Thursday, January 28, 2021

រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ សេចក្តីសុខ សន្តិភាព ស្ថេរភាពនយោបាយ បាននាំមកនូវវឌ្ឈនភាពនៃវិស័យសុខាភិបាល ដែលជាផ្លែផ្កាប្រកបដោយមោទនភាពជាតិ

 របាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពល្អ លើសូចនាករសុខភាព ហើយរបាយការណ៍នេះបានផ្សព្វផ្សាយជាផ្លូវការកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មានរំលេចនូវសូចនាករសុខភាពសំខាន់ៗមួយចំនួន។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា នៅក្នុងរបាយការណ៍ពិសេសនោះសូចនាករសំខាន់ជាងគេគឺ អាយុសង្ឃឹមរស់របស់ប្រជាជនកម្ពុជា ក្នុងឆ្នាំ២០១៩នេះគឺកើនដល់ ៧៥ឆ្នាំ ដែលក្នុងនោះ អាយុសង្ឃឹមរស់របស់បុរសបានកើនឡើងដល់ ៧៤.៣ឆ្នាំ និងនារីបានកើនឡើងដល់ ៧៦.៨ឆ្នាំ។ ការកើនឡើងនេះមានទំនាក់ទំនងយ៉ាងសំខាន់ជាមួយ នឹងការធ្លាក់ចុះនូវអត្រាមរណភាពទារក និងកុមារអាយុក្រោម៥ឆ្នាំ ក្នុងចំណោមកំណើតរស់ ១.០០០នាក់។

តាមរយៈរបាយការណ៍ជាតិនេះយើងសង្កេតឃើញថា អត្រាមរណភាពទារកមានការធ្លាក់ចុះ ពី២៦ នៅក្នុងជំរឿនឆ្នាំ២០០៨ ទៅ ១៨ ក្នុងចំណោមកំណើតរស់ ១.០០០នាក់ ក្នុងជំរឿនឆ្នាំ២០១៩ ហើយអត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ មានការធ្លាក់ចុះ ពី៤៤ នៅក្នុងជំរឿនឆ្នាំ២០០៨ ទៅ ២៨ ក្នុងចំណោមកំណើតរស់ ១.០០០នាក់ ក្នុងជំរឿនឆ្នាំ២០១៩។ លើសពីនេះទៀត អត្រាមរណភាពមាតាក៏មានការធ្លាក់ចុះគួរឲ្យកត់សំគាល់។

តួលេខនៃអត្រាមរណមាតាក្នុងជំរឿនក្នុងឆ្នាំ២០០៨ គឺ ៤៦១នាក់ ក្នុងចំណោមមួយសែនកំណើតរស់បានធ្លាក់ចុះមកនៅត្រឹម ១៤១នាក់ ក្នុងចំណោមមួយសែនកំណើតរស់។

លទ្ធផលផ្លែផ្កាសុខភាពជាទីមោទនៈនេះ ឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្តរបស់មន្រ្តីបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ក្នុងការផ្តល់សេវាសុខាភិបាល ប្រកបដោយក្រមសីលធ៌មវិជ្ជាជីវៈ និងភាពទទួលខុសត្រូវខ្ពស់។ ជាពិសេសទៅទៀត ដំណឹងដ៏ល្អគាប់ប្រសើរស្តីពីវឌ្ឍនភាពនៃសូចនាករសុខភាពសំខាន់ៗទាំងអស់នេះ ឆ្លុះបញ្ចាំងពីប្រសិទ្ធភាព និងសក្តិសិទ្ធភាពនៃការអនុវត្តនូវយុទ្ធសាស្រ្តចតុកោណ និងគោលនយោបាយផ្សេងៗ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតដោយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ៕



លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាសម្រាលការលំបាក ដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺ នៅមន្ទីរពេទ្យបាត់ដឹង

 អ្នកជំងឺ និងគ្រួសារថែទាំអ្នកជំងឺ រំភើបចិត្ដស្ទើរស្រក់ទឹកភ្នែក នឹកស្មានមិនដល់ថា ក្នុងគ្រាលំបាកខ្វះខាត មានវត្ដមាន របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយារបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញចុះមកសួរសុខទុក្ខដោយផ្ទាល់ និងឧបត្ថម្ភថវិកាសម្រាលទុក្ខលំបាក ដោយមិនបានដឹងខ្លួនជាមុនសោះ។

ការអញ្ជើញចុះមកដោយផ្ទាល់របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាមួយសម្លៀកបំពាក់ដ៏សាមញ្ញា កាយវិកាយយ៉ាងទន់ភ្លន់ លើកដៃសំពះ លោកតា លោកយាយ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរសម្រាកព្យាបាលបាត់ដឹង ខេត្តកំពង់ស្ពឺនេះ បានធ្វើឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល ស្ងើចសរសើរ និងរំភើបចិត្ដយ៉ាងខ្លាំង ដោយស្មានមិនត្រូវ ថាជាអ្នកណា ព្រោះនេះជាលើកដំបូង ដែលបានជួបដោយផ្ទាល់បែបនេះ។

ប៉ុន្ដែនេះមិនមែនជាលើកទីមួយនោះទេ ដែលលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន តែងតែចុះមកសួរសុខទុក្ខ និងសម្រាលការលំបាកដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺ ជាមួយនឹងភាពសាមញ្ញា ធម្មតា គ្មានការប្រារព្ធកម្មវិធីអ្វីនោះឡើយ។

កាយវិកាយ និងទឹកចិត្ដសប្បុសធម៌នេះ ក៏ដូចជាកន្លងមកនេះហើយ ដែលជាដើមចម ត្រូវបានប្រជាពលរដ្ឋខ្មែរ និងមេដឹកនាំពិភពលោកផងដែរ ធ្វើការវាយតម្លៃខ្ពស់ថា ជាកុលធីតាកម្ពុជាមួយរូប ដែលបានពលីអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុមនុស្សធម៌ និងជានិមិត្តរូបដ៏ឧត្តុងឧត្តម នៃការជួយសង្រ្គោះជនរងគ្រោះនៅកម្ពុជាគ្រប់រូប ដោយមិនប្រកាន់និន្នាការ រើសអើងពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ។

សូមជម្រាបថាផងដែរ វត្ដមានរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ខាងលើនេះ ក្នុងឱកាសដំណើរត្រឡប់ពី វត្ដហរិរក្សរាជិនី ហៅវត្ដ វាំងចាស់ ដែលស្ថិតនៅស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ៕




ថ្ងៃនេះ ជាថ្ងៃ «បុណ្យមាឃបូជា» សូមស្វែងយល់ពីប្រវត្តិនៃពិធីបុណ្យនេះ ក្នុងព្រះពុទ្ធសាសនា !

ថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្ងៃសីលពេញបូណ៌មី គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។

 

 តើបុណ្យមាឃបូជានេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអ្វី? នៅពេលនេះសូមលើកយកប្រវត្តិនៃពិធីបុណ្យនេះ មកជំរាបជូនប្រិយមិត្តបានជ្រាបដូចតទៅ៖

បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។

នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។

គោលការណ៍ទាំងនេះ មានឈ្មោះជា ភាសាបាលីថា «ឱវាទបាដិមោក្ខ»។ បាដិមោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជាសិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុសូត្រ ក្នុងទីប្រជុំសង្ឃរាល់កន្លះខែ ៖ ឧទាហរណ៍រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សា ឲ្យយល់ដឹង និងអនុវត្ត។

ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខ ដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ ក្នុងព្រះពុទ្ធសាសនាក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់៤យ៉ាងកើតឡើងគឺ៖

១៖ ព្រះសង្ឃសមណៈទូត ១,២៥០អង្គដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយ គោលធម៌បានវិលត្រឡប់ មកចូលគាល់ ព្រះអង្គវិញយ៉ាង ព្រមព្រៀងគ្នា (សព្វេ ខីណាសវា)។

២៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួស ឲ្យដោយផ្ទាល់ដែល ហៅថា ឯហិភិក្ខុឧបសម្បទា(សព្វេ ឯហិភិក្ខុកា) ។

៣៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គឺ សម្តែងឫទ្ធិបាន,ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នកដទៃ, បានរលឹកជាតិបាន និងអស់អាសវៈមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ដោយមិនបាន ណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា) ។

៤៖ ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះ ត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។

ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះ ហៅម្យ៉ាងទៀតថាចតុរង្គសន្និបាតគឺ កិច្ចប្រជុំប្រកបដោយអង្គ៤។

ចតុរង្គសន្និបាតនេះប្រារព្ធធ្វើនៅក្នុងវត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដឹង អនុត្តរសម្មាសម្ពោធិញាណកន្លងហើយបាន ៩ខែ គឺ មុន ព.ស.៤៥ឆ្នាំ។

មូលហេតុសំខាន់ដែល ព្រះសង្ឃសមណៈទូតទាំងនោះ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ននោះ ព្រោះថ្ងៃពេញបូណ៌មីខែមាឃនោះ ត្រូវនឹងថ្ងៃសិវរាត្រីរបស់សាសនាព្រាហ្មណ៍ ក្នុងថ្ងៃសិវរាត្រីនេះ សាសនិកព្រាហ្មណ៍ តែង ប្រារព្ធពិធីលាងជម្រះបាបបូជាព្រះសិវៈ ព្រោះហេតុនោះព្រះសង្ឃទាំងនោះទើបធ្វើដំណើរទៅគាល់ព្រះ បរម សាស្តាដែលទ្រង់ធ្វើពុទ្ធដំណើរចេញ ពីល្អាងសុករខាតាមកគង់ប្រថាប់ នៅក្នុងវត្តវេឡុវ័ន សូមជម្រាបថា ព្រះសង្ឃដែលធ្វើដំណើរទៅផ្សព្វផ្សាយពុទ្ធធម៌នោះ មិនមែនធ្វើដំណើរទៅព្រមគ្នាទាំង ១,២៥០ អង្គនោះទេ ប៉ុន្តែធ្វើដំណើរទៅតែមួយអង្គឯងប៉ុណ្ណោះ មានន័យថា ធ្វើដំណើរទៅដាច់ដោយឡែកពីគ្នា ការដែលព្រះសង្ឃអង្គនីមួយៗ ធ្វើដំណើរទៅវត្តវេឡុវ័នដោយមិន បានណាត់ទុកជាមុនដូចជាណាត់តាមទូរស័ព្ទ ឬ ឥន្ធើណិតជាដើម ទើបចាត់ជាហេតុការណ៍អស្ចារ្យ។

តើព្រះសង្ឃទាំង១,២៥០អង្គនោះចេញមកពីប្រភពណាខ្លះ?

ប្រភពនៃព្រះសង្ឃទាំង ១,២៥០អង្គនោះគឺ៖

ក៖ សិស្សគណរបស់ព្រះឧរុវេលកស្សបៈចំនួន៥០០អង្គ

ខ៖ សិស្សគណរបស់ព្រះនទីកស្សបៈចំនួន៣០០អង្គ

គ៖ សិស្សគណរបស់ព្រះគយាកស្សបៈចំនួន២០០អង្គ

ឃ៖ សិស្សគណរបស់ព្រះសារីបុត្រនិងព្រះមោគ្គល្លានចំនួន២៥០អង្គ។

សរុបព្រះសង្ឃទាំងអស់១,២៥០អង្គដោយមិនរាប់បញ្ចូលព្រះឧរុវេលកស្សបៈ,ព្រះនទីកស្សបៈ, ព្រះគយាកស្សបៈ, ព្រះសារីបុត្រ និងព្រះមោគ្គល្លាននោះទេបើរាប់បញ្ចូល៥អង្គនេះទៀតបានជា១,២៥៥ អង្គ។

ព្រោះអច្ឆរិយហេតុកើតឡើង ដោយមិននឹកស្មានដល់បែបនេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបទ្រង់ឆ្លៀតឱកាសនោះ សម្តែងឱវាទបាដិមោក្ខដល់ព្រះសង្ឃចំនួន ១,២៥០អង្គនោះដោយទ្រង់ កំណត់គោលនយោបាយ ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា៥ចំណុចគឺ៖

ក៖ ឧត្តមគតិបានដល់ អំណត់អត់ធ្មត់ចាត់ជាការតស៊ូយ៉ាងសិ្វតស្វាញ (អភ័យទានផ្នែកនយោបាយ)។

ខ៖ គោលបំណងបានដល់ ព្រះនិព្វានចាត់ជាគោលបំណងខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនា (សាធារណៈប្រយោជន៍)។

គ៖ វិធីបដិបត្តិបានដល់ មិនរំលោភសិទ្ធិមនុស្សនិងសត្វ (សិទ្ធិមនុស្ស)។

ឃ៖ គោលការណ៍មាន ៣ចំណុចគឺ៖

* មិនធ្វើអំពើអាក្រក់ទាំងពួង (សន្តិសុខ)

* ធ្វើអំពើល្អឲ្យដល់ព្រម (ប្រយោជន៍សង្គម)

* ធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់(អត្តាភិវឌ្ឍន៍)។

ង៖ វិធីសាស្ត្រ មាន៦ចំណុចគឺ៖

* មិនបរិហារកេរ្តិ៍បុគ្គលណា(វចីសុចរិត=សណ្ហវាចា,សច្ចវាចា,អបិសុណវាចា,មន្តាវាចា;ឃោសនាការ)

* មិនធ្វើទុក្ខបុកម្នេញបុគ្គលណា (អហិង្សា ឬ សន្តិវិធី)

* គោរពក្រមសីលធម៌ (ចរិយាសាស្ត្រ)

* ស្គាល់ប្រមាណក្នុងអាហារ (សេដ្ឋកិច្ច)

* អង្គុយឬសិងក្នុងទីស្ងាត់ (នគរូបនីយកម្ម)

* ប្រកបព្យាយាមក្នុងអធិចិត្ត (សិក្សាធិការ)។

ទាំង៥ចំណុចខាងលើនេះ ចាត់ជាគោលនយោបាយរបស់ព្រះពុទ្ធសាសនា។

ថ្ងៃមាឃបូជាចាត់ជាថ្ងៃព្រះធម៌, ថ្ងៃវិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធ, ថ្ងៃអាសាឡ្ហបូជាចាត់ជាថ្ងៃព្រះសង្ឃ។

តើប្រារព្ធពិធីមាឃបូជាបានប្រយោជន៍អ្វីខ្លះ?

ប្រយោជន៍នៃថ្ងៃមាឃបូជាគឺ៖

១៖ ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ។

២៖ យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។

៣៖ បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។

៤៖ បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។

៥៖ បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាលយូរអង្វែង។

ថ្ងៃមាឃបូជាចាត់ជាគ្រឿងពិសោធ និងវាស់វែងគុណភាពនៃពុទ្ធសាសនិកជន ឲ្យឃើញថាបុគ្គលណាជាពុទ្ធសាសនិកជនសកម្ម ឬ អសកម្មនៅថ្ងៃនេះឯង ប្រៀបដូចជាកញ្ចក់ឆ្លុះបំភ្លឺមុខដូច្នោះ។ ព្រោះហេតុនោះ បើបានឋានៈជាពុទ្ធសាសនិកជន ហើយមិនត្រូវវ្ហោះវ្ហើយកន្តើយនឹងកាតព្វកិច្ចរបស់ខ្លួននោះទេ ត្រូវព្យាយាមលើកស្ទួយឋានៈពុទ្ធសាសនិកជនរបស់ខ្លួនឲ្យ សកម្មឡើងការធ្វើដំណើរទៅកាន់វត្ត ឬ មណ្ឌលពុទ្ធ សាសនាមិនមែនជាការងារធ្ងន់ធ្ងរឡើយ។ ផ្ទុយទៅវិញ ជាការជួយលើកស្ទួយគុណភាពជីវិតផ្នែកចិត្ត វិញ្ញាណរបស់ខ្លួនឲ្យប្រសើរឡើង តាមគោលការណ៍ចំណុចទី២ថា ធ្វើអំពើល្អឲ្យដល់ព្រម ពោលគឺបណ្តុះចិត្តឲ្យស្ថិតក្នុងបុណ្យកុសលនោះឯង។

សង្ឃឹមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះ ពីថៃ្ងមាឃបូជានេះ អញ្ជើញនាំគ្នាធ្វើបុណ្យទាន រក្សាសីល និងសមាធិសម្អាតចិត្តរបស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និងរំលឹកចំពោះគុណ ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើតព្រះពុទ្ធសាសនា សម្រាប់ជាមាគ៌ា‌ជីវិតដល់ពួកយើងទាំងអស់គ្នា ៕

ធម្មទេសនាស្តីពី បុណ្យមាឃបូជា « សម្តែងដោយ ព្រះភិក្ខុ ពុទ្ធង្កុរ វ៉ង់ សុភស្ត » 

 
ប្រវត្តិពិធីបុណ្យមាឃបូជា « ឯកសារដកស្រង់ពី គម្ពីរព្រះត្រៃបិដក និងអដ្ឋកថា » 








លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បួងសួងឱ្យជនរួមជាតិជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា នៅក្នុងឱកាសបុណ្យមាឃបូជា

 នៅក្នុងឱកាសបុណ្យមាឃបូជា នាថ្ងៃព្រហស្បត៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០១នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រគេនពរដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរជនរួមជាតិទាំងអស់ ឱ្យជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា។

មាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ថា៖ «ព្រះពុទ្ធសាសនា មិនត្រឹម តែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណ ជាតិទៀតផង» ៕



លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បន្តផ្តល់ជំនួយ១០០លានរៀល ដល់ខេត្តបន្ទាយមានជ័យ ទឹកសុទ្ធ ១ពាន់កេសដល់ខេត្តប៉ៃលិន និងឃីតចំនួន១ពាន់កញ្ចប់ ដល់ខេត្តឧត្តរមានជ័យ

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានបន្តផ្តល់ជំនួយ ១០០លានរៀល ថែមទៀតដល់ខេត្តបន្ទាយមានជ័យ, ទឹកសុទ្ធ១០០០កេសដល់ខេត្តប៉ៃលិន និងឃីតចំនួន១ពាន់កញ្ចប់ ដល់ខេត្តឧត្តរមានជ័យ ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ។

ការផ្តល់ជំនួយបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានសង្កេតឃើញថា មានពលករជាច្រើន ដែលចាកចេញពីប្រទេសថៃ បានបន្តចូលមកប្រទេសកម្ពុជា តាមច្រកខេត្តទាំង៣នេះ។

ចាប់តាំងពីប្រទេសថៃ មានការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា ក្នុងខេត្តសមុទ្រសាខន ដែលជាប់ព្រំដែនជាមួយគ្នា កម្ពុជាបានរកឃើញមានពលករជាបន្តបន្ទាប់មានផ្ទុកជំងឺកូវីដ១៩ ក្រោយពេលត្រឡប់មកពីប្រទេសថៃ។ ឆ្លើយតបនឹងស្ថានភាពនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានផ្ដល់ជំនួយថវិកាជាបន្តបន្ទាប់ដល់ខេត្តជាប់ព្រំដែនថៃទាំង៧ ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករដែលត្រឡប់មកពីប្រទេសថៃ។

បើតាមក្រសួងសុខាភិបាល, រហូតមកដល់ពេលនេះ មានពលករខ្មែរចំនួនជិត២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា ៕



ថ្ងៃនេះក្រសួងរកឃើញពលករខ្មែរមកពីប្រទេសថៃម្នាក់ មានឆ្លងកូវីដ១៩ ខណៈអ្នកជំងឺ០៥នាក់ជាសះស្បើយ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃម្នាក់ ឆ្លងកូវីដ១៩ ខណៈអ្នកជំងឺ០៥នាក់ជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរអាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០៤ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

សម្រាប់អ្នកជាសះស្បើយទាំង០៥នាក់រួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

២៖ បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

៣៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

៤៖ ស្ត្រីជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

សូមកត់សម្គាល់ថា៖ បុគ្គលទាំង ០៤រូបខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បង្អែកខេត្តបន្ទាយមានជ័យ។

៥៖ ស្ត្រីជនជាតិខ្មែរ អាយុ ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២១។ ស្ត្រីរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤២៨នាក់ និងអ្នកជំងឺ៣៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕