Wednesday, October 09, 2024

អគ្គលេខាធិការអាស៊ាន ចូលរួមប្រជុំ និងចូលរួមកម្មវិធីមួយចំនួននៅប្រទេសឡាវ



(ឡាវ)៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ កិច្ចប្រជុំបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួមទាំងការពិនិត្យមើលឡើងវិញនៃកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទំនាក់ទំនងអាស៊ានជាមួយដៃគូខាងក្រៅ នៅក្រោមការដឹកនាំរបស់ឡាវដែលជាប្រធានអាស៊ាននៅឆ្នាំនេះ។


នៅព្រឹកថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២៨។ កិច្ចប្រជុំបានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃការងាររបស់អង្គភាពតាមវិស័យរបស់ក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន និងពិនិត្យមើលការអនុវត្តផែនទីចង្អុលផ្លូវរបស់ក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានឆ្នាំ២០២៥ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅសប្តាន៍នេះ។


នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដដែល លោកបណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ៣៥។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានជម្រាបជូនបណ្តារដ្ឋមន្ត្រី អំពីវឌ្ឍនភាពដែលសម្រេចបាននៅក្នុងកិច្ចការរបស់អាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំក៏បានពិភាក្សា និងបញ្ចប់បញ្ហាដែលនៅសេសសល់ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។


នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការប្រទេសទីម័រខាងកើត។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវសម្រាប់ការចូលជាសមាជិកពេញសិទ្ធិនៅក្នុងអាស៊ាន របស់ទីម័រខាងកើត ព្រមទាំងកិច្ចការមួយចំនួនទៀត។


លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់សន្ទរកថាបើកក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្រោមប្រធានបទ «អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់»។ នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់របស់សហគមន៍ធុរកិច្ចក្នុងការគាំទ្រដល់នវានុវត្តន៍ ភាពប្រកួតប្រជែង និងភាពច្នៃប្រឌិត។ លោកបណ្ឌិត ក៏បានគូសបញ្ជាក់ពីសក្តានុពលនៃការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗដែលមិនទាន់ប្រើប្រាស់ ដែលពង្រឹងការតភ្ជាប់ និងបង្កើតភាពធន់ សម្រាប់អនាគតមួយរុងរឿងដែលមានការតភ្ជាប់កាន់តែខ្លាំង។


ហើយនៅរសៀលថ្ងៃទី៨ ខែតុលា ដដែល នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, លោកបណ្ឌិត កៅ គឹមហួន បានជួបជាមួយលោកស្រី Shinto Nugroho ប្រធានគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន TikTok ប្រចាំអាស៊ីអាគ្នេយ៍។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវិធីដែលវិស័យឯកជន ដូចជា ក្រុមហ៊ុន TikTok អាចូលរួមចំណែកដល់កំណើន និងការអភិវឌ្ឍរបស់តំបន់ ព្រមទាំងបានរិះរកឱកាសនាពេលអនាគតដើម្បីជំរុញបរិវត្តកម្មឌីជីថលរបស់អាស៊ាន។


ដោយឡែកនៅល្ងាចថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកម្មវិធីទទួលស្វាគមន៍ពិសេស រៀបចំដោយសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ដែលក្នុងឱកាសនោះអគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញថ្លែងសន្ទរកថាផងដែរ៕







ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបសំណេះសំណាល និងដឹកនាំកិច្ចប្រជុំរបស់ លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន




រាជធានីភ្នំពេញ៖  នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ 

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបសំណេះសំណាល និងដឹកនាំកិច្ចប្រជុំរបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយមានការអញ្ជើញចូលរូមពី ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំអង្គភាពចំណុះលេខាធិការដ្ឋាន ក.រ.ម។ 

ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានធ្វើរបាយការណ៍ជូនអង្គប្រជុំជ្រាប អំពីលទ្ធផលការងារជាច្រើនដែលសម្រេចបានក្នុង

រយៈពេលជាង១ឆ្នាំ និងទិសដៅការងារបន្ត ដើម្បីសម្របសម្រួលសកម្មភាពនានារបស់ក្រុមការងាររាជរដ្ឋាភិបាលចុះ

មូលដ្ឋានគ្រប់លំដាប់ថ្នាក់ សំដៅគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ព្រមទាំងការដោះស្រាយបញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកកិច្ចការងាររបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាកិច្ចការមួយដែលមានចរិតយុទ្ធសាស្ត្រ ដោយម្ខាងជួយតាមដាន គាំទ្រ និងជំរុញការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលឱ្យទៅដល់មូលដ្ឋាន និងម្ខាងទៀតជាយន្តការទទួលព័ត៌មានត្រលប់ (feedback mechanism) ដែលទទួលបានពីប្រជាពលរដ្ឋ អំពីវិធានការ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក៏ដូចជាកង្វល់ និងក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់អនុសាសន៍ជាការតម្រង់ទិសដៅការងារមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដូចជា៖ (១). ការត្រៀមរបាយការណ៍ត្រីមាសទី៣ ក៏ដូចជាការត្រៀមរៀបចំក្របខ័ណ្ឌទស្សនាទានសម្រាប់រៀបចំសន្និបាតប្រចាំឆ្នាំ ជាពិសេសត្រូវគិតគូរការផ្សារភ្ជាប់ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ជាមួយនឹងយន្តការនៃគណៈកម្មាធិការតាមដានត្រួតពិនិត្យ និងវាយតម្លៃ (២). ការពង្រឹងការបូកសរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដោយត្រូវធ្វើការវិភាគទិន្នន័យ ដើម្បីរកឱ្យឃើញនូវបញ្ហាប្រឈមនានា ដោយរួមទាំងតាមវិស័យ (៣). ការរៀបចំប្រព័ន្ធទិន្នន័យ (៤). បន្តរៀបចំគោលការណ៍ណែនាំផ្សេងៗពាក់ព័ន្ធនឹងសេចក្តីចាំបាច់ ដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពប្រទាក់ក្រឡា និងជាប្រព័ន្ធតែមួយដែលមានលក្ខណៈសហថាមពល សម្រាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង(៥). ត្រូវយកចិត្តទុកដាក់ចុះបណ្តុះបណ្តាលមន្រ្តីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងារ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានណែនាំលេខាធិការដ្ឋានធ្វើកិច្ចការដោយយកចិត្តទុកដាក់អនុវត្តនូវការងារមួយចំនួនផងដែរ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ និងការរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២៥ ដោយផ្សារភ្ជាប់ទៅនឹងថវិកា។