Monday, August 10, 2015

ពិធីជប់​លៀង​ថ្ងៃត្រង់​ជូន​ថ្នាក់​​ដឹក​​នាំ​ នឹង​គណៈ​ប្រតិភូ នៃបណ្តា​ប្រទេស នានាលើ​សកល លោក ដែល​​បាន​អញ្ជើញ​ចូលរួមខួប​លើកទី៥០ នៃទិវាបុណ្យ​ឯករាជ្យ​ជាតិសឹង្ហបុរី

នៅវេលាថ្ងៃត្រង់ថ្ងៃទី៩ ខែសីហា ឆ្នាំ​២០១៥ ឯកឧត្តម តូនី តាន់ កេងយាំង ប្រធានាធិបតី នៃ សាធារណរដ្ឋសឹង្ហបុរី  បានប្រារព្ធពិធីលាងសាយភោជន៍អាហារថ្ងៃត្រង់ ជូនដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និង​គណៈប្រតិភូនៃ​បណ្តាប្រទេសនានាលើសកលលោក ដែលបានអញ្ជើញ​ចូលរួមខួបលើកទី៥០ នៃទិវាបុណ្យ​ឯករាជ្យ​ជាតិ​សឹង្ហបុរី។
នៅក្នុងពិធីផ្លូវការដែលរៀប​ចំ​ឡើងនៅវិមានអីស្តានណា(Istana) បណ្តាប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិ​បាល និងគណៈប្រតិភូនៃបណ្តាប្រទេសនានាលើសកលលោក ត្រូវបានស្វាគមន៍យ៉ាងស្និត​ស្នាលរ៉ាក់ទាក់​បំផុត ពីឯកឧត្តម តូនី តាន់ កេងយាំង ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី។ ថ្លែងក្នុងពិធី​លាងសាយ​ភោជន៍ជាមហាកិត្តិយសនោះ ឯកឧត្តម តូនី តាន់ កេងយាំង ប្រធានា​ធិ​ប​តីនៃសាធារណរដ្ឋសឹង្ហបុរី មាន​ប្រ​សាសន៍ថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ថ្វាយ​និងជូនចំពោះ ព្រះករុណាស៊ុលតង់ សម្តេច ឯក​ឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូនៃបណ្តាប្រ ទេសនានាលើសកលលោក ដែល​បាន​ចំណាយនូវ​ពេល​វេលា​ដ៏មានតម្លៃបំផុត ស្តេចយាងនិងអញ្ជើញមក ចូលរួមពិធីបុណ្យខួបលើកទី៥០ នៃទិវាឯករាជ្យ​ជាតិរបស់សាធារណរដ្ឋសឹង្ហបុរី នៅលើទឹកដីនៃសាធារណ​រដ្ឋសឹង្ហបុរីដ៏ស្រស់បំព្រងនេះ។
ឯក​ឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា ប្រជាជនសឹង្ហបុរីមានសេចក្តី សោមនស្ស​រីករាយ​ជាអនេក ក្នុង​ការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ថ្វាយនិងជូនចំពោះបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈ​ប្រតិភូទាំងអស់ ដែលបានយាងនិងអញ្ជើញ​មកចូលរួមក្នុង​ពិធី​បុណ្យខួប លើកទី៥០ នៃទិវាឯករាជ្យជាតិ​របស់សាធារណរដ្ឋសឹង្ហបុរី ដែលនេះបានបង្ហាញ​ឲ្យ​ឃើញពីព្រះទ័យ​និង​ការ​យកចិត្តទុក​ដាក់ដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ថ្នាក់ដឹកនាំទាំងអស់ ចំ​ពោះ​​បុព្វហេតុឯករាជ្យភាព និងការអភិ វឌ្ឍប្រទេសសឹង្ហបុរី​ក្នុងរយៈពេល​៥០ឆ្នាំកន្លង​ទៅ​នេះ។
សូមបញ្ជាក់ដែរថា នៅវេលាម៉ោង១៧ល្ងាច ថ្ងៃ​ដដែល​នោះ ពិធីព្យុះហាក់យាត្រាដើម្បី ប្រារព្ធ​ខួប​លើក​ទី៥០ នៃទិវាបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋសឹង្ហបុរី និងប្រារព្ធធ្វើ​ឡើង​នៅវិមានជាតិ របស់​សឹង្ហបុរី៕


ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​និវត្ត​ន៌មក​ដល់ក​ម្ពុជាវិញ​ហើយ បន្ទាប់ពីបាន​ចូលរួម​​ទិវា​​បុណ្យ ឯករាជ្យជាតិ​ខួបទី៥០​របស់សិង្ហបុរី

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី១០ ខែ​សីហានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់និវត្តន៌​មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វិញហើយ បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យខួបលើកទី៥០នៃទិវាឯករាជ្យជាតិ​របស់សា​ធារ​ណៈ​​​រដ្ឋសិង្ហបុរី។
ការអញ្ជើញទៅចូលរួមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាបុណ្យឯករាជ្យជាតិសិង្ហបុរីនេះ  គឺជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះមហាក្សត្រកម្ពុជា។
ក្នុងសន្និសីទ សារព័ត៌មានបន្ទាប់ពីមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត កៅ គឹមហួន  បានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់ កម្ពុជាបានចូលរួមកម្មវិធីសំខាន់ចំនួនពីរ គឺទី១ ពិធីជប់លាងថ្ងៃត្រង់ដ៏ធំមួយ​នៅវិមាន​អ៊ី​ស្តា​ណា ដែលរៀបចំទទួលដោយ តូនីតាន់ កេងយ៉ាំ ប្រធានាធិបតីសិង្ហបុរី ដែលមាន​វត្តមាន​ចូល​រួមពី ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន និងអាស៊ីបូព៌ា។ ក្នុងនោះ​ក៏មាន​ការចូលរួមពីអ្នកតំណាងរបស់ប្រទេសអង់គ្លេស ដែលធ្លាប់ជា អាណា​និគមលើ​ប្រទេស​សិង្ហ​បុរីមុនពេលទទួលឯករាជ្យផងដែរ។ ចំណែកពិធីសំខាន់មួយទៀត  គឺការចូលរួម​ក្នុង​ក្បួន​ដង្ហែរ​ព្យុហយាត្រានៃខួបលើកទី៥០ទិវាឯករាជ្យជាតិ។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានថ្លែងប្រាប់អ្នកសារព័ត៌មានផងដែរថា ការចូលរួម​របស់​ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាក្នុងប្រទេសសិង្ហបុរីនេះ គឺស្របតាមគោលការណ៌សំខាន់ចំនួន២។ ទី១ស្របតាម ស្មារតីនៃក្របខណ្ឌប្រទេសសមាជិកអាស៊ាន និងទី២គឺស្របតាម​គោល​ការណ៍​ពង្រឹង គោលនយោបាយការទូតសាធារណៈរបស់​កម្ពុជាដើម្បីផ្សារភ្ជាប់តួនាទី​ក្នុងតំបន់​របស់​កម្ពុជា និងការ ពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែខ្លាំងជាមួយបណ្តាប្រទេសអន្តរជាតិ។ 
ការប្រារព្ធខួបលើកទី៥០នៃទិវាឯករាជ្យជាតិរបស់សាធារណៈរដ្ឋសិង្ហបុរីនេះ គឺជាការបង្ហាញ ឲ្យឃើញពីកិត្យានុភាព ភាពជោគជ័យនិងសុខដុមនីយកម្មរបស់សិង្ហបុរី​បើទោះបីជាប្រទេស​នេះ មានជាតិសាសន៌រស់នៅចំរុះគ្នាក៏ដោយ។ មិនតែប៉ុណ្ណោះ ទិវាឯករាជ្យជាតិនេះ​ក៏បង្ហាញ​ពីគោល ជំហរគោលនយោបាយការទូតជាមួយបណ្តាប្រទេសសមាជិក​អាស៊ាននិងអន្តរជាតិ​ផងដែរ។ ជាក់ស្តែង បើទោះបីជាប្រទេសសិង្ហបុរីបានផ្តាច់ខ្លួនចេញប្រទេសម៉ាឡេស៊ីក៏ដោយ តែរហូតមកដល់ពេលនេះទំនាក់ទំនងការទូតរវាងប្រទេសទាំង២នៅតែបន្តក្នុងភាពល្អប្រសើរ។ 
គួរបញ្ជាក់ថា ប្រទេសកម្ពុជាគឺស្ថិតក្នុងចំណោមប្រទេសតិចតួចបំផុត ដែលបានទទួលស្គាល់ ដំបូងគេ ក្នុងការប្រកាសឯករាជ្យពេញលេញរបស់ប្រទេសសិង្ហបុរី កាលពី៥០ឆ្នាំមុន។ មាន​ន័យថារហូតមកដល់ពេលនេះទំនាក់ទំនងការទូតរវាងកម្ពុជានិងសិង្ហបុរីគឺមានរយៈពេល៥០ឆ្នាំមកហើយ៕




វេទិកាតុមូល ស្តីពីល្បែងនយោបាយប្រជាភិថុត របស់ក្រុមប្រឆាំងក្នុងបញ្ហាអធិបតេយ្យ បូរណភាពទឹកដី​ និងនីតិរដ្ឋ

បទអត្ថាធិប្បាយថ្ងៃនេះ! « ភូតទៀតហើយបងប្អូន! អំពីបញ្ហាផែនទី»

បន្ទាប់​ពី​រាជ​រដ្ឋាភិបាល និង​ក្រុម​អ្នក​ប្រើ​ប្រាស់ហ្វេសប៊ុក បង្ហោះ​ព្រោង​ព្រាត​ រិះ​គន់​ ស្តី​បន្ទោស​ ទៅ​មេបក្ស​សង្គ្រោះ​ជាតិ ដែលបាន​យក​ផែន​ទី​ដែល​គណបក្សរបស់​ខ្លួន​បាន​ទិញ​តាម​ផ្សារ​នៅ​ប្រ​ទេស​​បារាំង​មកផ្សាយ​បំ​ពុល​សាធារណ​មតិ​ ហើយ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូ​ទៅ​ ចោទ​សួរ​ថា តើ​អធិប​តេយ្យ​ជាតិ​ មាន​តម្លៃ​ត្រឹម​១៦៨ដុល្លារ​អាមេរិក​មែន​ឬ?


នៅ​ពេល​នេះ លោក ហុង សុខហួរ សមា​ជិក​ព្រឹទ្ធ​សភា​គណ​បក្ស​ សម រង្ស៊ី និង​ជា​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥​នេះ បានចេញ​មុខមកការពារ​លោកប្រធាន​របស់​ខ្លួន​ ដោយ​និយាយ​បន្លំ​ ភូត​កុហក់​ របៀប​ស្តាយ​ថ្មី​១ទៀតថា ផែន​ទី​ដែល​ផ្តល់​ទៅ​លោកបណ្ឌិត​សុខ ទូច ក្រុមអ្នកស្រាវ​ជ្រាវ​លើ​បញ្ហាព្រំ​ដែន នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​កាលពី​ព្រឹក​មិញ​ថា ផែន​ទី​ដែល​លោកសម រង្ស៊ី​ ​បាន​បង្ហោះ​ផ្សាយ​នោះ មិន​ប្រាកដថា ជា​​ផែន​ទី​ត្រឹមត្រូវ រឺ​មិន​ត្រឹម​ត្រូវ​ទេ។ និង​បាន​និយាយថា​ ​ផែន​ទីដែលគណបក្ស​សង្គ្រោះ​ជាតិ​​ផ្តល់ឲ្យ​​នេះ​មិន​មែន​ទៅ​ទិញ​នៅ​ផ្សារ​ទេ ហើយ​តម្លៃ​១៦៨​ដុល្លារ គឺជាតម្លៃ​ព័ត៌​មាន​នៅលើ​ផែនទី ដែល​បារាំង​បាន​ថែរក្សា​ទុក ហើយ​ថា ​ផែន​ទីដែល​បាន​យក​មក​ពីបារាំង គឺ​គេយ​ក​ថ្លៃ​៧អឺរ៉ូ​ក្នុង​មួយ​ផ្ទាំង(ថ្លៃ​ថែ​រក្សា)ទៅ​វិញ​។

ប៉ុន្តែ គេនៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី១៦ ខែកក្កដា ឆ្នាំ២០១៥ លោក សម រង្ស៊ី បាន​បង្ហោះ​នៅ​លើ​ទំ​ព័រហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ដោយ​រំ​លេចនៅ​ថ្ងៃ​ខែ និង​ប្រធានបទ​ គឺ 16 July 2015 - Original maps. (ផែន​ទី​ដើម) និង​មាន​សារ​បន្ត​បន្ទាប់​ទៀត​ ដូចខាង​ក្រោម៖

ផែនទីបារាំង មុនឆ្នាំ ១៩៥៣ ខ្នាត ១/១០០.០០០ បង្ហាញពីព្រំដែនកម្ពុជា-វៀតណាម ទាំង ២៦ ផ្ទាំង ដែលទាំងអស់គ្នាចង់បាន ពេលនេះ មានដាក់លក់នៅប្រទេសបារាំង ក្នុងតម្លៃ ១៥៣,៩១ Euros ស្មើនឹង ១៦៨ ដុល្លារអាមេរិក។

គណបក្សសង្គ្រោះជាតិ បានទិញផែនទីទាំង ២៦ ផ្ទាំង (វិក័យបត្រភ្ជាប់មកជាមួយនេះ) យក មកបង្ហាញ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ច្បាប់ដើមនៃផែនទីនេះ មានតែមួយច្បាប់គត់ ដែលតម្កល់ទុកនៅប្រទេសបារាំង។ អ្វីដែលគេដាក់លក់នោះ គឺជាច្បាប់ចម្លង តាមប្រព័ន្ធ​អេឡិចត្រូនិក ដែលដាក់បញ្ជូលក្នុង DVD (រូបថតភ្ជាប់មកជាមួយនេះ)។ សម័យនេះ គេឈប់​ផ្តល់ច្បាប់ចម្លងលើក្រដាស់ទៀតហើយ។

ទាំង​នេះ គឺ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា គណបក្ស​សង្គ្រោះ​​ជាតិពិត​ជា​បាន​ទិញ​ផែន​ទី​នេះ ក្នុង​តម្លៃ​១៦៨ដុល្លារ​ពិត​មែន​ ! ចុះ​ហេតុ​អ្វី​ បាន​ជា​នៅ​ពេល​នេះ ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​​គេចវេសពី​ការ​ទទួលខុសត្រូវ និង​រុញ​ឲ្យ​សមាជិក​របស់​ខ្លួន​មក​និយាយភុត​កុហកប្រជា​ពលរដ្ឋ​ទៅ​វិញ​? ឬ​មួយក៏​របៀប​នៃ​ការ​ដឹក​នាំ​នយោបាយ​របស់​បក្ស​ប្រឆាំង​រស់​នៅ​តែ​ជា​មួយ​នឹង​ការ​ភូត​កុហក​ជា​រៀង​រហូត​មែនឬ? ឬ​មួយ​ក៏​ដើរបោកប្រាស់​គេជ្រុលចង្កួត​ ដល់ផ្លូវ​ទាល់ច្រកនៅ​ពេល​ឃើញ​រាជ​រដ្ឋាភិបាល​ចាត់​វិធានការ​ស្នើ​សុំ​ផែន​ទី​ផ្លូវ​ការ​ ច្បាស់​លាស់ពី​ប្រទេស​មហាអំ​ណាច​​យក​មក​ផ្ទៀង​ផ្ទាត់ អាច​ឲ្យ​ពួក​គេអស់​ផ្លូវដើរបោកប្រាស់ ទើបស្អី​ក៏​ចេះ​តែនិយាយ ស្អី​ក៏ចេះ​តែ​បំ​ភ្លើស ភូត​កុហក​តាម​ទំ​នើង​ចិត្ត​បែប​នេះ ឬអ្វី​?

ប៉ុន្តែ បើ​ទោះជាភូត​កុហក​សាធារណមតិ​យ៉ាង​ណា​ក៏​ដោយ លោកបណ្ឌិត​សុខ ទូច បាន​បញ្ជាក់​​ថា ការ​ដែល​លោកព្រម​ទទួល​យក​ផែន​ទីនេះ គឺ​ក្នុង​ន័យ ចង់​បញ្ចប់​ផែនទី​ក្រោម​តុ សូម​​​អោយ​យក​ផែន​ទី​ក្រោម​តុ​មក​បង្ហាញ​ការ​ពិត​។ ហើយក៏បាន​អរ​គុណ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ផ្តល់​ផែន​ទី ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ ​និង​ដើម្បី​ចៀស​វាង​ការ​ផ្តល់​ព័ត៍​មានមិន​ប្រក្រតី​ទៅ​ខាង​ក្រៅ​។ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ​នោះ នៅ​ពេល​នេះ តំ​ណាង​គណបក្ស សង្គ្រោះ​ជាតិ​បាន​ក្រឡះ​សម្តី​ ថា ផែន​ទី​នោះ​ មិន​មែន​ទិញ​តាម​ផ្សារទៅ​វិញ ។ ហេតុ​អ្វី​បាន​ជា​លោក​ប្រធាន​និយាយផ្សេង និង​ឲ្យ​កូន​ចៅ​ចេញ​មុខមក​និយាយផ្សឹង? ឬ​ក៏​ការបៀប​ចំ​សំ​ដែង​ជា​ឆាកល្ខោន​បែប​ហ្នឹង​ងាយ​ស្រួល​បោកប្រាស់​ប្រជា​ពលរដ្ឋ​មែន​ឬ?តែ​សូម​កុំ​ភ្លេចថា អធិតេយ្យ​ជាតិ មិន​មែន​មាន​តម្លៃ​ត្រឹម​តែ១៦៨ដុល្លារ​អាមេរិក​ឡើយ ហើយ​បក្ស​ប្រឆាំងក៏​ត្រូវតែ​​យល់​ឲ្យ​ច្បាស់​ដែរថា « ភូត​ច្រើន ​ចាញ់​អាត្មា» !







តើ​អំពើ​ឃោរ​ឃៅ អមនុស្ស​ធម៌ នៅក្បែរ​ទីលាន​ប្រជាធិប​តេយ្យ ជាបាតុកម្ម​សន្តិវិធី ឬជា​កុបកម្ម​ហិង្សា​ដោយ​ចេតនា?