បទអត្ថាធិប្បាយ
ច្បាប់ព្រៃ
វាផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា!
ការប្រកាសរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ
ដែលបង្ខំឱ្យសម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជាត្រូវតែចុះចេញពីតំណែង
គឺជាទង្វើបំពានច្បាប់ ជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ
វាមានតម្លៃស្មើនឹងការយកច្បាប់ព្រៃមកអនុវត្តនៅកម្ពុជា។
មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និង កឹម
សុខា មកដល់នាទីនេះ ត្រូវបានគេដឹងថា ខ្វះភាពជាបញ្ញាជន ភ្លេចស្គាល់អំពីតម្លៃខ្លួនឯងថា
ជាជាតិសាសន៍ខ្មែរដែលគួរតែជាអ្នកប្រកាន់នូវភាពថ្លៃថ្នូរ លើកតម្កើងកិត្តិយសជាតិ គោរពរដ្ឋធម្មនុញ្ញ
និងដង្ហែរតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រជាទីគោរពបំផុតរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប
ប៉ុន្តែ ផ្ទុយទៅវិញ ពួកក្រុមមេដឹកនាំគណបក្សប្រឆាំង បែរជាប្រកាសខ្លួនធ្វើជាជនពាលដ៏កាចសាហាវ
តាមរយៈសកម្មភាពបង្កភាពចលាចល វឹកវក្នុងសង្គម ម្តងហើយ ម្តងទៀតឥតស្រាកស្រាន្ត។
មេបក្សប្រឆាំង
សកម្មជនមួយក្រុមតូច រួមទាំងបក្ខពួក
ក្រោយការបោះឆ្នោតបានបង្កើតជាកម្លាំងបះបោរ ជ្រកក្រោមឈ្មោះប្រជាធិបតេយ្យក្លែងក្លាយ
ញុះញង់ប្រជាពលរដ្ឋឱ្យងើបឡើងធ្វើមហាបាតុកម្មប្រឆាំងជាមួយរាជរដ្ឋាភិបាលខ្លួនឯង
ដោយយកតាមគំរូបដិវត្តនៅអារ៉ាប់ និងចលនាបះបោរតាមរបៀបដូចនៅប្រទេសជិតខាងខ្លះទៀត។
បញ្ហានៅប្រទេសដទៃមួយចំនួនដែលកំពុងមានភាពកាលាហលសង្គម
វាមានសភាពផ្សេងពីនយោបាយនៅកម្ពុជា។
នៅកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ បានធ្វើការបោះឆ្នោតរួចហើយ
សម្រាប់ការជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៥ តាមបែបប្រជាធិបតេយ្យ
សេរីពហុបក្ស ប្រព្រឹត្តទៅដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌បំផុត
ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍គ្រប់គណបក្សនយោបាយ
អង្គការជាតិ អន្តរជាតិនានា។ ការបោះឆ្នោតកន្លងមកនេះ
ត្រូវបានអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតអន្តរជាតិ ICAPP និង CAPDI បានវាយតម្លៃខ្ពស់ថា ប្រជាធិបតេយ្យ បាន និងកំពុងចាស់ឬសយ៉ាងជ្រៅនៅកម្ពុជា។
ការពិតនៅកម្ពុជា តាំងពីមុនការបោះឆ្នោត
និងមកដល់បច្ចុប្បន្ន មិនមានការជាប់គាំងនយោបាយសោះឡើយ ដោយ ស្ថាប័ននីតិបញ្ញត្តិ
ប្រតិបត្តិ បាន និងកំពុងដំណើរការជាប្រក្រតីក្នុងភាពស្របច្បាប់របស់ខ្លួន
តាំងតែពីពេលបើកសម័យប្រជុំសភាលើកដំបូងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រមកម៉្លេះ។
ផ្ទុយទៅវិញ ទង្វើដែលគ្មានមូលដ្ឋានច្បាប់របស់ក្រុមប្រឆាំង ដូចជាការបដិសេធលទ្ធផលឆ្នោត
ការធ្វើពហិការមិនចូលប្រជុំសភា ការជេរប្រមាថមកលើស្ថាប័នជាតិដោយពាក្យអសុរោះ
ការប៉ុនប៉ងយកគណបក្សប្រជាជនកម្ពុជាដែលឈ្នះឆ្នោតធ្វើជាចំណាប់ខ្មាំង ក្រោមលេសចោទប្រកាន់ថា
បានលួចបន្លំសន្លឹកឆ្នោត និងការដឹកនាំធ្វើបាតុកម្ម
ដោយហែរក្បួនយ៉ាងអានាធិបតេយ្យក្នុងទីក្រុង ទីប្រជុំជន
និងនៅតាមបណ្តាខេត្តនានា ។ល។ និង។ល។ គឺគណបក្សសង្គ្រោះជាតិទៅវិញទេ ដែលជាឆ្នួនសង្គ្រាមនាំឱ្យមានហិង្សាសង្គម
ជាមេក្រុមជ្រុលនិយម ដែលនាំឱ្យសង្គមបែកបាក់ឯកភាពជាតិ
ដោយពួកគេតែងលាបព៌ណខ្មែរថា ជាយួន ឬជាចោរលួចសន្លឹកឆ្នោតជាដើម។ នេះហើយ
គឺជាការនាំគ្រោះភ័យដល់ជាតិ ហើយវាក៏ជាទង្វើអាក្រក់របស់មេដឹកនាំគណបក្សប្រឆាំង
ដែលបាន និងកំពុងតែបំផ្លាញនីតិរដ្ឋយ៉ាងជាក់ច្បាស់នៅកម្ពុជា
នៅពេលដែលគណបក្សរបស់ខ្លួនចាញ់ឆ្នោត ហើយបង្កបញ្ហាវឹកវបែបនេះ។
មិនដូចអ្វីដែលគណបក្សប្រឆាំងកំពុងស្រែកភូតកុហក
បំភ័ន្តសាធារណមតិនោះទេ គឺសហគមន៍ជាតិ និងអន្តរជាតិ បានដឹងច្បាស់ណាស់
អំពីភាពមិនប្រក្រតីមួយចំនួនក្រោយការបោះឆ្នោត ដោយកម្ពុជា
មានយន្តការច្បាប់សម្រាប់ដោះស្រាយបញ្ហាអស់ទាំងនោះរួចរាល់ហើយ
តាមរយៈការដោះស្រាយពាក្យបណ្តឹងដោយក្រុមប្រឹក្សាធម្មនុញ្ញ
និងបានបើកកញ្ចប់សុវត្ថិភាព«ក» នៅតាមការិយាល័យបោះឆ្នោតមួយចំនួន
តាមការទាមទាររបស់គណបក្សសង្គ្រោះជាតិ គឺមិនឃើញមានភាពមិនប្រក្រតី
បង្កជាឧបសគ្គប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត ដូចការចោទប្រកាន់នោះឡើយ។
ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បានទន្ទេញពាក្យ ភាពមិនប្រក្រតីជាប់រហូតមក
ដដែលៗ ដោយគ្មានទទួលស្គាល់ការពិត។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលមាននិន្នាការគាំទ្របក្សប្រឆាំង
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣នេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ
ហាក់ដូចជាមាននូវសុទិដ្ឋិនិយមជ្រុលហួសហេតុ ដែលថា
គណបក្សរបស់ខ្លួននឹងដឹកនាំប្រទេសក្នុងពេលឆាប់ៗនេះ
បន្ទាប់ពីពួកគេធ្វើការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ ដែលតាមប្រកាសថា
នឹងមានអ្នកចូលរួមរាប់ម៉ឺននាក់ ប៉ុន្តែ ការពិតជាក់ស្តែង
មហាបាតុកម្មកាលពីថ្ងៃទី១០ ខែធ្នូ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ
មានអ្នកចូលរួមប្រមាណជាង២ពាន់នាក់តែប៉ុណ្ណោះ។
ការធ្លាក់ចុះចំនួនអ្នកគាំទ្រដ៏គំហុកបែបនេះ បង្ហាញថា
ប្រជាពលរដ្ឋបានធុញទ្រាន់នឹងការចូលរួមធ្វើបាតុកម្មម្តងហើយម្តងទៀតនោះ
ដោយអាចថា ពួកគាត់អស់សង្ឃឹម
ឬដឹងថាបានចាញ់បោកអ្នកនយោបាយប្រឆាំងទាំងនោះ។ ប៉ុន្តែ
ការធ្លាក់ចុះនៃចំនួនអ្នកចូលរួម វាក៏ជាសញ្ញាបញ្ជាក់យ៉ាងច្បាស់នូវភាពខ្សោះខ្យល់របស់មេបក្សប្រឆាំង
អំពីរបៀបដឹកនាំធ្វើនយោបាយដែលគ្មានគោលការណ៍ច្បាស់លាស់ គឺធ្វើតាមអារម្មណ៍រវើរវាយ
ម្តងគិតឃើញចង់ធ្វើនេះ ម្តងគិតឃើញចង់ធ្វើនោះ តាមតែអំពើចិត្ត ។
ក្រុមអ្នកច្បាប់
និងអ្នកកាទូតមួយចំនួន
បានរិះគន់ត្រង់ៗចំពោះមេដឹកនាំគណបក្សប្រឆាំងថា បាន
និងកំពុងលេងនយោបាយប្រកបដោយគ្រោះថ្នាក់ចំពោះជាតិខ្លួនឯង។
គ្រោះថ្នាក់នោះ គឺការភ្លេចគិតអំពីផលវិបាក
ជាហេតុបច្ច័យត្រឡប់មកពួកខ្លួនវិញ ឬក៏អាចនឹងកើតមានឡើងនូវបញ្ហាធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋជាក្រុមអ្នកគាំទ្រ
នៅពេលដែលសកម្មភាពប្រឆាំងរដ្ឋធម្មនុញ្ញបានរអិលធ្លាក់ចូលទៅក្នុងបទល្មើសព្រហ្មទណ្ឌ បទល្មើសកុបកម្ម
តាមរយៈអំពើញុះញង់ បះបោរ ចលាចល ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ
និងសន្តិសុខជាតិ ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចអនុវត្តវិធានការច្បាប់។
ការដឹកនាំនយោបាយតាមអារម្មណ៍
បានស្តែងឡើងនៅពេលដែលគេដឹងថា មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី
តែងតែធ្វើនយោបាយប្រកាន់ខ្ជាប់នូវបរទេសនិយម បំផ្លាញអ្នកវិនិយោគមិនឱ្យមកបណ្តាក់ទុននៅស្រុកខ្មែរ
ជ្រើសរើសយកការធ្វើបាតុកម្មជាមធ្យោបាយដើម្បីដណ្តើមអំណាច ។
មិនត្រឹមតែប៉ុណ្ណោះ ជានិច្ចកាល សម រង្ស៊ី បានប្រដូចខ្លួនឯងទៅនឹងឥស្សរជននៃបណ្តាប្រទេសមួយចំនួន
ដូចជា មហាត្មះគន្ធី នៃប្រទេសឥណ្ឌា អ៊ុងសានស៊ូជី នៃប្រទេសភូមា និងលោក ណែលសុន ម៉ាន់ដឺឡា អតីតប្រធានាធិបតី
អាព្រិកខាងត្បូង ដែលទើបនឹងទទួលមរណភាពនាពេលថ្មីៗនេះ ដោយគិតថា សកម្មភាពនយោបានរបស់ខ្លួនលេចធ្លោរដូចឥស្សរជនទាំងនោះ
។ ជាការពិតសម្រាប់ សម រង្ស៊ី
នាពេលបច្ចុប្បន្ននេះ គឺអាចនឹងមានចរិតនយោបាយ
ដូចពួកក្រុមជ្រុលនិយមមួយចំនួននៅប្រទេសជិតខាង
ដែលជាគណបក្សប្រជាធិបតេយ្យ ប៉ុន្តែ ពេលដែលខ្លួនចាញ់ឆ្នោតហើយ
បែរជាមិនសុខចិត្ត និងបង្កើតនូវចលនាបះបោរ (បុគ្គលនោះ អាចត្រូវបាន សម
រង្ស៊ី ចាត់ទុកជាគ្រូរបស់ខ្លួន) និងបានចម្លងមេរៀនច្បាប់ព្រៃនោះ
យកមកអនុវត្តនៅស្រុកខ្មែរ។ នេះ ជាវប្បធម៌ថ្មីនៃនយោបាយ ស៊ីឡាក របស់សម រង្ស៊ី
ដោយប្រើឥទ្ធិពលពីប្រទេសជិតខាង មកបំផ្លាញប្រជាធិបតេយ្យនៅស្រុកខ្មែរ។
ការទាមទាររបស់គណបក្សសង្គ្រោះជាតិបង្ខំឱ្យ
សម្តេចតេជោ ហ៊ុន សែន ត្រូវតែចុះចេញពីតំណែងនាយករដ្ឋមន្ត្រី
គឺជាប្រធានបទដ៏ក្តៅគគុក ដែលត្រូវបានមេបក្សប្រឆាំងយកមកធ្វើជាសារសម្រាប់ទាក់ទាញប្រជាពលរដ្ឋ ដោយលើកតំកើងពួកគាត់(ប្រជាពលរដ្ឋ)ថា
ជាម្ចាស់អំណាច និងម្ចាស់ប្រទេស ត្រូវតែនាំគ្នាចូលរួមធ្វើបាតុកម្ម។
ប៉ុន្តែ ប្រជាពលរដ្ឋមួយចំនួន ដែលធ្លាក់ចូលក្នុងអន្ទាក់របស់ក្រុមប្រឆាំង
អាចនឹងមិនបានដឹងទេថា រាជរដ្ឋាភិបាលមានកាតព្វកិច្ចពេញលេញ
ជាអ្នកទទួលខុសត្រូវ រក្សា និងការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ ដើម្បីឧត្តមប្រយោជន៍ជាតិ
និងមាតុភូមិ គឺមានសិទ្ធិក្នុងការចាត់វិធានការផ្លូវច្បាប់គ្រប់ពេល
ដើម្បីធានាស្ថេរភាពនយោបាយ និងសន្តិសុខជាតិ។
នៅក្នុងសង្គមដែលមានរដ្ឋធម្មនុញ្ញក្នុងការធានានូវនីតិរដ្ឋ
រាល់ការទាមទារទាំងឡាយណាដែលគ្មានមូលដ្ឋានច្បាប់ គឺជាការដើរខុសផ្លូវនៃប្រជាធិបតេយ្យ។
មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា បានលុងជ្រៅទៅក្នុងសុបិន្តដ៏រវើរវាយនេះ
និងបានយកប្រជាពលរដ្ឋធ្វើជាឈ្នាន់បំរើនយោបាយខ្លួន
ក្នុងការប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដោយភ្លេចគិតអំពីសំឡេងឆ្នោតប្រជាពលរដ្ឋដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជាជាង៣លាននាក់
ស្មើនឹង៦៨អាសនៈ ដែលជាសំឡេងគាំទ្រដ៏ច្រើនលើសលប់។ ប្រជាពលរដ្ឋទាំងនោះ
អាចនឹងងើបឡើងប្រឆាំងតបតនៅពេលណាមួយ ដែលសិទ្ធិរបស់ពួកគាត់ជាម្ចាស់ឆ្នោត
ត្រូវបានបក្សប្រឆាំងដែលទទួលសំឡេងគាំទ្រតែ៥៥អាសនៈ
ជាន់ឈ្លី និងធ្វើឱ្យពួកគាត់ទ្រាំលែងបាន
។
ដូច្នេះ ការបង្ខំតាមច្បាប់ព្រៃដែលគ្មានចែងនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញដោយគណបក្សប្រឆាំង
ទាមទារឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី ចុះចេញពីដំណែង គឺជាទង្វើបំពានច្បាប់ទាំងកំរោល
និងមិនត្រូវបានចាត់ទុកថា ជាការទាមទារដែលមានតម្លៃផ្លូវច្បាប់នោះឡើយ។
រដ្ឋធម្មនុញ្ញរបស់កម្ពុជា
មាត្រា ៩៨ថ្មី ចែងថា
រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬរាជរដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោសតាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល។
យោងលើអត្ថន័យក្នុងច្បាប់កំពូលនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា «គណបក្សសង្គ្រោះជាតិ
គ្មានសិទ្ធិអំណាចនឹងយកច្បាប់ព្រៃ មកទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ តាមមធ្យោបាយណាមួយដែលផ្ទុយពីគោលការណ៍ច្បាប់របស់កម្ពុជាបានជាដាច់ខាត!»៕
អត្ថបទ៖ ពូន សំរេច