ជាដៃគូដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានលើកឡើងថា ការសម្រេចបាននូវលទ្ធផលនានារហូតមកដល់ថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង និងការចូលរួមចំណែកប្រកបដោយស្មារតីទទួលខុសត្រូវរបស់ CAMFEBA ក្នុងនាមជាតំណាងភាគីនិយោជកក្នុងការចូលរួមចំណែកលើកកម្ពស់ធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ, សុខុដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, របបសន្តិសុខសង្គម, និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងយន្តការត្រីភាគីនានា ដូចជា គណៈកម្មការប្រឹក្សាការងារ, គណៈកម្មការជាតិសុខភាពនិងសុវត្ថិភាពការងារ, ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា, ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម និងគណៈកម្មការជាតិបណ្តុះបណ្តាល។

ទន្ទឹមនឹងនេះ CAMFEBA ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមសហប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ (ក្រុមការងារទី៨) ក្នុងភាពជាដៃគូរវាងរដ្ឋ-ឯកជន ដែលបានផ្តល់កិច្ចសហប្រតិបត្តិយ៉ាងល្អជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខុដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដោយបានស្វះស្វែងរកនូវដំណោះស្រាយនានាចំពោះបញ្ហាប្រឈមនានាជូនវិនិយោគិន និងកម្មកនិយោជិតប្រកបដោយផ្លែផ្កានាពេលកន្លងមក។

លោក អ៉ិត សំហេង បានស្នើឱ្យ CAMFEBA និងភាគីពាក់ព័ន្ធបន្តផ្តល់កិច្ចសហការដ៏ល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង/ស្ថាប័នពាក់ព័ន្ធ ទាំងក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី ជាពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានោះដែរ លោកឧកញ៉ា សុខ ពិសិដ្ឋ បានប្តេជ្ញាចិត្តបន្តដឹងនាំកសាង និងអនុវត្តគោលនយោបាយការងារ ព្រមទាំងលើកស្ទួយភាពជាតំណាងបំផុតរបស់ CAMFEBA ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលជាពិសេស ក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងដៃគូរនានាៗក្នុងការជំរុញលើកកម្ពស់ និងគាំទ្រសុខមាលភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញផលិតភាពការងារ ជំរុញនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា៕