
Tuesday, February 17, 2015
សម្តេចហ៊ុនសែន៖ ខ្ញុំគ្មានការគាតសង្កត់លើស្ថាប័នតុលាការទេ គ្រាន់តែអំពាវនាវឲ្យធ្វើការដោយយុត្តិធម៌ និងត្រឹមត្រូវតាមនីតិវិធីច្បាប់
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន
សែន ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១៧
ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានស្នើឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពិនិត្យទាក់ទងជាមួយនឹងសំណុំរឿងបទឧក្រិដ្ឋឃាតកម្ម
លើឧកញ៉ា អ៊ឹង ម៉េងជឺ ដោយសម្តេចបានបញ្ជាក់ថា សម្តេចគ្មានគាបសង្កត់លើតុលាការទេ
ប៉ុន្តែសូមឲ្យធ្វើការដោយយុត្តិធម៌ ដើម្បីចៀសវាង ការមិនពេញចិត្តរបស់ប្រជាពលរដ្ឋហើយទម្លាក់កំហុសមកលើសម្តេចតែម្នាក់នោះ។
សម្តេចតេជោ បានប្រកាសស្នើដល់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចាត់វិធានការបន្ទាន់លើចៅក្រម ក្នុងសំណុំរឿង
ដែលចៅក្រមដោះលែងឪពុកម្តាយលោកឧកញ៉ា ថោង សារ៉ាត់ កាលពីថ្ងៃទី៧កុម្ភៈកន្លងទៅ
ដោយខុសពីនិតិវិធីច្បាប់។ "ខ្ញុំអំពាវនាវចំពោះឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យទាក់ទងជាមួយនឹងសំណុំរឿងបទឧក្រិដ្ឋឃាតកម្ម នៅទីក្រុងភ្នំពេញ។ រឿងនេះ រឿងមិនធម្មតាទេ។ ខ្ញុំគ្មានការគាបសង្កត់រឿងស្អីជាមួយតុលាការទេ។ រាជរដ្ឋា ភិបាលបានប្រឹងដុតដៃដុតជើង បញ្ជាកម្លាំង
ដើម្បីតាមរកឃាតករ សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ។ ទីចុងបំផុត យើងសម្រេចចាប់បានមួយសំបុក។ រឿងដែលមិនយល់ គឺនៅត្រង់ថា ឲ្យឪពុកម្តាយរបស់មេក្លោងដែលបញ្ជាឃាតករ ដែលជាប់ពិរុទ្ធភាព
លើបទចោទនេះ ឲ្យនៅក្រៅឃុំ ហើយអានៅក្រៅឃុំនេះ បើធ្វើត្រូវនីតិវិធី
វាមិនអីទេ តែវាខុសនីតិវិធីទៅទៀត។ "
សម្តេចតេជោ បានបន្តទៀតថា
ក្រោយពីទទួលបានព័ត៌មានពីការដោះលែងរួច សម្តេចបាន ឲ្យឯកឧត្តម ស ខេង ធ្វើការជាមួយឯកឧត្តម
អង្គ វង្សវឌ្ឍានា ថារឿងអី បានជាដោះលែងឲ្យនៅក្រៅឃុំ?។ ការបកស្រាយរាក់កំផែល។ ទី១
យកហេតុផល សុខភាព និងទី២ ថាបទល្មើសនេះ ជាបទល្មើសមជ្ឈឹមទេ។ សម្តេចបន្តថា " អាកាំភ្លើង
៨ ដើម គេចាត់ទុកជាបទល្មើសមជ្ឈឹម។ បានខ្ញុំស្រែកតែម្តង ថាគ្រាន់តែព្រនង់
គឺជាប់គុក ប៉ុន្តែអានេះ កាំភ្លើង ៨ ដើម បែរជារួចខ្លួន
នេះចេះទៅតាមចាប់បានវិញ កុំអីរឿងធំហើយ!"។
សម្តេចតេជោ បានបន្តថា រដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ
តែបែជាត្រូវបំផ្លាញដោយចៅក្រមខ្លះ ដែលបំពានច្បាប់ទៅវិញ មូលហេតុដែលសម្តេចនិយាយដូច្នោះព្រោះ
តុលាការរាជធានីភ្នំពេញមិនបានឲ្យនៅក្រៅឃុំទេ ចឹងត្រូវប្តឹងឧទ្ធរណ៍ ហើយនៅថ្ងៃ២០សាលាឧទ្ធរណ៍គេប្រកាសមិនឲ្យនៅក្រៅឃុំទេ
ស្រាប់តែថ្ងៃ២១ មេធាវីរបស់ឱពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ ប្តឹងទៅតុលាការកំពូលដើម្បីសុំនៅក្រៅឃុំ
ប៉ុន្តែតុលាការកំពូលគេមិនទាន់បានកាត់ឲ្យនៅក្រៅឃុំ ឬមិននៅក្រៅឃុំទេ បែរជាថ្ងៃទី៥
មេធាវីនៃកូនក្តីឱពុកម្តាយ ថោង សារ៉ាត់ ទៅសុំដកពាក្យពីតុលាការកំពូលយកត្រឡប់មកវិញ ហើយនៅថ្ងៃទី៦ គេចេញដីកាឲ្យនៅក្រៅឃុំ។
សម្តេចបញ្ជាក់ថា រឿងនេះវា ហាក់ដូចជាលឿនពេក លឿនរហូតដល់យើងគួរឆ្ងល់។
សម្តេចបានថ្លែងថា សម្តេចមិនសុខចិត្តទេ
សម្តេចក៏បានស្នើឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចាត់វិធានការបន្ទាន់លើសំណុំរឿងនេះ។
សម្តេចក៏មិនសប្បាយចិត្តដែរ ដែលប៉ុន្មានថ្ងៃមកនេះ សាធារណៈមតិ បានវាយប្រហារមកលើសម្តេច
ថាជាអ្នកបញ្ជាឲ្យដោះលែង ដោយគេមិនបានស្តីបន្ទោសតុលាការទេ បែរជាមកវ៉ៃតែ
សម្តេចទៅវិញ។ សម្តេច នាយករដ្ឋមន្ត្រីបាន បញ្ជាត្រង់ទៅកាន់ ឯកឧត្តម អង្គ
វង្សវឌ្ឍនា សូមជួយឧត្តមក្រុមប្រឹក្សាចៅក្រមរៀបចំរឿងហ្នឹង ដោយសម្តេចបញ្ជាក់ថាសម្តេច
មិនអាចទទួលយកបានទេ។
សម្តេចបានបន្តថា "
បើតាមខ្ញុំស្តាប់បានទៅទៀត ចៅក្រមតុលាការក្រុងភ្នំពេញហ៊ានអះអាងថា ថោង សារ៉ាត់
មិនជាប់ពាក់ព័ន្ធ ហ៊ានយកក្បាលមកធានាទៀត មនុស្សអត់ទាន់កាត់ក្តីផង សំណុំរឿងកំពុងស្រាវជ្រាវ
ហើយរឿងនេះខ្ញុំស្តាប់ផ្ទាល់ថា ចាប់ហ្នឹងត្រូវតែមួយទេខុសបីក្នុងចំណោម៤
ថោង សារ៉ាត់ គ្មានពាក់ព័ន្ធ។ បើអញ្ចឹងអ្នកដែលពាក់ព័ន្ធគឺ ជួន សុវណ្ណ ត្រូវតែជាប់គុកព្រោះចាប់គេខុស " ។ សម្តេចបន្តថារឿងនេះ ស ទៅជាខ្មៅ ខ្មៅទៅជាស
ហើយសម្តេចបានអំពាវនាវដោយទទូច ឲ្យធ្វើអធិការកិច្ចបន្ទាន់លើសំណុំរឿងមួយនេះដើម្បីស្វែងរកយុត្តិធម៌។
សម្តេចបានបន្តថា អ្នកក្រគ្រាន់តែកាន់ដំបងម៉េចក៏ជាប់គុក ហើយអ្នកមាន ដែលមានកាំភ្លើងម៉េចបានជានៅក្រៅឃុំបាន
អយុត្តិធម៌នៅកន្លែងហ្នឹង ហើយប្រជាពលរដ្ឋដែលគាត់អត់យល់ បែរជាស្អីបន្ទោសឲ្យសម្តេចគ្រប់រឿងទាំងអស់។
សម្តេចបានបញ្ជាក់ថា អំណាចនៅដាច់ដោយឡែកពីគ្នា ក៏ប៉ុន្តែវានៅជាប្រព័ន្ធព្រោះតុលាការជាអ្នកអនុវត្តនីតិវិធីច្បាប់
ហើយខាងចាប់ចងគឺខាងនីតិប្រត្តិបត្តិ តុលាការមានអំណាចឯករាជ្យរបស់គាត់
ដូច្នេះសុំឲ្យស្ថាប័នតុលាការនេះ ធ្វើយ៉ាងណាធានាឲ្យបាននូវយុត្តិធម៌ចំពោះប្រជាពលរដ្ឋទូទៅមិនថា
មានរឺក៏ក្រទេ។ សម្តេចបន្តថា តាមរយះរឿងក្តីរបស់ ឧកញ៉ា អ៊ឹង ម៉េងជឺ
នេះ គឺបង្ហាញឲ្យឃើញថា មានតុលាការខ្លះឃុបឃិតជាមួយចោរ ដូច្នេះយើងមិនចាប់តុលាការទេ
យើងនឹងចាប់ចោរ ព្រោះវាជ្រុលពេក ហើយបើឱពុកម្តាយ ថោង សារ៉ាត់ រត់រួចអ្នកដែលទៅចុះហត្ថលេខាឲ្យដោះលែង
នឹងត្រូវចាប់ខ្លួន ព្រោះគាត់បានផ្សំគំនិតជាមួយចោរ ដោះលែងចោរបក្សពួកចោរ។
អត្ថបទដោយ៖
ច័ន្ទ ទេវី

Subscribe to:
Posts (Atom)