Friday, October 26, 2018

រដ្ឋលេខាធិការក្រសួងធនធានទឹក ជំរុញឱ្យមន្រ្តីត្រូវបន្តយកចិត្តទុកដាក់ ថែរក្សាទឹកទុកឱ្យបានល្អ ខណៈដែលរដូវវស្សានឹងឈានទៅបញ្ចប់ក្នុងពេលឆាប់នេះៗ

បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផល នៅក្នុងខេត្តបាត់ដំបង និងការចុះសិក្សាលើគម្រោងអភិវឌ្ឍន៍ធនធានទឹក នៅតំបន់ស្ទឹងក្រញូង ( ក្បាលស្ទឹងសង្កែ ) ស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង និងគម្រោងអភិវឌ្ឍន៍ធនធានទឹកនៅតំបន់ក្បាលស្ទឹងបវេល ស្ថិតនៅក្នុងខេត្តប៉ៃលិនរួចមក នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៨ នេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យស្ថានភាពទឹក សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលនៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានជម្រាបជូនលោករដ្ឋលេខាធិការ ជ្រាបថា មកដល់ពេលនេះ ដំណាំស្រូវនៅក្នុងខេត្តទាំងពីរ ពុំមានបញ្ហាប្រឈមនឹងកង្វះខាតទឹកទេ ។ ចំពោះស្រូវស្រាល ពេលនេះបងប្អូនប្រជាកសិករ បាន និងកំពុងធ្វើការច្រូតកាត់ជាបណ្ដើៗហើយ ឯចំពោះស្រូវកណ្ដាលបានចាប់ផ្ដើមដាក់គ្រាប់ ហើយនឹងឈានទៅប្រមូលផលនៅក្នុងអំឡុងពេលពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ ។ ពិនិត្យជារួម ស្រូវស្រាល និងស្រូវកណ្ដាល ដែលបងប្អូនប្រជាកសិករបានធ្វើការដាំដុះ ពុំមានបញ្ហាប្រឈមនឹងកង្វះខាតទឹកទេ ។ ប៉ុន្តែចំពោះស្រូវធ្ងន់មួយចំនួន ហើយដែលធ្វើការបង្កបង្កើនផលនៅឆ្ងាយពីប្រភពទឹក ឆ្ងាយពីប្រព័ន្ធធារាសាស្រ្ត អាចនឹងមានការប្រឈមខ្លះ ។
លោក ចាន់ យុត្ថា បានធ្វើការផ្ដាំផ្ញើដល់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំងពីរ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការថែរក្សាទឹកទុកឱ្យបានល្អ ព្រោះរដូវវស្សាសម្រាប់តំបន់ខ្ពង់រាប នឹងឈានទៅបញ្ចប់ក្នុងរយៈពេលឆាប់ៗ ពិសេសចាប់ពីថ្ងៃទី ២៧ ឬ២៨ ខាងមុខនេះ តំបន់ខ្ពង់រាបនឹងចាប់ផ្ដើមថមថយទឹកភ្លៀងជាបណ្តើរៗហើយ ។ លោករដ្ឋលេខាធិការ បានបន្តថា រដូវប្រាំងខាងមុខ យើងអាចជួបនឹងធាតុអាកាសក្តៅហួតហែងខ្លាំង និងមិនសូវមានភ្លៀងកក់ខែផង ដូចនេះ មានតែការថែរក្សាទឹកទុកឲ្យបានល្អ និងប្រើប្រាស់ឱ្យចំគោលដៅទេ ទើបអាចឆ្លើយតបទៅនឹងតម្រូវការសម្រាប់ការងារបង្កបង្កើនផលស្រូវប្រាំង និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនាពេលខាងមុខបាន។

ទាក់ទងជាមួយនឹងការបញ្ជូនទឹកពីទំនប់ស្ទឹងស្រែងទី ២ ទៅកាន់អាងត្រពាំងថ្ម ដែលបាន និងកំពុងធ្វើរយៈពេលជាង ៤ ខែ កន្លងមកនោះ ឥឡូវនេះ គឺស្ថានភាពទឹកនៅក្នុងអាងត្រពាំងថ្ម បានប្រមាណ ៦៥ % ហើយ ។ លោករដ្ឋលេខាធិការ បានណែនាំឲ្យលោកប្រធានមន្ទីរទាំងពីរ បន្តសហការគ្នាក្នុងការបញ្ជូនទឹកពីទំនប់ស្ទឹងស្រែងទី ២ ទៅបំពេញអាងត្រពាំងថ្មបន្តទៀត ៕





No comments:

Post a Comment