បាត់ដំបង៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង មានរៀបចំកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងជនអន្តោប្រវេសន៍ និងផ្សព្វផ្សាយការពន្យាឱសានវាទនៃការទទួលពាក្យសុំប្រកាសទទួលស្គាល់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជាជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។
ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពនានា កងកម្លាំងអធិការនគរបាលក្រុង ស្រុក អភិបាលក្រុង ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេឃុំ ចៅសង្កាត់ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀតចូលរួមផងដែរ។
បន្ទាប់ពីមតិស្វាគមន៍របស់ លោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានគរបាលខេត្តបាត់ដំបងរួចមក លោក ស៊ុ ជាពេញចិត្ត អនុប្រធានអចិន្រ្តៃយ៍គណ:កម្មការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ខេត្តបាត់ដំបង ក្រុមការងារចុះដកហូតលិខិតរដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ក្នុងខេត្តបាត់ដំបងបានឡើងរាយការណ៍ពីលទ្ធផលជនបរទេសជាជនអន្តោប្រវេសន៍នៅខេត្តបាត់ដំបងតាំងពីឆ្នាំ២០១៥មកដល់បច្ចុប្បន្ន។
លោក ឃុន សំបូរ បានឡើងធ្វើបទបង្ហាញតាមរយ:ស្លាយ និងពន្យល់ពីប្រវត្តិសាស្រ្តជាយូរលង់មកហើយអំពី ជនបរទេសអន្តោប្រវេសន៍ ដោយបានបញ្ជាក់ និងយោងឯកសារ ភស្តុតាង ជំនាន់មុនៗ ដែលនៅសេសសល់ហើយសមត្ថកិច្ចយើងបានដកហូតពីជនបរទេសកន្លងមកក្រោយពីសមត្ថកិច្ចយើងបានចុះធ្វើជំរឿន ដើម្បីយកមកបង្ហាញជូនសមាជិកអង្គពិធីទាំងអស់បានយល់កាន់តែច្បាស់ជាមូលដ្ឋានសម្រាប់យកទៅអនុវត្តការងារបន្តទៀតដល់សមត្ថកិច្ចយើងផងដែរ។
លោកបានបន្តថា នៅក្នុងកិច្វប្រជុំបូកសរុបនេះផងដែរ កិច្ចប្រជុំបានពន្យាឱសានវាទនៃការទទួលពាក្យសុំប្រកាសទទួលស្គាល់និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ជាជនបរទេសអន្តោប្រវេសន្តនៅកម្ពុជាដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ ជាថ្ងៃកំណត់ចុងក្រោយ។ បើជនបរទេសណាមិនចូលរួមសហការមកដាក់ពាក្យសុំទេ គឺត្រូវទទួលទោសឬត្រូវបណ្តេញចេញពីប្រទេសកម្ពុជាចេញទៅប្រទេសដើមកំណើតវិញ។
លោក ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណនិងវាតម្លៃខ្ពស់ដល់ក្រុមការងារនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមន្រ្តីជំនាញនគរបាលស្នងការខេត្តដែលបានខិតខំធ្វើការងារចុះជំរឿននិងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់មិនប្រក្រតីនៅខេត្តបាត់ដំបងកន្លងមក។
លោក បានគូសបញ្ជាក់ថា ឆ្លងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា មន្រ្តីជំនាញបានរកឃើញ និងដកហូតឯកសារកម្ពុជាមិនប្រក្រតីពីជនបរទេសមាន២ប្រភេទគឺ ១, ជនបរទេសរស់នៅយូរហើយកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីត្រូវបានដកហូត ២, ជនបរទេសរកឃើញថ្មី កាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីត្រូវបានដកហូតមាន៦៩០គ្រួសារ គិតមនុស្សរួម១,៧២៩នាក់ ស្រី៧៧៨នាក់ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ។
លោក ក៏បានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធទាំង៥ចំណុចគឺ៖ ១, សមត្ថកិច្ចពាក់ព័ន្ធមេត្តាដកហូតឲ្យអស់នូវឯកសារដែលជនបរទេសកាន់កាប់មិនប្រក្រតី ២, ស្នងការនគរបាលខេត្តដែលមានផែនអន្តោប្រវេសន៍ជាសេនាធិការជំរុញដល់គ្រប់ប៉ុស្តិ៍នគរបាលជួយផ្សព្វផ្សាយខ្លឹមសារអនុក្រិត្យលេខ១២៩អនក្រ និងសេចក្តីជូនដំណឹងលេខ១០១ស្តីពីការពន្យាឱសានវាទនៃកាដាក់ពាក្យស្នើសុំប្រកាសនិងប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដែលជនបរទេសអន្តោប្រវេសន្តទាំងអស់បានយល់ ៣, ត្រូវសហការជាមួយផែនអត្តសញ្ញាណកម្មផ្តល់ទិន្នន័យអត្តសញ្ញាណប័ណ្ណដែលបានដកហូតរួចជៀសវាងការផលិតថ្មី ៤, គ្រប់អាជ្ញាធរក្រុង ស្រុក ឃុំទាំងអស់ត្រូវអនុវត្តឲ្យបានត្រឹមត្រូវក្នុងការផ្តល់លិខិតស្នាមផ្សេងៗដូចជាសំបុត្រកំណើត អាពាហ៍ពិពាហ៍ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ជៀសវាងការផ្តល់សញ្ជាតិឲ្យជនបរទេសដោយមិនដឹងខ្លួន ៥, យកចិត្តទុកដាក់គ្រប់គ្រងការចេញចូលស្នាក់នៅរបស់ជនបរទេស រកឃើញការលួចរស់នៅនិងធ្វើការខុសច្បាប់ ត្រូវចាប់បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តតាមច្បាប់៕