យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ដែលបានចាប់ផ្តើមពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៣ មកនោះ បានឈានដល់ថ្ងៃចុងក្រោយហើយ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣នេះ ។
នៅក្នុងរយៈពេលមួយខែនេះផងដែរឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អានសមាជិកអចិន្រ្តៃយ៏ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តតាកែវបានអញ្ជើញចុះដល់បណ្តាស្រុកនានា ដើម្បី សួរសុខទុក្ខ ដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា។ ដោយឡែកនៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៣ នេះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងខេត្តតាកែវផងដែរ ដែលចូលរួមក្នុងពិធីដង្ហែក្បួនបញ្ចប់យុទ្ធនាការឃោសនានេះ មាន សមាជិកសមាជិកា មកពីបណ្តាស្រុក ក្រុងនានាទូទាំងខេត្តតាកែវ ចំនូនប្រមាណជាជាង៣ម៉ឺននាក់ មកពីនៅក្នុងខេត្តតាកែវ ដែលមានទឹកមុខរីករាយ និងមានភាពស្វាហាប់ ម៉ឺងម៉ាត់ និងគ្រប់គ្នាបានប្តេជ្ញាដាច់ខាត បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី៤។
មានប្រសាសន៍នៅក្នុងពិធីនេះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អានបានមានប្រសាសន៍សម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនជនរួមជាតិនៅគ្រប់ទិសទី គ្រប់ស្រទាប់គ្រប់មជ្ឈដ្ឋាននានាក្នុងសង្គម ជាពិសេសស្រទាប់យុវជនយ៉ាងច្រើនកុះករបំផុត ដែលបានគាំទ្រកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៣-២០១៨ ហើយបានចូលយ៉ាងសកម្មក្នុងយុទ្ធនាការឃោសនា របស់គណបក្សប្រកបដោយវិចារណញ្ញាណដ៏ថ្លៃថ្លា និងភាពថ្លៃថ្នូរ ដោយរក្សាខ្ជាប់នូវ ភាពនឹងន អត់ធ្មត់ ចំពោះពាក្យសម្តីភូតកុហក វាយប្រហារ មួលបង្កាច់ការពិតយ៉ាងអសុរសបំផុត និងអំពើអុចអាល ញុះញង់ បង្កហេតុពីសំណាក់ឃោសនិក និងសកម្មជននៃ គណបក្សខ្លះមកលើគណបក្សប្រជាជនកម្ពុជា។ កាយវិការដ៏ឧត្តុង្គឧត្តមនេះឆ្លុះបញ្ចាំងច្បាស់នូវស្មារតីចូលរួមថែរក្សាស្ថិរភាព សាមគ្គីភាព និងគោរពច្បាប់របស់ប្រជាជនយើង។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបន្ថែមថា ប្រជាជនបានឃើញច្បាស់នូវតួនាទីជា ប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រទេសជាតិរយៈពេលជិត៣៥ឆ្នាំ កន្លងមកនេះ គឺគណបក្សតែមួយគត់ដែលបានដឹកនាំករតស៊ូសង្រ្គោះជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ បានរកសុខសន្តិភាពពេញលេញជូនប្រជាជន បានប្រកាន់ខ្ជាប់នូវនយោបាយសន្តោសប្រណី ផ្សះផ្សារ បង្រួបបង្រួមជាតិ និងបានស្តារកសាងប្រទេសឡើងវិញពីលេខសូន្យ រហូតមានការអភិវឌ្ឍន៍ ដូចបច្ចុប្បន្ន ហើយបានលើកស្ទួយកិត្យានុភាពជាតិឲ្យខ្ពស់ត្រដែតឡើងវិញលើឆាកអន្តរជាតិ។ ព្រមជាមួយនេះ ជនរួមជាតិក៍បានយល់ជ្រួតជ្រាបហើយ នូវគោលនយោបាយលើគ្រប់វិស័យដែលមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយរបស់គណបក្សប្រជាជនកម្ពុជា និងវិធានការចាំបាច់នានា ដើម្បីធានាសម្រេច ឲ្យបាននូវបំណងប្រាថ្នា និងដោះស្រាយរាល់កង្វល់ទាំងឡាយរបស់ប្រជាជន។ ជាងនេះទៀតគណបក្សដែលបានផ្សារភ្ជាប់បម្រើប្រជាជននៅគ្រប់កាលៈទេសៈ ដែលបាននាំមកនូវសមិទ្ធិផលយ៉ាងធំធេងក្នុងរយៈពេលជិត ៣៥ឆ្នាំ មកនេះ ជាគណបក្សដែលមានកម្មវិធីនយោបាយ ត្រឹមត្រូវ និងមានសមត្ថភាព ដឹកនាំជំនះដោយជោគជ័យនូវរាល់ឧបសគ្គ និងការលំបាកទាំងឡាយរបស់ជាតិ ជាគណបក្សដែលហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ មិនមែនជាគណបក្សដែលចេះត្រឹមតែកុហក បោកប្រាស សន្យាខ្យល់មិនចេះចប់នោះឡើយ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាថ្មីទៀតជូនជនរួមជាតិថា ក្រោយទទួលបានជ័យជំនះក្នុងការបោះឆ្នោត គណបក្ស នឹងរៀបចំរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីបន្តដឹកនាំប្រទេសឲ្យសម្រេចបានជោគជ័យកាន់តែធំធេងឡើង គឺធានា ការពារយ៉ាងគត់មត់នូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ការថែរក្សាពង្រឹង សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យកាន់តែរឹងមាំ ការធានាលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពពលរដ្ឋ សមភាព និងយុត្តិធម៌ក្នុងសង្គម ការផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយគុណភាព ប្រសិទ្ធភាព និងវិសាលភាព ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យកាន់តែរីកចំរើនខ្លាំងក្លាឡើងជាមួយនឹងការធានានូវការបែងចែកដោយសមធម៌ដើម្បីលើកកម្ពស់ឥតឈប់ឈរនូវជីវភាពរស់នៅរបស់ប្រជាជនគ្រប់ៗរូប។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋថា បើស្រឡាញ់ បើអាណិត បើពេញចិត្ត បើជឿទុកចិត្តសម្តេច ហ៊ុន សែន សូមបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានរូបទេវតាបាចផ្កា មានលំដាប់លេខរៀងទី៤ នៅក្នុងសន្លឹកឆ្នោតកុំបីខាន នៅថ្ងៃអាទិត្យទី ២៨ កក្កដា ឆ្នាំ ២០១៣ ខាងមុខនេះចាប់ពីម៉ោង៧ ព្រឹកដល់ម៉ាង ០៣ រសៀល នៅតាមការិយាល័យបោះឆ្នោត ក្នុងឃុំសង្កាត់ របស់បងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង។