ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា
កំពុងធ្វើកំណាយបន្ទាន់មួយនៅលើទំនប់ត្រពាំងខ្មោច ដែលស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង
សង្កាត់នគរធំ ក្រុងសៀមរាប មុននឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាននៃសង្កាត់នគរធំ
ធ្វើការស្តារឡើងវិញ។ ការធ្វើកំណាយនៅពេលនេះ ដើម្បីស្តារត្រពាំងបុរាណឡើងវិញនៅពេលនេះ
គឺ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត
ដើម្បីឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្តារត្រពាំង និងស្រះបុរាណឡើងវិញសម្រាប់ទប់ទឹកប្រើប្រាស់កុំឲ្យខ្វះខាតនាឆ្នាំខាងមុខៗ។
លោក
ង៉ា ចុង ចៅសង្កាត់នគរធំ បានរៀបរាប់ថា ត្រពាំងខ្មោចជាត្រពាំងបុរាណ ហើយបច្ចុប្បន្នបានលុបស្ទើរតែទាំងស្រុង
ប្រជាពលរដ្ឋបានធ្វើស្រែក្នុងត្រពាំងនេះជារៀងរាល់ឆ្នាំទៀតផង។ ដើម្បីកុំឲ្យត្រពាំងបុរាណនេះលុបបាត់
ទើបសហគមន៍ភូមិសង្កាត់ មានគម្រោងស្តារបង្កើតជារមណីយដ្ឋានដាក់ទឹក ដាក់ត្រី
ឲ្យបានខួបប្រាំងខួបវស្សា បម្រើផលប្រយោជន៍សហគមន៍ និងដោះស្រាយជីវភាពជូនប្រជាពលរដ្ឋ
កុំឲ្យប្រជាពលរដ្ឋធ្វើចំណាកស្រុក។
លោក ថូ
ថុន អ្នកជំនាញបុរាណវិទ្យាដែលកំពុងដឹកនាំការធ្វើកំណាយ បានឲ្យដឹងនៅរសៀលថ្ងៃទី១៨
ខែឧសភា ឆ្នាំ២០១៦នេះថា ក្រុមការងាររបស់លោកកំពុងធ្វើកំណាយស្រាវជ្រាវផ្នែកបុរាណវិទ្យានៅលើទីទួលទំនប់នៃត្រពាំង
និងចំកណ្តាលត្រពាំង ដើម្បីបង្ការការប៉ះពាល់ណាមួយ មុនពេលដែលអនុញ្ញាតឲ្យមានការស្តារត្រពាំងឡើងវិញ។
លោក ថុន រៀបរាប់ថា ការធ្វើកំណាយនេះ ក៏ក្នុងគោលបំណងដឹងពីកំណកបង្គរដីក្នុងត្រពាំងបុរាណ
ហើយនឹងផ្តល់អនុសាសន៍ដល់អាជ្ញាធរមូលដ្ឋានថា តើគួរជីកត្រពាំងនេះឡើងវិញក្នុងជម្រៅណា
ដែលសមស្រប និងមិនធ្វើឲ្យប៉ះពាល់ទេសភាពវប្បធម៌នៃរមណីយដ្ឋានអង្គរ។
លោកបន្ថែមថា
ដោយសារកំណាយនេះត្រូវធ្វើបន្ទាន់ឆ្លើយតបនឹងសំណើសុំរបស់ចៅសង្កាត់ និងដោយយល់ថា
ត្រពាំងបុរាណមិនមានផលប៉ះពាល់ផ្នែកបុរាណវិទ្យាខ្លាំងដូចទួលប្រាសាទជាដើមនោះ ទើបក្រុមការងារសម្រេចធ្វើកំណាយដោយប្រើគ្រឿងចក្រ
ជំនួសឲ្យការធ្វើកំណាយដោយដៃដែលអាចចំណាយពេលយូរដល់ទៅរាប់ខែ។ អ្នកដឹកនាំកំណាយរូបនេះបញ្ជាក់ថា
ការធ្វើកំណាយរបស់ក្រុមលោកនឹងបញ្ចប់ក្នុងពេលប្រហែល១សប្តាហ៍ទៀត ហើយបន្តពីនោះ
អាជ្ញាធរមូលដ្ឋានអាចចាប់ផ្តើមស្តារត្រពាំងបុរាណនេះឡើងវិញបានហើយ។
លោក
ញ៉ែម រស្មី មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹកអះអាងថា ការស្តារត្រពាំងបុរាណនេះគឺជួយដល់កិច្ចការអភិរក្សពាំង
ព្រោះការស្តារនេះនឹងធ្វើឲ្យត្រពាំងស្ថិតនៅយូរអង្វែងតទៅទៀត មិនក្លាយជាវាលស្រែ
ឬជាទីសាងសង់លំនៅឋានរបស់ប្រជាពលរដ្ឋ។
ត្រពាំងខ្មោចមានទីតាំងនៅខាងកើតប្រាសាទបាតជុំ
មានបណ្តោយ៣៨៧ម៉ែត្រ និងទទឹង១៧៤ម៉ែត្រ។ សព្វថ្ងៃត្រពាំងនេះរាក់ស្ទើរតែមើលលែងស្គាល់ថាជាត្រពាំងទៅហើយ
ព្រមទាំងមានប្រជាពលរដ្ឋចូលទៅធ្វើស្រែទៀតផង។ ការផ្តួចផ្តើមក្នុងការស្តារត្រពាំងបុរាណរបស់សហគមន៍នៅពេលនេះ
ជាការឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ស្រឡាញ់ថែរក្សាមត៌កដូនតា។
នេះជាសកម្មភាពចូលរួមអភិរក្សរបស់សហគមន៍ដែលគួរឲ្យលើកទឹកចិត្តគ្រប់មជ្ឈដ្ឋានទាំងអស់៕