Tuesday, September 10, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខិតខំជំរុញឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងមីយ៉ាន់ម៉ាកាន់តែធំឡើងនាពេលខាងមុខ

នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារទី១០ ខែកញ្ញា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក ធីត លីន អន (Thit Linn Ohn ) ជាឯកអគ្គរដ្ឋទូតមីយ៉ាម៉ាថ្មី ប្រចាំនៅកម្ពុជា។ ក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជាយ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោក ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជា ហើយសង្ឃឹមថាសម្រាប់វត្តមានលោកនៅក្នុងអាណត្តិនេះ នឹងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា។

លោក ធីត លីន អន បានសម្ដែងនូវការអរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្ដល់ឱកាសឱ្យលោកបានជួបសំដែងការគួរសមនាពេលនេះ ហើយលោកបានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា លោក បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩  លោក ពិតជារីករាយដែលបានមកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា ហើយលោក បានសន្យាថា នឹងខិតខំប្រឹងប្រែងបំពេញការងារជាពិសេសលើទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរគឺមានទំនាក់ទំនងជាមួយគ្នាជាយូរលង់ណាស់មកហើយ ហើយនៅឆ្នាំក្រោយនេះក៏ជាខួបលើកទី៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសយើងទាំងពីរផងដែរ។ លោក ក៏បានមានប្រសាសន៍ថា យើងគួរពិនិត្យមើល តើយើងគួរធ្វើសកម្មភាពអ្វីខ្លះ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំនៃទំនាក់ទំនងនេះ។ ជាមួយគ្នានោះយើងគប្បីពិនិត្យមើលទៅលើកិច្ចព្រមព្រៀងខ្លះ ដែលអាចនឹងត្រូវចុះហត្ថលេខា ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការនៅគ្រប់វិស័យ និងជំរុញកិច្ចព្រមព្រៀងដែលមានស្រាប់ផងដែរ ដើម្បីបង្កើននូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ជាដើម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្តទៀតថាទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរនៅមានកម្រិតនៅឡើយ ដោយមិនទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាននោះទេ។ ដូច្នេះលោក សូមឲ្យមានការជំរុញបន្ថែមទៀតក្នុងការបង្កើននៅកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀត។ លោក ក៏បានជំរុញឲ្យការធ្វើពាណិជ្ជកម្មច្រើនបន្ថែមទៀតក្នុងតំបន់អាស៊ាន ដើម្បីបង្កើតទីផ្សារយើងឲ្យកាន់តែទូលំទូលាយ ហើយលោកជំរុញឲ្យមានការពិនិត្យមើល តើយើងគួរធ្វើអ្វីខ្លះ ដើម្បីជំរុញឲ្យទំហំពាណិជ្ជកម្មនៃប្រទេសយើងទាំងពីរកាន់តែមានទំហំធំឡើងនាពេលខាងមុខនេះ ហើយយើងគួរតែពិនិត្យមើលទៅលើកិច្ចព្រមព្រៀងថ្មីបន្ថែមទៀតដូចជាកិច្ចព្រមព្រៀងទៅលើការមិនយកពន្ធត្រួតស៊ីគ្នា និងកិច្ចគាំពារវិនិយោគជាដើម ដែលទាំងអស់នេះ គឺជាកត្តាដែលជំរុញឲ្យអ្នកវិនិយោគមានការចាប់អារម្មណ៍ខ្លាំង និងមានទំនុកចិត្ត ព្រមទាំងធ្វើឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរកាន់តែមានភាពស្អិតរមួតថែមឡើងទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្តថា កន្លងមកកម្ពុជាក៏បានបញ្ជូនសមណសិស្សទៅបន្តការសិក្សានៅឯប្រទេសមីយ៉ាម៉ាផងដែរ។ ហើយនៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី អង់ សានស៊ូជី កាលពីពេលកន្លងទៅនេះ កម្ពុជាក៏បានផ្ដល់នូវអាហារូបករណ៍ចំនួន១០ដល់និស្សិតមីយ៉ាម៉ា ផងដែរ ដូច្នេះ លោក បានជំរុញឲ្យមានការផ្លាស់ប្ដូរនៅប្ដូរនិស្សិតក្នុងការសិក្សាទៅវិញទៅមក ដើម្បីទទួលបាននូវចំណេះដឹងពីគ្នា ក៏ដូចជាចែករំលែកនូវបទពិសោធន៍ពីគ្នាផងដែរ។

នៅក្នុងកិច្ចពិភាក្សានោះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍លើកឡើងអំពីបញ្ហាជនភៀសខ្លួននៅតំបន់រដ្ឋការខាញ របស់មីយ៉ាម៉ា ដែលកន្លងមកកម្ពុជាក៏ធ្លាប់មានបទពិសោធន៍ក្នុងការរៀបចំការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនខ្មែរយើងដែលបានរស់នៅលើទឹកដីថៃប្រមាណជាង៣០ម៉ឺននាក់ ឲ្យត្រឡប់មកមាតុប្រទេសវិញ នៅពេលដែលប្រទេសយើងមានដំណោះស្រាយនយោបាយ និងទទួលបាននូវសុខសន្តិភាព។ ហើយបទពិសោធន៍នេះត្រូវប្រើប្រាស់ពេលវេលា និងការរៀបចំត្រឹមត្រូវដោយមានការរៀបចំជាផ្ទះសម្បែង ដីធ្លីសម្រាប់ឲ្យពួកគាត់វិលមក ហើយមានទំនុកចិត្ត ដោយគ្មានការភ័យខ្លាចបញ្ហាទាំងអស់ ហើយរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រដំណើរការរៀបចំការវិលត្រឡប់នៃជនភៀសខ្លួនមីយ៉ាម៉ា ផងដែរ។
ឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ា ក៏បានអរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្ដល់នូវអនុសាសន៍ និងការឆ្លើយតបដ៏កក់ក្តៅដូចជាការចែករំលែកបទពិសោធន៍ ហើយលោក នឹងជំរុញឲ្យមានការរៀបចំនូវការប្រារព្ធខួបលើកទី៦៥ ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ និងប្ដេជ្ញាខិតខំយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ជាពិសេសលើការធ្វើពាណិជ្ជកម្មទេសចរណ៍ ការហោះហើរត្រង់ ការផ្លាស់ប្តូការសិក្សារបស់និស្សិត ក៏ដូចជាប្រជាជន និងប្រជាជនផងដែរ។ ហើយក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខជូនទៅដល់លោកប្រធានរដ្ឋមីយ៉ាន់ម៉ា ដូចជាលោកស្រីទីប្រឹក្សារដ្ឋអង់ សានស៊ូជី ផងដែរ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសារាចរណែនាំបន្ថែមស្តីពីការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារាចរណែនាំបន្ថែមស្តីពីការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ដោយបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវបន្តបង្កើនស្មារតីប្រុងប្រយ័ត្ន និងវិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ដែលអាចនឹងកើនឡើងជាថ្មីក្នុងពេលដ៏ខ្លីខាងមុខ កាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ អាយុជីវិតរបស់ប្រជាពលរដ្ឋ៕

សូមអានសារាចរណែនាំបន្ថែមខាងក្រោម៖


វីដេអូ៖ លោក ម៉ម សូណង់ដូ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយចាយជីវិតប្រជាពលរដ្ឋ ជានុយស្ទូចយកអំណាច

កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម

ស្វាយរៀង៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល២០១៦ – ២០១៩ និងពិធីចុះហត្ថលេខាលើខ្លឹមសារបំពេញបន្ថែមនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងគណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ( នៅសាលប្រជុំសាលាខេត្តស្វាយរៀង )។
ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ជិន វ៉ាន់កិន ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំប្រតិភូខេត្តស្វាយរៀង និងលោក លោកស្រីថ្នាក់ដឹកនាំប្រតិភូខេត្តឡុងអានជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងឱកាសនេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចាត់ទុកកិច្ចប្រជុំបូកសរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០១៦-២០១៩ ពិតជាបានទទួលនូវលទ្ធផលល្អៗជាច្រើនដូចជា ជួយបង្កើននូវការពង្រឹងកិច្ចសហប្រតិបត្តិការកាន់រឹងមាំ និងល្អប្រសើរលើមូលដ្ឋានសមិទ្ធផលដែលខេត្ដទាំងពីរ (ស្វាយរៀង-ឡុងអាន) ក្នុងនោះបានរួមគ្នាសម្រេចបាន ជាពិសេសលើបណ្ដាវិស័យនានាដែលមានចែងក្នុងកិច្ចព្រមព្រៀង ដើម្បីជួយសម្រួល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនខេត្តទាំងពីរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានការអភិវឌ្ឍ និងប្រកបដោយសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ភាតរភាព និងចីរភាព ស្របតាមស្មារតី នៃកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ៕



អភិបាលខេត្តត្បូងឃ្មុំ បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ និងអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្តខ្ពស់

ត្បូងឃ្មុំ៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ គ្រាដែលទឹកជំនន់ទន្លេមេគង្គនៅខេត្តត្បូងឃ្មុំ បន្តហក់ឡើងលើសកម្រិតប្រកាសអាសន្ន ដែលបណ្ដាលឱ្យប៉ះពាល់ដល់ការរស់នៅ និងសុខសុវត្ថិភាពប្រជាពលរដ្ឋនោះ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី បានបន្តដឹកនាំក្រុមការងារមន្ទីរ អង្គភាព និងអាជ្ញាធរស្រុក ចុះពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នៅក្នុងស្រុកតំបែរ។
ជាមួយការចុះតាមមើកស្ថានភាពការលិចលង់ និងសួរសុខទុក្ខពលរដ្ឋនោះ លោកបានចែកជូននូវម៉ុង នំចំណី ព្រមទាំងថវិការ ដើម្បីជួយសម្រួលតម្រូវការចំពោះមុខ របស់បងប្អូនផងដែរ។
នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យចៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការ ខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និងមនុស្សចាស់ដែលគ្រោះថ្នាក់ដោយសារលង់ទឹក។
មួយវិញទៀត ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស បើសិនមានតិច ឬខាំ ត្រូវបញ្ជូនទៅមណ្ឌលសុខភាព ឬក្រុមគ្រូពេទ្យ នៅជិតបំផុត ដោយរដ្ឋបាលខេត្តបានរៀបចំនៅតាមទីតាំង ទីទួលសុវត្ថិភាពពេញ ២៤ម៉ោង។ លោក អភិបាលខេត្តបានផ្តាំផ្ញើដល់អាជា្ញធរស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

បើតាមលោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានឲ្យដឹងថា ស្រុកតំបែរគ្រួសាររងផលប៉ះពាល់ចំនួន ១៥៦គ្រួសារ ពលរដ្ឋដែលបានជន្លៀសទៅទីទួលសុវត្ថិភាពចំនួន ២៥គ្រួសារ ព្រមទាំងលិចលង់ស្រូវ ចំនួន១៣២ហិចតា និងដំឡូងមីចំនួន ១៣ហិចតា។ ជាមួយគ្នានោះ ក្នុងនាមគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក លោក បានត្រៀមកម្លាំងពេញ២៤ម៉ោង ដើម្បីសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕




ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ លោក ឆេង សារឿន រដ្ឋលេខាធិការ តំណាង លោកស្រី ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយករដ្ឋានរដ្ឋបាលកិច្ចការទូទៅ លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយករដ្ឋានអធិការកិច្ច ប្រធាននាយកដ្ឋានរដ្ឋបាល ប្រធាននាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស រួមទាំងអស់លោក លោកស្រី មន្ត្រីរាជការជុំវិញខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់ ។
ថ្លែងក្នុងឱកាសនោះ លោក ឆេង សារឿន ក៏បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោកស្រី ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជូនដល់អង្គពិធីទាំងមូល និងបានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់ប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី និងមន្ត្រីរាជការក្រោមឱវាទចំណុះឲ្យមន្ទីរ ត្រូវពង្រឹងសមត្ថភាពខ្លួន ត្រូវអនុវត្តតួនាទី និងភារកិច្ចឲ្យសមស្របតាមតួនាទីរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តពោធិ៍សាត់ ជាពិសេស ត្រូវពង្រឹងនឹងរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងមន្ត្រីរាជការទាំងអស់ក្នុងមន្ទីរ ក៏ដូចជា អង្គភាព និងមន្ទីរនានាជុំវិញខេត្ត ។

យោងតាមប្រកាសលេខ ០៥៩/១៩ ទរពអ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចត្រូវបានតែងតាំង លោក វ៉េត វិសេសបញ្ញា ពីអនុប្រធានមន្ទីរ ទៅជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចខេត្តពោធិ៍សាត់ ជំនួសលោក សំ ណារិទ្ធិ អតីតប្រធានមន្ទីរ ដែលត្រូវបាន រាជរដ្ឋាភិបាលតែងតាំង ជាអភិបាលស្រុកតាលោសែនជ័យ ។



លិខិតមិត្តអ្នកអាន៖ ២៥ឆ្នាំ នៃជីវិតនយោបាយរបស់ សម រង្ស៊ី

ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី កាលពីថ្ងៃទី៧ កញ្ញានេះ បានប្រកាសទាំងអំណួត ដោយហាក់មានមោទកភាពខ្លាំងចំពោះជីវិតនយោបាយ២៥ឆ្នាំរបស់ខ្លួន។ ជាពិសេសចំណុចដ៏គួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺគាត់បានអះអាងថា គាត់នេះហើយ ជាមនុស្សដំបូងគេបង្អស់ ដែលបានបំផុសឱ្យមានបាតុកម្មមហាជន។ គាត់នេះហើយ ដែលជាអ្នករៀបចំឱ្យមានកូដកម្មបំផ្លាញឆ្នាំងបាយកម្មករមុនគេបង្អស់នៅតាមរោងចក្រនានា។ ទោះបីជាទណ្ឌិតរត់ចោលស្រុករូបនេះ ព្យាយាមពន្យល់ថាអ្វីដែលខ្លួនបានធ្វើក្នុងជីវិតនយោបាយ២៥ឆ្នាំនេះ គឺដើម្បីបុព្វហេតុទាមទារសិទ្ធិ សេរីភាព និងប្រជាធិបតេយ្យក៏ដោយ ក៏គេដឹងយ៉ាងច្បាស់ថា នេះគ្រាន់តែជាលេសដើម្បីបិទបាំងអំពើទុច្ចរិតក្នុងគោលដៅសម្រេចមហិច្ឆតា ដណ្តើមអំណាចរបស់ទណ្ឌិតក្បត់ជាតិ និងគូកនតែប៉ុណ្ណោះ។
យើងត្រឡប់មកមើលបន្តិចថា តើ ២៥ឆ្នាំ នៃជីវិតនយោបាយ របស់ សម រង្ស៊ី ដែលបានអួតអាងក្តែងៗនោះ បានផ្តល់ផលចំណេញ ឬអត្ថប្រយោជន៍អ្វីខ្លះដល់ជាតិ និងប្រជាជនកម្ពុជា?
១- ទណ្ឌិត សម រង្ស៊ី មិនយល់ពីតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋកម្ពុជានោះទេ៖
បន្ទាប់ពីរួចផុតពីក្រញាំបិសាច ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមដ៏ឃោឃៅរួចមក បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានរងទុក្ខវេទនា ឆ្លងកាត់សោកនាដកម្មដ៏មហាសែនរន្ធត់នោះ គឺគ្មានចង់បានអ្វី ក្រៅពីសេចក្តីសុខនោះទេ។ ពលរដ្ឋដែលនៅរស់រានមានជីវិតពីរបប ប៉ុល ពត សុំត្រឹមមានបាយហូបគ្រប់គ្រាន់ អាចរស់នៅជួបជុំក្រុមគ្រួសារ និងរួចផុតពីការកាប់សម្លាប់គ្មានត្រាប្រណី។ ប៉ុន្តែបន្ទាប់ពីចាប់ផ្តើមចូលប្រឡូកក្នុងជីវិតនយោបាយទណ្ឌិតក្បត់ជាតិ សម រង្ស៊ី មិនបានយល់ពីបំណង និងសេចក្តីប៉ងប្រាថ្នាពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរឡើយ។ នេះអាចដោយសារទណ្ឌិតរូបនេះ មិនធ្លាប់បានឆ្លងកាត់ និងភ្លក់រសជាតិនៃរបបប្រល័យពូជសាសន៍ និងសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា។ ទណ្ឌិតរូបនេះ បានយកពាក្យថាសិទ្ធិ សេរីភាព និងប្រជាធិបតេយ្យ មកធ្វើជាដើមទុននយោបាយរបស់ខ្លួន ដោយមិនគិតគូពីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋឡើយ។ ប្រទេសជាតិទើបតែងើបឡើងវិញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ រាជរដ្ឋាភិបាលខិតខំអភិវឌ្ឍប្រទេសពីបាតដៃទទេ និងខិតខំទាក់ទាញអ្នកវិនិយោគឱ្យមករកស៊ីនៅស្រុកខ្មែរ តែបែរជាទណ្ឌិតក្បត់ជាតិ នាំកម្មករ-កម្មការិនី ធ្វើបាតុកម្ម កំទេចរោងចក្រ ដែលជាឆ្នាំងបាយរបស់កម្មករ និងជាដង្ហើមសេដ្ឋកិច្ចជាតិមួយដ៏សំខាន់របស់កម្ពុជាទៅវិញ។
២-ទណ្ឌិតក្បត់ជាតិ ជាមនុស្សដំបូងគេដែលដឹកនាំបង្កើតឱ្យមានការបង្ហូរឈាមនៃពលរដ្ឋកម្ពុជាថ្មីម្តងទៀត បន្ទាប់ពីរាជរដ្ឋាភិបាលខិតខំបញ្ចប់ និងទប់ស្កាត់នូវការបង្ហូរឈាមរវាងខ្មែរ និងខ្មែរអស់រយៈពេលជាច្រើនឆ្នាំ៖
កន្លងមកនេះ មហាបាតុកម្ម និងកូដកម្ម របស់ទណ្ឌិតក្បត់ជាតិ គឺបានធ្វើឱ្យបាតុករដែលត្រូវបានញុះញង់ និងរុញច្រានដោយមានជនរូបនេះ និងបក្ខពួក នៅពីក្រោយខ្នង បានស្លាប់យ៉ាងអាណោចអាធ័ម។ ក្រុមបាតុករខ្លះរងរបួស ខ្លះជាប់គុក និងខ្លះរត់ចោលស្រុកនេះហើយជាមោទនភាពនៃការខិតខំដឹកនាំ ញុះ​ញង់ អុចអាលរបស់ទណ្ឌិតក្បត់ជាតិ និងគូកន។ ពួកគេចាប់ទុកថា ការបង្ហូរឈាមនៃក្រុមបាតុករ គឺជាជោគជ័យនៃមហាកុប្បកម្មរបស់ពួកគេ ខណៈរាជរដ្ឋាភិបាលខំប្រឹងមកជាច្រើនឆ្នាំ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ ដើម្បីប្រជាពលរដ្ឋខ្មែរបានសុខ យុទ្ធសាស្ត្រឈ្នះឈ្នះត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់បុរសខ្លាំង ហ៊ុន សែន ក្នុងគោលដៅធ្វើយ៉ាងណាឱ្យខ្មែរគ្រប់ភាគី បានរស់នៅដោយសុខដុមនីយកម្ម និងរួមរស់ជាមួយគ្នា ក្រោមដំបូលសន្តិភាពតែមួយ។ ប៉ុន្តែអាសូរជីវិតក្រុមបាតុករ និងអ្នកដើរតាមនយោបាយទណ្ឌិតក្បត់ជាតិ បែរជាត្រូវមករងកម្មពៀរក្នុងសម័យកាលសន្តិភាព និងអភិវឌ្ឍន៍ ដែលត្រូវបានបញ្ឆេះឡើងដោយទណ្ឌិតក្បត់ជាតិម្តងហើយម្តងទៀត។
៣-លេងល្បែងពិសពុល បំផ្លាញឆ្នាំបាយកម្មករ ដោយគ្មានអៀនខ្មាស់៖
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា​ បានមើលឃើញថា ២៥ឆ្នាំនេះទណ្ឌិត សម រង្ស៊ី ខំប្រឹងប្រែងសម្បើមណាស់ ក្នុងការបណ្តេញរោងចក្រសហគ្រាស និងបណ្តេញអ្នកវិនិយោគបរទេសចេញពីកម្ពុជា។ បើគ្មានរោងចក្រនោះទេ កម្មករគ្មានការងារធ្វើ គ្មានចំណូល ជីវភាពធ្លាក់ទៅជាដុនដាប នេះហើយគឺជាសេចក្តីសុខរបស់ទណ្ឌិតក្បត់ជាតិ។ សម រង្ស៊ី តែងតែស្តីបន្ទោស និងរិះគន់បក្សកាន់អំណាច ថាមិនឆ្លាតវៃក្នុងការរកទីផ្សារ ឬធ្វើឱ្យជីវភាពប្រជាជនបានប្រសើរឡើង។ ប៉ុន្តែនៅពីក្រោយការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ គឺជាការបំផ្លាញយ៉ាងងងុលរបស់ទណ្ឌិតរត់ចោលស្រុកទៅវិញ។ ទណ្ឌិតរត់ចោលស្រុករូបនេះ បានញុះញង់កម្មករឱ្យតវ៉ាប្រឆាំងនិងថៅកែរោងចក្រ។ ក្រោមលេសទាមទារតម្លើងប្រាក់ខែ ទណ្ឌិតក្បត់ជាតិ បានជំរុញឱ្យកម្មករធ្វើបាតុកម្មតវ៉ា និងបិទផ្លូវ ព្រមទាំងវាយកម្ទេច និងដុតបំផ្លាញរោងចក្រសហគ្រាស ដែលកំពុងតែដំណើរការ ដើម្បីឱ្យថៅកែរោងចក្រទាំងនោះខាតបង់ បិទរោងចក្រ និងរត់ចោលស្រុកជាដើម។ នេះគឺជាល្បែងដ៏ពិសពុល និងគ្រោះថ្នាក់ជាទីបំផុត ដែលជនក្បត់ជាតិបានបញ្ឆេះឱ្យបងប្អូនកម្មករធ្វើ ដើម្បីបម្រើឱ្យមហិច្ឆតាដណ្តើមអំណាចរបស់ខ្លួន។
៤- ប្រើថ្វីមាត់ដ៏កខ្វក់ ដើម្បីបំពេញបេសកម្មបំផ្លាញកេរ្តិ៍ឈ្មោះ និងបន្ទាបបន្ថោកមុខមាត់ជាតិ លើឆាកអន្តរជាតិ៖
ពេលចេញទៅក្រៅប្រទេស និងពេលមានវត្តមាននៅបរទេសម្តងៗ ទណ្ឌិតរូបនេះ គឺខំប្រឹងសម្បើមណាស់ក្នុងការបង្ខូចកេរ្តិ៍កម្ពុជា។ ប្រើវិធីមួលបង្កាច់ បំភ្លើស បំភ្លៃ បំភ័ន្ត ចោទប្រកាន់ និងលាបពណ៌សព្វគ្រប់បែបយ៉ាង ដើម្បីបន្ទាបបន្ថោកកម្ពុជាលើឆាកអន្តរជាតិ។ សម រង្ស៊ី សុខចិត្តឱ្យបរទេសមាក់ងាយ និងមិនឱ្យតម្លៃខ្មែរ បើទោះបីជាខ្លួនឯងមានឈាមជ័រជាខ្មែរម្នាក់ក៏ដោយ ក៏ទណ្ឌិតរូបនេះ មិនញញើតនឹងធ្វើទង្វើលាមក បំផ្លាញកេរ្តិ៍ឈ្មោះខ្មែរនោះឡើយ។ ចំណុចខ្វះខាតបន្តិចបន្តួច ទណ្ឌិតក្បត់ជាតិខំយកទៅបំប៉ោង ពង្រីកឱ្យរីកធំ និងទម្លាក់កំហុសដាក់បក្សកាន់អំណាចគ្រប់រឿង។ ជំរុញឱ្យបរទេសឈប់មកវិនិយោគ ឈប់ទិញទំនិញដែល​ផលិតនៅកម្ពុជា ឈប់ផ្តល់ជំនួយគ្រប់រូបភាពមកប្រទេសកម្ពុជា និងថែមទាំងជម្រុញឱ្យអន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងដកប្រព័ន្ធអនុគ្រោះព័ន្ធលើគ្រប់មុខទំនិញពីកម្ពុជាទៀតផង។ សម រង្ស៊ី សុខចិត្តប្រើទេពកោសល្យ និងចំណេះដឹងរបស់ខ្លួន ធ្វើគ្រប់បែបយ៉ាង ឱ្យតែជាតិឆាប់រលំរលាយ ដោយចាប់ទុកថា ការរលាយរលត់នៃជាតិ គឺជាមហាជោគជ័យរបស់ខ្លួន។
៥- ជំនាញខាងប្រកូកប្រកាស ប្រមូលកម្លាំង បង្កចលាចល និងភាពវឹកវរដល់សង្គមជាតិ៖
មិនខ្វល់ថានឹងមានពលរដ្ឋខ្មែរប៉ុន្មាននាក់ត្រូវស្លាប់នោះទេ ទណ្ឌិតក្បត់ជាតិ តែងតែជ្រើសរើសយកយុទ្ធសាស្ត្របះបោរដើម្បីផ្តួលរំលំរដ្ឋាភិបាល តាមរបៀបមិនស្របច្បាប់ មកធ្វើជាត្រីមុខ។ មាត់និយាយពីប្រជាធិបតេយ្យ និងអហិង្សាគ្រប់ម៉ាត់ ប៉ុន្តែសកម្មភាពវិញ គឺអនាធិបតេយ្យ និងហិង្សានិយមពេញតួ។ ជំរុញឱ្យពលរដ្ឋខ្មែរយកគម្រូតាមប្រទេសដែលផ្លាស់ប្តូរដោយបដិវត្តពណ៌ និងផ្លាស់ប្តូរដោយអំពើហិង្សា ទាំងដឹងហើយថា យុទ្ធសាស្ត្ររបស់ខ្លួននឹងឈានទៅរកការបង្ហូរឈាម ការស្លាប់បាត់បង់ជីវិត និងសោកនាដកម្មដល់អ្នកចូលរួម។ ស្ថានភាពប្រទេសជាតិអាចនឹងធ្លាក់ទៅជាចលាចល និងវឹកវរ ប្រសិនបើការអនុវត្តនូវយុទ្ធសាស្ត្របះបោររបស់ទណ្ឌិតក្បត់ជាតិបានសម្រេច។ សង្គមជាតិទាំងមូលដែលកំពុងតែរីកចម្រើន និងពោរពេញដោយសុខសន្តិភាព ព្រមទាំងស្នាមញញឹម និងប្រែទៅជាវិនាសកម្ម ឬអាចជួបគ្រោះធំ បើសិនជាបំណងទុច្ចរឹតរបស់ទណ្ដិតក្បត់ជាតិ ទទួលបានជោគជ័យមែននោះ។
ជារួមសម្រាប់ខ្ញុំ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ដែលលោក សម រង្ស៊ី បានចំណាយពេលវេលាដល់ទៅ ២៥ឆ្នាំ នៃជិវិតនយោបាយរបស់ខ្លួន ដោយមិនបានជួយអ្វីជាប្រយោជន៍ដល់ជាតិ សូម្បីតែបន្តិចសោះ ក្រៅតែពីបំផ្លាញប្រទេសជាតិ និងប្រជាជនខ្លួនឯង។ ទណ្ឌិតរត់ចោលស្រុក បានចំណាយទាំងចំណេះ និងជំនាញ ដើម្បីបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា។ ហើយអ្វីដែលរឹតតែហួសចិត្តនោះ គឺទណ្ឌិតក្បត់ជាតិរូបនេះ បានចាត់ទុកថា ទង្វើបង្កភាពវឹកវរដល់ជាតិ និងប្រជាជន គឺជាសមិទ្ធផលដែលជាទីគាប់ចិត្តរបស់ខ្លួន និងបក្ខពួកទៅវិញ។ សមិទ្ធផលរបស់ទណ្ឌិតរត់ចោលស្រុក ២៥ឆ្នាំនេះ គឺគ្មានអ្វីក្រៅពីនាំប្រទេសជាតិទៅរកគ្រោះថ្នាក់នោះឡើយ។ បើសិនជាអាច លោក សម រង្ស៊ី គួរតែប្រើប្រាស់ជីវិតចុងក្រោយរបស់ខ្លួន ដើម្បីជួយប្រទេសជាតិខ្លួនឯង តាមចំណែកណាមួយ ដែលខ្លួនអាចធ្វើទៅបាន។ ដូចជាការជួយកៀរគរអ្នកវិនយោគទុនបរទេសឱ្យមករកស៊ីនៅស្រុកខ្មែរ និងការស្នើសុំជំនួយដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាដើម ជាជាងបន្តដើរលើផ្លូវខុសរហូតដល់ថ្ងៃស្លាប់៕

ដោយ៖ ស ជាតិ

វគ្គបណ្តុះបណ្តាលស្តីពីសេចក្តីណែនាំគោលការណ៍បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលខេត្ត

ស្វាយរៀង៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយមានកិច្ចសហការរវាងរដ្ឋបាលស្រុកស្វាយជ្រំ ជាមួយទីចាត់ការគ្រប់គ្រងធនធាន មនុស្សសាលាខេត្តស្វាយរៀង និងមន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសេចក្តីណែនាំគោលការណ៍បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក នាយក នាយករងរដ្ឋបាលប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីសាលាស្រុក មេឃុំ ស្មៀនឃុំទាំង១៦ឃុំ សរុបវត្តមានចំនួន ៦៥ នាក់ ស្ថិតនៅសាលប្រជុំសាលាស្រុកស្វាយជ្រំ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងបំណងដើម្បីឲ្យមន្រ្តីរាជការបានយល់ដឹងអំពីខ្លឹមសារសំខាន់ៗ នៃលិខិតបទដ្ឋានគតិយុត្តមួយចំនួនដូចខាងក្រោម ៖
១. អនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្មអំណាច ទៅឲ្យគណៈអភិបាលរាជធានីខេត្តក្រុងស្រុកក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ ។
២.សេចក្តីណែនាំលេខ ៧៨៨ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ក្រសួងមុខងារ សាធារណៈស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំងនិងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្រ្តីរាជ ការស៊ីវិលនៃមន្ទីរអង្គភាពនិងការិយាល័យជំនាញនានានៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ ។
៣. សេចក្តីណែនាំលេខ៧៨៩មស.សណន ចុះថ្ងៃទី២២ ខែកុម្ភ ឆ្នាំ២០១៨ របស់ក្រសួង មុខងារសាធារណៈស្តីពីគោលការណ៍បែបបទនិងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ។

៤. ធ្វើបទបង្ហាញខ្លឹមសារនៃប្រកាសលេខ ១៣២៩ ប្រក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១ ស្តីពីតួនាទី និងភារកិច្ចនិងសិទ្ធរបស់ស្មៀនឃុំសង្កាត់។



កងការពារព្រំដែនគោកលេខ ៥០៤ ទទួលសណ្តានចិត្តពីអង្គភាពសម្ព័ន្ធមេត្រីភាព មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ប៉ៃលិន៖ មុនឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរយើង ចូលមកដល់នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូសម្ព័ន្ធមេត្រីភាព ជាមួយ កងការពារព្រំដែនលេខ៥០៤ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អមដំណើរដោយ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងតំណាងក្រុមហ៊ុនសណ្ឋាគារឯករាជ្យ បានអញ្ជើញចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយទៅឧបត្ថម្ភជូនដល់ ពលទាហាន នាយទាហាន ក្នុងអង្គភាព កងការពារព្រំដែនលេខ៥០៤ ស្ថិតក្នុងភូមិសាស្ត្រស្រែម្អម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណដល់គណៈប្រតិភូរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលតែងតែយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្លាំងកងការពារព្រំដែន៥០៤ ជាបន្តបន្ទាប់ រយៈពេល ៩ឆ្នាំមកហើយ នេះជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការអនុវត្ត ភារកិច្ចតួនាទីរបស់ខ្លួន ដើម្បីកិច្ចការពារបូរណភាពទឹកដីឱ្យបានរឹងមាំនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរផងដែរ។
នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគិតគូខ្ពស់ពីសុខទុក្ខនិងជីវភាពរស់នៅដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារព្រំដែនគ្រប់ពេលវេលា ដូច្នេះដើម្បីឆ្លើយតបទៅនឹងសណ្តានចិត្ត និងបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ពលទាហាន និងនាយទាហានទាំងអស់ ត្រូវពង្រឹងគោលជំហរឱ្យបានរឹងមាំ ដោយគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានយ៉ាងភ្ជាប់ភ្ជួន ដើម្បីពង្រឹងកិច្ចការពារបូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង កុំឱ្យខ្មាំងសត្រូវចូលឈ្លានពានបានជាដាច់ខាត ជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានល្អ ទន្ទឹមនេះកងកម្លាំងការពារព្រំដែនត្រូវមានកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ឱ្យបានល្អថែមទៀត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមព្រំដែន ធ្វើយ៉ាងណាឱ្យព្រំដែនមួយមានសន្តិភាព និងមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ។

សូមបញ្ជាក់ថា ឱកាសនោះគណៈប្រតិភូក៍បានឧបត្ថម្ភជូនដល់អង្គភាពកងការពារព្រំដែន លេខ ៥០៤ រួមមាន អង្ករ៥តោន ទឹកត្រី ១០០យួ ទឹកស៊ីអ៊ីវ ១០០យួ ឆាយប៉ូវ ១០០គីឡូក្រាម ប្រហុក ១០០គីឡូក្រាម ត្រីងៀត ១០០គីឡូក្រាម សៀង ១០០គីឡូក្រាម មីយើង ១០០កេះ ឧបត្ថម្ភថវិកាដល់អង្គភាព ចំនួន៤លានរៀល ឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀល និងថវិកាជួសជុលរបង ចំនួន ១៧០០ដុល្លា ក្នុងនោះលោក ផាន់ ចាន់ធុល ឧបត្ថម្ភ ១០០០ដុល្លាផងដែរ៕





ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាពកំពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី១០ ខែកញ្ញានេះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹកពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

ព្រឹកនេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសាររងគ្រោះដោយជំងឺអេដស៍ និងចាស់ជរាគ្មានទីពឹងជិត២ពាន់គ្រួសារ នៅខណ្ឌសែនសុខ

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វីក ចំពោះការឆ្លើយតបមេរោគអេដស៍/ ជំងឺអេដស៍នៅកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនដល់គ្រួសាររស់នៅជាមួយជំងឺអេដស៍ និងចាស់ជរាគ្មានទីពឹង១,៧៧៧គ្រួសារ ដែលរស់នៅរាជធានីភ្នំពេញ។

ការចុះសំណេះសំណាលសួរសុខទុក្ខនេះ បានប្រារព្ធធ្វើឡើងនៅទល់មុខវត្ដសុវណ្ណមុនីវង្ស ហៅវត្ដអន្លង់ក្ងាន ស្ថិតនៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕




រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ពិនិត្យសំណើ និងរបៀបវារៈសម្រាប់កិច្ចប្រជុំពេញអង្គ

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋសភាកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិនិត្យសំណើ និងរបៀវារៈមួយចំនួន។
របៀបវារៈក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៅព្រឹកនេះរួមមាន៖
១៖ ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួល ការដឹកជញ្ជូនទំនិញឆ្លងកាត់។
២៖ ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៣៖ ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីសំណង់។

៤៖ ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នូវ៖ សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់ អាវុធគីមី ៕


លោក ហ៊ុន ម៉ានី ចូលរួមក្នុងសន្និសីទសកលលើកទី៦ របស់សមាជិកសភាវ័យក្មេង IPU

តបតាមការអញ្ជើញរបស់សហភាពអន្តរសភា (IPU) និងសភាប៉ារ៉ាហ្គាយ ប្រតិភូសភាវ័យក្មេងកម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ រួមជាមួយនឹងអនុប្រធាន និងសហការី បានអញ្ជើញទៅចូលរួមក្នុងសន្និសីទសកលលើកទី៦ របស់សមាជិកសភាវ័យក្មេងនៃ IPU ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងសន្និសីទសកលនេះ សមាជិករដ្ឋសភា នីតិកាលទី៦ កម្ពុជាបានធ្វើការចែករំលែកពីការខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការសំរេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ក្រោមប្រធានបទ៖ «ការសំរេចបាននូវ SDGs និងការផ្តល់អំណាចដល់យុវជនតាមរយៈសុខុមាលភាព» ។

ផ្អែកទៅលើទំនាក់ទំនងល្អរវាងសហភាពអន្តរសភា ( IPU) និងរដ្ឋសភាកម្ពុជា ប្រតិភូសមាជិក សភាវ័យក្មេងកម្ពុជា បានកំពុងតែចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីបន្តការគាំទ្រ និងចូលរួមសកម្មភាពនៅក្នុងស្ថាប័នអ្នកតំណាងរាស្រ្តពិភពលោកនេះ៕




នៅថ្ងៃទី១១ ខែកញ្ញា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួននៅទីស្តីការនាយករដ្ឋមន្រ្តី ។
យោងតាមហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា របៀបវារៈរួមមាន៖ 
១- ការធានារបស់រាជរដ្ឋាភិបាល សម្រាប់គម្រោងទិញ ថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ។ 
២- បញ្ហាផ្សេងៗ តាមសំណើសុំការយល់ព្រម ពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រម ពីស្ថាប័ននីតិប្បញ្ញត្តិលើ កិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចព្រមព្រៀង ស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាព ថាមពលព្រះអាទិត្យអន្តរជាតិ៕


ទស្សនៈមិត្តអ្នកអាន៖ វិធានការច្បាប់នឹងត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុតចំពោះជន ឬក្រុមប៉ុនប៉ងបំផ្លាញសន្តិភាព!


មន្ត្រី​អង្គការសង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាពធ្វើ​នយោ បាយ​​​របស់​​ប្រជាពលរដ្ឋ ​ដោយ​ចាត់​ទុក​​ថា រដ្ឋាភិបាល​ធ្វើ​ទុក្ខ​បុកម្នេញសកម្មជន​ និងអ្នក​គាំទ្រ​អតីតគណបក្ស​ប្រឆាំង​ដែល​ត្រូវ​​បាន​តុលាការ​រំលាយ​ចោល​ទៅ​ហើយ​នោះ។ ​​​តើ​សកម្ម​ជន និង​អ្នកគាំទ្រអតីត​បក្ស​ប្រឆាំង​ បាន​ធ្វើ​សក​​ម្មភាព​អ្វី​ខ្លះ ទើប​​បានជា​អាជ្ញាធរ​មូល​ដ្ឋាន ​ត្រូវ​តែចាត់​វិធានការច្បាប់​យ៉ាង​តឹង​រ៉ឹង​ដោយ​គ្មាន​ការ​យោគយល់ ដែល​អង្គការសង្គម​ស៊ីវិល​ហៅ​ថា ជាការ​រឹតត្បិត​សិទ្ធិ​សេរីភាព​​នយោបាយ​របស់​ប្រជា​ពលរដ្ឋ​នោះ​?
ជាអ្នក​តាម​ដាន​នយោបាយ និង​សង្គម​ម្នាក់ ខ្ញុំ​មិនយល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​​ក្រៅ​រដ្ឋា​ភិបាលទាំង​​នោះទេ ក៏ប៉ុន្តែ​ខ្ញុំ​​​យល់​​ស្រប​ថា អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​និន្នា​ការ​​នយោបាយ​នោះ គ្រាន់​តែ​ជាការ​កេង​ចំណេញ​រូប​ភាព​នយោបាយឲ្យ​ក្រុម​ប្រឆាំងប៉ុណ្ណោះ ដើម្បីបំពេញ​ចិត្ត​​​​បរទេស​​​ជាម្ចាស់​​ជំនួយ ​ដែល​អាច​និយាយ​បាន​ថា ជាម៉ែ​ឪរបស់​ក្រុម​ប្រឆាំង​ផង​ដែរ។
គួរ​ដឹង​ថា អតីត​បក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការកំពូល​កាល​ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​​សម្រេច​រំលាយ​ដោយ​បិទផ្លូវ​តវ៉ា និង​ហាម​ធ្វើ​សកម្ម​ភាព​នយោបាយ​រយៈពេល ៥ឆ្នាំ​ របស់​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​ចំនួន ១១៨រូប ក្នុង​សំណុំ​​រឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា អតីត​ប្រធានបក្ស​ប្រឆាំង ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។ ដូច្នេះ​ រាល់​ការ​ធ្វើ​សកម្ម​ភាព​នយោបាយ​របស់​បុគ្គ​ល​គ្រប់​រូប រួម​ទាំង​សកម្ម​ជន​អតីតបក្ស​ប្រឆាំងផង​ ទាក់​ទង​​នឹង​​​អតីត​គណបក្ស​​ប្រឆាំង ​ដែល​តុលាការ​កំពូល​បាន​ហាម​ឃាត់​ គឺ​ជា​អំពើបំពាន​​ច្បាប់​។
តើ​សកម្មជន​អតីត​បក្ស​ប្រឆាំង​ បច្ចុប្បន្ន​ធ្វើ​​សកម្ម​ភាព​ក្នុង​នាម​គណបក្ស​នយោបាយណា​មួយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា? បើ​ធ្វើ​សកម្ម​ភាព​បម្រើ​ឲ្យ​អតីត​បក្ស​ប្រឆាំង ដែលតុលាការ​​​រំលាយ​ចោល​ទៅហើយ​នោះ គឺ​ជា​អំពើ​ល្មើស​ច្បាប់​ ប្រឆាំង​នឹង​សាល​ដីកា​របស់​តុលាការ​កំពូល និង​ជា​ចេតនា​ប៉ុន​ប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល ​តាម​ការ​ញុះញង់​របស់​ទណ្ឌិត សម រង្ស៊ី មេឧទ្ទាម​ចលនា​ប្រឆាំង​ក្រៅ​ច្បាប់​ ដែល​កំណត់​ថ្ងៃវិលចូល​ស្រុក​ ធ្វើ​បដិវត្ត​ន៍ពណ៌ជា​ថ្មី​ទៀតនៅ​ថ្ងៃទី​៩វិច្ឆិកាខាង​មុខ ​ក្រោយ​បរាជ័យ​យ៉ាង​អាម៉ាស់​កាល​ពី​ឆ្នាំ​២០១៣។
​គួរកត់​សម្គាល់​ថា ​លោក សម រង្ស៊ី មេចលនា​ឧទ្ទាម​ប្រឆាំង​ក្រៅ​ច្បាប់​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ងើប​ឡើង​បះបោរ​​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពីការ​បោះ​ឆ្នោត។ បើ​តាម​ព័ត៌មាន​បែកធ្លាយ គឺ​លោក សម រង្ស៊ី បាន​ជួល​សកម្ម​ជន​ស្ម័គ្រ​ស្លាប់​​​ក្នុង​មួយ​ខេត្ត​ ១០០នាក់ និង​ផ្តល់​ប្រាក់​ ១ម៉ឺន​ដុល្លារ ដើម្បី​បង្កភាព​វឹកវរ ចលាចល​សង្គម ក្នុង​ថ្ងៃទី៩វិច្ឆិកា​ខាង​មុខ ដែល​ទណ្ឌិតរូប​នេះកំណត់​ពេល​វិល​ចូល​ស្រុកវិញ។ ក៏ប៉ុន្តែ​អ្វី​ដែល​ច្បាស់​នោះ គឺ​ទណ្ឌិតរូប​នេះ នឹងគ្មាន​ភាព​ក្លាហានហ៊ាន​វិល​ចូល​ស្រុក​វិញទេ អ្វី​ដែល​ជា​បញ្ហា​ គឺ​ប្រសិន​បើ​បំណង​របស់​ទណ្ឌិត សម រង្ស៊ី ធ្វើ​បាន​សម្រេចមែន​ ​នោះ​ប្រទេស​ជាតិ​ នឹង​មាន​ភាព​វឹកវរ​ ចលាចល​ អសន្តិសុខ​សង្គម​ ជា​មិន​ខាន​ឡើយ។ ហេតុ​ដូច្នេះហើយ​ បាន​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ត្រូវ​តែ​ចាត់​វិធានការ​ច្បាប់​តឹង​រឹងបំផុតចំពោះបុគ្គល ឬ​ក្រុម​ណាមួយ ​​ដែល​ប៉ុនប៉ងចង់​បំផ្លាញ​ សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​ ដែលរាជរដ្ឋាភិបាល​​រកបាន​​ដោយ​លំបាក​ជាទី​បំផុតនេះ​។
ការ​ធ្វើ​សកម្ម​ភាព​នយោបាយ​របស់​​សកម្ម​ជនអតីត​បក្ស​ប្រឆាំង ត្បិតថា ​ជា​សិទ្ធិ​សេរីភាពរបស់​បុគ្គលគ្រប់​រូប​ ​ដែល​មាន​​​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញព្រះរាជាណាចក្រកម្ពុជា​ ​ដែល​ជា​ច្បាប់​កំពូល​របស់ជាតិក៏ពិតមែន ក៏ប៉ុន្តែ​ វា​ជា​សកម្ម​ភាព​បំពាន​នឹង​ច្បាប់។ បំពាន​ច្បាប់ គឺ​ពួកគេ​ទៅទទួលយក​ផែន​ការ​របស់បរទេស​តាម​រយៈទណ្ឌិត សម រង្ស៊ី បំផុស​បំផុល​ឲ្យ​មានការ​ប្រមូលផ្តុំជួប​ជុំ​​ ដើម្បី​បង្ក​ភាព​វឹកវរ ចលាចល​ នៅ​ថ្ងៃទី​៩វិច្ឆិកា​ខាង​មុខ​។ ​គួរ​ដឹង​ថា ការទទួល​យក​ផែនការ​របស់​ទណ្ឌិត សម រង្ស៊ី មក​អនុវត្ត គឺ​ជា​សកម្មភាព​គាំទ្រ​ និង​បង្កើត​ឲ្យ​មាន​បដិវត្តន៍ពណ៌ជា​ថ្មី​ទៀត​នៅកម្ពុជាដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាលស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោតតាម​បែប​មិនប្រជាធិបតេយ្យ​នេះ គឺ​មិនមែន​ជា​អ្វី​ ដែល​​ជា​សេចក្តី​ប៉ង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​រស់​នៅក្នុង​សុខ​សន្តិភាពនោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ប្រជាពល​រដ្ឋ​មាន​តែជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ចាត់​វិធានការ​ម៉ឺងម៉ាត់​ថែម​ទៀត ដើម្បី​បង្ការ​ភាព​អន្តិសុខ​ផ្សេងៗដែល​បង្កឡើង​ដោយ​ក្រុម​ប្រឆាំង។
យ៉ាង​ណា​មិញ បើ​និយាយ​ថា រដ្ឋាភិបាល​រឹត​ត្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​នយោបាយ​ គឺខុសស្រឡះតែម្តង​ ពី​ព្រោះ​ថា នៅកម្ពុជា​មាន​គណបក្ស​នយោបាយ​ចំនួន២០ បាន​ចូល​រួម​ក្នុងការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណា​ង​​​​រាស្ត្រ​អាណត្តិទី​៦ កាល​ពី​ឆ្នាំ​២០១៨ ហើយ​បច្ចុប្បន្នបាន​និង​កំពុង​ធ្វើ​សកម្ម​ភាព​យ៉ាង​ទូលាយនៅ​តាម​មូល​ដ្ឋាន​នានាទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ដូច​ជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរក្រោក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ គណបក្ស​ឆន្ទៈខ្មែរ ជា​ដើម​។ល។
គណបក្ស​ច្រើន​លើសលប់​បាន​សម្រេ​ច​ចិត្ត​ចូល​រួម​ក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដើម្បី​រួម​ចំណែក​​កសាង និង​អភិវឌ្ឍន៍​ប្រទេស ឲ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត ក្នុង​ន័យ​ថា ជា​ភ្នែក​ ច្រមុះ មើល​ពី​ចំណុច​អសកម្ម​ ចំណុច​អវិជ្ជមាន​របស់​មន្ត្រី​អនុវត្ត​ច្បាប់​។ ​បើ​ដូច​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​និយាយ​ថា កម្ពុជា​​រឹតត្បិតសេរីភាពពលរដ្ឋ​ក្នុង​ការ​ធ្វើ​នយោបាយ ម្ល៉េះ​សម​ពួកគេ​ទាំង​អស់​នោះ មិន​អាច​ធ្វើ​សកម្ម​ភាព​នយោបាយបាន​ទេ ក៏ប៉ុន្តែ​​ផ្ទុយ​ទៅវិញ ពួក​គេ​ទាំង​អស់​នោះ មាន​សិទ្ធិ​កោះហៅ​មន្ត្រី រហូត​ដល់​រដ្ឋមន្ត្រី​តាម​ក្រសួង​នីមួយ​ៗទៅ​ឆ្លើយ​បំភ្លឺ​ពី​ចម្ងល់​​របស់​ពួក​គេថែមទៀត​ផង៕

ដោយ៖ សុខ សុវណ្ណ