Friday, November 20, 2015

អ្នកតំណាងរាស្ត្រ CNRP ជា ប៉ូច អាចសង្ស័យជាមេក្លោង ឬជាគូកន នៃការក្លែងឯកសារនៅខេត្តស្វាយរៀង និងតាកែវ

បន្ទាប់ពីជន​ក្លែងឯកសារ​សាធារណៈ សំបុត្របញ្ជាក់​កំណើតចំនួន​២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅរសៀល​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ អធិការដ្ឋាននគរ​បាលក្រុងបាវិតរួចមក ត្រូវបានប្រភពព័ត៌​មានច្បាស់ការ​ពីផ្ទៃក្នុងគណបក្ស​សង្គ្រោះជាតិ បានទម្លាយឲ្យដឹងថា ក្នុងករណី​នេះ អ្នកតំណាង​រាស្ត្រ ជា ប៉ូច អាចសង្ស័យជា​មេក្លោង ឬជាគូកន នៃការក្លែង​ឯកសារក្លែងក្លាយនេះ ។
ប្រភពដដែល​បានឲ្យដឹងថា ការដែលសមត្ថកិច្ច​ផ្តោតការសង្ស័យជា​បឋមទៅលើ លោក ជា ប៉ូច ដោយ​ហេតុថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ អ្នកតំណាង​រាស្ត្ររូបនេះ បានបង្ហោះផ្សាយនូវឯកសារ​ក្លែងក្លាយនោះនៅក្នុង​ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយសរសេរថា ខេត្តតាកែវ ត្រូវបាន​អាជ្ញាធរខ្មែរ ប្រែក្លាយជា ខេត្តរបស់ប្រទេស​វៀតណាមរួចរាល់​ហើយ….។ ដែលអ្នកតំណាងរាស្ត្រ​បក្សប្រឆាំងរូបនេះ បង្ហោះផ្សាយនូវ​ឯកសារ​ក្លែងក្លាយនេះ ដោយពុំបានស្រាវជ្រាវសួរ​នាំរកការពិតឲ្យបាន​ត្រឹមត្រូវនោះទេ ដោយមិនដឹងថា ជាចេតនាវាយ​ប្រហារមកលើមន្ត្រីមូលដ្ឋាន​នៅឃុំភ្នំដិន ស្រុកគីរីវង់​ខេត្តតាកែវ ឬជាចេតនាវាយប្រហារ​មកលើរាជរដ្ឋាភិបាល ដើម្បីគោលបំណង​អ្វីមួយដែលសម្អុយ​កេរ្តិ៍ឈ្មោះ ឬបង្កភាព​ចលាចល ឲ្យប្រជាពលរដ្ឋមានការ​ភ័ន្តច្រឡំ។
ប៉ុន្តែ ទោះបីក្នុង​តម្លៃណាក៏​ដោយ ការបង្ហោះផ្សាយ​នូវឯកសារក្លែង​ក្លាយបែប​នេះ គឺ លោក ជាប៉ូច អាចសង្ស័យ​ជាមេក្លោង នៃទង្វើក្លែង​ឯកសារនេះ ដែលនេះ គឺជាបទល្មើស​ជាក់ស្តែង ពីព្រោះបន្ទាប់​ពីសមត្ថកិច្ច​បើកការស្រាវ​ជ្រាវ ស៊ើបអង្កេត និងឈានដល់​ការឃាត់ខ្លួនជនសង្ស័យពីរ​នាក់រួចមក នៅរសៀល​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិល​មិញ លោក ជា ប៉ូច ក៏បានប្រញ៉ាប់ប្រញ៉ាល់​ដកចេញភ្លាមៗនូវឯកសារ​ក្លែងក្លាយដែលរូប​គាត់បានបង្ហោះនោះ​ពីក្នុងទំព័រហ្វេសប៊ុកផ្ទាល់​ខ្លួនរបស់គាត់​ហើយ។
ជនសង្ស័យ​ចំនួនពីររូបដែល​សមត្ថកិច្ចបាន​ឃាត់ខ្លួន រួមមាន៖ ១. ឈ្មោះ សុខ សំអ៊ាន ភេទប្រុសអាយុ ៣៨ឆ្នាំជាប្រធាន​ប្រតិបត្តិគណបក្ស​សង្គ្រោះជាតិ​ក្រុងបាវិត មានទីលំនៅភូមិតាពៅ សង្កាត់​បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងទី២. ឈ្មោះ នង សារិទ្ធ ជាសមាជិក​ក្រុមប្រឹក្សាគណបក្ស​សង្គ្រោះជាតិ ក្រុងបាវិត ។
សូមបញ្ជាក់ថា បន្ទាប់ពីមានការបង្ហោះ​នូវឯកសារមិនប្រ​ក្រតីនោះមក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ អគ្គនាយកដ្ឋាន​អត្តសញ្ញាកម្ម នៃក្រសួង​មហាផ្ទៃ ក៏បានចាត់មន្ត្រីឲ្យ​មានការត្រួត​ពិនិត្យជាបន្ទាន់​លើសៀវភៅអត្រា​នុកូលដ្ឋានភ្លោះ​ច្បាប់ដើមដែល​តម្កល់ទុកនៅ​សាលាស្រុកគីរីវង់ ខេត្តតាកែវ ទិន្នន័យត្រង់​ទីកន្លែងកំណើត របស់សាម៉ីខ្លួន​បានសរសេរថា   ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ          (ប្រទេសកម្ពុជា) ។ ដូច្នេះសំបុត្រ​កំណើតដែលផ្សព្វផ្សាយ​តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ខាងលើជាសំបុត្រ​កំណើតដែលមាន​ភាពមិនប្រក្រតី។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ចាត់ទុកថា នេះជាករណីឆ្លៀត​ប្រើប្រាស់បណ្តាញ​សង្គម ( Facebook ) ក្នុងគោលបំណងបំពុល​បរិយាកាស។
ដូច្នេះ ក្នុងករណីដែល​សមត្ថកិច្ច​វែកមុខចាប់ខ្លួន​បានជន​សង្ស័យពីរ​នាក់រួចមកនេះ គេនៅមិនទាន់ដឹងថា អ្នកតំណាង​រាស្ត្រ ជា ប៉ូច នៃគណបក្ស​សង្គ្រោះជាតិ អាចនឹងត្រូវ​ប្រឈមចំពោះផ្លូវច្បាប់ដែរឬ​យ៉ាងណានោះទេ ដោយសារតែរូប​គាត់បានបង្ហោះនូវឯក​សារក្លែងក្លាយនោះនៅលើទំព័រហ្វេស​ប៊ុកផ្ទាល់ខ្លួនរបស់គាត់។ គេនៅចាំ​បានថា កាលពីពេលកន្លង​ទៅសមាជិកព្រឹទ្ធសភា១រូប​របស់គណបក្ស សម រង្ស៊ី  គឺលោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន និងចោទប្រកាន់ក្នុងបទ​ល្មើសព្រហ្មទណ្ឌ​ជាក់ស្តែង បន្ទាប់ពីលោក ហុង សុខហួរ បានក្លែងឯកសារ និងប្រើប្រាស់​ឯកសារក្លែងក្លាយ ដែលបានបង្ហោះ​ក្នុងទំព័រហ្វេសប៊ុក​របស់លោក សម ​

រង្ស៊ី៕