Friday, October 26, 2018

រដ្ឋលេខាធិការក្រសួងធនធានទឹក ជំរុញឱ្យមន្រ្តីត្រូវបន្តយកចិត្តទុកដាក់ ថែរក្សាទឹកទុកឱ្យបានល្អ ខណៈដែលរដូវវស្សានឹងឈានទៅបញ្ចប់ក្នុងពេលឆាប់នេះៗ

បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផល នៅក្នុងខេត្តបាត់ដំបង និងការចុះសិក្សាលើគម្រោងអភិវឌ្ឍន៍ធនធានទឹក នៅតំបន់ស្ទឹងក្រញូង ( ក្បាលស្ទឹងសង្កែ ) ស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង និងគម្រោងអភិវឌ្ឍន៍ធនធានទឹកនៅតំបន់ក្បាលស្ទឹងបវេល ស្ថិតនៅក្នុងខេត្តប៉ៃលិនរួចមក នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៨ នេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យស្ថានភាពទឹក សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលនៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានជម្រាបជូនលោករដ្ឋលេខាធិការ ជ្រាបថា មកដល់ពេលនេះ ដំណាំស្រូវនៅក្នុងខេត្តទាំងពីរ ពុំមានបញ្ហាប្រឈមនឹងកង្វះខាតទឹកទេ ។ ចំពោះស្រូវស្រាល ពេលនេះបងប្អូនប្រជាកសិករ បាន និងកំពុងធ្វើការច្រូតកាត់ជាបណ្ដើៗហើយ ឯចំពោះស្រូវកណ្ដាលបានចាប់ផ្ដើមដាក់គ្រាប់ ហើយនឹងឈានទៅប្រមូលផលនៅក្នុងអំឡុងពេលពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ ។ ពិនិត្យជារួម ស្រូវស្រាល និងស្រូវកណ្ដាល ដែលបងប្អូនប្រជាកសិករបានធ្វើការដាំដុះ ពុំមានបញ្ហាប្រឈមនឹងកង្វះខាតទឹកទេ ។ ប៉ុន្តែចំពោះស្រូវធ្ងន់មួយចំនួន ហើយដែលធ្វើការបង្កបង្កើនផលនៅឆ្ងាយពីប្រភពទឹក ឆ្ងាយពីប្រព័ន្ធធារាសាស្រ្ត អាចនឹងមានការប្រឈមខ្លះ ។
លោក ចាន់ យុត្ថា បានធ្វើការផ្ដាំផ្ញើដល់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំងពីរ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការថែរក្សាទឹកទុកឱ្យបានល្អ ព្រោះរដូវវស្សាសម្រាប់តំបន់ខ្ពង់រាប នឹងឈានទៅបញ្ចប់ក្នុងរយៈពេលឆាប់ៗ ពិសេសចាប់ពីថ្ងៃទី ២៧ ឬ២៨ ខាងមុខនេះ តំបន់ខ្ពង់រាបនឹងចាប់ផ្ដើមថមថយទឹកភ្លៀងជាបណ្តើរៗហើយ ។ លោករដ្ឋលេខាធិការ បានបន្តថា រដូវប្រាំងខាងមុខ យើងអាចជួបនឹងធាតុអាកាសក្តៅហួតហែងខ្លាំង និងមិនសូវមានភ្លៀងកក់ខែផង ដូចនេះ មានតែការថែរក្សាទឹកទុកឲ្យបានល្អ និងប្រើប្រាស់ឱ្យចំគោលដៅទេ ទើបអាចឆ្លើយតបទៅនឹងតម្រូវការសម្រាប់ការងារបង្កបង្កើនផលស្រូវប្រាំង និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនាពេលខាងមុខបាន។

ទាក់ទងជាមួយនឹងការបញ្ជូនទឹកពីទំនប់ស្ទឹងស្រែងទី ២ ទៅកាន់អាងត្រពាំងថ្ម ដែលបាន និងកំពុងធ្វើរយៈពេលជាង ៤ ខែ កន្លងមកនោះ ឥឡូវនេះ គឺស្ថានភាពទឹកនៅក្នុងអាងត្រពាំងថ្ម បានប្រមាណ ៦៥ % ហើយ ។ លោករដ្ឋលេខាធិការ បានណែនាំឲ្យលោកប្រធានមន្ទីរទាំងពីរ បន្តសហការគ្នាក្នុងការបញ្ជូនទឹកពីទំនប់ស្ទឹងស្រែងទី ២ ទៅបំពេញអាងត្រពាំងថ្មបន្តទៀត ៕





(សូមទស្សនាវីដេអូ)៖ ជប៉ុនផ្តល់ជំនួយឥតសំណង ប្រមាណ​ ៣០លានដុល្លារដល់កម្ពុជា​ លើគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ

ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹងជ្រើសរើសបុគ្គលិកចំនួន១០នាក់


ពិធីស្វាគមន៍ដំណើរទស្សនកិច្ចរបស់ម្ចាស់ក្សត្រី Beatrice Elizabeth Mary of York នៃចក្រភពអង់គ្លេសមកកាន់កម្ពុជា

នារាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោករដ្ឋមន្ត្រី សាយ សំអាល់ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីស្វាគមន៍ដំណើរទស្សនកិច្ចរបស់ម្ចាស់ក្សត្រី Beatrice Elizabeth Mary of York នៃចក្រភពអង់គ្លេសមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះត្រូវបានរៀបចំឡើងនៅនិវេសនដ្ឋានរបស់លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួមពីតំណាងក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងបណ្តាអង្គទូតមួយចំនួនទៀត។

ម្ចាស់ក្សត្រី Beatrice Elizabeth Mary of York គឺជាបុត្រីច្បងរបស់ព្រះអង្គម្ចាស់ Andrew ជាមួយម្ចាស់ក្សត្រី Sarah និងត្រូវជានត្តា (ចៅស្រី) ម្ចាស់ក្សត្រី Elizabeth II៕





លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិភាក្សាសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ ការទូទាត់ថវិការដ្ឋឆ្នាំ២០១៧

នៅថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានដឹកនាំកិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដែលពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ​គ្រប់គ្រង​ឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
បើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីព្រឹកនេះ មានរបៀបវារៈដូចតទៅ៖

១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
៣៖ បញ្ហាផ្សេងៗ: សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៣.១៖ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល រវាងកម្ពុជា-វៀតណាម និងកម្ពុជា-ឥណ្ឌូនេស៊ី។
៣.២៖ សន្ធិសញ្ញារវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីបត្យាប័នជាដើម។

អ្នកវិភាគចៅចាក់ស្មុក៖ កំហុសលើកំហុសក្នុងយុទ្ធសាស្រ្តរបស់ក្រុមប្រឆាំង

ខណៈអ្នកនយោបាយអឺរ៉ុបមួយចំនួនដែលមាននិន្នាការគាំទ្រខ្លួន ក្រុមអ្នកនយោបាយប្រឆាំងនៅក្នុងស្រុក និងអ្នកនយោបាយរត់ចោលស្រុកមួយចំនួន បាន និងកំពុងពុលទឹកមាត់ ស៊ីជោរនឹងការគំរាមកំហែងរបស់ ជនបរទេសមកលើកម្ពុជា នៅជុំវិញប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម (EBA) ដោយបានព្យាយាមបំភ្លៃ បំផ្លើស និងបំភ័យប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្មករកម្មការិនី ដែលកំពុងបម្រើការងារនៅតាមរោងចក្រនានា។
EBA គឺជាការអនុគ្រោះផ្នែកពាណិជ្ជកម្មមួយរបស់សហភាពអ៉ឺរ៉ុប ដែលបានចូលរួមចំណែកក្នុងការជួយជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យក្លាយជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ជាមួយនឹងកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ ក្នុងរយ:ពេលពីរទសវត្សចុងក្រោយនេះ និងបានជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជាពីជាង ៥០% នៅឆ្នាំ ២០០៤ មកនៅត្រឹម ១៣,៥% នៅឆ្នាំ ២០១៤។ ការរៀបរាប់នេះ គឺចង់បង្ហាញថា EBA គឺជាការអនុគ្រោះមួយរបស់អឺរ៉ុប សម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស ហើយវាមិនមែនសម្រាប់គណបក្សប្រជាជនកម្ពុជា ឬគណបក្សណាមួយ ឬក្រុមណាមួយឡើយ។
ក្រុមប្រឆាំងបានធ្វើកំហុសមួយយ៉ាងធំ ដោយយកផលប្រយោជន៍របស់ប្រជាជនខ្មែរទាំងមូល ដើម្បីជាថ្នូរ ដោះដូរនឹងផលប្រយោជន៍សួនតួរបស់ក្រុមខ្លួន។ ប្រជាជនខ្មែរ គួរមើលឃើញឱ្យច្បាស់អំពី នយោបាយក្បត់ ប្រជាជន និងក្បត់ប្រទេសរបស់ក្រុមប្រឆាំងដែលដឹកនាំដោយ សម រង្ស៊ី។ យើងអាចយល់ច្បាស់អំពីមារយាទ និងសណ្តាននយោបាយថោកទាបរបស់ក្រុមប្រឆាំង តាមរយ:ការពិនិត្យឡើងវិញនូវសកម្មភាពរបស់ក្រុម ប្រឆាំងកន្លងមក។
នៅពេលប្រជាជនកម្ពុជាកំពុងរស់នៅក្នុងសុខសន្តិភាពបរិបូរណ៍ និងរីករាយជាមួយនិងកំណើនសេដ្ឋកិច្ច ជារៀងរាល់ឆ្នាំ, ក្រុមប្រឆាំងបែរជាសាបព្រោះនូវវប្បធម៌បដិវត្តពណ៌នៅកម្ពុជា ដោយរួមគំនិតជាមួយបរទេស ក្រោមមួកនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ គ្រប់គ្នាបានដឹងច្បាស់ហើយ បដិវត្តន៍ពណ៌ គឺជារបៀបនៃការដណ្តើមអំណាច ដោយប្រើកម្លាំងមហាជន មិនតាមវិធីបោះឆ្នោត ហើយជាទូទៅ គឺបាននាំ ឱ្យប្រទេសធ្លាក់ចូលក្នុងភាពចលាចល និងសង្រ្គាមវិនាសកម្ម ដែលមានជាឧទាហរណ៍យ៉ាងច្បាស់លាស់ នៅក្នុងពិភពអារ៉ាប់ ជាពិសេស គឺ លីប៊ី និងស៊ីរី។ តើប្រជាជនកម្ពុជា សុខចិត្តឱ្យសុខសន្តិភាព ដែលមានរយៈ​ពេល២០ឆ្នាំ នេះត្រូវបំផ្លាញ ដោយបាតដៃក្រុមប្រឆាំងដែរ ឬទេ? ចម្លើយ គឺប្រជាជនកម្ពុជាមិនយល់​ព្រមជា​ដាច់ខាត ហើយប្តេជ្ញាការពារដោយមិនរួញរានូវសុខសន្តិភាពរបស់ប្រទេស ដែលជាសមិទ្ធផល​កើតចេញពីការ​បូជាសាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជនស្នេហាជាតិកម្ពុជា។
ក្នុងន័យនេះ គណបក្សសង្រ្គោះជាតិដែលបានរួមគំនិតគ្នា​ជាមួយបរទេសដើម្បីរៀបចំ​សកម្មភាពបដិវត្តន៍ពណ៌​នៅកម្ពុជា ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ជាមួយភស្តុតាងជាច្រើន ដោយរួមទាំងសម្តីសារភាពរបស់ កឹម សុខា ដែលថ្លែងរៀបរាប់អំពីផែនការក្បត់នេះ នៅប្រទេសអូស្រ្តាលី និងថតជាវីដេអូឃ្លីបផ្សព្វផ្សាយ ជាសាធារណៈយ៉ាងគឃ្លើន និងប្រកបដោយមោទនភាពចំពោះ​ផែនការ​បដិវត្តន៍​ពណ៌នេះ។ ប្រជាជនកម្ពុជាជាង ៨៣% ក៏បានសម្តែងឆន្ទៈរបស់ខ្លួន តាមរយ:ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា កាលពីខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ដោយប្រជាជន​ភាគច្រើន​បាន​បោះឆ្នោតជ្រើសរើស និងគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេស ដោយសារមើលឃើញច្បាស់​អំពីវីរៈភាព និងស្នាដៃធំធេងរបស់គណបក្សនេះចំពោះជាតិ និងមាតុភូមិ ពិសេស ការបញ្ចប់សង្រ្គាម នាំមកនូវ​សន្តិភាព និងឯកភាពទឹកដីពេញបរិបូរណ៍ ព្រមទាំងទប់ស្កាត់បានទាន់ពេលវេលាចំពោះផែនការ​បដិវត្តន៍​ពណ៌​របស់ក្រុមប្រឆាំង ហើយធានារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពជូនប្រជាជន និងមាតុភូមិដ៏​កំសត់​របស់យើង។
គេនៅចាំបានថា សម រង្ស៊ី បានធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតកន្លងទៅ បើទោះជាគាត់មានគណបក្ស​ភ្លើងទៀន ឬគណបក្សសិទ្ធិមនុស្សដើម្បីចូលរួមប្រកួតប្រជែងក្នុងការ បោះឆ្នោតក៏ដោយ។ នេះក៏ដោយសារតែ សម រង្ស៊ី ចង់យកការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ដើម្បីធ្វើប្រជាមតិ ដោយភ្នាល់ដាក់ជីវិត​នយោបាយ​តាមរយៈការ អំពាវនាវប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត ដោយសារពុំមានវត្តមាន​គណបក្សសង្រ្គោះជាតិ។ សម រង្ស៊ី ធ្វើជម្រើសនេះប្រកបដោយអំនួតនយោបាយ និងមានជំនឿថា ប្រជាពលរដ្ឋជាង ៥០% នឹងមិនចេញទៅបោះឆ្នោត ប៉ុន្តែផ្ទុយទៅវិញ ប្រជាពលរដ្ឋជាង៨៣% បានចេញទៅ​បោះឆ្នោត ដែលជាកំផ្លៀងនយោបាយមួយធ្វើឱ្យ សម រង្ស៊ី និងក្រុមប្រឆាំងរងការអាម៉ាស់យ៉ាងធ្ងន់ធ្ងរ​ចំពោះ​បរាជ័យនេះ។
តើអ្នកណា ឬក្រុមណា ទៅអង្គុយលត់ជង្គង់ជាប្រចាំបញ្ចុះបញ្ចូល និងអង្វរបរទេសឱ្យកាត់ EBA ពីខ្មែរ? តើអ្នកណា ឬក្រុមណា ដែលសុខចិត្តចំណាយលុយរាប់សិបម៉ឺនដុល្លារ ជួលក្រុមហ៊ុនបរទេស អោយធ្វើសកម្មភាព​ប្រឆាំងនឹងកម្ពុជា ហើយផ្សព្វផ្សាយព័ត៌មានបំផ្លាញមុខមាត់ប្រទេស និងបន្ទាបបន្ថោកជាតិសាសន៍ឯង ? បើធ្វើនយោបាយខ្វះឧត្តមគតិជាតិ ដោយមិនតម្កល់ប្រយោជន៍ជាតិជាធំ ហើយដាក់ខ្លួនជាខ្ញុំបម្រើបរទេស តើធ្វើនយោបាយដើម្បីអ្វី? នេះហើយបានជាយើងហ៊ាននិយាយដោយ​ច្បាស់ថា ក្រុមប្រឆាំងបានដើរក្រឡាយុទ្ធសាស្រ្តខុសក្បួនតម្រាជាតិ ហើយឆ្លងបន្ទាត់ក្រហមជាតិ ដែលមិនអាចអត់ឱ្យបាននោះទេ។ អ្វីក៏អាចនិយាយគ្នាបាន ប៉ុន្តែ បន្ទាត់ក្រហមជាតិ គឺអធិបតេយ្យជាតិ និងសុខសន្តិភាពប្រទេស ដែលមិនអាចយកជាថ្នូរនឹងជំនួយបរទេសបានឡើយ។ បើត្រូវឱ្យធ្វើការជ្រើសរើសដាច់ខាតរវាងសន្តិភាព និងជំនួយអភិវឌ្ឍន៍ អ្នកនយោបាយស្នេហាជាតិ ដាច់ខាតឈរខាងសុខសន្តិភាពរបស់ប្រទេសហើយ។
តើអ្វីជាថ្នូរ ដែលអឺរ៉ុបចង់បាននៅក្នុងការរក្សា EBA សម្រាប់កម្ពុជា? គឺកម្ពុជា ត្រូវលះបង់ការអនុវត្តច្បាប់​របស់ខ្លួន ដោយឱ្យគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការសម្រេច រំលាយចោលនោះ អាចរស់​ឡើង​វិញបាន។ រឿងរំលាយគណបក្សសង្រ្គោះជាតិ គឺជារឿងអនុវត្តច្បាប់ ហើយការអនុវត្តច្បាប់នេះ ក៏បានជួយ​បំផ្លាញចោលនូវឧបាយកល និងអង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌ ធានារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ចៀសផុតដោយជោគជ័យពីស្ថានភាពចលាចល និងសង្រ្គាមដូចក្នុងបណ្តា ប្រទេសមួយចំនួនក្នុងពពិភពអារ៉ាប់ ដែលកើតមានចលនាបដិវត្តន៍ពណ៌។ ដូចនេះ ប្រសិនបើឱ្យ​គណបក្សសង្រ្គោះជាតិរស់ឡើងវិញជាថ្នូរនឹងការរក្សា EBA មានន័យថា កម្ពុជា ត្រូវលះបង់ចោលការ​អនុវត្ត​ច្បាប់​របស់ខ្លួន ហើយអនុញ្ញាតឱ្យបរទេសអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជាការបំពាននូវ​ឯករាជ្យជាតិ និងអធិបតេយ្យជាតិ ដែលជាឌួងព្រលឹងរបស់ប្រទេស ។ លះបង់ការអនុវត្តច្បាប់ពេលនេះ ចំពោះរឿងនេះ គឺដាច់ខាតមិនចប់ត្រឹមនេះទេ បរទេសនឹងប្រើវិធីនេះ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងជាថ្មី នៅក្នុងសំណុំរឿងផ្សេងៗទៀត។ ដូចនេះ បើពិនិត្យឱ្យបានស៊ីជម្រៅទៅ បញ្ហានេះពុំមែនជាបញ្ហារឿង​គណបក្សសង្រ្គោះជាតិនោះទេ តែជារឿងឯករាជ្យជាតិ និងអធិបតេយ្យជាតិ ដែលជាអាយុជីវិតរបស់ប្រទេស។
ហេតុអ្វីបានជាអឺរ៉ុបកាន់ជើងគណបក្សសង្រ្គោះជាតិ ហើយទាមទារ្យប្រស់បក្សប្រឆាំងមួយនេះ​ដែលស្លាប់​ទៅ​ហើយនោះឱ្យរស់ឡើងវិញ? ហេតុអ្វីបានជាអឹរ៉ុបមើលមិនឃើញ គណបក្សចំនួន២០ ដែលបានចូលរួមក្នុង​ការបោះឆ្នោតកន្លងទៅ ហើយបែរជាលើកឡើងអំពីបញ្ហាប្រជាធិបតេយ្យទៅវិញ? មូលហេតុពិតប្រាកដ គឺក្រុមប្រឆាំង គឺជាខ្ញុំបម្រើបរទេស និងអាយ៉ងបរទេស ហើយបរទេស អាចប្រើជាកូនអុក សម្រាប់ផលប្រយោជន៍​​ភូមិសាស្រ្តនយោបាយរបស់ខ្លួននៅក្នុងតំបន់តែប៉ុណ្ណោះ។ យើងក៏គួរទទួលស្គាល់​ការ​ពិតដែរថា ការចងសម្ព័ន្ធគ្នារវាងបក្សសង្រ្គោះជាតិ និងបក្សសិទ្ធិមនុស្ស ដើម្បីបង្កើតជាគណបក្សសង្រ្គោះជាតិ គឺមិនមែនជាឆន្ទៈពិតប្រាកដរបស់ សម រង្ស៊ី និង កឹម សុខា នោះទេ ប៉ុន្តែ គឺជាការផ្សំផ្គុំរបស់បរទេស ហើយ​សូម្បី​កម្មវិធីនយោបាយរបស់គណបក្សនេះ ក៏បរទេសជាអ្នករៀបចំឱ្យដែរ។ គណបក្សនេះមានសំបកជា​គណបក្សខ្មែរ ប៉ុន្តែ ខួរក្បាល និងមធ្យោបាយ គឺជាបរទេស។ តើក្នុងលោកនេះប្រទេសណាអនុញ្ញាត​ឱ្យធ្វើដូច្នេះ? ប្រទេសអាមេរិក និងអឺរ៉ុប មិនអនុញ្ញាតឱ្យមានរឿងរបៀបនេះកើតឡើង លើទឹកដីខ្លួននោៈទេ។ ភាសាខ្មែរសាមញ្ញថា បើយើងវាយកូនគេ ឪពុកម្តាយដាច់ខាតមិននៅស្ងៀមនោះទេ ទោះកូនគេខុសក៏ដោយ។
ជារួមបើពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បញ្ហារឿង EBA របស់កម្ពុជា គឺប្រាកដណាស់ មិនមែនជារឿង​ប្រជាធិបតេយ្យអ្វីនោះទេ តែជារឿងនយោបាយ សុទ្ធសាធ ព្រោះឡាវ ដែលជាប្រទេសក្បែរខាងយើងប្រកាន់​យករបបកុម្មុយនីស្ត តែនៅអាចរក្សា EBA។ បើអឺរ៉ុប ដក EBA ពីកម្ពុជា គឺអឺរ៉ុបបានប្រព្រឹត្តកំហុសជាថ្មី​សម្រាប់ប្រជាជនកម្ពុជា ដោយហេតុថា អឺរ៉ុបធ្វើការជ្រើសរើសក្រុមប្រឆាំង ដែលជាមនុស្សមួយក្តាប់តូច និងបោះបង់ចោលប្រជាជនកម្ពុជាទាំងមូលដែលកំពុងទទួលផលប្រយោជន៍ពី EBA។ ទន្ទឹមនេះ ការដក EBA ក៏មានន័យស្មើនឹងការបិទខ្យល់ដង្ហើមរបស់ក្រុមប្រឆាំងផងដែរ។ យើងគួរចងចាំដែរថា នៅពេលដែលអឺរ៉ុប​គំរាមដក EBA ពីកម្ពុជា គឺក្រុមប្រឆាំងមានទឹកមាត់ ដើម្បីអាចទទួលបាន ដំណោះស្រាយជាបន្តបន្ទាប់សម្រាប់​ស្ថានការណ៍បច្ចុប្បន្នរបស់កម្ពុជា ដោយរួមមានការដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្ន និងការប្រើប្រាស់​នូវបុព្វសិទ្ធិរបស់នាយករដ្ឋមន្រ្តី ក្នុងការស្នើថ្វាយព្រះមហាក្សត្រលើកលែងទោសអោយទណ្ឌិតមួយ​ចំនួន​ដែលបានសម្តែងការសោកស្តាយ និងសុំទោសចំពោះកំហុសដែលបានប្រព្រឹត្ត ដែលនេះ ក៏ជាកាយវិការ យោគយល់គ្នាក្នុងនាមជាខ្មែរផង និងជាគន្លងនៃការអនុវត្តស្របតាមច្បាប់របស់ប្រទេសផង។
បើ EBA ត្រូវបានអឺរ៉ុបដកបាត់មែន ក្រុមប្រឆាំងបានចូលក្នុងអន្ទាក់នៃ «ល្បែងចាញ់-ចាញ់» ។ ចាញ់ទី១ គឺចាញ់ចំពោះជាតិ និងប្រជាជនរបស់ខ្លួន ដោយសារការដក EBA គឺជាកំហុសរបស់ក្រុមខ្លួន ក្នុងការ​បញ្ចុះបញ្ចូលអឺរ៉ុបឱ្យដក EBA, ចាញ់ទី២ គឺចាញ់ក្នុងយុទ្ធសាស្រ្តនយោបាយ ដោយសារទាល់ច្រកអស់ផ្លូវដើរ និងលែងអាចដាក់សម្ពាធលើ គណបក្សកាន់អំណាចបាន។ យើងអាចដាក់ជាសំណួរថា តើក្រុមប្រឆាំង​នឹងអំពាវនាវអ្វីទៀត ហើយបញ្ចុះបញ្ចូលឱ្យបរទេស ដាក់សម្ពាធអ្វីទៀតមកលើកម្ពុជា? ហើយតើអ្វីទៅជា​ជោគវាសនា និងយុទ្ធសាស្រ្តរបស់ក្រុមប្រឆាំងសម្រាប់ពេលខាងមុខ? តើអ្វីទៅជាជោគវាសនារបស់ កឹម សុខា ដែលកំពុងជាប់ក្នុងសំណុំរឿងក្បត់ជាតិនៅក្នុងប្រទេស?
ក្រុមប្រឆាំងគួររៀតសូត្រអំពីទស្សន:ប្រវត្តិសាស្រ្តអោយបានស៊ីជម្រៅ និងរៀនស្គាល់អោយ​ច្បាស់អំពីតួអង្គ​នយោបាយដែលមិនអាចខ្វះបានសម្រាប់កម្ពុជា គឺ បុរសខ្លាំង ដែលមានគោរម្យងារជា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន”។ ក្រុមប្រឆាំងត្រូវចាំអោយច្បាស់ថា គណបក្សកាន់អំណាច​បច្ចុប្បន្ន គឺមានសាគ្គីភាពផ្ទៃក្នុងរឹងមាំល្អណាស់ ហើយថែមទាំងកំពុងកាន់អាត់ដល់ទៅបួនក្នុងដៃ បូកថែម ចូកឃើ (Jokers) ចំនួនពីរ សម្រាប់ឈ្នះល្បែងនយោបាយជាមួយក្រុមប្រឆាំងដែលបំផ្លាញជាតិ ៕

ដោយ៖ ចៅចាក់ស្មុក
រាត្រិថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨