លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានស្នើដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ត្រូវខិតខំបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពង្រីការហោះហើរត្រង់បន្ថែម ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើន ព្រមទាំងត្រូវដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនទៀតផងដែរ។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំកម្រិតអគ្គ នាយកទេសចរណ៍អាស៊ានលើកទី៥០ (ASEAN NTOs) ជាផ្លូវការ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងឯកឧត្តម PG Kamalrudzaman Haji Mohd Ishak អគ្គលេខាធិការក្រសួងធនធាន ឧស្សា ហកម្ម និងទេសចរណ៍ នៃប្រទេសប្រ៊ុយណេ ដែលជាប្រធានអង្គប្រជុំ ASEAN NTOs លើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងពិធីបើកកិច្ចប្រជុំ ASEAN NTOs នេះទៀតសោត លោករដ្ឋមន្ត្រី ថោង ខុន បានឆ្កឹះអំពីបញ្ហាប្រឈមមួយ ចំនួនដែលប្រទេសជាសមាជិកអាស៊ាន ត្រូវមានកិច្ចសហប្រតិបត្តិការដោះស្រាយរួមគ្នា ក្នុងនោះត្រូវជំរុញការធ្វើដំណើរទស្សនាកម្សាន្តផ្ទៃក្នុងអាស៊ានឱ្យបានផុសផុលឡើង សំដៅធ្វើយ៉ាងណាឱ្យទទួលបានកំណើនជាមធ្យម ៤% ក្នុងមួយឆ្នាំ និងជំរុញឱ្យទេសចរអាចធ្វើដំណើរទស្សនាកម្សាន្តបានដោយខ្លួនឯង ពិសេសដំណើរកម្សាន្តឆ្លងប្រទេស។
លោក ថោង ខុន បានសម្លឹងឃើញពីសក្ដានុពលនៃ «ទេសចរណ៍ម្ហូបអាហារ» យូរមកហើយ ដោយក្នុងកិច្ច ប្រជុំខាងលើនេះដែរ ឯកឧត្តមបានជំរុញឱ្យអង្គប្រជុំ ASEAN NTOs រួមគ្នាពិភាក្សាពីចំណុចដ៏សំខាន់មួយនេះ សំដៅធ្វើយ៉ាងសម្រេចឱ្យបាននូវ «ស្ដង់ដារទេស ចរណ៍ម្ហូបអាហារអាស៊ាន» នេះឱ្យបាន។
ដោយសារតែនៅតំបន់អាស៊ានសម្បូរទៅដោយធនធានធម្មជាតិ វប្បធម៌រូបិយ-អរូបិយ ដែលអំណោយផលដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់ ឱ្យក្លាយទៅជាផលិតផលដ៏ល្អឯក និងផ្ដល់នូវការចងចាំដ៏ជក់ចិត្តដល់ទេសចរ ដូច្នេះហើយបានជាលោក ថោង ខុន ជំរុញលើកទឹកដល់ប្រទេសសមាជិកអាស៊ាន ត្រូវធ្វើយ៉ាងណាបង្កើតផលិតផលទេសចរណ៍ថ្មីៗឱ្យបានច្រើន ដើម្បីទាក់ ទាញទេសចរឱ្យមកទស្សនាកើនឡើងកាន់តែច្រើនថែម ទៀត។
រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ក៏បានថ្លែងអំណរគុណដល់ប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីផងដែរ ដែលបានត ភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា ដែលនេះជាការរួម ចំណែកដល់ការជំរុញចរន្តភ្ញៀវទេសចរពីគ្នាទៅវិញ ទៅមក។
សូមជម្រាបថា កិច្ចប្រជុំ ASEAN NTOs ខាងលើ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ ២០១៩។ ក្រៅពីកិច្ចប្រជុំ ASEAN NTOs អាស៊ាននេះ ក៏មានកិច្ចប្រជុំ ASEAN NTOs បូក៣ ដែលមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ហើយនឹងមានកិច្ចប្រជុំក្នុងក្របខណ្ឌមជ្ឈមណ្ឌលអាស៊ាន-ចិន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង ព្រមទាំងមានកិច្ចប្រជុំជាមួយដៃគូសន្ទនាផ្សេងទៀតផងដែរ៕