Wednesday, May 15, 2024

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ឯកភាពពន្លឿនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ




ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានឯកភាពពីសារៈសំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងអំឡុងជំនួបសម្តែងការគួរសមនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀង CEPA ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងមក និងបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបើកទូលាយទីផ្សារកាន់តែច្រើនសម្រាប់ទំនិញ និងសេវាកម្ម បង្កើនរំហូរវិនិយោគ បង្កើតការងារ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងបង្កើនផលប្រយោជន៍ទៅវិញទៅមក។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្តចំពោះមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៤ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។ 


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានផ្លាស់ប្តូរយោបល់ទៅវិញទៅមក អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ផងដែរ។


Cambodia and UAE to expedite the implementation of the Comprehensive Economic Partnership Agreement

His Excellency SOK Chenda Sophea, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, and His Excellency Obaid Saeed Obaid Bintaresh Ald-haheri, Ambassador of the United Arab Emirates to Cambodia with Residence in Bangkok, concurred on the importance of the Cambodia-UAE Comprehensive Economic Partnership Agreement (CEPA) to deepen bilateral cooperation during a courtesy call by the latter on 13 May 2024. The two sides also discussed ways to speed up the implementation of the agreement signed in June 2023, underlining that it would expand markets for goods and services, increase investments, create jobs, deepen cooperation in various sectors, and enrich mutual benefits.


His Excellency the Deputy Prime Minister and His Excellency the Ambassador expressed satisfaction with the long-lasting friendship and robust cooperation between Cambodia and the United Arab Emirates since the establishment of diplomatic relations in 1994. They reiterated their commitments to further enhancing bilateral ties and extending mutu-al support in international fora for the shared interests of both nations. 


His Excellency the Deputy Prime Minister and His Excellency the Ambassador also exchanged views on enhancing trade, investment and tourism cooperation.










អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា-ចិន មានសន្ទុះកើនឡើង តាមរយៈព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា



ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបពិភាក្សការងារជាមួយឯកឧត្តម លីវ ហុងឈាន (H.E. Mr. Liu Hongjian) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តយូណាន និងជាលេខា នៃគណៈកម្មាធិការបក្សក្រុងគុនមីញ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។


នាឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា កម្ពុជាមានតំបន់ទេសចរណ៍ជាច្រើន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ជាពិសេសនៅខេត្តសៀមរាប គឺជាតំបន់ទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា។ ចំណែកទីក្រុងគុនមីញរបស់ប្រទេសចិនវិញ ក៏មានតំបន់ទេសចរណ៍ច្រើនដែរ ដូចជាទស្សនាផ្កាស្រស់ និងថ្មសមុទ្រជាដើម។ ទាំងនេះគឺអាចជំរុញឲ្យវិស័យទេសចរណ៍នៃទីក្រុងទាំងពីរ មានការកើនឡើង ដោយប្រជាពលរដ្ឋខ្មែរអាចទៅទេសចរណ៍នៅទីក្រុងគុនមីញ ហើយប្រជាពលរដ្ឋទីក្រុងគុនមីញ អាចមកទេសចរណ៍នៅរាជធានីភ្នំពេញ ក៏ដូចជាទៅខេត្តសៀមរាបផងដែរ។


ទន្ទឹមនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដោយរាជធានីមួយនេះ ស្ថិតនៅទន្លេបួនមុខជាទីក្រុងមានលក្ខណៈល្អប្រសើរ។ មានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់។ ព្រមទាំងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យមានទអគារខ្ពស់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏នៅមានបញ្ហាប្រឈមនោះ គឺបញ្ហាកកស្ទះចរាចរណ៍ក៏ដូចជាបញ្ហាបរិស្ថានជាដើម។ នៅក្នុងការងារនេះអាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងដោះស្រាយឲ្យបានប្រសើរឡើង។ ជាគម្រោងរបស់សាលារាជធានីភ្នំពេញ យើងចង់បង្កើតទីក្រុងរណបថ្មីមួយទៀត ដែលបច្ចុប្បន្ននេះយើងកំពុងតែរកដៃគូ ដើម្បីបង្កើតនៅទីក្រុងរណបថ្មីមួយដែលជាទីក្រុងវៃឆ្លាត។


ជាមួយគ្នានោះ ឯកឧត្តម លីវ ហុងឈាន បានថ្លែងថា រាជធានីភ្នំពេញពិតជាមានការអភិវឌ្ឍរីកចម្រើនខ្លាំង មានអគារខ្ពស់ច្រើន ពួកយើងខ្ញុំស្រឡាញ់រាជធានីភ្នំពេញ។ ទីក្រុងគួនមីញ និងរាជធានីភ្នំពេញ បានមានទំនាក់ទំនងល្អជាបងប្អូនជាច្រើនឆ្នាំមកហើយ ហើយនៅខែវិច្ឆិកាឆ្នាំ២០២៤នេះ ទីក្រុងគុនមិញនិងមានកម្មវិធីដ៏ធំមួយ ដែលកម្មវិធីនេះទីក្រុងគុនមីង សូមអញ្ជើញប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចនៅទីក្រុងគុណមិញ។ 


ជាបំណងរបស់ឯកឧត្ដម គឺចង់ឲ្យប្រជាជននៃទីក្រុងគុនមីញ មកទេសចរណ៍នៅរាជធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាឲ្យបានច្រើន ហើយក៏មានបំណងឲ្យប្រជាពលរដ្ឋកម្ពុជា ទៅទេសចរណ៍នៅទីក្រុងគុនមីញ ដើម្បីបានមើលការស្រស់ក៏ដូចជា ថ្មសមុទ្រនៅទីក្រុងគុនមីញឲ្យបានច្រើនផងដែរ។


នៅក្នុងឱកាសនោះដែរ ឯកឧត្តម លីវ ហុងឈាន ក៏បានលើកឡើង ពីស្ថានភាពទូទៅរបស់ទីក្រុងគុនមីញផងដែរ។ ទីក្រុងគុនមីញមានស្រុក ខណ្ឌចំនួន១៤ ដូចរាជធានភ្នំពេញដែរ មានប្រជាពលរដ្ឋរស់នៅប្រមាណជាង៨លាននាក់ មានសីតុណភាពជាមធ្យមប្រចាំឆ្នាំគឺ១៥អង្សាសេ ជាទីក្រុងដែលមានផ្ការស្រស់ដែលអាចនាំផ្កាស្រស់ ចេញទៅក្រៅប្រទេសបានប្រមាណ១៣៥ពាន់លានដើម ក្នុងមួយឆ្នាំ ។ ទីក្រុងនេះ ក៏ជាទីក្រុងដែលអភិវឌ្ឍន៍ខ្លាំង ពិសេសលើវិស័យទេសចរណ៍៕








សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា,




ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេងចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីខ្ញុំ, ខ្ញុំបានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ។ 


ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់អំពីចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងរបស់រូបខ្ញុំផ្ទាល់ពាក់ព័ន្ធនឹងករណីនេះ។ 


ក្រោយពេលដែលឃើញមានផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមអំពីករណីទាមទារសំណងរបស់ប្រជាពលរដ្ឋដែលបានវិនិយោគនៅលើគម្រោង ប្រ៊ីលានស៊ីធី នៅខេត្តសៀមរាប របស់អតីតឧកញ៉ា ឡេង ចាន់ណា, នៅក្នុងអំឡុងពាក់កណ្តាលខែកុម្ភ: ឆ្នាំ២០២៤ ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក៏ដូចជា ជូនឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងក្រុមជំនួយការច្បាប់របស់ខ្ញុំដើម្បីស្រាវជ្រាវ ក៏ដូចជារិះរកដំណោះស្រាយលើករណីនេះ។ 


តាមការប្រគល់ភារកិច្ច, ឯកឧត្តម សាយ សំអាល់ បានព្យាយាមធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងគោលបំណងរកដំណោះស្រាយជូនប្រជាជនវិញ ទៅតាមលទ្ធភាពដែលអាចទៅបាន និងទៅតាមជំហានដែលអាចធ្វើទៅបាន ប៉ុន្តែ ដំណោះស្រាយតាមវិធីនេះ ពុំអាចធ្វើទៅបាន។ 


ជាមួយគ្នានេះ, សមត្ថកិច្ចក៏បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ហើយបានរកឃើញថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលានសីធី ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែ ផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ។ 


ផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតនេះ, នៅថ្ងៃទី១២ មីនា ២០១៤ ខ្ញុំបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងឈានទៅឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន។ 


ជាមួយគ្នានេះ, នៅថ្ងៃទី១៣ មីនា ២០២៤ ខ្ញុំបានធ្វើសំណើថ្វាយ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបញ្ចប់ងារជាឧកញ៉ា របស់លោកស្រី ឡេង ចាន់ណា ដែលមានព្រះរាជក្រឹត្យចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៅថ្ងៃទី១៤ មីនា ២០២៤។ 


ទោះបីជាសំណុំរឿងស្ថិតនៅក្នុងដៃរបស់តុលាការ ក៏រាជរដ្ឋាភិបាលនៅបន្តតាមដានករណីនេះជាប្រចាំ និងបានប្រគល់ភារកិច្ចឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តការស្រាវជ្រាវ និង សហការគាំទ្រដល់ដំណើការរបស់តុលាការគ្រប់រូបភាពដែលច្បាប់អនុញ្ញាត ធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាពទៅតាមផ្លូវច្បាប់។ 


ចុងក្រោយនេះ, យោងតាមសំណូមពរពីប្រជាពលរដ្ឋដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលដើម្បីជួយក្នុងករណីនេះ, ខ្ញុំបានប្រគល់ភារកិច្ចជូនក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដែលមានឯកឧត្តម គី តិច ជាប្រធាន ដើម្បីខិតខំការពារប្រជាពលរដ្ឋរងគ្រោះក្នុងករណីនេះ ព្រមទាំងផ្តល់នូវជំនួយផ្នែកច្បាប់នានាតាមការចាំបាច់ ជាពិសេស ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋតាមផ្លូវតុលាការ។ ខ្ញុំស្នើមេធាវីរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នមានសមត្ថកិច្ចទាំងអស់ដែលមានការពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ហើយធានាឱ្យបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមាន។ រាជរដ្ឋាភិបាល នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើសំណុំរឿងនេះ។ 


យើងនឹងបន្តខិតខំរួមគ្នាដើម្បីស្វែងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ ទៅតាមនីតិវិធីច្បាប់ជាធរមាន។





រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តខ្ពស់ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា


ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតជូនលោកជំទាវ រ៉ូអៃដា អ៊ែល ហេក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 


ក្នុងជំនួបនោះ បានផ្តោតទៅលើវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការរវាងរាជ រដ្ឋាភិបាលកម្ពុជាជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) រួមមានសកម្មភាពនានា តួនាទី និងសមិទ្ធផលដែលការិយាល័យ OHCHR សម្រេចបាននៅកម្ពុជា រយៈពេលកន្លងមក។


ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តខ្ពស់ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិអន្តរជាតិផ្នែកសិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័ន និងទទួលយកអនុសញ្ញាអន្តរជាតិ៨ ក្នុងចំណោមអនុសញ្ញាអន្តរជាតិ៩ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះលម្ហពលរដ្ឋ និងនយោបាយ និងសិទ្ធិសេដ្ឋកិច្ចសង្គមរបស់ប្រជាជនកម្ពុជា។


ជាមួយគ្នានោះ លោកជំទាវ រ៉ូអៃដា អ៊ែល ហេក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នាកន្លងមក។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នឹងបន្តផ្តល់ជំនួយបច្ចេកទេសជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សប្រជាជនកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជារីករាយសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឆ្ពោះទៅសម្រេចបាននូវគោលដៅដ៏ថ្លៃថ្លាក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយឈរលើគោលការណ៍សមភាព និងអធិបតេយ្យរបស់រដ្ឋ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។


សូមបញ្ជាក់ជូនថា ក្នុងជំនួបខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ រ៉ូអៃដា អ៊ែល ហេក បានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាង៣ទសវត្សរ៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ដែលនេះបង្ហាញឱ្យឃើញពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយយន្តការអង្គការសហប្រជាជាតិ៕






សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះវេលាម៉ោង៨ព្រឹក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅ​ប្រទេស​កូរ៉េ​ខាងត្បូងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤ ដើម្បី​ពង្រឹង​ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្ម​រវាងកម្ពុជា និងកូរ៉េខាងត្បូង។


យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ធ្វើឡើងតបតាមការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។


អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗ​នៃ​រាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។


ក្នុងទស្សនកិច្ចជាលើកដំបូងលើទឹកដីកូរ៉េខាងត្បូងក្នុងឋានៈជានាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី យូន សកយ៉ល។ ក្នុងជំនួបនេះ នឹងពិភាក្សាស៊ីជម្រៅលើភាពជាដៃគូ និងពង្រីកកិច្ចសហ​ប្រតិ​បត្តិ​ការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ឱ្យឈានទៅកម្រិតថ្មី។ ថ្នាក់​ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយ​ចំនួន​ពាក់ព័ន្ធការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។


សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីកូរ៉េ​ខាង​ត្បូង លោក ហាន់ ដុកស៊ូ (Han Duck-soo) និងប្រធានរដ្ឋសភា លោក គីម ជីនណូ (Kim Jin-pyo)។


សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយ​ក្រុម​​ហ៊ុនកូរ៉េសំខាន់ៗមួយចំនួន។ ឆ្លៀតក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ក៏នឹងជួប​សំណេះ​សំណាលជាមួយសហគមន៍ខ្មែរ​កំពុងរស់នៅសិក្សារៀនសូត្រ និងធ្វើការនៅកូរ៉េខាងត្បូងផងដែរ។


សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ១៩៩៧។ ចំណងការទូតនេះ ត្រូវបានបង្កើតឡើងវិញ ក្រោមកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន ឬអាចហៅបានថា សម្តេចតេជោ ជាឆ្មបបង្កើតនូវទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង។


បន្ទាប់ពីបង្កើតជាផ្លូវការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ​ត្រូវបាន​ពង្រឹង​ពង្រីក និងលើកកម្ពស់ឱ្យកាន់តែរឹងមាំ និងមានភាពល្អប្រសើរជាបន្តបន្ទាប់។


ដើម្បីពូនជ្រំទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង សមេ្ដចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រីរបស់កម្ពុជា បានបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ចំនួន៨លើក។ ក្នុងនោះទស្សនកិច្ចផ្លូវការចំនួន៥លើក ធ្វើឡើងឆ្នាំ១៩៩៦, ២០០១, ២០០៦, ២០០៩ និង ២០១៤។ ទស្សនកិច្ចក្រៅផ្លូវការចំនួន ៣លើក ធ្វើឡើងនៅឆ្នាំ២០០៨, ២០២០ និង២០២២។


កូរ៉េខាងត្បូង បានក្លាយជាប្រទេសមួយ ដែលបានចូលរួម​ចំណែក​យ៉ាងច្រើនលើកិច្ចអភិវឌ្ឍន៍នៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់ផ្លូវ លើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់វិស័យសុខាភិបាល និងការអភិវឌ្ឍជនបទជាដើម។


តាមរយៈទំនាក់ទំនងល្អប្រសើរ កម្ពុជា និងកូរ៉េខាងត្បូង ក៏បានពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាក្នុងកំណើនគួរឱ្យកត់សម្គាល់។


ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៣ មានទំហំថវិកាសរុបប្រមាណ ៧៥១លានដុល្លារ។ រយៈពេល៣ខែឆ្នាំ២០២៤ សម្រេចបានជិត ២០០លានដុល្លារអាមេរិក។


ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកូរ៉េក្នុងឆ្នាំ២០២៣ រួមមាន ម៉ាស៊ីន និងឧបករណ៍​អគ្គិ​សនី ស្បែកជើង សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ អាលុយមីញ៉ូម ម៉ាស៊ីន និងបរិធាន​មេកា​និក វត្ថុធ្វើអំពីស្បែក ប្រដាប់ប្រដាក្មេងលេង វត្ថុចាំបាច់សម្រាប់កីឡា ផលិតផលឱសថ ប្លា​ស្ទិក ក្រដាសនិងក្រដាសកាតុង កៅស៊ូ ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបាន ជាដើម។


ទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីកូរ៉េ ក្នុងឆ្នាំ២០២៣ រួមមាន យានជំនិះ ម៉ាស៊ីន ឧប​ករណ៍​អគ្គិសនី ភេសជ្ជៈ ស្រា និងទឹកខ្មេះ ស្បែកឆៅ (ក្រៅពីស្បែកជាប់រោម) ស្បែកសម្លាប់ ប្លាស្ទិក ផលិតផលឱសថ វត្ថុវាយនភណ្ឌកែច្នៃរួចផ្សេងទៀត កៅស៊ូ ម៉ាស៊ីន និងបរិធាន​មេកានិកជាដើម។


កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កម្ពុជា និងកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីជាមួយគ្នា។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរមានទំហំកាន់តែធំឡើង។


ដោយឡែកការវិនិយោគវិញ ­ចាប់ពីឆ្នាំ១៩៩៤ ដល់ដើឆ្នាំ២០២៤នេះ ទុនវិនិយោគមកពី​កូរ៉េខាងត្បូង មានទំហំជាង ៥ពាន់លានដុល្លារអាមេរិក៕













ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់ពីដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ


នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ។


នាឱកាសនោះ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ គណៈប្រតិភូជាន់ខ្ពស់ ដែលអញ្ជីញអមដំណើរ សម្ដេចធិបតី ក្នុងឱកាសនេះ រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល  ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។


ក្នុងដំណើរអញ្ជើញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតី យូន សក យ៉ល (Yoon Suk Yeol) ដែលនឹងពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។


ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា សម្តេចធិបតី ក៏នឹងមានកម្មវិធីសំខាន់ៗមួយចំនួនទៀត រួមមាន៖ (១). ជំនួបជាមួយ ឯកឧត្តម ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋកូរ៉េ (២). ជំនួបសម្តែងការគួរសមចំពោះ ឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ (៣). ទទួលជំនួបសម្តែងការគួរសមដោយ ឯកឧត្តម ឆុង អ៊ី យុង (Chung Eui-yong)  ប្រធានអង្គការ ICAPP (៤). អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និង (៥).ទទួលជំនួបសម្តែងការគួរសមជាបន្តបន្ទាប់ ពីបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួន។ ក្រៅពីកម្មវិធីខាងលើ សម្តេចធិបតី នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ ផងដែរ។


ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្ដេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕