Saturday, December 05, 2020

កិច្ចប្រជុំពិនិត្យការសាងសង់ព្រះវិហារវត្តភ្នំព្រះធាតុ

ស្រុកសាមគ្គីមានជ័យ៖ កាលពីព្រឹកថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅវត្តភ្នំព្រះធាតុ មានប្រជុំពិនិត្យមើលទីតាំងសាងសង់ព្រះវិហារវត្តភ្នំព្រះធាតុ ដើម្បីរៀបចំឱ្យត្រូវតាមប្លង់ស្ថាបត្យកម្មក្បូរក្បាច់រចនាតាមពុទ្ធសាសនា និងប្រពៃណីជាតិ និងតាមបទដ្ឋានបច្ចេកទេសក្រោមអធិបតីភាពព្រះសិរីធម្មញាណ សុខ ថាន ព្រះរាជាគណៈថ្នាក់កិតិយស ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្ត្រីសង្ឃសាលាគណខេត្ត តំណាងព្រះគ្រូអនុគណស្រុក ថ្នាក់ដឹកនាំជាអភិបាលរងស្រុក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត និងស្រុក មន្ទីរធម្មការ និងសាសនាខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត អង្គភាពលទ្ធកម្មស្រុក អាជ្ញាធរឃុំ និងគណៈកម្មការអាចារ្យវត្តភ្នំព្រះធាតុ។


ជាលទ្ធផលនៃការប្រជុំពិភាក្សា និងពិនិត្យមើលទីតាំងជាក់ស្តែងទទួលបានដូចខាងក្រោម៖

១.ឯកភាពលើទីតាំងសាងសង់ព្រះវិហារដែលមានទំហំ ៩ម×១៩ម ប៉ុន្តែមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យព្រះគ្រូចៅអធិការវត្ត និងជាងម៉ៅការបន្ថែមសរសរបុកគ្រឹះមានទំហំ ២តឹក ពង្រីកខឿនឱ្យបានទំហំសមស្រប។

២.ត្រូវរៀបចំប្លង់ស្ថាបត្យកម្មឡើងវិញឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ក្បូរក្បាច់រចនាតាមពុទ្ធសាសនា និងប្រពៃណីជាតិ។

៣.ត្រូវរៀបចំឯកសារសុំអនុញ្ញាតឡើងវិញតាមឋានានុក្រម និងទម្រង់ដែលមន្ទីរធម្មការ និងសាសនាខេត្តបានផ្តល់ជូន ៕






ក្រសួងសុខាភិបាលចេញប្រកាសបង្ហាញអត្តសញ្ញាណបុគ្គលិកហាង Pedro ទាំង៦នាក់ដែលឆ្លងកូវីដ១៩ និងករណីវិជ្ជមានកូវីដចំនួន៤នាក់ទៀត នាំចូលពីក្រៅប្រទេស

ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បង្ហាញពីអត្តសញ្ញាញបុគ្គលិកហាង Pedro ទាំង៦នាក់ ដែលបានរកឃើញឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» និងរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ផ្សេងទៀត នាំចូលពីក្រៅប្រទេស។

បុគ្គលិកហាង Pedro ដែលឆ្លងកូវីដ១៩នោះរួមមាន៖

១- ស្ត្រីជនជាតិខ្មែរ ឈ្មោះ Muy Sopheavy អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

២- ស្ត្រីជនជាតិខ្មែរ ឈ្មោះ Yeak Chantha អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ២៣៦ ផ្លូវលេខ៦៣៨ ភូមិម៉ាក់ក្លឿង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។

៣- បុរសជនជាតិខ្មែរ ឈ្មោះ Cheak Chanrath អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ត្រឡោកបែក ៣ ខណ្ឌទួលគោក ។

៤- ស្ត្រីជនជាតិខ្មែរឈ្មោះ Pho Dolla អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

៥៖- បុរសជនជាតិខ្មែរ ឈ្មោះ Khan Veha អាយុ២៣ឆ្នាំ ស្នាក់នៅជិតស្តុប Nokia ខណ្ឌសែនសុខ ។

៦- ស្ត្រីជនជាតិខ្មែរ ឈ្មោះ Kouch Davin អាយុ២៣ឆ្នាំ ស្នាក់ផ្ទះលេខ E53 ភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូល។

បច្ចុប្បន្នអ្នកទាំង៦នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៥នាក់ និងម្នាក់ទៀតដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។

សម្រាប់អ្នកធ្វើដំណើរមកពីក្រៅប្រទេសទាំង៤នាក់ ដែលរកឃើញវិជ្ជមានកូវីដ១៩ រួមមាន៖

១- បុរសជនជាតិខ្មែរឈ្មោះ ម៉ីវ សុគន្ធ អាយុ៧៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

២- បុរសជនជាតិអាមេរិកឈ្មោះ KAW THIKUN អាយុ៥៩ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

៣- បុរសជនជាតិអាមេរិកឈ្មោះ SHAWN THACH អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក របស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើសរុបមានចំនួន ៤៩នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលបីនាក់ខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន៤៦នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នង ចំនួន ១៤នាក់ និងនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៣២នាក់។

៤៖ បុរសជនជាតិអាមេរិកឈ្មោះ OUM CHANDARA អាយុ ៤៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសនេះ ដែលផ្តល់ដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៤៨នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៤៧នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុង រាជធានីភ្នំពេញចំនួន១៦នាក់ និងនៅសណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន៣១នាក់ ។

នៅថ្ងៃនេះ ក្រសួងសុខភិបាលបានប្រកាសពីករណីជាសះស្បើយ អ្នកជំងឺកូវីដ១៩ម្នាក់ គឺលោកស្រី គឹម លីម អាយុ៤៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ដែលបានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើយនៅប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានអនុញ្ញាឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ៣៤៥នាក់ (ស្ត្រី ៨០នាក់ និងបុរស ២៦៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៥នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន៣៤នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន០៦នាក់៕